លោកគ្រូ​តា​ក្រមា​មាស​​បារម្ភ ​​​​ល្បុក្កតោ​ជាង​​មួយ​ម៉ឺន​ក្បាច់​បាត់​បង់​

  • 2015-02-13 21:46:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​តា​ក្រមា​មាស​ សាន គឹមស៊ាន គ្រូ​ក្បាច់​ល្បុក្កតោ​​ខ្មែរ​កំពុង​​​​បារម្ភ​​ពី​ការ​​បាត់​បង់​សិល្បៈ​ក្បាច់​គុន​ល្បុក្កតោ​​ខ្មែរ​ជាង​១០០០០​ក្បាច់​ ប្រសិន​បើ​ពុំ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ថែរក្សា​សម្រាប់​ក្មេង​ជំនាន់​ក្រោយ​ទេ​នោះ។

 

លោក​​គ្រូ​តា​ សាន​ គឹម​ស៊ាន​ ដែល​ល្បី​ខាង​​ល្បុក្កតោ​​បាន​​ឲ្យ​ដឹង​ថា ​មាន​កត្តា​ជា​ច្រើន​ដែល​អាច​បណ្តាល​ឲ្យ​ក្បាច់​គុន​ល្បុក្កតោ​ខ្មែរ​បាត់​បង់។ ទី​មួយ​គ្រូ​ល្បុក្កតោ​ចាស់​ៗ​ស្លាប់​​ទៅ​គឺ​គ្មាន​អ្នក​ចេះ​ក្បាច់​គុន​មួយ​នេះ​ដើម្បី​បន្ត​ផ្ទេរ​ដល់​កូន​ខ្មែរ​ជំនាន់​ក្រោយ ពី​ព្រោះ​អ្នក​ចេះ​ក្បាច់​គុន​ល្បុក្កតោ​នៅ​ពេល​នេះ​មាន​មិន​ដល់​១​%​ផង។

 

លោក​គ្រូ​តា​​បញ្ជាក់​ថា ៖«ខ្ញុំ​ចង់ឲ្យ​​ក្មេង​ៗ ស្រលាញ់​ដល់​វប្បធម៌​ល្បុក្កតោ​ខ្លះ​ ព្រោះ​ក្បាច់​គុន​នេះ​ជិត​បាត់​បង់​ហើយ។ ខ្ញុំ​ឃើញ​ថា ​បើ​ខ្ញុំ​និង​គ្រូ​ចាស់​ៗស្លាប់​បាត់​​ទៅ​ប្រហែល​ជា​បាត់​សូន្យ​ផង​ក្បាច់​ ល្បុក្កតោ​ខ្មែរ​យើង»។

ទី​ពីរ​មិន​សូវ​មាន​អ្នក​ហ្វឹកហាត់​ក្បាច់​គុន​ល្បុក្កតោ​ច្រើន។ ល្បុក្កតោ​ជាង​​១០០០០​ក្បាច់​លោក​បាន​ស្រាវជ្រាវ​មកពី​ចម្លាក់​លើ​​សិលា​ចារឹក​ និង​ជញ្ជាំង​ប្រាង្គ​ប្រាសាទ​នានា​ដើម្បី​យក​មក​ចង​ក្រង​ និង​បង្ហាត់​​បង្រៀន​ដល់​សិស្ស​ជំនាន់​​ក្រោយ ប៉ុន្តែ​មាន​អ្នក​ហាត់​តិច​តូច​ណាស់។

 

លោក​មាន​ប្រសាសន៍​ថា​ ៖«​សិស្ស​មាន​ប្រហែល​២០​នាក់​ប៉ុណ្ណោះ​កំពុង​ហាត់​រាល់​ថ្ងៃ​នេះ​​ ហើយ​ក្នុង​ចំណោម​សិស្ស​​ទាំង​នេះ​ក៏​​មិន​ទាន់​ប្រាកដ​ថា​អាច​ចេះ​​ក្បាច់​ទាំង​នោះ​អស់​ដែរ។ ក្បាច់​គុន​ល្បុក្កតោ​​មាន​ច្រើន​ស្នៀត​​ណាស់​ អាច​ចេះ​អស់​ ឬ​មិន​អស់​​ ​វា​អាស្រ័យ​លើ​អ្នក​​ហាត់​ចេះ​បំបែក។ ខ្ញុំ​មាន​ជាង​មួយ​ម៉ឺន​ក្បាច់​នេះ​ដោយ​សា​ការ​បំបែក​បន្ថែម​ និង​បូក​បញ្ចូល​គ្នា​រវាង​ក្បាច់​នីមួយ»។

 

លោក​បន្ត​ថា ទី​បី​​ខ្វះ​ការ​ផ្សព្វផ្សាយ​​ដល់​កូន​ខ្មែរ​ទូទាំង​ប្រទេស និង​ជន​បរទេស។ ការ​ផ្សព្វផ្សាយ​ជា​កត្តា​ដ៏​សំខាន់​សម្រាប់​ឲ្យ​ប្រជា​ជន​ខ្មែរ និង​ជន​បរទេស​បាន​ស្គាល់​ពី​មរតក​គុន​ខ្មែរ។ ជា​ការ​ពិត​ណាស់ ស្ទើរ​គ្រប់​គ្នា​​ស្គាល់​ពាក្យ​ថា ល្បុក្កតោ ប៉ុន្តែ​ពួក​គេ​កម្រង​បាន​ឃើញ​ពី​ការ​សម្តែង​​ក្បាច់​គុន​ល្បុក្កតោ​ណាស់ កុំ​និយាយ​​ដល់​ការ​ចូល​រួម​ហាត់​រៀន។

 

លោកគ្រូ​តា​​ដែល​បាន​បោះបង់​ជីវិត​​រស់នៅ​សហរដ្ឋ​អាមេរិក​មក​បើក​សាលា​គុន​ល្បុក្កតោ​នៅ​សៀម​រាប​​​បានកំពុង​ងបង្ហាត់​បង្រៀន និង​​ផ្សព្វផ្សាយ​​ល្បក្កតោ​ដល់​អ្នក​ជំនាន់​ក្រោយ​ជា​ច្រើន​ឆ្នាំ​មក​ហើយ។ លោក​ថា​ ការ​បើក​សាលា​ល្បុក្កតោ​នេះ​មិន​មែន​​​ចង់​បាន​ប្រាក់​​នោះ​ទេ​​ ប៉ុន្តែ​ចង់​រក្សា​ អភិរក្ស​ និង​បន្សល់​ទុក​ដល់​ខ្មែរ​ជំនាន់​ក្រោយ។ ដូច្នេះ​ហើយ​ទើប​បាន​ជា​​លោក​មាន​ការ​ព្រួយបារម្ភ​ខ្លាច​បាត់​បង់​​ល្បុក្កតោ​របស់​ដូន​តា​ខ្មែរ។

 

លោក​ សាន​ គឹមស៊ាន ​កំពុង​បង្ហាត់​ក្បាច់​គុន​ល្បុក្កតោ​ដល់​សិស្ស​​ជាង​១០​ឆ្នាំ​ហើយ​ដោយ​​មិន​គិត​ពី​ភាព​លំបាក​ទោះ​មិន​សូវ​មាន​អ្នក​គាំទ្រ​ និង​មិន​មាន​អ្នក​ស្គាល់​លោក​ច្រើន​​ក៏​ដោយ៕

 

 

 

 

 

កីឡាករ​ល្បុក្កោខ្មែរ​សម្តែង​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​នៅ​ប្រាសាទ​អង្គរ​វត្ត

 

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​​​​​​​​​​​

​​​​​​​​​​​​​​​​​

អត្ថបទពេញនិយម