រឿង "កូនមាសម្ដាយ"​ ទទួល​ពាន​រង្វាន់​ល្អ​បំផុត​​ ពី​​អាមេរិក​ នឹង​បញ្ចាំង​នៅ​ភ្នំពេញ​ឆាប់ៗ​នេះ

  • 2015-01-15 12:00:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រឿង "កូនមាសម្ដាយ" ដែល​ជា​ប្រភេទ​ខ្សែភាពយន្ត​ឯកសារ​ឆ្លុះ​បញ្ចាំង​ពី​ជីវិត​កូន​ខ្មែរ​​ម្នាក់​​បាន​និរទេស​ពី​ប្រទេស​កម្ពុជា​ទៅ​កាន់​ទឹក​ដី​សហរដ្ឋអាមេរិក​​​ក្រោយ​របប​​កម្ពុជា​ប្រជាធិបតេយ្យ​ នឹង​ចាប់​​ផ្ដើម​ចាក់​បញ្ចាំង​​ជា​ផ្លូវ​ការ​លើក​ដំបូង​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​​រោង​ភាពយន្ត Major Cineplex by Cellcard នាចុង ខែ​មករា ខាង​មុខ​នេះ។ នេះ​បើ​យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​​ផលិតកម្ម ស្ទូឌីយ៉ូរីវ៉ូល បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​នេះ។

 

http://youtu.be/rzwzyAZ2LlY

 

លោក ស្រី អានីដា យុអិ អាលី ជា​ផលិតករ​នៃ​ស្ទូឌីយ៉ូរីវ៉ូល បាន​ប្រាប់​គេហទំព័រ Sabay ថា ខ្សែភាពយន្ត​នេះ​បាន​ចំណាយ​ពេល​ថត​រយៈ​ពេល​ ២ ឆ្នាំ ដែល​ឆ្លុះ​បញ្ចាំង​អំពី​ជីវិត​ពិត​របស់ លោក ខៀវ កុសល។ កុសល ដែល​មាន​ដើម​កំណើត​នៅ​តំបន់​ជំរំ ភៀសខ្លួន​នៃ​ព្រំដែន​កម្ពុជា​-ថៃ ហើយ​បាន​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា​ទៅ កាន់​អាមេរិក​​នៅ​ក្នុង​អំឡុង​ឆ្នាំ ១៩៨១ ដែល​នៅ​ពេល​នោះ​ កុសល​ទើប​តែ​មាន​អាយុ​ ១ ខួប ប៉ុណ្ណោះ។

 

លោកស្រី អានីដា បាន​បន្ត​​ថា រឿង "កូនមាសម្ដាយ" គឺជា​ខ្សែ​ភាពយន្ត​​ឯកសារ​ល្អ​បំផុតដែល​ទទួល​បាន​ពាន​រង្វាន់​ ​​ពី​​ក្រុង​ សាន់ហ្វ្រាន់ស៊ីស្កូ សហរដ្ឋ​អាមេរិក ហើយ​សាច់​រឿង​នេះ ចង់​​បង្ហាញ​មនុស្ស​គ្រប់​គ្នា​​ដឹង​ពី​ជីវិត​ពិត​របស់​ កុសល​ ដែល​ធ្លាប់​ជាប់​ពន្ធធនាគារ​នៅ​អាមេរិក​រយៈ​​ពេល​១៤ ឆ្នាំ និង ការ​​និរទេស​ខ្លួន​មក​កាន់​ប្រទេស​កម្ពុជា​វិញ​​កាល​ឆ្នាំ ២០១១​។

 

“រឿង​នេះ​ចង់​បង្ហាញ​សារ​សំខាន់​មិន​ចង់​ឲ្យ​មនុស្ស​គ្រប់​គ្នា​គិត​ថា គ្រប់​មនុស្ស​និរទេស​ខ្លួន​មក​ប្រទេស​កំណើត​វិញ​សុទ្ធតែ​អាក្រក់​នោះ​ទេ គឺ​គាត់​​ (កុសល) រង​ការ​លំបាក​ច្រើន​​ ប៉ុន្ដែ អ្វីៗ​មាន​ហេតុ​និង​ផល​វា"។  អានីដា​និយាយ។

 

 

 លោក ខៀវ កុសល តួអង្គសំខាន់​ក្នុង​រឿង "កូនមាសម្ដាយ"​ ខ្សែភាពយន្ដ​ឯកសារ​បាន​ពី​ក្រុង​សាន់ហ្រាន់ស៊ីសកូ

 

 

បន្ថែម​លើ​នេះ ផ្អែក​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ផលិតកម្ម ស្ទូឌីយ៉ូរីវ៉ូល បាន​ឲ្យ​ដឹង​បន្ថែម​ថា រឿង "កូន​មាសម្ដាយ" គឺជា​រឿង​ឯកសារ​​​ស្ដីពី​ជីវិត​កវី​និរទេស​​ លោក ខៀវ កុសល ក្រោយ​ពី​លោក​ត្រូវ​បាន​អញ្ជើញ​ឲ្យ​សម្ដែង​ជា​តំណាង​ប្រទេស​កម្ពុជា​នៅ​កម្មវិធី​វប្បធម៌​​អូ​ឡាំ​ព្យា​នៅ​ទី​ក្រុងឡុងនា​ឆ្នាំ ២០១២។

 

រឿង "កូន​មាសម្ដាយ" ​ជា​ស្នា​ដៃ​​​របស់​ផលិតករ​ឈ្មោះ ម៉ាសាហ៊ីរ៉ូ ស៊ូកាណុ ជាជនជាតិ​ជប៉ុន ដែល​លោក​ចង់​​​​បង្ហាញ​ពី​យុវជន​​ឆេវឆាវ តែ​មាន​ភាព​ប៉ិន​ប្រសប់​ និង ស្រស់​ថ្លា​ម្នាក់​ដែល​តស៊ូ​ស្វែង​រក​គោល​ដៅ​ជីវិត​មួយ​​ផ្អែក​ទៅ​លើ​ពាក្យ​កាព្យ​​ជា​ភាសា​អង់គ្លេស​ ក្រោយ​ពី​​បាន​សេរីភាព​​ដែល​ជា​ចំណង​ដៃ​ នៃ​ការ​និរទេស​របស់​លោក​។ ការ​សម្ដែង​របស់​កុសល​នៅ​ទី​កុ្រងឡុង​ គឺជា​ពេល​ជោគជ័យ​របស់​ កុសល ​ទាំង​នៅ​អាមេរិក និង កម្ពុជា។

 

ឈុត​មួយ​ កុសល ស្រក់​ទឹក​ភ្នែក​គ្រា​ច្រៀង​កាព្យ​ជាភាសា​អង់គ្លេស​ ទៅ​កាន់​មហាជន

 

ទាក់ទង​ទៅ​នឹង​បញ្ហា​នេះ អ្នក​ស្រី អានីដា បាន​និយាយ​បន្ថែម​ថា "ពាក្យ​សម្ដី លាយ​ជាមួយ​តន្រ្តី​ ល្ខោន ថាមពល​ស្រស់​ៗ និង មន្ត​ស្នេហ៍​របស់​កុសល​ បាន​ផ្ដល់​​នូវ​ធាតុ​កម្សាន្ត​មួយ​ ដែល​បាន​ធ្វើ​ឲ្យ​​អ្នក​ទស្សនា​ទូទៅ​ដែល​​​ធម្មតា​មាន​ការ​មិន​ពេញ​ចិត្ត​ចំពោះ​​កា​រនិរទេស​អ្នក​ទោស​នោះ ឲ្យ​មាន​ពន្លឺ​បន្ថែម​ទៀត​ចំពោះ​បញ្ហា​នេះ។ បើ​ទោះ​ជា​កុសល​ បាន​ទទួល​បម្រាម​ហាម​មួយ​ជីវិត​មិន​ឲ្យ​ចូល​ទៅ​សហរដ្ឋអាមេរិក​ក៏ដោយ ពួក​យើង​សង្ឃឹម​ថា រឿង​របស់​​លោក​ ​ខ្លឹមសារ និង ការងារ​ដែល​បាន​ជំរុញ​ទឹក​ចិត្ត​ទាំង​អស់​នេះ​អាច​ទៅ​ដល់​កន្លែង​​ ប៉ុន្តែ​ ​រូបរាង​​របស់​​លោក​​មិន​អាច​ទៅ​ដល់"។ ​​​

 

លោក ជី សិលា នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​  SABAY DIGITAL CORP. បាន​មាន​ប្រសាសន៍​ថា "Sabay គឺជា​ក្រុមហ៊ុន​ឈាន​មុខ​គេ​ក្នុង​ការ​ផ្ដល់​ការ​កម្សាន្ត​​បែប​ឌីជីថល​ដំបូង​គេ​នៅ​កម្ពុជា។ ពួក​យើង​គាំទ្រ​សមិទ្ធិករ​ភាពយន្ត​ឯករាជ្យ​​ជាពិសេស​គឺ​អ្នក​ដែល​ចាប់​អារម្មណ៍​នៅ​ក្នុង​ការ​ប្រាប់​រឿង​រ៉ាវ​ដែល​កើត​ឡើង​នៅ​ក្នុង​ស្រុក​ខ្មែរ។ បន្ទាប់​ពី​ក្រុម​ការងារ​សប្បាយ​បាន​មើល​ភាពយន្ត​រឿង​​ "កូនមាសម្ដាយ" ពួក​យើង​ដឹង​ថា វា​គឺជា​រឿង​សំខាន់​មួយ​សម្រាប់​បញ្ចាំង​ឲ្យ​ទស្សនិកជន​បាន​ទស្សនា​ពី​ព្រោះ ប្រជាជន​ត្រូវការ​មើល​ឃើញ​នូវ​អ្វី​ដែល​ខុសប្លែក​ពី​​មុន​ អ្វី​ដែល​អាច​ជំរុញ​​ពួកគេ​ឲ្យ​គិត​កាន់​តែ​ស៊ី​ជម្រៅ​អំពី​អត្ថន័យ​​ក្នុង​នាម​ជា​ខ្មែរ​ក្នុង​ពេល​បច្ចុប្បន្ន"។ ​

 

គេ​នៅ​ចាំ​បាន​ថា ខ្សែភាពយន្ត​ឯកសារ​រឿង "កូន​មាសម្ដាយ" បាន​ទទួល​ពាន​រង្វាន់​ជា​ខ្សែភាព​យន្ត​​ឯកសារ​​ល្អ​បំផុត​​ប្រចាំ​ឆ្នាំ ២០១៤ ពី​ក្រុង​​សាន់ហ្វ្រាន់ស៊ីស្កូ សហរដ្ឋ​អាមេរិក ក្រោយ​ពី​បាន​យក​ទៅ​ចាក់​បញ្ចាំង​លើក​ដំបូង​នៅ​ក្នុង​មហោស្រព​ភាពយន្ត​អន្តរជាតិ​នៃ​មជ្ឈមណ្ឌល​សម្រាប់​ការ​ផ្សព្វផ្សាយ​របស់​ប្រជាជន​​អាស៊ី-អាមេរិក​លើក​ទី ៣២។

 

ខ្សែភាពយន្ត​ដែល​ទទួល​បាន​ពាន​រង្វាន់​មួយ​នេះ នឹង​យក​មក​ចាក់​បញ្ចាំង​លើក​ដំបូង​ គឺ​នៅ​រោងភាពយន្ត​ Major Cineplex by Cellcard នៅ​ផ្សារ​ទំនើប​ AEON  នា​ថ្ងៃ​ទី ២៩ ខែ មករា ឆ្នាំ ២០១៥ ចាប់​ពី​ម៉ោង​ ៦ ល្ងាច។ ភ្ញៀវ​កិត្តិយស​ដែល​ត្រូវ​បាន​អញ្ជើញ​ចូលរួម មាន​ដៃគូ​ផលិត​ អ្នក​ចូលរួម​វិភាគ​ទាន​ សមាជិក​សំខាន់​ៗ​នៃ​ឧស្សាហកម្ម​ភាពយន្ត អ្នក​ដែល​​មាន​មុខ​នៅ​ក្នុង​រឿង​ និង សមាជិក​​អ្នកសារព័ត៌មាន​នានា។ ដោយ​ឡែក​ ខ្សែភាពយន្ត​នេះ​នឹង​ត្រូវ​​ចាក់​បញ្ចាំង​​ជូន​ជា​សាធារណៈ​ចាប់​ពី​ថ្ងៃ​សុក្រ ទី ៣០ ខែ មករា នៅ​រោងភាពយន្ត Major Cineplex by Cellcard, Platinum Cineplex និង រោង​ភាព​យន្ត​ Legend Cinema។​ ខ្សែភាពយន្ត​នេះ នឹង​​ត្រូវ​ចាក់​បញ្ចាំង​​យ៉ាង​ហោច​ណាស់​រយៈពេល​ពេញ​មួយ​សប្ដាហ៍​នៅ​ក្នុង​រោង​ភាព​យន្ត​ចំនួន​ ៥ ក្នុង​ រាជធានី​ភ្នំពេញ៕

 

 

 

 

សូមចុចអាន៖ ស្ងាត់​សិល្បៈ​ជិត​កន្លះ​ឆ្នាំ​ កែវ ស្រីនាង វិល​មក​កាន់​តួឯក​ជា​ថ្មី​បែប​កំប្លែង!

សូមចុចអាន៖ Trailer ​​​​រឿង​ខ្លី​របស់​​កូន​ខ្មែរ-បារាំង​​​វ៉ៃ​​មិន​ចាញ់​កុន​ហូលីវូដ

សូមចុចអាន៖ រឿង​ថ្មី​របស់ CTN ត្រូវ​ការ​តួ​សម្ដែង​​ ១០០​ នាក់!

 

 

អត្ថបទ៖ ប៊ិន ប៊ុណ្ណា រូបភាព៖ ផ្ដល់ឲ្យ

អត្ថបទថ្មី