ចង់បំបែកទីផ្សារ សាន់ដេ ត្រៀមលក់ចម្រៀង Original ចូលឆ្នាំប្រពៃណីជាតិ ២០១៥ តម្លៃ ២ ពាន់រៀល
- 2015-02-11 16:41:56
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចង់បំបែកទីផ្សារ សាន់ដេ ត្រៀមលក់ចម្រៀង Original ចូលឆ្នាំប្រពៃណីជាតិ ២០១៥ តម្លៃ ២ ពាន់រៀល
ចន្លោះមិនឃើញ
ផលិតកម្ម សាន់ដេនឹងលក់ចម្រៀង CD និង VCD Original ចូលឆ្នាំប្រពៃណីជាតិត្រឹមតម្លៃ ២ ពាន់រៀលប៉ុណ្ណោះ ដើម្បីបំបែកទីផ្សារចម្រៀងក្នុងប្រទេសកម្ពុជា ក្រោយពីមានការស្នើសុំពីទស្សនិកជន។ ការប្រកាសនេះ ខណៈការត្រៀមចេញថតបទចម្រៀងចូលឆ្នាំប្រពៃណីជាតិ ២០១៥ នឹងធ្វើឡើង នៅចុងខែកុម្ភៈនេះ។
អ្នកចាត់ការទូទៅផលិតកម្មសាន់ដេលោក ឡាយ សុកចំរើន និយាយថា៖ "មានអ្នកសំណូមពរមកខ្ញុំច្រើនថា លក់ចម្រៀង Original ២,៥ ដុល្លារទៅ ៣ដុល្លារពួកគាត់គ្មានលទ្ធភាពទិញទេ។ ដូច្នេះហើយទើបឆ្នាំនេះខ្ញុំលក់ CD ឬVCD Original ត្រឹមតែ ២ពាន់រៀលខ្មែរ ឱ្យប្រជាជនយើងគាត់អាចទិញស្ដាប់បានទាំងអស់គ្នា ដោយមិនរំពឹងអាចរកចំណូលត្រឡប់មកវិញទេ"។
លោក ឡាយ សុកចំរើន អ្នកចាត់ការទូទៅផលិតកម្មសាន់ដេ ក្នុងពិធីសម្ពោធរឿង សង្សារខ្មោច
លោក ឡាយ សុកចំរើនបន្តថា ការលក់ចម្រៀង Original ត្រឹមតម្លៃ ២ ពាន់ រៀល មិនមែនជាយុទ្ធសាស្ត្រដើម្បីប្រជែងទីផ្សារនឹងផលិតកម្មផ្សេងទៀតដែលផលិតចម្រៀងចូលឆ្នាំប្រពៃណីជាតិដូចគ្នាទេ។ សាន់ដេធ្វើដូច្នេះដើម្បីឆ្លើយតបទៅនឹងការស្នើសុំពីប្រជាជនខ្មែរមួយចំនួនធំមិនមានលទ្ធភាពទិញបទចម្រៀងក្នុងតម្លៃពី ២ដុល្លារទៅ ៣ដុល្លារតែ។ ម្យ៉ាងទៀតការធ្វើបែបនេះ ក្នុងន័យឱ្យបទចម្រៀងសាន់ដេដល់ដៃប្រជាជនទាំងអស់ក្នុងប្រទេស កម្ពុជា។
បើទោះជាបញ្ចុះតម្លៃលក់ចម្រៀងមកនៅត្រឹមកម្រិតទាបមិនធ្លាប់មានពីមុនក្ដី អ្នកចាត់ការទូទៅវ័យក្មេងរូបនេះ ប្រាប់ថា គុណភាព គឺនៅដដែលដូចជាឆ្នាំមុនៗដែរ សម្រាប់បទចម្រៀងចូលឆ្នាំប្រពៃណីជាតិឆ្នាំ ២០១៥។
នៅក្នុងឆ្នាំថ្មីនេះ ផលិតកម្មសាន់ដេនឹងផលិតកម្មបទចម្រៀងថ្មីសុទ្ធ ទាំងទំនុកភ្លេង និង ទំនុកចម្រៀង ប្រមាណពី ៧០% ទៅ៨០% ដោយមានចំនួន ៥ អាល់ប៊ុម ហើយក្នុងនោះតារាចម្រៀងស្រី-ប្រុសជាង ២០ នឹងមានវត្តមានក្នុងបទចម្រៀងទាំងអស់គ្នា។
តាមរយៈការលក់ CD និង VCD Original បញ្ចុះតម្លៃមកនៅត្រឹម ២ពាន់រៀលលោក ឡាយ សុកចំរើន ជឿជាក់ថាផលិតកម្ម សាន់ដេនឹងអាចបំបែកកំណត់ត្រានៃការលក់បទចម្រៀងនៅក្នុងប្រទេសកម្ពុជានាពេលខាងមុខ។ មិនត្រឹមតែទីផ្សារក្នុងស្រុកទេ នៅតាមបណ្ដាប្រទេសមួយចំនួនលើពិភពលោកក៏អាចលក់ក្នុងតម្លៃនេះដែរដូចជា សហរដ្ឋអាមេរិក កាណាដា ជប៉ុន អូស្ត្រាលី បារាំង ចិន ជាដើម។
ផលិតកម្ម សាន់ដេនឹងចាប់អនុវត្តការលក់បញ្ចុះតម្លៃត្រឹម ២ ពាន់រៀល ចាប់ពីពាក់កណ្ដាលខែ កុម្ភៈ ឆ្នាំ២០១៥នេះតទៅ រហូតដល់ចូលឆ្នាំប្រពៃណីជាតិរួច។ ក្រៅតែពីអាល់ប៊ុមចូលឆ្នាំប្រពៃណីជាតិ CD និង VCD ផ្សេងទៀតក៏លក់ក្នុងតម្លៃនេះដូចគ្នា ហើយប្រសិនបើមានការគាំទ្រច្រើនពីប្រជាជនខ្មែរកាន់តែខ្លាំងខាងសាន់ដេនឹងបន្ដបញ្ចុះតម្លៃតទៅទៀត។ លោក ឡាយ សុកចំរើន និយាយ៕
អានអត្ថបទបន្ត៖ តារាល្បីឈ្មោះ ១២ដួងនឹងបង្ហាញឈុតទឹកប៊ិកសុទ្ធថ្ងៃបើកសម្ពោធ Domino’s Pizza
អានអត្ថបទបន្ត៖ ម៉ាញសាន់ សាន់ត្រូប៉េ សូមនាំជូនលោកអ្នកនូវរាត្រីដ៏អស្ចារ្យ
អានអត្ថបទបន្ត៖ ឈិន ឡុង៖ ភាពយន្តសំខាន់ជាងគ្រួសារខ្ញុំ
អត្ថបទ៖ អ៊ីង សុឡា