ប៉ូលិស​បិទ​ផលិតកម្ម​ល្បី​កូរ៉េ​​ Polaris ​​​ស៊ើបអង្កេត​ករណី​បោកប្រាស់

  • 2015-03-12 17:02:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផលិតកម្ម​ដែល​ជា​ជម្រក​តារា​កូរ៉េ​ដូចជា ​Ladies' Code, Clara ​និង​ Iron ​​ត្រូវ​បាន​អាជ្ញាធរ​កូរ៉េ​បិទ​ទ្វារ​ដើម្បី​ស៊ើបអង្កេត​​លើ​ករណី​បោកប្រាស់។

 

​Ilkwang Group ​ដែល​ជា​ឧបសម្ពន្ធ​នៃ​ក្រុមហ៊ុន​ជាច្រើន និង​មាន​​​ផលិតកម្ម​ Polaris ​​​នៅ​ពី​ក្រោម​ផង​នោះ​​​ត្រូវ​បាន​ប៉ូលិស​ចូល​ឆែកឆេរ​​កាល​ពី​ថ្ងៃ​ទី ​១១ ​មិនា​ម្សិលមិញ។ ​​ក្រុមហ៊ុន​នេះ​មាន​​កុងត្រា​ជាច្រើន​ពាក់ព័ន្ធ​​​​នឹង​វិស័យ​យោធា​កូរ៉េខាងត្បូង ​ហើយ​ពេល​នេះ​កំពុង​ត្រូវ​ស៊ើបអង្កេត​ពី​បទ​កេងប្រវ័ញ្ច ​និង​​​ការ​​ដាក់​តម្លៃ​លើស​​ប្រក្រតី​ទៅ​លើ​យោធា​ជា​ច្រើន​ដង។  

លោក​ Lee Gyu Tae ​ដែល​ជា​ប្រធាន​ក្រុមហ៊ុន​ Ilkwang ​និង​ Polaris ​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន។ ​ប្រធាន​​គ្រប់គ្រង​រូប​នេះ​ត្រូវ​បាន​សាធារណជន​ស្គាល់​​ក្រោយ​តារា​ម៉ូដែល​ Clara ​ចោទប្រកាន់​ពី​បទ​រំលោភបំពាន​ផ្លូវ​ភេទ​ទៅ​លើ​នាង​កាល​ពី​ពេល​កន្លង​មក។ ​ 

 

 តារា​ម៉ូដែល​ Clara ​ដែល​ប្តឹង​ម្ចាស់​ផលិកម្ម​ Polaris បញ្ចប់​កុងត្រា

 

​ក្រុម​ប៉ូលិស​ក៏​បាន​រឹបអូស​ឯកសារ​ផ្ទៃក្នុង​​របស់​ Ilkwang Group ​ដែល​ដើម្បី​ចងក្រង​ជា​ឯកសារ​ប្តឹង​ក្រុមហ៊ុន​ Ilkwang ​និង​លោក​ Lee ​ផ្ទាល់​តែ​ម្ដង។ ​​

 

របាយការណ៍​ក៏​បាន​បញ្ជាក់​ដែរ​ថា ​ផលិតកម្ម​ Polaris ​បាន​បិទ​ទ្វារ​ហើយ។ ​​ការ​បិទ​ទ្វារ​ផលិតកម្ម​នេះ​គឺ​មាន​រយៈពេល​ ១ ​សប្ដាហ៍​មុន​តារា​ចម្រៀង​ Iron ​​បង្ហាញ​ខ្លួន​​ផ្លូវការ​ជា​តារា​ចម្រៀង​ទោល​ជា​លើក​ដំបូង។ ​​​ផ្ទះ​របស់​លោក​ Lee ​ក៏​ត្រូវ​បាន​ប៉ូលិស​ចូល​ឆែកឆេរ​ស៊ើបអង្កេត​លើ​ករណី​ឧក្រិដ្ឋកម្ម​ហិរញ្ញវត្ថុ​ប្រឆាំង​រដ្ឋាភិបាល​ដែរ។ ​

 

​ផលិតកម្ម​ Polaris ​ហាក់​មាន​បញ្ហា​ឥត​ដាច់​មួយ​រយៈ​ចុងក្រោយ​នេះ។ ​​ក្នុង​ឆ្នាំ ​២០១៤ ​ផលិតកម្ម​មួយ​នេះ​បាន​​ជួប​បញ្ហា​ដោយសារ​តារា​ចម្រៀង​​​ពីរ​នាក់​​ក្នុង​ក្រុម​ Ladies' Code ​បាន​ស្លាប់​បាត់​បង់​ជីវិត​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍។ ​ក្រោយ​មក​ ប្រធាន​ក្រុមហ៊ុន​គឺ​លោក​ Lee Gyu Tae ​ត្រូវ​បាន​តារា​ម៉ូដែល​ Clara ​ប្ដឹង​​​​​ពី​បទ​រំលោភបំពាន​ផ្លូវ​ភេទ ​និង​សុំ​​បញ្ចប់​កុងត្រា។ ​នៅ​ខែ​មករា​ឆ្នាំ ​២០១៥ ​តារា​ស្រី​ខាង​លើ​បាន​បង្ហោះ​សារ​សន្ទនា​រវាង​នាង​ និង​លោក​ Lee ​ជា​សាធារណៈ។

 

​​អនាគត​ ផលិតកម្ម​ Polaris ​តារា​ចម្រៀង​ Iron ​និង​ Ladies' Code ​មិន​ទាន់​ដឹង​ថា ​នឹង​ទៅ​ជា​យ៉ាង​ណា​ទេ​ ​ព្រោះ​មិន​ទាន់​មាន​ការ​បញ្ជាក់​អ្វី​ទាំង​អស់​ទាំង​​ខាង​ផលិតកម្ម​ Polaris ​ក៏​ដូចជា​ក្រុមហ៊ុន​ Ilkwang៕

 

អាន៖ មេរៀន​ជីវិត ៥​យ៉ាង Lee Min-ho ចែករំលែក​ដល់​​​​​អ្នក​នៅ​វ័យ​ខ្ទង់​២០

 

ប្រភព៖ ​kpopstarz

អត្ថបទថ្មី