ពី​ក្រោយ​ភាព​ខ្លាំង​របស់​ ផល សោភ័ណ្ឌ ជា​​គ្រូ​ប្រដាល់​ចិត្ត​ធម៌​កម្រ​មាន

  • 2015-01-28 18:48:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពេល​និយាយ​ដល់​ជើង​ខ្លាំង ផល សោភ័ណ្ឌ និង​ អ៊ុំ ចំរើន លោក​អ្នក​ប្រហែល​ជា​អាច​ដឹង​ថា ពួក​គេ​មក​ពី​ក្លិប​ដាឡី​ដំរី​មាន​រិទ្ធិ ដែល​ស្ថិត​នៅ​ខណ្ឌ​ដង្កោ រាជ​ធានី​ភ្នំពេញ ប៉ុន្តែ​​ប្រហែល​ជា​មិន​ដឹង​​ថា ស្ថិត​នៅ​ក្រោយ​ភាព​ខ្លាំង​របស់​កីឡាករ​ទាំង​ពីរ និង​កីឡាករ​ជា​ច្រើន​ទៀត​ជា​នរណា​នោះ​ទេ។

 

លោក​គ្រូ​តា​ ញ៉ូវ ម៉ាក់ ​អាយុ​៧២​ឆ្នាំ​ជា​គ្រូ​បង្ហាត់​ប្រដាល់​តាំង​ពី​ឆ្នាំ​១៩៧៩ និង​ជា​អតីត​កីឡាករ​ប្រដាល់​​ដ៏​ល្បី​ឈ្មោះ​ម្នាក់។ លោក​បាន​ឲ្យ​ដឹង​ថា លោក​បាន​បើក​ក្លិប​បង្ហាត់​ប្រដាល់​តាំង​ពី​​ឆ្នាំ​១៩៧៩ បន្ទាប់​ពី​ចប់​សម័យ​ ប៉ុល ពត។ «រហូត​ដល់​ពេល​នេះ​ខ្ញុំ​បាន​បង្ហាត់​សិស្ស​រាប់​រយ​នាក់​ហើយ ខ្ញុំ​រាប់​មិន​អស់​ទេ ព្រោះ​អ្នក​មក​ហាត់​ចេញ​ចូល​ច្រើន​ណាស់»។

លោក​ត្រូវ​ការ​តែ​កិត្តិយស និង​កេរ្មិ៍​ឈ្មោះ​ប៉ុណ្ណោះ​ពោល​គឺ​​មិន​យក​ប្រាក់​ពី​សិស្ស​ពេល​ឡើង​ប្រកួត​ម្តង​ៗ​​ឡើយ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​លោក​ឧបត្ថម្ភ​ប្រាក់​បន្ថែម​ទៀត​នៅ​ពេល​សិស្ស​ប្រកួត​បាន​ល្អ​ស្រប​តាម​យុទ្ធសាស្ត្រ និង​បច្ចេកទេស​ដែល​លោក​បង្ហាត់​បង្រៀន។

 

លោក​គ្រូ​ ញ៉ូវ ម៉ាក់ មាន​ប្រសាសន៍​ថា ៖«ខ្ញុំ​អត់​យក​លុយ​ពី​​សិស្ស​ទេ​​ពេល​ពួកគេ​ឡើង​ប្រកួត។ ពួក​គេ​យក​មក​ឲ្យ​ ក៏​ខ្ញុំ​អត់​យក​ដែរ។ អីចឹង​ហើយ​បាន​ជា​ពួក​គេ​ទិញ​ភេសជ្ជៈ ឬ​ទឹក​ក្រឡុក​ជួន​ខ្ញុំ​វិញ។ ខ្ញុំ​ស្អប់​ណាស់​ការ​លុយ​ពី​សិស្ស​ ព្រោះ​ខ្ញុំ​ធ្លាប់​កីឡាករ​នៅ​ក្លិប​ផ្សេង​ៗ​ថា គ្រូ ឬ​ក្លិប​របស់​គេ​យក​ប្រាក់​ប៉ុណ្ណេះ យក​ប្រាក់​ប៉ុណ្ណោះ ហើយ​អាច​ធ្វើ​ឲ្យ​កីឡាករ​មើល​ងាយ​យើង​វិញ។ ខ្ញុំ​អត់​ចង់​បាន​អី​ពី​សិស្ស​​​ទេ អ្វី​ដែល​ខ្ញុំ​ចង់​បាន​គឺ​សិស្ស​ប្រកួត​តាម​បច្ចេកទេស​ដែល​ខ្ញុំ​បង្ហាត់។ បើ​សិស្ស​ប្រកួត​ល្អ​តាម​អ្វី​ដែល​ខ្ញុំ​បង្ហាត់ ខ្ញុំ​ឲ្យ​លុយ​លើក​ទឹក​ចិត្ត​២០​ទៅ​៣០​ដុល្លារ​ថែម​ទៀត ហើយ​បើ​មាន​បញ្ហា​អី​មួយ ខ្ញុំ​ក៏​ជួយ​ចេញ​លុយ​ជួយ​ព្យាបាល​ផង​ដែរ»។

 

លោក​បញ្ជាក់​ថា កាល​ពី​សប្ដាហ៍​សិស្ស​របស់​លោក​គឺ​កីឡាករ ផល សោភ័ណ្ឌ ឡើង​ប្រកួត​ដោយ​ផ្តួល​កីឡាករ​ថៃ​ឲ្យ​សន្លប់​ទឹក​ទី​២។ ពេល​នោះ​សិស្ស​រូប​នេះ​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ជិត​២​ពាន់​ដុល្លារ ប៉ុន្តែ​លោក​​អត់​មាន​យក​មួយ​រៀល​ពី​គេ។ ផ្ទុយ​ទៅ​វិញ​លោក​សប្បាយ​ចិត្ត​ដែល​បាន​បណ្ដុះបណ្ដាល​កីឡាករ​បាន​ល្អ។

 

ចុះ​បើ​លោក​មិន​យក​ប្រាក់​ពី​សិស្ស​ពេល​ឡើង​ប្រកួត តើ​លោក​ទទួល​បាន​ផល​ប្រយោជន៍​អ្វី​ពី​ការ​បង្ហាត់​សិស្ស។ លោក​គ្រូ​ធំ​ល្បី​ឈ្មោះ​នៅ​ខណ្ឌ​ដង្កោ​រូប​នេះ​បាន​ប្រាប់​ថា លោក​ទទួល​បាន​ប្រាក់​ពី​សហព័ន្ធ​កីឡា​ប្រដាល់​កម្ពុជា​១៥​ដុល្លារ​សម្រាប់​ការ​បញ្ជូន​សិស្ស​ទៅ​ប្រកួត​ម្នាក់។

 

លោក​ថា ៖«ទី​មួយ​ខ្ញុំ​ចង់​បាន​កិត្តិយស និង​កេរ្តិ៍ឈ្មោះ។ ទី​ពីរ​ខ្ញុំ​បាន​លុយ​ពី​សហព័ន្ធ​ដែល​បាន​បញ្ជូន​កីឡាករ​ទៅ​ប្រកួត ដូច​​សប្តាហ៍​មុន សិស្ស​ខ្ញុំ​ឡើង​ប្រកួត​៧​នាក់ ហើយ​ម្នាក់​ខ្ញុំ​បាន​១៥​ដុល្លារ។ ទី​បី​ខ្ញុំ​ជា​អតីត​អ្នក​ប្រដាល់ ខ្ញុំ​ត្រូវ​រួម​ចំណែក​អភិវឌ្ឍ និង​អភិរក្ស​កីឡា​ប្រដាល់​ខ្មែរ»។

 

លោក​បាន​រំលឹក​ថា កាល​ពី​មុន​​លោក​អត់​បាន​យក​លុយ​ពី​សិស្ស​ដែល​មក​ហាត់​នៅ​ក្លិប​របស់​លោក​ទេ ប៉ុន្តែ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ លោក​សម្រេច​ចិត្ត​យក​២០​ដុល្លារ​សម្រាប់​សិស្ស​ម្នាក់​ដែល​មក​ហាត់។ លោក​ពន្យល់​ថា ៖«​ដោយ​សារ​យើង​អត់​យក​លុយ​ ពួក​គេ​​ចេញ​ចូល​តាម​ចិត្ត អ្នក​ខ្លះ​ហាត់​បាន​តែ​មួយ​ថ្ងៃ ឬ​ពីរ​ថ្ងៃ​ក៏​ឈប់ ព្រោះ​អត់​អស់​លុយ ពួក​គេ​គ្មាន​អី​ត្រូវ​ស្តាយ»។

លោក គ្រូ ញ៉ូវ ម៉ាក ចាប់​ដៃ​កីឡាករ​ប្រកួត​ជម្រើស​ជាតិ (រូបថត​របស់​ក្លិប)

 

«ក្រោយ​មក ខ្ញុំ​បាន​សម្រេច​យក​លុយ​ពី​សិស្ស​ម្នាក់​​២០​ដុល្លារ​ដោយ​មាន​ដាក់​លក្ខណ​ត្រឹម​ត្រូវ។ ទី​មួយ​ត្រូវ​ឲ្យ​ឪពុក​មក​ធានា ទី​ពីរ​ធានា​សុវត្ថិភាព​តែ​នៅ​រង្វង់​ហាត់ និង​នៅ​សង្វៀន ហើយ​ទី​បី​មិន​ទទួល​ខុស​ត្រូវ​រាល់​សកម្មភាព​វាយ​ដុំ​លើ​ជន​ណា​ម្នាក់​នៅ​ខាង​ក្រៅ។ លុយ​២០​ដុល្លារ​គឺ​សម្រាប់​ទិញ​សម្ភារៈ​ហ្វឹកហាត់»។

 

លោក​គ្រូ​តា ញ៉ូវ ម៉ាក ជា​អ្នក​ប្រដាល់​ជើង​ចាស់​ម្នាក់​ដែល​បាន​ជួយ​បណ្តុះបណ្តាល​កីឡាករ​រាប់​រយ​នាក់​មក​ហើយ​ចាប់​តាំង​ពី​បាន​បើក​ក្លិប​តាំង​ពី​ឆ្នាំ​១៩៧៩។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ រាល់​ថ្ងៃ​លោក​កំពុង​ជួយ​បង្វឹកបង្ហាត់​​ប៉ូលិស នគរ​បាល និង​យោធា​ខណ្ឌ​ដង្កោ​ទាំង​អស់។ លោក​មាន​កូន​៥​នាក់​ក្នុង​នោះ​ម្នាក់​ឈ្មោះ ម៉ាក សាម៉ឺន​ជា​អាជ្ញា​កណ្តាល​នៅ​សង្វៀន​អាស៊ី​អាគ្នេយ៍ និង​ឈ្មោះ ម៉ាក សាខន ជា​អាជ្ញា​កណ្តាល​នៅ​សង្វៀន​បាយ័ន៕ អត្ថបទ៖ ជាន ចាន់រ៉ា

អត្ថបទពេញនិយម