នាយ ក្រូច ដឹកដៃនាយ ចឺម និង ស្រីអ៊ីត ទៅច្រៀងឲ្យផលិតកម្ម
- 2014-10-02 21:52:33
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នាយ ក្រូច ដឹកដៃនាយ ចឺម និង ស្រីអ៊ីត ទៅច្រៀងឲ្យផលិតកម្ម
ចន្លោះមិនឃើញ
តារាកំប្លែងនាយ ក្រូច, នាយ ចឺម និង នាង អ៊ីត កំពុងត្រៀមថតបទចម្រៀងជាផ្លូវការឲ្យផលិតកម្មថ្មីមួយមានឈ្មោះថា C-Star នាពេលរសៀលនេះ ក្រោយពីបានសុំការអនុញ្ញាតពីមេកោយរបស់ពូកគេនៅ CTN រួចហើយនោះ។
អានអត្ថបទ៖ តន្រ្តីក្រសួងទេសចរណ៍យប់មិញច្រៀងច្រើនភាសាដល់ហើយ
ក្នុងការសន្ទនាជាមួយ Sabay មុននេះបន្តិច តារាកំប្លែងខាងលើបានប្រាប់ថា ចម្រៀងភាគច្រើន ដែលត្រៀមចរាចរណ៍លើទីផ្សារខាងមុខ គឺជា ចង្វាក់បែបកំប្លែង ហើយម្ចាស់ផលិតកម្មបានត្រៀមសម្រាប់ពូកគេរួចហើយ។ ក្រូច ចាត់ទុកថា ជាឱកាសមួយសម្រាប់ពូកគេ ព្រោះកំពុងស្វែងរកផលិតកម្មសម្រាប់ច្រៀងដូចតារាកំប្លែងរួមក្រុមផ្សេងទៀតដែរ។នាយ ក្រូច និយាយថា៖ “កន្លងមកចេះតែមានអ្នកសំណូមពរថា ឲ្យចូលច្រៀងសាកមើលទៅ ព្រោះពូកគាត់មិនដែលបានលឺទេ ខ្ញុំគិតថា មានពេលបន្តិច ប្រហែលជារកកន្លែងច្រៀងហ្នឹងគេ ដឹងអីគេទាក់ទង"។
ទោះបីជាយ៉ាងណា ការប្រឡូកក្នុងវិស័យចម្រៀងដូច្នេះ នាយមិនបានរំពឹងលើភាពល្បីល្បាញហួសហេតុនោះទេ គ្រាន់តែចង់ឆ្លើយតបតាមការសំណូមពររបស់ទស្សនិកជន ដែលធ្លាប់មានការគាំទ្ររហូតមកប៉ុណ្ណោះ។ ពូកគេចង់ឃើញនាយចេញបទចម្រៀង ដូចគ្រួសារតារាកំប្លែងនាយ ពែកមី ដែលបានសាងភាពល្បីល្បាញតាមរយៈបទចម្រៀងនៅក្នុងផលិតកម្ម Town។
ម្យ៉ាងទៀត ប្រសិនបើមានបទចម្រៀងផ្ទាល់ខ្លួន នាយអាចយកបទចម្រៀងទាំងនោះ ទៅច្រៀងក្នុងវង់ភ្លេងរបស់ខ្លួននៅខេត្តកំពង់ស្ពឺ ដែលមានរហូតដល់ទៅ៣វង់ឯណោះ។ នាយ ក្រូច បង្ហើបប្រាប់ថា ពូកគេអាចនឹងទៅច្រៀងឲ្យផលិតកម្មថ្មីមួយទៀតតាមការស្នើសុំពីម្ចាស់ផលិតកម្ម ដើម្បីជួយជ្រោមជ្រែងឲ្យមានការទទួលស្គាល់ក្នុងការចាប់ផ្ដើមដំបូងនេះ។
នាយបន្ថែម៖ “តាមពិតទៅ ខ្ញុំមិនមែនដោយសារលុយពេកទេ តែដោយសារមនោសញ្ចេតនា សាកមើលទៅក្រែងអាចជួយឲ្យផលិតកម្មល្បីដូចគេថាមែន"។
អានអត្ថបទ៖ មហិច្ចតា De5nite ផលិតតែបទណាលើសពី៥០០០ដុល្លារឡើង
ចំពោះសំណួរថា CTN នឹងមានការអន់ចិត្ត ឬយ៉ាងណា? នាយ ក្រូច ឲ្យដឹងថា គ្មានទេ ព្រោះបានសុំការអនុញ្ញាតរួចហើយ។ ចំណែកលោកតា វ៉ិចទ័រ មេកោយរបស់នាយក៏មិនបានជំទាស់ចំពោះរឿងរ៉ាវចេញបទចម្រៀងនេះដែរ ព្រោះមិនបានចុះកុងត្រាជាមួយផលិតកម្មទេ និង មិនប៉ះពាល់ដល់ម៉ោងការងារក្នុងអង្គភាពដែរ។ទោះបីជាយ៉ាងណា តារាកំប្លែងខាងលើបានស្នើសុំដល់ទស្សនិកជនទាំងអស់ ជួយគាំទ្របទចម្រៀងរបស់ពូកគេ ដែលចរាចរណ៍លើទីផ្សារក្នុងពេលឆាប់ៗនេះ៕
អត្ថបទ៖ សំ ជំនាញ