"កូនមាសម្ដាយ" តាំងចិត្តមោះមុត
- 2015-01-30 21:23:50
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
"កូនមាសម្ដាយ" តាំងចិត្តមោះមុត
ចន្លោះមិនឃើញ
និរទេសជន ខៀវ កុសល កំពុងស្វែងរកត្រឡប់ទៅផ្ទះវិញ ជួបម្ដាយ និងសាច់ញាតិផ្សេងទៀត តាមរយៈធ្វើរឿង "កូនមាសម្ដាយ" ផ្សព្វផ្សាយទៅកាន់ពិភពលោក។ និពន្ធខ្លួនឯង ដើរតួខ្លួនឯង និយាយពីជីវិតពិតរបស់ខ្លួន លោក កុសល ថា បើទោះមិនសង្ឃឹមថារបាំងដ៏ក្រាស់ (បម្រាមរបស់អាមេរិក) នឹងដួលរលំឆាប់ តែលោកមិនរាថយឡើយ។
“ខ្ញុំមិនទាន់ដឹងថាម៉េចទេ ប៉ុន្តែបញ្ចាំងចប់ទីនេះហើយ យើងអត់ឈប់ទេ យើងនឹងបញ្ចាំងនៅប្រទេសនានាទៀត យើងអត់ឈប់ទេ ខ្ញុំដឹងថាទ្វារនេះ(ច្បាប់និរទេសរបស់អាមេរិក)ក្រាស់ណាស់ ធាក់មិនងាយដួល មិនងាយបែកទេ តែខ្ញុំនៅតែពុះពារទៀត នេះគ្រាន់តែជាការចាប់ផ្ដើមប៉ុណ្ណោះ"។
ជនដែលបែកម្ដាយក្រោយការនិរទេសនេះ មិនបង្ហើបថាលោកនឹងធ្វើអ្វីទៀតឡើយ ប្រសិនកិច្ចការទី១ដែលបានធ្វើតាមរយៈរឿង "កូនមាសម្ដាយ" ឬ "Cambodian Son” នេះមិនទទួលជោគជ័យ ពោលគឺអាមេរិកនៅតែមិនដកចេញច្បាប់និរទេសលោកនេះ។ ប៉ុន្តែអ្វីដែលចិញ្ចឹមក្ដីសង្ឃឹមជាមួយពាក្យមួយឃ្លាថា "ចង់ស្វែងរកសុបិនមួយ បើយើងមានការតាំងចិត្ត ទ្វារនឹងបើកបន្តិចម្ដងៗ"។
ភាពយន្តឯកសារជីវិតពិត "កូនមាសម្ដាយ" ឬ "Cambodian Son” នឹងចាក់បញ្ចាំងផ្លូវការចាប់ពីថ្ងៃនេះ បន្ទាប់ពីធ្វើពិធីជប់លៀង Gala Premiere យ៉ាងអធិកអធមកាលពីយប់មិញ។
http://youtu.be/0QVrwQaBWlw
វីដេអូ៖ SEM
កញ្ញា សាន ដានិច ជាបុគ្គលម្នាក់ស្ថិតក្នុងវិស័យភាពយន្តថ្លែងថា គ្រាន់តែបានឃើញការផ្សព្វផ្សាយតាមរយៈខិត្តប័ណ្ណ កញ្ញាចាប់អារម្មណ៍ទៅហើយ។ នោះជាហេតុផលដែលកញ្ញាប្រាកដខ្លួនកាលពីយប់មិញ។ "មិត្តភ័ក្ដិប្រាប់... និយាយទៅគ្រាន់តែព័ត៌មានផ្សេងៗហ្នឹង ខ្ញុំចាប់អារម្មណ៍បាត់ទៅហើយ អីចឹងទើបខ្ញុំមកមើលចង់ដឹងខ្លះពីជីវិតពួកគាត់ជានិរទេសជនហ្នឹង គាត់ជួបការលំបាកអ្វីខ្លះ ហើយតើគាត់ធ្វើអ្វីខ្លះដើម្បីបានត្រឡប់ទៅផ្ទះវិញ"។
ស្ពាយកាតាបធំមួយ ដើរចេញពីរោងកុន លោក វង្ស សុភ័ក្ដ្រ ជាអ្នកថតរូប ប្រាប់ថា "កូនមាសម្ដាយ" គឺជាភាពយន្តប្រភេទអប់រំដ៏ល្អមើលមួយ សំខាន់នោះ គឺលោកបានយល់មួយផ្នែកពីជីវិតនិរទេសជនដែលលោកមិនដែលដឹងថា ពួកគេទាំងនោះមានក្នុងប្រទេសកម្ពុជាយើងសោះ។ លោក ថារឿង "កូនមាសម្ដាយ" មានសារលើកទឹកចិត្តច្រើន កុំចុះចាញ់នឹងឧបសគ្គ គឺដូចហ្នឹងលោក កុសលកំពុងពុះពាររកផ្លូវត្រឡប់ទៅផ្ទះវិញ។
អត្ថបទ៖ សំដីពិតគួរឲ្យអាសូរ ពីតួឯក “កូនមាសម្ដាយ” ឬ “Cambodian Son”!
យ៉ាងណាបញ្ហានេះលោកថា បើនិយាយអារម្មណ៍ គឺថាលោក កុសល គួរតែត្រូវបានអនុញ្ញាតិឲ្យត្រឡប់ទៅវិញ។ "បើអារម្មណ៍ គឺគួរតែឲ្យគាត់ទៅហើយ តែបើអាចចៀសវាងបាន កុំឲ្យមានទោសអស់ហ្នឹង ព្រោះមនុស្សបើមានទោសហើយ ច្បាប់គឺច្បាប់ហើយ!”។
កុំភ្លេច...“កូនមាសម្ដាយ” ឬ “Cambodian Son” នឹងចាក់បញ្ចាំងផ្លូវការតាមបណ្ដារោងភាពយន្តនានាចាប់ពីថ្ងៃនេះហើយ...!!!
លោក ខៀវ កុសល និងលោក ឪពុក
អត្ថបទ៖ ទារិកា