ព្រហ្ម ម៉ាញ និង​យាយ យ៉យ ធ្វើ​ឲ្យ​ផ្អើល​អ្នក​រតនគិរី​ថ្ងៃ​ពិព័រណ៍​កសិកម្ម​ជន​ជាតិ​ដើម

  • 2015-01-27 12:20:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វត្តមាន​របស់​អ្នក​អាយ៉ៃ​ជើង​ចាស់​លោក ព្រហ្ម ម៉ាញ និង​អ្នក​ស្រី នួន សារី ហៅ​យាយ យ៉យ បាន​ធ្វើ​ឲ្យ​ការ​តាំង​ពិព័រណ៍​ផលិតផល​ជនជាតិ​ដើម​ភាគ​តិច​នៃ​ខេត្ត​រតនគិរី​ រៀបចំ​ដោយ​គម្រោង អាណាឌីយ៉ា នៃ​អង្គការ​CEDAC ហាក់​កាន់​តែ​មាន​ភាព​អ៊ូអរ​សប្បាយ​រីករាយ ដោយ​មនុស្ស​ម្នា​គ្រប់​វ័យ​បាន​ចូល​ទស្សនា​យ៉ាង​ច្រើន​កុះករ​នា​ចុង​សប្ដាហ៍​មុន។

 

 

លោក ព្រហ្ម ម៉ាញ បង្ហាញ​នូវ​ការ​សប្បាយ​រីករាយ​ចំពោះ​ឱកាស​នៃ​ការ​សម្ដែង​លើ​ទឹក​ដី​ភូមិភាគ​ឦសាន​មួយ​នេះ។ ជា​ពិសេស​បាន​ឃើញ​ការ​រីក​ចំរើន របស់​ជនជាតិ​ដើម​ភាគ​តិច ដែល​មាន​ការ​រស់​នៅ​កាន់​តែ​ប្រសើរ​ជាង​មុន ពាក់ព័ន្ធ​ទៅ​នឹង​ផ្នែក​សេដ្ឋកិច្ច​គ្រួសារ អនាម័យ​រស់​នៅ​ជា​ដើម​បន្ទាប់​ពី​ការ​ចូលរួម​របស់​អង្គការ​ក្រៅ​រាជរដ្ឋាភិបាល​មួយ​ចំនួន ដែល​តែង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ជនជាតិ​ដើម​ភាគ​តិច។

 

លោក​ប្រាប់​Sabay​ថា៖" ខ្ញុំ​បាន​មក​ច្រៀង​អាយ៉ៃ​រាល់​ឆ្នាំ ដូច្នេះ​អាច​កត់​សម្គាល់​ដឹង​ថា បងប្អូន​មាន​ការ​ប្រសើរ​ជាង​ពី​មុន ជា​ពិសេស​វិស័យ​កសិកម្ម​របស់​ពូក​គាត់"។

 

អ្នក​អាយ៉ៃ​ជើង​ចាស់​រូប​នេះ​ចាប់​អារម្មណ៍​ថា ប្រសិន​បើ​ជនជាតិ​ដើម​មិន​ធ្វើ​កសិកម្ម​ទេ គឺ​មិន​អាច​មាន​អ្វី​ផ្សេង​ក្រៅ​ពី​នេះ​បាន​ទេ។ ហើយ​ប្រសិន​បើ​គ្មាន​ការ​អភិវឌ្ឍន៍​លើ​សម្រាប់​វិស័យ​កសិកម្ម​ចំពោះ​ពូក​គាត់​ក៏​មិន​អាច​សម្រួល​ដល់​ជីវភាព​របស់​ពូក​គាត់​បាន​ដែរ ព្រោះ​មនុស្ស​ចេះ​តែ​មាន​ការ​កើន​ឡើង​ដូច្នេះ។

 

ប៉ុន្តែ​យ៉ាង​ណា​អ្នក​លេង​សំដី​រូប​នេះ បន្ថែម​ថា ការ​ចូលរួម​ឆ្នាំ​នេះ​មាន​លក្ខណៈ​ច្រើន​ជាង​ឆ្នាំ​មុន​ទាំង​អ្នក​មក​តាំង​ពិព័រណ៍ និង​អ្នក​មក​ទស្សនា។ លោក​ថា៖" ការ​សប្បាយ​របស់​ប្រជាពលរដ្ឋ​នៅ​ទី​នេះ ក៏​ជា​ការ​សប្បាយ​រីករាយ​របស់​ខ្ញុំ​ដូច​គ្នា​ដែរ យើង​មិន​ដែល​មាន​ការ​រើសអើង"។

 

ការ​តាំង​ពិព័រណ៍​បញ្ចប់​ទៅ​នៅ​ថ្ងៃ​នេះ ដោយ​ចាប់​ផ្ដើម​តាំង​ពី​ថ្ងៃ​ទី​១៣​កន្លង​ទៅ។ គេ​សង្កេត​ឃើញ​មាន​ផលិតផល​កសិកម្ម​របស់​ជនជាតិ​ដើម​ភាគ​តិច ត្រូវ​បាន​ដាក់​តាំង​បង្ហាញ រួម​ផ្សំ​ទាំង​វប្បធម៌​ជនជាតិ​ដើម​ទាំង​នោះ​ផង​ដែរ៕

 

អាន​អត្ថបទ៖ តោះ…ស្ដាប់​អ្នក​នាង គង់ សុជាតិ និយាយ​ពី​​១​ឈុត​ដ៏​លេច​ធ្លោថ្ងៃ​ការ​ ឆ័យលី ដាឡែន

អាន​អត្ថបទ៖ ពេជ្រ អាវីហ្សា ឡើង​ស៊េរី Lexus 570 ក្រោយបាត់ RX 300

អត្ថបទ៖ សំ ជំនាញ