ទី​បំផុត! ឌីជេ ឡាយអិន បាន​ត្រឹម​ពោល​ពាក្យ​អហោសិកម្ម

  • 2015-01-19 17:10:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឌីជេ ឡាយអិន បាន​ត្រឹម​ពោល​ពាក្យ​ថា អហោសិកម្ម​ឲ្យ​អតីត​ភរិយា​ អ្នក​នាង សន សុម៉ាលីនដា ប៉ុណ្ណោះ ក្រោយ​ចំណង​អាពាហ៍ពិពាហ៍​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​បាន​បញ្ចប់ ក្រោម​អំណាច​សាលក្រម​តុលាការ ដែល​បាន​ជំនុំជម្រះ​ កាល​ពី​ថ្ងៃ​ទី ​១៥ ខែ​មករា កន្លង​ទៅ​នេះ។

 

 

 

លោក​ប្រាប់ ​Sabay​ ថា៖ "ខ្ញុំ​មាន​តែ​ដើរ​តាម​ផ្លូវ​របស់​ខ្ញុំ ហើយ​នាង​ដើរ​តាម​ផ្លូវ​របស់​នាង​ចុះ សង្ឃឹម​ថា បាន​សុខ​ជា​រៀង​រហូត​ទៅ កុំ​ដូច​ពេល​នេះ​ទៀត"។ ពិធី​ករ​រូប​នេះ​បន្ត​ថា នឹង​ត្រលប់​ទៅ​រៀប​ចំ​ជីវិត​ឡើង​វិញ មិន​បន្ត​ធ្វើ​បាប​ខ្លួន​ឯង​ទៀត​ទេ ព្រោះ​រយៈ​ពេល ​៣ ​ខែ​ កន្លង​មក មិន​ឃើញ​បាន​ផល​ប្រយោជន៍​អ្វី​សោះ ថែម​ទាំង​ខាត​ពេល​វេលា​ទៀត​ផង។

 

ឡាយអិន បាន​អះអាង​ថា នីតិ​វិធី​របស់​តុលាការ​បាន​សម្រេច​ឲ្យ​អតីត​ភរិយា ជា​អ្នក​រក្សា​កូន​ទាំង​អស់។ ចំណែក​រូប​គេ​មិន​បាន​រក្សា​កូន​នោះ​ទេ ហើយ​ក៏​គ្មាន​ការ​បង់​អាហារកិច្ច​ចិញ្ចឹម​រហូត​ដល់​កូនៗ​មាន​នីតិភាព​នោះ​ដែរ ព្រោះ​ភាគី​ម្ដាយ​មាន​លទ្ធភាព ហើយ​មិន​ព្រម​ទទួល​យក​នោះ​ដែរ។

 

“ទោះ​បី​យ៉ាង​ណា​ក៏​ដោយ ឈាម​របស់​ខ្ញុំ​នៅ​ទី​ណា ខ្ញុំ​ក៏​ទៅ​ដល់​ទី​នោះ​ដែរ ដាច់​ខាត​មិន​បោះបង់​កូន​ទេ"។ ឡាយអិន បង្ហាញ​ជំហរ​ថា នឹង​ស្កាត់​ទៅ​ជួប​កូន​ទាំង​អស់ ប្រសិន​បើ​មាន​ការ​នឹក​រលឹក ហើយ​សង្ឃឹម​ថា ភាគី​ម្ដាយ​អនុញ្ញាត ឱ្យ​ឪពុក​កូន​ពួក​គេ​បាន​ជួប​គ្នា​ម្ដងម្កាល តាម​បំណង ទោះ​មិន​បាន​ចិញ្ចឹម​បីបាច់​ដោយ​ផ្ទាល់​យ៉ាង​ណា​ក្ដី។

 

ពិធី​ករ​ក្រមិចក្រមើម​រូប​នេះ បាន​ឱ្យ​ដឹង​ដែរ​ថា ពេល​ដុំ​ពពក​ខ្មៅ​នៃ​ជីវិត​របស់​គេ​បាន​រសាត់​អស់​ហើយ មាន​តែ​ការ​រៀប​ចំ​ជីវិត​ថ្មី​ប៉ុណ្ណោះ។ ប៉ុន្តែ​ជា​ដំបូង​រូប​គេ ត្រូវ​រៀប​ចំ​សេដ្ឋកិច្ច​ជាមុន​សិន​ទើប​បាន ព្រោះ​បើ​មាន​លុយ​គ្រប់​គ្រាន់​ហើយ​នោះ ងាយ​ស្រួល​ក្នុង​ការ​រៀបចំ​ផែនការ​ជីវិត៕

 

អាន​អត្ថបទ៖ ទឹម រដ្ឋា សម្រុក​ស្ដារ​ដើម!

អាន​អត្ថបទ៖ រឿង"កូន​មាស​ម្ដាយ" ក្រោយ​បញ្ចាំង​ស្រុក​ខ្មែរ ត្រៀម​ទៅ​ចាក់​បញ្ចាំង​នៅ​បរទេស​ទៀត

 

 

អត្ថបទ៖ សំ ជំនាញ

 

អត្ថបទថ្មី