៨ មីនា ​ឆ្នាំ​នេះ​ក្រសួង​កិច្ចការ​នារី​​ធ្វើ​អ្វី​សម្រាប់​សមភាព​យេនឌ័រ?

  • 2015-02-27 21:23:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ដើម្បី​ចូល​រួម​យុទ្ធនាការ​ទិវា​នារី​អន្តរជាតិ​៨ មីនា ក្រសួង​កិច្ចការ​នារី​បាន​សហការ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ​​រៀប​ចំ​នូវ​សកម្មភាព​នានា​ក្នុង​ការ​​លើ​កម្ពស់​សមភាព​រវាង​យេនឌ័រ​រវាង​បុរស​និង​ស្ត្រី។

 

ឆ្នាំ​នេះ​ក្រសួង​កិច្ចការ​នារី​និង​គណៈកម្មាធិការ​បាន​រៀប​ចំ​​ជ្រើស​រើស​ប្រធាន​បទ​​ "ដំណើរ​ឆ្ពោះ​ទៅ​មុខ​ស្ត្រី​កម្ពុជា​ក្រោយ​សន្និសីទ​ស្ត្រី​ពិភពលោក​ឆ្នាំ​១៩៩៥" ដើម្បី​រំលឹក​ពី​ការ​តស៊ូ​របស់​នារី​ពលករ​ទូ​ទាំង​សាកលលោក​ក្នុង​ការ​ទាម​ ទារ​សិទ្ធិសេរីភាព ប្រជាធិបតេយ្យ និង​ការ​អនុវត្ត​សិទ្ធ​ស្មើ​ភាព​រវាង​បុរស​ស្ត្រី​ក៏​ដូច​ជា​ពិនិត្យ​ឡើង​ វិញ សមិទ្ធផល​នានា​ដែល​កើត​មាន​ក្នុង​រយៈពេល​២០​ឆ្នាំ ក្រោយ​ពី​សន្និសីទ​ស្ត្រី​ពិភពលោក​ឆ្នាំ​១៩៩៥ និង​ធ្វើ​ការ​បំផុស​និង​កៀរ​គរ​ប្រជាពលរដ្ឋ​កម្ពុជា ឲ្យ​ធ្វើការ​រួម​គ្នា​ដើម្បី​ឈាន​ទៅ​សម្រេច​បាន​នូវ​សមភាព​ដ៏​ពិត​ប្រាកដ​ រវាង​បុរស​និង​ស្ត្រី។​

 

 លោកជំទាវ វេជ្ជបណ្ឌិត អ៊ឹង កន្ថា​ផាវី រដ្ឋមន្ត្រី​ក្រសួង​កិច្ចការ​នារី​

 

ក្នុង​​កម្មវិធី​យុវជន​ជជែក​ពិភាក្សា​នេះ​ដែល​ធ្វើ​ឡើង​នៅ​ស្ថានីយ​ទូរទស្សន៍​ជាតិ​កម្ពុជា លោកជំទាវ វេជ្ជបណ្ឌិត អ៊ឹង កន្ថា​ផាវី រដ្ឋមន្ត្រី​ក្រសួង​កិច្ចការ​នារី​មាន​ប្រសាសន៍​ថា៖ "ប្រធានបទ​ដែល​នឹង​លើក​យក​ក​ពិភាក្សា​ក្នុង​ឱកាស​នេះ គឺ​ជា​វិភាគ​ទាន​ថ្មី​ៗ​ដែល​ជួយ​លើក​កម្ពស់​ការ​យល់​ដឹង​និង​មាន​អត្ថន័យ​សំខាន់​ក្នុង​ការ​ផ្ដល់​សារ​ជូន​ចំពោះ​ទស្សនិកជន​និង​សាធារណជន​ដើម្បី​ជំរុញ​កែ​លំអ ផ្នត់​គំនិត​រវាង​បុរស​និង​ស្ត្រី​ឲ្យ​កាន់​តែ​ទទួល​បាន​នូវ​ភាព​ដូច​គ្នា ដែល​ចូលរួម​ចំណែក​កិច្ច​ពន្លឿន​អភិវឌ្ឍន៍​ជាតិ ដែល​ប្រៀប​ធៀប​ស្ត្រី​ជា​ឆ្អឹង​ខ្នង​សង្គម​និង​សេដ្ឋកិច្ច​ជាតិ"​។

 

 

កម្មវិធី​នេះ​បាន​រៀប​ចំ​ជា​រៀង​រាល់​ឆ្នាំ ហើយ​នេះ​ជា​លើក​ទី​៥​ដែល​ឆ្នាំ​មុន​ក្រសួង​កិច្ចការ​នារី​បាន​ជ្រើស​ប្រធានបទ​ធំ​គឺ "សមភាព​នៃ​ការ​អប់រំ​មាន​សារៈសំខាន់​ក្នុង​កិច្ច​អភិវឌ្ឍ​សង្គម" ។ សម្រាប់​ឆ្នាំ​នេះមាន​សាកលវិទ្យាល័យ​ចូល​រួម​ដូច​ជា សាកលវិទ្យាល័យ​ប៊ែល​ធី​អន្តរជាតិ សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ​កម្ពុជា សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ សាកលវិទ្យាល័យ​មេគង្គ​កម្ពុជា សាកលវិទ្យាល័យ​ភ្នំពេញ​អន្តរជាតិ សាកលវិទ្យាល័យ​កម្ពុជា និង​វិទ្យាស្ថាន​វ៉ាន់​ដា​គណនេយ្យ ដែល​ត្រូវ​ធ្វើការ​ជជែក​ពិភាក្សា​គ្នា​ជុំវិញ​ប្រធានបទ​ទាក់​ទង​នឹង​សមភាព​យេនឌ័រ៕

 

សូមអាន៖​  ប្រព័ន្ធ​បច្ចេកវិទ្យា​​កំពុងដើរ​តួនាទីសំខាន់​​ ក្នុង​ការ​ទប់​ស្កាត់​​អំពើ​ហិង្សា​លើ​ស្ត្រី​​

 

អត្ថបទ៖ លឹម សុ​នា

អត្ថបទថ្មី