រឿង "កូនមាសម្ដាយ" ក្រោយបញ្ចាំងនៅខ្មែរ និង ពង្រីកទីផ្សារទៅកាន់ពិភពលោក
- 2015-01-18 19:12:41
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រឿង "កូនមាសម្ដាយ" ក្រោយបញ្ចាំងនៅខ្មែរ និង ពង្រីកទីផ្សារទៅកាន់ពិភពលោក
ចន្លោះមិនឃើញ
"កូនមាសម្ដាយ" ដែលសាច់រឿងឯកសារជីវិតពិតរបស់ លោក ខៀវ កុសល នឹងចាក់បញ្ចាំងផ្លូវការនៅថ្ងៃទី ៣០ ខែ មករាខាងមុខនេះ។ បន្ទាប់ពីចាក់នៅស្រុកខ្មែរ រឿងនេះត្រៀមចាក់បញ្ចាំងនៅតាមបណ្ដាប្រទេសធំៗ ក្នុងលោក។
ចាប់ពីខែ មេសា ដល់ ខែឧសភា ឆ្នាំ ២០១៥ រឿង "កូនមាសម្ដាយ" នឹងបន្តមហិច្ឆតា ក្នុងការចាក់បញ្ចាំងនៅសហរដ្ឋអាមេរិក ប្រទេសកាណាដា និង ម៉ិកស៊ីកូ ហើយតាមការគ្រោងក៏នឹងចាក់បញ្ចាំងនៅក្នុងមណ្ឌលឃុំឃាំងអនីតិជននិងព្រំដែនទីក្រុងដែលត្រូវប៉ះពាល់យ៉ាងខ្លាំងដោយគោលនយោបាយនិរទេស។
នៅក្នុងសេចក្ដីប្រកាសដដែលបានរំលឹកដែរថា រឿង "កូនមាសម្ដាយ" កាលពីដើមឆ្នាំ ២០១៤ កន្លងទៅទទួលបានកិត្តិយសចាក់បញ្ចាំងលើកដំបូងនៅទីក្រុងសាន់ហ្រ្វាន់ស៊ីស្កូ នៅក្នុងមហោស្រពភាពយន្ដអន្ដរជាតិ នៃមជ្ឈមណ្ឌលសម្រាប់ការផ្សព្វផ្សាយរបស់ប្រជាជនអាស៊ី-អាមេរិក លើកទី ៣២។
ក្រុមគណៈកម្មការបានសម្រេចជាឯកឆ័ន្ទក្នុងការផ្ដល់ពានរង្វាន់សម្រាប់ភាពយន្ដឯកសារល្អបំផុតប្រចាំឆ្នាំ ២០១៤ ដល់រឿងនេះ។ បន្ទាប់ពីទទួលបានការកោតសរសើរពីសហរដ្ឋអាមេរិក ភាពយន្ដនេះ មានអ្នកទស្សនាពេញៗនៅក្នុង ២២ ក្រុង។ លទ្ធផលដ៏ល្អនៃការបញ្ចាំងភាពយន្ដ បានធ្វើឲ្យក្រុមហ៊ុននៅក្រុង ឡូសអាន់ជឺឡែស រដ្ឋកាលីហ្វ័នីញ៉ា សហរដ្ឋអាមេរិក First Pond Entertainment ដែលមានជំនាញក្នុងការចែកចាយភាពយន្ដឯករាជ្យព្រមធ្វើជាតំណាងលក់របស់រឿងមួយនេះ។
ផលិតករភាពយន្ដ លោក ម៉ាសាហ៊ីរ៉ូ ដែលជាអ្នកដឹកនាំរឿង "កូនមាសម្ដាយ" បានបង្ហាញពីជីវិតពិតរបស់ លោក ខៀវ កុសល និរទេសខ្លួនពីសហរដ្ឋអាមេរិកក្រោយពីបញ្ចប់ទោសអស់រយៈពេល ១៤ ឆ្នាំ នៅរដ្ឋកាលីហ្វ័រនីញ៉ា ក្លាយជាកវីខាងកាព្យអង់គ្លេសលំដាប់ពិភពលោកនៅកម្ពុជា។ ខែភាពយន្ដដែលគ្រប់គ្នាទន្ទឹងរង់ចាំនេះ គឺត្រូវបានថតនៅក្នុងប្រទេសប្រាំផ្សេងគ្នា និង ត្រូវបានរៀបចំជាបីភាសាជាភាពយន្ដឯកសារ បង្ហាញពីឥទ្ធិពល និង សារសំខាន់នៃពេលវេលារបស់ ខៀវ កុសល មិត្តភ័ក្រ្ដិ គ្រួសារ អ្នកដែលបានជួយ និង ក្រុមអ្នកគាំទ្រជាលក្ខណៈអន្ដរជាតិចំពោះ កុសល។
ខ្សែភាពយន្តនេះ នឹងចាក់បញ្ចាំងជូនសាធារណជន ចាប់ពីថ្ងៃសុក្រ ទី ៣០ ខែ មករា នៅរោងភាពយន្ត Major Cineplex by Cellcard, Platinum Cineplex, និង រោងភាពយន្ត Legend Cinema។ ខ្សែភាពយន្តនេះ នឹងចាក់បញ្ចាំងយ៉ាងហោចណាស់រយៈពេលពេញមួយសប្ដាហ៍នៅរោងភាពយន្តចំនួន ៥ ក្នុងរាជធានីភ្នំពេញ។ ក្រោយពីបញ្ចាំងនៅស្រុកខ្មែរ រឿង "កូនមាសម្ដាយ" ត្រៀមពង្រីកទីផ្សារខ្លួននៅលើឆាកអន្តរជាតិដូចបានរៀបរាប់ខាងលើ។
តួអង្គសំខាន់នៅក្នុងរឿង "កូនមាសម្ដាយ" លោក ខៀវ កុសល ធ្លាប់បាននិយាយប្រាប់គេហទំព័រ Sabay ថា ក្រោយពីរឿងនេះបញ្ចាំងទាំងក្នុងស្រុក និង នៅលើឆាកអន្តរជាតិ រំពឹងថា ថ្ងៃណាមួយសហរដ្ឋអាមេរិក នឹងលុបចោលនូវច្បាប់និរទេសដ៏អយុត្តិធម៌ ដើម្បីឲ្យគ្រួសារអាចជួបជុំគ្នាវិញបាន ខណៈលោកកំពុងរស់នៅក្នុងនាមអ្នកនិរទេសខ្លួនពីអាមេរិកមក កម្ពុជា ហើយលោកត្រូវរស់នៅបែកពីម្ដាយ និង បងស្រីចំនួន ៦នាក់ នៅឯ រដ្ឋកាលីហ្វ័រនីញ៉ា សហរដ្ឋអាមេរិក៕
លោក ខៀវ កុសល
ចង់ដឹងពីជីវប្រវត្តិរបស់ លោក ខៀវ កុសល ចុចត្រង់នេះ
សូមចុចអាន៖ តួអង្គរឿង “កូនមាសម្ដាយ” ខ្លាំងកាព្យអង់គ្លេសពេលជាប់ពន្ធនាគារនៅអាមេរិក
សូមចុចអាន៖ រឿង “កូនមាសម្ដាយ” ទទួលពានរង្វាន់ល្អបំផុត ពីអាមេរិក នឹងបញ្ចាំងនៅភ្នំពេញឆាប់ៗនេះ
អត្ថបទ៖ ប៊ិន ប៊ុណ្ណា
រូបថត៖ ផ្ដល់ឲ្យ