លក្ខខ័ណ្ឌ​​​កែប្រែ​​ស្ទើរតែ​ទាំង​ស្រុង មហោស្រព​តន្ត្រី និង ​ចម្រៀង​សម័យ​ថ្នាក់​ជាតិ ២០១៥

  • 2015-03-03 21:30:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មហោស្រព​តន្ត្រី និង​ ចម្រៀង​សម័យ​ថ្នាក់​ជាតិ​ឆ្នាំ​ ២០១៥ បាន​កែប្រែ​លក្ខខ័ណ្ឌ​​​​ប្រកួត​ស្ទើរតែ​ទាំង​ស្រុង បន្ទាប់​ពី​ការ​រៀប​ចំ​​ពីរ​ឆ្នាំ​​កន្លង​មក​។

 

រដ្ឋលេខាធិការ​ ក្រសួងព័ត៌មាន និង ​ជា​អនុប្រធាន​អចិន្ត្រៃយ៍​គណៈកម្មការ​រៀប​ចំ​មហោស្រព​តន្ត្រី និង​ ចម្រៀង​សម័យ​ថ្នាក់​ជាតិ​ឆ្នាំ​២០១៥ ឯកឧត្ដម ជា ច័ន្ទ​បរិបូរណ៍ និយាយ​ថា​​ ការ​រៀប​ចំ​កន្លង​មក​មាន​ចំណុច​​ខ្វះខាត​ច្រើន​តម្រូវ​ឱ្យ​មាន​ការ​កែប្រែ​នីតិវិធី​មួយ​ចំនួន​ដើម្បី​ឱ្យ​កម្មវិធី​កាន់​តែ​មាន​​សុក្រឹតភាព។

 

 ឯកឧត្ដម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី ក្រសួងព័ត៌មាន ក្នុងសន្និសីទសារព៍ត៌មានព្រឹក​មិញ

 

ឯកឧត្ដម​បញ្ជាក់​ដូច្នេះ​ថា៖ "យើង​បាន​វាយ​តម្លៃ​ហើយ កន្លង​មក​យើង​នៅ​មាន​ចំណុច​ខ្វះ​ខាត​ការ​បង្កើត​គំនិត​តែង​និពន្ធ​បទ​ភ្លេង និង​ទំនុក​ច្រៀង​ថ្មី​នៅ​ឡើយ។ អីចឹង​ហើយ​ទើប​ក្រសួង​ត្រូវ​តែ​កែប្រែ​លក្ខន្តិកមួយ​ចំនួន​ដើម្បី​ឱ្យ​កម្មវិធី​កាន់​តែ​ល្អ​ឡើង"។

 

លក្ខន្តិក​​​​ត្រូវ​កែប្រែ​ដើម្បី​ឱ្យ​កម្មវិធី មហោស្រព​តន្ត្រី និង​ ចម្រៀង​សម័យ​ថ្នាក់​ឆ្នាំ​ ២០១៥ កាន់តែ​​ប្រសើរ​​ត្រូវ​ ឯកឧត្ដម ជា ច័ន្ទ​បរិបូរណ៍ ប្រាប់​ថា៖

 

១ បេក្ខជន និង ​បេក្ខនារី​ត្រូវ​និពន្ធ​បទ​ភ្លេង និង​ ទំនុក​ច្រៀង​ថ្មី​ដោយ​មិន​ចម្លង​ពី​នរណា​នោះ​ទេ និង ​តម្រូវ​ឱ្យ​មាន​តែ​ពីរ​បទ​ប៉ុណ្ណោះ ខុស​ប្លែក​ពី​ឆ្នាំ​មុនៗ មាន​ទៅ​ដល់​បួន​បទ។

 

២ បេក្ខជន បេក្ខនារី​អាច​ច្រៀង​ទោល ឬ​ឆ្លង​ឆ្លើយ ហើយ​ក្រុម​តន្ត្រី​នីមួយៗ​​ត្រូវ​មាន​សមាជិក​មិន​លើស​ពី​ ១០ ​រូប ខុស​ប្លែក​ពី​ការ​រៀប​ចំ​ឆ្នាំ​មុនៗ គឺ​មិន​កំណត់​សមាជិក​ក្រុម​ឡើយ។

 

៣ ពាន​គឺ​មាន​តែ​មួយ​ប៉ុណ្ណោះ​សម្រាប់​ក្រុម​លេខ១ ហើយ​ក្រុម​លេខ២ និង​លេខ​បី​មិន​ទទួល​បាន​ពាន​ទេ គឺ​ទទួល​ត្រឹម​តែ ប្រកាសនីយបត្រ ខុស​ប្លែក​ពី​ឆ្នាំ​មុនៗ​កន្លង​ទៅ​គឺ​​ជយលាភី​ទទួល​ពាន​គ្រាប់​គ្នា។

 

៤ បេក្ខជន ឬ​ក្រុម​ដែល​មាន​ពិន្ទុ​ខ្ពស់​ជាង​គេ​នៅ​តាម​សប្ដាហ៍​នីមួយៗ នឹង​រង់ចាំ​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​តែ​ម្ដង មិន​មាន​វគ្គ​​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ ដូច​ឆ្នាំ​មុនៗ​ទេ។

 

ដោយ​​ឡែក​និយាយ​ពី​លក្ខន្តិក​ក្នុង​ការ​ផ្ដល់​ពិន្ទុ​វិញ ​ឯកឧត្ដម លើក​ឡើង​ថា​ មាន​កម្រិត​បទដ្ឋាន​ ៥ ​ត្រូវ​ផ្ដល់​ពិន្ទុ​ឱ្យ បេក្ខជន បេក្ខនារី​ដូចជា បទ​ភ្លេង ២០ ​ពិន្ទុ ទំនុក​ច្រៀង ២០​ ពិន្ទុ សម្រួល​តន្ត្រី ២៥ សំឡេង ២៥ ពិន្ទុ និង​ទេពកោសល្យ​សម្ដែង ១០​ពិន្ទុ។

 

អនុប្រធាន​អចិន្ត្រៃយ៍​ខាង​លើ​ជឿជាក់​ថា​ ការ​កែប្រែ​លក្ខខ័ណ្ឌ​ស្ទើរតែ​ទាំង​ស្រុង​នឹង​​ជួយ​ឱ្យ​កម្មវិធី មហោស្រព​តន្ត្រី និង ​ចម្រៀង​ថ្នាក់​ជាតិ​ឆ្នាំ​២០១៥ ទទួល​ការ​ចាប់​អារម្មណ៍​ច្រើន​ពី​មហាជន។ ជា​ពិសេស​បេក្ខជន និង​បេក្ខនារី​ដាក់​ពាក្យ​អស់​ចិត្ត​ចំពោះ​ការ​ផ្ដល់​ពិន្ទុ​របស់​គណៈកម្មការ។

 

 

ទាក់ទិននឹង​បញ្ហា​នេះ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​ ឯកឧត្ដម ខៀវ កាញារីទ្ធ បញ្ជាក់​ថា​ មហោស្រព​តន្ត្រី និង​ ចម្រៀង​សម័យ​ថ្នាក់​ជាតិ​ឆ្នាំ​២០១៥ គឺ​ជា​ កម្មវិធី​រៀប​ចំឡើង​ក្នុង​ស្មារតី​រួម​គ្នា​​ឈាន​ទៅ​ដល់​ការ​កាត់​បន្ថយ​ការ​ចម្លង​ស្នាដៃ​ពី​បរទេស​ឱ្យ​នៅ​កម្រិត​ទាប និង ​រួម​គ្នា​បង្កើត​ស្នាដៃ​តែង​និពន្ធ​បទ​ចម្រៀង និង​ទំនុក​ភ្លេង​ថ្មី​ដោយ​ខ្លួន​ឯង។

 

ឯកឧត្ដម​មាន​ប្រសាសន៍​ដូច្នេះ​ថា៖ "យើង​ចង់​ឃើញ​អ្នក​និពន្ធ​របស់​យើង​ប្រើ​គំនិត​ថ្មី​ដោយ​មិន​ចម្លង​ពី​នរណា​ម្នាក់ ហើយ​ឆ្នាំ​នេះ​យើង​ក៏​ឃើញ​​អ្នក​និពន្ធ​គាត់​ប្រើ​ស្ទីល​ថ្មី​ក្នុង​ការ​និពន្ធ ចៀសវាង​ការ​ស្ទីល​ដដែល​ដូច​ឆ្នាំ សុះ ម៉ាត់, ស៊ីន ស៊ីសាមុត​ ជា​ដើម ព្រោះ​នេះ សតវត្ស​ទី ២១ ​ហើយ"។

 

រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​បន្ត​ថា បេក្ខជន បេក្ខនារី​ទាំង​ក្នុង និង ​ក្រៅ​ប្រទេស​អាច​ដាក់​ពាក្យ​ប្រឡង​ក្នុង​កម្មវិធី​ខាង​លើ​បាន ដោយ​មិន​ប្រកាន់​បក្សពួក ឬ​ក៏​ នយោបាយ​។

 

និយាយ​ពី​ជយលាភី​ មហោស្រព​តន្ត្រី និង​ ចម្រៀង​សម័យ​ថ្នាក់​ជាតិ​ឆ្នាំ​ ២០១៥ ឯកឧត្ដម ខៀវ កាញារីទ្ធ ប្រាប់​ថា លេខ ១ ទទួល​បាន​ទឹក​ប្រាក់ ៤​ ពាន់​ដុល្លារ និង ​ពាន​មួយ លេខ ២ ទទួល​បាន​ទឹក​ប្រាក់ ៣ ​​ពាន់​ដុល្លារ និង ​​ប្រកាសនីយបត្រ ហើយ​លេខ ៣ ទទួល​បាន​ទឹក​​ប្រាក់ ២​ពាន់​ដុល្លារ និង​ប្រកាសនីយបត្រ​ដូចគ្នា។

 

​​ជា​លើក​ទី ៣​ ហើយ ​ដែល​ក្រសួង​ព័ត៌មាន​រៀប​ចំ​កម្មវិធី មហោស្រព​តន្ត្រី និង​ ចម្រៀង​សម័យ​ថ្នាក់​ជាតិ​នេះ​ឡើយ។ កម្មវិធី​​ចាប់​ផ្ដើម​ទទួល​ពាក្យ​បេក្ខជន បេក្ខនារី ​ប្រឡង​ពី​គ្រប់​បណ្ដា​ខេត្ត និង ​ក្រៅ​ប្រទេស ចាប់​ពី​ថ្ងៃ​ទី ៣ ខែ​មីនា ឆ្នាំ ​២០១៥ ​តទៅ​ នៅ​ក្រសួងព័ត៌មាន ហើយ​នឹង​ចាប់​ផ្ដើម​ប្រកួតប្រជែង​នៅ​ដើម​ខែ​កក្កដា និង​ បញ្ចប់​នៅ​ខែ សីហា ឆ្នាំ ​២០១៥ ​ខាង​មុខ៕

 

អានអត្ថបទបន្ត៖ ចាប៉ី​ដង​វែង​នឹង​ត្រូវ​ស្នើ​​បញ្ចូលជា​​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​​

អានអត្ថបទបន្ត៖ សើច​សប្បាយ​ៗ ឡូរ៉ា ម៉ម ​និយាយ​ពី​រឿង​ស្នេហា

អានអត្ថបទបន្ត៖ ទំនុក​ភ្លេង និង​ទំនុក​ច្រៀង​ថ្មី​ពី​កូន​ខ្មែរ​នៅ កូរ៉េ មិន​ចាញ់​អ្នក​​​ក្នុង​ស្រុក​ទេ

 

អត្ថបទ៖​អ៊ីង សុឡា

អត្ថបទពេញនិយម