ប្រវត្តិ​​ឈ្មោះ​ក្លិប​«តាឡី​ដំរី​មាន​ព្រិច​»​ពិត​ជា​ការ​ចង​ចាំ​ដ៏​រន្ធត់​

  • 2015-02-19 17:34:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លិប​ប្រដាល់​គុន​ខ្មែរ​«តាឡី​ដំរី​មាន​រិទ្ធិ​»ដែល​មាន​អាយុ​កាល​ជិត​៤០​ឆ្នាំ​ហើយ​នោះ​មាន​ទី​តាំង​ស្ថិត​នៅ​ក្នុង​សង្កាត់​ដង្កោ​ ខណ្ឌ​ដង្កោ​រាជ​ធានី​ភ្នំពេញ។ កាល​ពី​ដើម​ឡើយ ​ក្លិប​នេះ​ឈ្មោះ​«តាឡី​ដំរី​មាន​ព្រិច»​ដែល​ជា​​សមិទ្ធផល​របស់​លោក​គ្រូ​ប្រដាល់​ ញ៉ូវ ម៉ាក​ ដែល​បាន​បង្កើត​ឡើង​តាំង​ពី​ដើម​ឆ្នាំ​១៩៨០​ ប៉ុន្តែ​ដើម​ឆ្នាំ​១៩៩០​លោក​បាន​ដូរ​ឈ្មោះ​ជា​ «តាឡី​ដំរី​មាន​រិទ្ធិ»​វិញ។ តើ​ហេតុ​អ្វី​បាន​ជា​លោក​គ្រូ​​​ដាក់​ឈ្មោះ​«តាឡី​ដំរី​មាន​ព្រិច»?

 

លោក​គ្រូ​ធំ ញ៉ូវ ម៉ាក់

 

លោក​គ្រូ​ ញ៉ូវ​ ម៉ាក់​ បាន​ប្រាប់​ថា ​ចន្លោះ​ឆ្នាំ​១៩៧០​ទៅ​១៩៨០ នៅ​តំបន់​សង្កាត់​ដង្កោ​ជា​កន្លែង​សំបូរ​ព្រៃ​នៅ​ឡើយ ជា​ពិសេស​សំបូរ​ដោយ​ដើម​ឫស្សី​ព្រិច។ ទី​​​នោះ​ក៏​សំបូរ​សត្វ​ព្រៃ​​ ហើយ​ក៏​​មាន​ទាំង​សត្វ​ដំរី​​ដ៏​​កាច​សាហាវ​ថែម​ទៀត​ដែល​រស់​នៅ​តាម​គុម្ព​ឫស្សី​ព្រិច។

 

«​ប្រហែល​ចុង​ឆ្នាំ​១៩៧០​ មាន​បុរស​ម្នាក់​ឈ្មោះ​ តាឡី​ បាន​វង្វេង​ ហើយ​ដើរ​តាម​ព្រៃ​ព្រិច​នោះ​ក៏​ត្រូវ​សត្វ​ដំរី​ចុះ​ព្រេង​​ដ៏​កាច​សាហាវ​បោល​បុក​ស្លាប់។ រឿង​នេះ​ពិត​ជា​​រន្ធត់​ណាស់​ ហើយ​មនុស្ស​គ្រប់​គ្នា​នៅ​ម្តុំ​នោះ​តែង​តែ​និយាយ​ពី​រឿង​តាឡី​ដ៏​កម្សត់​នេះ។ ពេល​ខ្ញុំ​រៀប​ចំ​បង្កើត​ក្លិប​ប្រដាល់​បាន​នឹក​ឃើញ​ដល់​តាឡី​ ហើយ​ក៏​ដាក់​ឈ្មោះ​តាឡី​ដំរី​មាន​ព្រិច​តែ​ម្តង»។ លោក​គ្រូ ញ៉ូវ ម៉ាក់​បាន​រៀប​រាប់​ និង​បាន​បន្ថែម​ថា ពាក្យ​ថា តាឡី​សំដៅ​ដល់​បុរស​ឈ្មោះ​តាឡី​ ហើយ​នៅ​សង្កាត់​ដង្កោ​មាន​​ព្រៃ​ឫស្សី​ព្រិច​ដែល​សត្វ​ដំរី​រស់​នៅ។

 

 កូន​សិស្សរបស់​លោក​គ្រូ ញ៉ូវ ម៉ាក់

 

លោក​គ្រូ​ ញ៉ូវ ម៉ាក​ ដែល​មាន​អាយុ​ជាង​៧០​ឆ្នាំ​ហើយ តែ​សុខភាព​នៅ​មាំមួន​ជា​អតីត​កីឡាករ​ល្បី​ឈ្មោះ​ម្នាក់​​អំឡុង​ឆ្នាំ​១៩៧០​ ប៉ុន្តែ​លោក​មិន​ធ្លាប់​បាន​ប្រកួត​​នឹង​កីឡាករ​បរទេស​ឡើយ។ សព្វ​ថ្ងៃ​ស្ថិត​ក្នុង​គ្រួសារ​ធូរធារ​សមរម្យ លោក​គ្រូ​ប្រដាល់​រូប​នេះ​ក៏​ជា​សមាជិក​ក្រុម​ប្រឹក្សា​សង្កាត់​ដង្កោ និង​ជា​ប្រធាន​ការងារ​សាងសង់​អនុវិទ្យាល័យ​ទូលអំពិល។ ក្រៅ​ពី​បង្ហាត់​ប្រដាល់​ លោក​ក៏​ជួយ​បង្ហាត់​បង្រៀន​ក្បាច់​គុន​ដល់​សន្តិសុខ​ និង​នគរ​បាល​ខណ្ឌ​ដង្កោ​​ទាំង​អស់​​គ្នា​ផង​ដែរ៕

 

អត្ថបទ៖ ជាន ចាន់រ៉ា​

អត្ថបទពេញនិយម