អតីត​កីឡាករ​ខ្មែរ​ដ៏​ល្បី​ ប៉ែន ផាត ដក​ខ្លួន​ចេញ​ពី​ក្លិប​វេស្ទើន​

  • 2015-03-05 21:03:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ ប៉ែន ផាត អតីត​កីឡាករ​បាល់ទាត់​ដ៏​ល្បី​របស់​កម្ពុជា​ និង​មាន​រហស្សនាម​«ពស់​កេងកង»​បាន​សម្រេច​ដក​ខ្លួន​ចេញ​ពី​ក្លិប​បាល់ទាត់​វេស្ទើន​ហើយ​ បន្ទាប់​ពី​លោក​បាន​សិក្សា​ស្វែង​យល់​ទៅ​ឃើញ​ថា ក្លិប​មួយ​នេះ​មិន​បាន​ធ្វើ​អ្វី​ឲ្យ​ប្រាកដ​ប្រជា​ដែល​អាច​ឲ្យ​​លោក​ចូល​ខ្លួន​មក​ដឹក​នាំ​សម្រាប់​លីក​កំពូល​កម្ពុជា​​រដូវ​កាល​ឆ្នាំ​២០១៥។

 

កាល​ពី​ចុង​ឆ្នាំ​២០១៤​ក្លិប​បាល់ទាត់​សាកល​វិទ្យាល័យ​វេស្ទើន​ដែល​បាន​ប្តូរ​ឈ្មោះ​ជា​ Sparta Cambodia United​ បាន​ប្រកាស​ថា​ លោក​ ប៉ែន ផាត​ ​នឹង​ចូល​ខ្លួន​មក​ដឹក​នាំ​ក្លិប​របស់​ខ្លួន​សម្រាប់​ពាន​រង្វាន់​បាល់ទាត់​ Hun Sen Cup និង​បាល់ទាត់​លីក​កំពូល​កម្ពុជា​សម្រាប់​រដូវ​កាល​ឆ្នាំ​២០១៥​ ប៉ុន្តែ​​​ពេល​នេះ​លោក​​មិន​បាន​​ដឹក​នាំ​ក្លិប​វេស្ទើន​​ឡើយ។

 

​ប្រាប់​ Sabay តាម​ទូរសព្ទ​ពី​ប្រទេស​បារាំង​កាល​ពី​វេលា​ម៉ោង​១២​ថ្ងៃ​ត្រង់​នេះ​ លោក ប៉ែន ផាត​បាន​រៀប​រាប់​ថា​ ក្លិប​វេស្ទើន​មិន​បាន​ធ្វើ​អ្វី​ឲ្យ​ប្រាកដ​ប្រជា​ដើម្បី​ឲ្យ​រូប​លោក​ចូល​ខ្លួន​មក​ដឹក​នាំ​បាន​ឡើយ។ កាល​ពី​ដើម​ឡើយ​ លោក ឡៃ សុធា​ អ្នក​ចាត់​ការ​ក្លិប​វេស្ទើន​ពិត​ជា​ទាក់ទង​ និង​ពិភាក្សា​ជា​មួយ​លោក​មែន​ ប៉ុន្តែ​មិន​មាន​​លក្ខន្តិកៈ​ច្បាស់​លាស់​នៅ​ឡើយ​ទេ។

 

លោក​មាន​ប្រសាសន៍​ថា ៖«វេស្ទើន​អត់​មាន​ធ្វើ​កុងត្រា​ ឬ​​និយាយ​ពី​ប្រាក់​កម្រៃ​ឲ្យ​ច្បាស់​លាស់​ទេ​ អីចឹង​ខ្ញុំ​អត់​អាច​ដឹក​នាំ​បាន​ឡើយ។ យើង​ត្រូវ​ធ្វើ​ឲ្យ​ប្រាកដ​ដូច​ក្លិប​ផ្សេង​ដូច​ជា​ក្លិប​ភ្នំពេញ​ក្រោន បឹងកេត​ ឬ​ស្វាយរៀង​ជា​ដើម​ កីឡាករ​គេ​​មាន​កុងត្រា​ គ្រូ​គេ​ក៏​មាន​ ហើយ​ចំណូល​ច្បាស់​លាស់»។

 

រហូត​ដល់​ពេល​នេះ​លោក​មិន​ទាន់​ដឹក​នាំ​ក្លិប​ណា​មួយ​នៅ​ឡើយ​ទេ​ និង​មិន​ចង់​ដឹក​នាំ​ក្លិប​ធំ​ៗ​ដែរ។ លោក​​ថា​ តាម​ពិត​​លោក​អត់​ចង់​ដឹក​នាំ​ក្លិប​ធំ​ៗ​​ទេ​ ពី​ព្រោះ​ពេល​ឈ្នះ​ពាន​អ្វី​មួយ​ ឬ​ស្នាដៃ​ណា​មួយ​ វា​មិន​ល្អ​សម្រាប់​រូប​លោក​ទេ​​គឺ​ហាក់​ដូច​ជា​សល់​ពី​អ្នក​ចាស់។ ផ្ទុយ​ទៅ​វិញ​លោក​ចង់​ដឹក​នាំ​ក្លិប​តូច​ៗ​ដែល​សាង​ស្នាដៃ​ពី​ចំណុច​តូច​រហូត​ឈ្នះ​ពាន​ធំ​ៗ​ទើប​បាន​ជា​សមត្ថភាព​ដឹក​នាំ​ពិត​ប្រាកដ​របស់​លោក។

 

នៅ​ថ្ងៃ​ទី​៩ ខែ​មីនា​ខាង​មុខ​នេះ​លោក​នឹង​ធ្វើ​ដំណើរ​ពី​ប្រទេស​បារាំង​មក​ប្រទេស​កម្ពុជា​ដើម្បី​ជួប​នឹង​លោក សៅ សុខា​ ប្រធាន​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា។ ការ​ជួប​នឹង​លោក​ប្រធាន​សហព័ន្ធ​ លោក​ទំនង​ជា​ពិភាក្សា​ជុំ​វិញ​ការ​ដឹក​នាំ​យុវជន​ជម្រើស​ជាតិ​អាយុ​ក្រោម​១៧​ឬ​១៩​ឆ្នាំ។ ប្រសិន​បើ​លោក​ពិភាក្សា​ត្រូវ​ជា​មួយ​លោក សៅ សុខា លោក​នឹង​វិល​ត្រឡប់​ទៅ​ប្រទេស​បារាំង​វិញ ហើយ​ប្រមូល​ឥវ៉ាន់​មក​រស់​នៅ​ស្រុក​ខ្មែរ​តែ​ម្តង។

 

 

ពាក់​ព័ន្ធ​នឹង​ចំណុច​នេះ​ លោក​ឡៃ សុធា អ្នក​ចាត់​ការ​ទូទៅ​របស់​ក្លិប​វេស្ទើន​បាន​ប្រាប់​ដែរ​​ថា​ លោក ប៉ែន ផាត ពិត​ជា​មិន​អាច​ដឹក​នាំ​​​ក្លិប​វេស្ទើន​មែន ពី​ព្រោះ​អ្វី​ដែល​វេស្ទើន​បាន​ផ្តល់​ឲ្យ​ លោក​ ប៉ែន ផាត​មិន​អាច​ទទួល​យក​បាន ដូច្នេះ​លោក​កំពុង​ស្វែង​រក​គ្រូ​បង្វឹក​ថ្មី៕

 

អត្ថបទ៖ ជាន ចាន់រ៉ា​

អត្ថបទថ្មី