Mobile Camp 2015 បញ្ចប់យ៉ាងរលូនមានអ្នកចូលរូមយ៉ាងច្រើនកុះករ
- 2015-03-10 21:28:25
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Mobile Camp 2015 បញ្ចប់យ៉ាងរលូនមានអ្នកចូលរូមយ៉ាងច្រើនកុះករ
ចន្លោះមិនឃើញ
សិក្ខាសាលា និងពិព័រណ៍កម្មវិធីទូរសព្ទ Mobile Camp 2015 បានដំណើរការទៅយ៉ាងរលូនកាលពីចុងសប្តាហ៍មុននេះនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ដោយមានអ្នកចូលរួមយ៉ាងច្រើនកុះករ។
លោក បេ ចន្រ្តា អ្នករៀបចំកម្មវិធីបានឲ្យដឹងថា សិក្ខាសាលានិងពិព័រណ៍កម្មវិធីទូរសព្ទ Mobile Camp មានអ្នកចូលរួមប្រមាណ ៤០០នាក់ជាសិស្សនិស្សិត ដែលបានមកចូលរួម ដើម្បីទស្សនានិងស្វែងយល់ពីការអភិវឌ្ឍបច្ចេកវិទ្យាទូរសព្ទនៅក្នុងប្រទេសកម្ពុជា។
លោកថា តាមរយៈការមកទស្សនាពិព័រណ៍នេះ អ្នកចូលរួមបានទទួលចំណេះដឹងជាច្រើនលើការអភិវឌ្ឍបច្ចេកវិទ្យាទូរសព្ទជាស្នាដៃរបស់យុវជនខ្មែរ ដែលបានដាក់តាំងបង្ហាញនៅក្នុងពិព័រណ៍រយៈពេលពេញមួយថ្ងៃ។
សិក្ខាសាលា និងពិព័រណ៍កម្មវិធីទូរសព្ទ Mobile Camp ២០១៥ ក្រៅពីការតាំងបង្ហាញកម្មវិធីទូរសព្ទថ្មីៗជាស្នាដៃរបស់យុវជនខ្មែរ ពិព័រណ៍នេះក៏មានកម្មវិធីជជែកពិភាក្សា ដែលមានការចូលរួមពីថ្នាក់ដឹកនាំ និងអ្នកជំនាញកំពូលៗពីក្រុមហ៊ុនដែលធ្វើការក្នុងឧស្សាហកម្មទូរសព្ទ ដើម្បីជជែកគ្នាលើប្រធានបទសំខាន់ៗមានដូចជា ៖ សក្ដានុពលនៃការទូទាត់ប្រាក់តាមទូរសព្ទនៅកម្ពុជា , តើបច្ចេកវិទ្យាទូរសព្ទនឹងជួយអ្វីខ្លះដល់វិស័យអប់រំនៅកម្ពុជា , សុវត្ថិភាពក្នុងការប្រើប្រាស់ទូរសព្ទ , បច្ចេកវិទ្យាទូរសព្ទសម្រាប់សេវាសាធារណៈ និងសង្គម និង យុទ្ធសាស្ត្រផ្សព្វផ្សាយនិងទីផ្សារ តាមរយៈបច្ចេកវិទ្យាទូរសព្ទនៅកម្ពុជា ជាការចែករំលែកបទពិសោធន៍និងការស្វែងរកបច្ចេកវិទ្យាទូរសព្ទថ្មីៗ សម្រាប់ចូលរួមអភិវឌ្ឍប្រទេសកម្ពុជា។
លោកថា ការរៀបចំកម្មវិធីពិព័រណ៍ Mobile Camp ជាការជំរុញនិងបំផុសដល់យុវជនខ្មែរឲ្យបន្តខិតខំប្រឹងប្រែងក្នុងការអភិវឌ្ឍបច្ចេកវិទ្យាទូរសព្ទថ្មីៗ តាមរយៈឱកាសក្នុងការបង្ហាញសមិទ្ធផលដែលពួកគេសម្រេចបានដល់អ្នកគាំទ្រ ដើម្បីឈានទៅបន្តការសម្រេចបានស្នាដៃថ្មីៗបន្ថែមទៀតយកទៅអភិវឌ្ឍនិងជួយដល់សង្គមនិងប្រទេសជាតិ។
អត្ថបទ៖ ដារ៉ាឆានី