តួឯករឿង "កូនមាសម្ដាយ" ទៅចែករំលែកបទពិសោធន៍នៅ DMC
- 2015-01-22 17:41:15
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តួឯករឿង "កូនមាសម្ដាយ" ទៅចែករំលែកបទពិសោធន៍នៅ DMC
ចន្លោះមិនឃើញ
លោក ខៀវ កុសល ដែលមានអតីតភាពជាសមាជិកក្នុងក្រុមបងធំ និងធ្លាប់ជាប់ពន្ធនាគារនៅសហរដ្ឋអាមេរិក ដែលជាតួឯករឿង "កូនមាសម្ដាយ" ឬ "Cambodian Son” បានទៅចែករំលែកបទពិសោធន៍ផ្ទាល់ជូននិស្សិតដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ (DMC)កាលពីរសៀលម្សិលមិញ។
ជាផ្នែកមួយនៃការផ្សព្វផ្សាយរឿង "កូនមាសម្ដាយ" របស់លោក ដែលត្រៀមនឹងចាក់បញ្ចាំងចុងខែនេះ លោក កុសល បានបើកបង្ហាញពីការដែលនាំឲ្យលោកជាប់ពន្ធនាគារនៅសហរដ្ឋអាមេរិករយៈពេលដល់ទៅ ១៤ឆ្នាំ ខណៈលោកទើបមានអាយុ ១៦ឆ្នាំ ហើយចុងក្រោយលោកត្រូវនិរទេសខ្លួនទៀត។ លោក ហៅថា នោះគឺជាការកាត់ទោសដ៏អយុត្តិធម៌មួយសម្រាប់លោកដែលនៅជាអនីតិជននៅឡើយ។
បន្តមកទៀត អតីតទណ្ឌិតក្លាយជាកវីពាក្យកាព្យលំដាប់ពិភពលោករូបនេះ បានចែករំលែកមេរៀនជីវិតបន្ត នូវអ្វីដែលគេហៅថា ជាការស្ដារឡើងវិញក្រោយការដួលរលំ ដោយយោងលើបទពិសោធន៍ផ្ទាល់ខ្លួនរបស់លោក។សកម្មភាពពេញ១ម៉ោងរបស់លោក កុសល ទទួលបានការគាំទ្រ និងការអាណិតអាសូរពីបណ្ដានិស្សិត DMC ទាំងអស់។
សុខ សុភ័ក្ដ្របញ្ញា និស្សិតដេប៉ាតឺមង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ឆ្នាំទី១ ថ្លែងថា នាងបានយល់ពីបន្ថែមមួយផ្នែកទៀតពីជីវិត និងការតស៊ូចំពោះការលំបាក។ "ខ្ញុំគិតថា ជីវិតរបស់គាត់ ជាជីវិតដ៏អស្ចារ្យដែលយើងនឹកស្មានមិនដល់។ ចំពោះខ្ញុំវិញ បើរឿងហ្នឹងកើតឡើងចំពោះខ្ញុំ ខ្ញុំប្រហែលជាអត់អាចឆ្លងកាត់បានដល់កម្រិតនេះទេ។ អីចឹងបានថា គាត់ឆ្លងកាត់មកដល់ចំណុចនេះ គឺជោគជ័យមែនទែន"។
និស្សិតដេប៉ាតឺមង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ឆ្នាំទី១ម្នាក់ទៀត គឺកញ្ញា តុលា ដែលប្រាប់ថាមិនដែលមើល និងឲ្យតម្លៃមនុស្សដោយផ្អែកលើសំបកក្រៅ ថ្លែងថា កញ្ញាមិនដែលដឹងឡើយថា មាននិរទេសជនរស់នៅកម្ពុជា និងមិនដឹងថាពួកគេជួបការលំបាកអ្វីខ្លះឡើយ។ កញ្ញាបន្តថា ក្រោយស្ដាប់បទបង្ហាញរបស់លោកកុសល កញ្ញាមានអារម្មណ៍ថាចូលចិត្ត និងអាណិតលោកមែនទែន។
"អ្វីដែលខ្ញុំចូលចិត្តគាត់ គឺការតែងនិយាយលើកទឹកចិត្តរបស់គាត់ចំពោះពួកខ្ញុំ ហើយបានស្ដាប់រឿងរបស់គាត់ហើយ គឺជារឿងមួយសម្រាប់យើងស្វែងយល់ ពេលស្ដាប់ហើយធ្វើឲ្យជីវិតយើងមានក្ដីកាន់តែមានសង្ឃឹមឡើងវិញ!”។
“កូនមាសម្ដាយ" ឬ "Cambodia Son” នឹងចាក់បញ្ចាំងផ្លូវការតាមបណ្ដារោងភាពយន្តនានានៅថ្ងៃទី៣០ មករា ចុងខែនេះ។ និស្សិត DMC ទាំងពីរខាងលើតាំងចិត្តមុតមាំហើយថា នឹងទៅទស្សនាមិនខកខានឡើយ៕
អត្ថបទ៖ សំដីពិតគួរឲ្យអាសូរ ពីតួឯក “កូនមាសម្ដាយ” ឬ “Cambodian Son”!
http://youtu.be/79wpVJ34SEA អត្ថបទ៖ ទារិកា