៦ សំនួរ ជាមួយលោក ហែម គីរី កាន់តំណែងអគ្គលេខាធិការកីឡាហែលទឹកជំនួសឪពុក
- 2015-02-25 17:19:40
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៦ សំនួរ ជាមួយលោក ហែម គីរី កាន់តំណែងអគ្គលេខាធិការកីឡាហែលទឹកជំនួសឪពុក
ចន្លោះមិនឃើញ
លោក ហែម គីរី កូនប្រុសទី៣ របស់លោក ហែម ថុន បានតែងតាំងជាអគ្គលេខាធិការសហព័ន្ធកីឡាហែលទឹកកម្ពុជា ពីសំណាកប្រធាន និង សមាជិកប្រតិបត្តិរបស់សហព័ន្ធក្នុងប្រជុំវិសាមញ្ញមួយកាលពីចុងសប្ដាហ៍មុន នៅខេត្តកំពង់ចាម បន្ទាប់ពីកៅអីនេះនៅទំនេរមួយរយៈក្រោយលោក ហែម ថុន លាចាកលោក។
លោក ហែម គីរី
Sabay បានសួរនាំជាមួយលោក ហែម គីរី ក្នុងការកាន់តំណែងថ្មីជំនួសឱពុកជូនប្រិយមិត្តបានជ្រាប៖
Sabay៖ តើលោកនឹងកាន់តំណែងនេះរយៈពេលប៉ុន្មានឆ្នាំ? ហែម គីរី៖ ខ្ញុំនឹងធ្វើកិច្ចការនេះរហូតដល់ឆ្នាំ ២០១៨ គឺជាឆ្នាំដែលសហព័ន្ធធ្វើសន្និបាតអាណត្តិថ្មីទៀត។
Sabay៖ តើមូលហេតុអ្វីបានសហព័ន្ធសម្រេចឱ្យលោកកាន់តំណែងនេះ? ជាការឡើងតាមសែស្រឡាយឬ យ៉ាងណា? ហែម គីរី៖ ខ្ញុំក៏ចង់បញ្ជាក់ពីបញ្ហានេះឱ្យបានច្បាស់ដែរ ថាមូលហេតុដែលខ្ញុំសម្រេចទទួលយកការងារនេះគឺព្រោះតែ ឯកឧត្តម ស៊ុន ចាន់ថុល ប្រធានសហព័ន្ធនិងសមាជិកប្រតិបត្តិដទៃទៀតបានសម្រេចតែងតាំងខ្ញុំធ្វើការជំនួសលោកប៉ា។ ការងារនេះគ្មានប្រាក់បៀវត្សរ៍ទេ គឺធ្វើដោយចិត្តស្រលាញ់ប៉ុណ្ណោះ។
មិនមែនជារឿងចៃដន្យនោះទេ មុននឹងបានប៉ុណ្ណេះខ្ញុំធ្លាប់ជាកីឡាករហែលទឹកតាំងពីអាយុ ៧ ឆ្នាំ មុនជាប់ជម្រើសជាតិ ជាង ១០ ឆ្នាំប្លាយ។ ក្រោយមកទៀតបន្តធ្វើជាគ្រូហែលទឹក ទាំងក្នុងជម្រើសជាតិ និង បង្កើតក្លិបហែលទឹកខ្លួនឯង រួមទាំងធ្លាប់ដឹកនាំកីឡាករជម្រើសជាតិទៅចូលរួមប្រកួតក្នុងព្រឹត្តិការណ៍អន្តរជាតិនានាដូចជា ស៊ីហ្គេម, កីឡាយុវជនអាស៊ី, កីឡាអូឡាំពិក។ ដោយឃើញខ្ញុំមានទាំងបទពិសោធន៍ បច្ចេកទេស និងចំណេះដឹងភាសាអង់គ្លេស សម្រាប់ទំនាក់ទំនងខាងក្រៅបានល្អ ទើបពួកគាត់ទុកចិត្តផ្ដល់ការងារនេះឱ្យខ្ញុំ។លោក ហែម គីរី (ឆ្វេង) ជាមួយឯកឧត្តម ស៊ុន ចាន់ថុល ប្រធានសហព័ន្ធ
Sabay៖ តើលោកត្រូវធ្វើកិច្ចការអ្វីខ្លះ ក្នុងនាមជាអគ្គលេខាធិការសហព័ន្ធថ្មី? ហែម គីរី៖ ការងារដែលខ្ញុំធ្វើគឺមិនខុសពី ការងារដែលប៉ាខ្ញុំគាត់ធ្វើនោះទេ។ ខ្ញុំនឹងបន្តធ្វើការងារមួយចំនួនដែលគាត់ធ្វើមិនទាន់បានសម្រេច គឺ ជំរុញការសាងសង់អាងហែលទឹកនៅខេត្តកំពង់ចាម។ បណ្ដុះបណ្ដាលយុវជនថ្នាលក្នុងវិស័យហែលទឹកទាំង បរិមាណ និង គុណភាព និង ជាពិសេសយើងបានបានមេដាយនៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម ទោះមាស ប្រាក់ ឬ សំរឹទ្ធ ក៏ដោយ។
Sabay៖ តើលោកមានបញ្ហាប្រឈមអ្វីខ្លះក្នុងការគ្រប់គ្រងតួរនាទីមួយនេះ? ហែម គីរី៖ តាមពិតទៅខ្ញុំធ្លាប់ធ្វើកិច្ចការមួយចំនួនជាមួយ ប៉ារួចមកហើយ ទាំងការងារបច្ចេកទេស ទំនាក់ទំនងក្នុងនិងក្រៅប្រទេស តែខ្ញុំនៅមានការខ្វះចន្លោះមួយចំនួនរឿងរដ្ឋបាល។ ប៉ុន្តែមិនថ្វីទេ ខ្ញុំនឹងសិក្សាបន្ថែមពីរៀមច្បង ដើម្បីបំពេញចន្លោះប្រហោងនេះ។ ទាំងឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និង ឯកឧត្តម អ៊ុក សិទ្ធិជាតិ អគ្គនាយកកីឡានៃក្រសួងអប់រំយុវជននិងកីឡា សុទ្ធតែលើកទឹកចិត្តខ្ញុំ ដោយថាយើងមានទេពកោសល្យលើការងារនេះហើយតែនៅខ្វះបទពិសោធន៍បន្ថែមតែប៉ុណ្ណោះ។ Sabay៖ តើលោកអាចជម្រាបពីការសិក្សាផ្នែកកីឡាហែលទឹក និង បទពិសោធន៍ហែលទឹករបស់លោកបានដែរឬទេ? ហែម គីរី៖ បាន ! ខ្ញុំចូលហាត់ហែលទឹកកាលពីឆ្នាំ ១៩៨៧ ត្រឹមអាយុ ៧ ឆ្នាំ នៅអាងហែលទឹកក្នុងស្ដាត ជាមួយប៉ារបស់ខ្ញុំដែលកាលនោះគាត់នៅយាមអាង។ រហូតខ្ញុំអាយុ ១៥ ឆ្នាំទើបជាប់ជម្រើសជាតិ មុនបញ្ចប់អាជីពជាកីឡាករនៅស៊ីហ្គេមឆ្នាំ ២០០៥ នៅហ្វីលីពីន។ ខ្ញុំធ្លាប់ដណ្ដើមបានមេដាយសំរឹទ្ធក្នុងព្រឹត្តិការណ៍កីឡា សិស្សសាកលវិទ្យាល័យអាស៊ាន (Asean University Games) នៅឆ្នាំ ១៩៩៩ នៅថៃ វិញ្ញាសាហែល ២០០ ម៉ែត្រផ្នែកបុរស។ ខ្ញុំធ្លាប់សិក្សាពីវគ្គហែលទឹកនៅសហរដ្ឋអាមេរិក ថៃ វៀតណាម កាតារ ដែលក្នុងនោះមានការបោះជំរំហែលទឹកទាំងលំដាប់ពិភពលោក ថ្នាក់ទ្វីបអាស៊ី និង សិក្សាបច្ចេកទេសហែលទឹកផ្ទាល់តែម្ដង។ហែម គីរី ឈ្នះមេដាយសំរឹទ្ធ នៅប្រទេសថៃ
Sabay៖ ក្នុងនាមជាអគ្គលេខាធិការសហព័ន្ធថ្មី តើលោកមានការតាំងចិត្តបែបណា?
ហែម គីរី៖ ខ្ញុំនឹងខិតខំឱ្យអស់ពីលទ្ធភាពដើម្បីកីឡាហែលទឹកជាតិ ដោយមានការពិភាក្សាគ្នាជាមួយរៀមច្បងជើងចាស់ក្នុងសហព័ន្ធ ព្រមទាំងបណ្ដុះបណ្ដាលកីឡាករជំនាន់ក្រោយឱ្យបានច្រើន ដោយសហការជាមួយ ស្ថាប័នជាតិ ឬ ឯកជន អង្គការអង្គការក្រៅរដ្ឋាភិបាល ជាដើម។ ជាពិសេសគឺត្រូវត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេម ឆ្នាំ ២០២៣ ខាងមុខផងដែរ៕ អត្ថបទ៖ ម៉ឺន រស្មីរូបថត៖ ផ្ដល់ឱ្យ