ទាំង​រដ្ឋមន្ត្រី​​ ទាំង​អ្នក​សិល្បៈ ​រួម​គ្នា​ជួយ អ៊ុំ គន្ធា

  • 2015-02-14 00:16:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឯកឧត្ដម ខៀវ កញ្ញារីទ្ធ រដ្ឋមន្ត្រី​ក្រសួងព័ត៌មាន ​និង ​សិល្បករ ​សិល្បៈ​ការិនី​ ទាំង​ក្មេង-​ចាស់ ​ជា​ច្រើន​នាក់ បាន​ឧបត្ថម្ភ​ប្រាក់​ និង​​សម្ភារៈ​មួយ​ចំនួន ដល់​អ្នកនាង អ៊ុំ គន្ធា ​អតីត​តារា​ចម្រៀង​ ដែល​បាន​រស់​នៅ​ជា​មួយ​មេរោគ​អេដស៍​​ជា​ច្រើន​ឆ្នាំ​​មក​ហើយ។ កម្មវិធី​នេះ​ធ្វើ​ឡើង​នៅ​ភោជនីយដ្ឋាន​អូប៉េរ៉ា កាល​ពី​ព្រឹកមិញ នៅ​តាម​បណ្ដោយ​ផ្លូវ​ ២០០៤ ក្រោមការ​​ផ្ដួចផ្ដើម របស់​តារា​សម្ដែង​ និង ​ជា​ពិធី​ករ​ លោក អ៊ឹម ជីវ៉ា។ សិល្បករ​ សិល្បការិនី​ ទាំង​ក្មេង និង ​ចាស់​ដែល​បាន​ចូល​រួម​ក្នុង​កម្មវិធី​នេះ មាន​ជិត​ ១០០ នាក់។

 

 

លោក អ៊ឹម ជីវ៉ា ដែល​ជា​អ្នក​ផ្ដួចផ្ដើម​កម្មវិធី​​បាន​លើក​ឡើង​ថា កម្មវិធី​នេះ ​មិន​មែន​ធ្វើ​ឡើង ដើម្បី​​សម្រាប់​តែ​អ្នក​នាង អ៊ុំ គន្ធា ម្នាក់​ទេ ពោល​ការ​ធ្វើ​នេះ ​ដើម្បី​ឲ្យ​អ្នក​សិល្បៈ​ទាំង​អស់​គ្នា ចេះ​ជួយ និង ​សាមគ្គី​គ្នា គ្រា​ដែល​មាន​អ្នក​ណា​ម្នាក់​ជួប​ការ​លំបាក។

 

លោក​បាន​បន្ត​ថា ដោយសារតែ​​បាន​មើល​ឃើញ​សិល្បករ​ សិល្ប​ការិនី​មួយ​ចំនួន​ជួប​ការ​លំបាក និង​ មួយ​ចំនួន​ទៀត​មិន​ចេះ​សាមគ្គី​គ្នា ទើប​លោក​​ស្នើ​សុំ​ទៅ ​ឯកឧត្ដម ខៀវ កញ្ញារីទ្ធ ជួយ​ឧបត្ថម្ភ​ក្នុង​កម្មវិធី​នេះ​ឡើង ដើម្បី​រៀបចំ​ឲ្យ​មាន​ការ​ជួបជុំ​​សំណេះសំណាល​​គ្នា និង ពិសា​អាហារ​ជា​មួយ​គ្នា​មួយ​ពេល។ កម្មវិធី​ទាំង​មូល ត្រូវ​បាន ឯកឧត្ដម ខៀវ កញ្ញារីទ្ធ  រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន ឧបត្ថម្ភ​ទាំង​ស្រុង។

 

ឯកឧត្ដម ខៀវ កញ្ញារីទ្ធ បាន​លើក​ទឹក​ចិត្ត​ដល់​អ្នក​នាង អ៊ុំ គន្ធា សូម​កុំ​អស់​សង្ឃឹម ឬ បាក់​ទឹក​ចិត្ត ព្រោះ​មេរោគ​អេដស៍​​មិន​មែន​ជា មេរោគ​ ដែល​គួរឲ្យ​ខ្លាច​ដូច​មុន​ឡើយ ដោយសារតែ​បច្ចុប្បន្ន​នេះ មាន​ថ្នាំ​ល្បីៗ​​ពន្យារ​​មេរោគ​​ច្រើន​មុខ​ណាស់។ ជា​មួយ​គ្នា​នោះ​ឯកឧត្ដម ខៀវ កញ្ញារីទ្ធ ក៏​បាន​ឧបត្ថម្ភ សម្ភារៈ ​និង ​ប្រាក់​មួយ​ចំនួន​ដល់​អ្នក​នាង អុំ គន្ធា ។ អ្វី​ដែល​ពិសេស​ជាង​នេះ កូន​ប្រុស​ទាំង ២ របស់​តារា​ស្រី​ម្នាក់​នេះ ក៏​ត្រូវ​បាន ឯកឧត្ដម សន្យា​ថា នឹង​ជួយ​ទំនុកបម្រុង​លើ ការ​រៀន​សូត្រ​ផង​ដែរ។

 

ក្រៅ​ពី ឯកឧត្ដម ខៀវ កញ្ញារីទ្ធ ក៏​មាន​សប្បុរសជន និង សិល្បករ​-សិល្បការិនី​ជា​ច្រើន​នាក់ បាន​ចូល​រួម​ជា​ថវិកា​ជួយ ​អុំ គន្ធា ផង​ដែរ។

 

អុំ គន្ធា បាន​សម្ដែង​អារម្មណ៍​ក្ដុកក្ដួល​ជា​ខ្លាំង  នៅ​ពេល​ឃើញ ឯកឧត្ដម ខៀវ កញ្ញារីទ្ធ សប្បុរសជន និង សិល្បករ​សិល្ប​ការិនី ដែល​មិន​បាន​រើស​អើង​នាង ហើយ​ថែម​ទាំង​ជួយ​ឧបត្ថម្ភ​​ជា​ថវិកា ក៏​ដូច សម្ភារៈ​ដល់​ក្រុម​គ្រួសារ​នាង​។ គន្ធា បាន​សុំទោស​ដល់​ទស្សនិកជន​នៅ​ទង្វើ​ខុសឆ្គង​របស់​នាង​កន្លង​មក ហើយ​នាង​ស្នើ​ឲ្យ សិល្បករ​-សិល្បការិនី​​ទាំង​អស់  ដាច់​ខាត​កុំ​យក​​គំរូ​​តាម​នាង​ឲ្យ​សោះ។

 

អ្នក​នាង អុំ គន្ធា ជា​អតីត​ភរិយា តារា​ចម្រៀង លោក ផាន សុផាត។ តាម​ការ​រៀប​រាប់​របស់​តារា​ស្រី​ម្នាក់​នេះ នាង​បាន​រស់​នៅ​ និង ​លាក់​រឿង​​ នាង​មាន​ផ្ទុក​​​មេរោគ​អេដស៍​​ជាង​ ១៣ ឆ្នាំ​ មក​ហើយ បច្ចុប្បន្ន​នាង​កំពុង​តែ​ទទួល​ការ​ព្យាបាល​ពី​អង្គការ​មួយ។  ក្នុង​នោះ​ដែរ នាង​ក៏​ជា​បុគ្គលិក​ក្នុង​អង្គការ​មួយ​ដែរ ដោយ​​បច្ចុប្បន្ន​នាង​​ទទួល​បន្ទុក​ខាង​​បើក​ថ្នាំ​​ឲ្យ​អ្នក ផ្ទុក​មេរោគ​អេដស៍ នៅ​មន្ទីរពេទ្យរុស្សី៕

 

 

 

 

 

អានអត្ថបទ៖ មើល​តារា​ល្បីៗ​ក្នុង​ពិធី​បើក​សម្ពោធ​ជា​ផ្លូវ​ការ Domino’s Pizza យប់​មិញ អានអត្ថបទ៖ តារា​សម្ដែង​ នៅ ណាវីន ក្រឡាប់​​ឡាន​ ម្សិល​មិញ អត្ថបទ៖ ខុត សីហា