ផល​ប៉ះពាល់​​សុខភាព​ដ៏​ធ្ងន់ធ្ងរ​អ្នក​ប្រើ ​Smartphone ​ប្រើ​រាល់​ថ្ងៃ​បែរ​មិន​ចាប់​អារម្មណ៍​​

  • 2015-03-13 20:34:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​Smartphone គឺ​ជា​ឧបករណ៍​បច្ចេកវិទ្យា​ដ៏​ពេញ​និយម​មួយ​ប្រភេទ​ ដែល​ទទួល​ការ​ពេញ​និយម​ប្រើ​​ជា​ច្រើន​។ Smartphone បាន​ផ្ដល់​ផល​ប្រយោជន៍​យ៉ាង​សន្ធឹកសន្ធាប់​ទៅ​ដល់​អ្នក​ប្រើ​ប្រាស់ ​ទាំង​ការ​ទំនាក់​ទំនង​ ស្រាវ​ជា្រវ​ និង កម្សាន្ត។ ប៉ុន្តែ​ក៏​មាន​រឿង​មួយ​ចំនួន​ដែល​វា​បាន​បង្កជា​បញ្ហា​ដល់​​សុខភាព​ ដល់​អ្នក​ប្រើ​ប្រាស់​ដោយ​មិន​ដឹង​ខ្លួន​ដែរ។ ដូច្នេះ​ខាង​ក្រោម​នេះ​គឺ​ជា​ផល​ប៉ះ​ពាល់​​ប្រាំ​យ៉ាង​ដែល​បង្ក​ដោយ​ការ​ប្រើ​ប្រាស់​ Smartphone មិន​បាន​សម​ស្រប។

 

ត្រចៀក ​(ថ្លង់)

 

 

ការ​ស្ដាប់​សម្លេង​ខ្លាំង​ចេញ​ពី​ទូរសព្ទ​ Smartphone ជា​ពិសេស​គឺ​ប្រើ​កាស​គឺ​​​ជា​បញ្ហា​ធ្ងន់​ធ្ងរ​មួយ​ ដែល​ធ្វើ​ឲ្យ​សមត្ថភាព​​ការ​ស្ដាប់​ធ្លាក់​ចុះ​ឬ​មាន​​ជំងឺ​​ថ្លង់។ តាម​របាយការណ៍​របស់​វិទ្យាស្ថាន​ជាតិ​សុខភាព NIH  របស់​អាមេរិក​បាន​បង្ហាញ​ឲ្យ​ដឹង​ថា ​​ប្រជាជន​អាមេរិក​ប្រមាណ​​ ២៦ លាន​នាក់​ជួប​បញ្ហា​ត្រចៀក​ស្ដាប់​មិន​សូវ​បាន​ (ថ្លង់) ​​ដែល​ទទួល​រង​ការ​ប៉ះ​ពាល់​ដោយ​សារ​សំឡេង។ ​ទូរសព្ទ​ក៏​ជា​ផ្នែក​មួយ​​បង្ក​ឲ្យ​មានជំងឺ​​ថ្លង់​ដែរ​ ដោយ​អ្នក​ប្រើ​ប្រាស់​មួយ​ចំនួន​​​​បាន​ស្ដាប់​​ដោយ​បើក​សំឡេង​​ខ្លាំង​ហួស​ មួយ​វិញ​ទៀត​នោះ​គឺ​ការ​ប្រើ​កាស​ដែល​គ្មាន​គុណភាព។ ដូច្នេះ​គួរ​តែ​កំណត់​សំឡេង​​ល្មម​ និង ប្រើ​ប្រាស់​កាស​ដែល​មាន​គុណភាព​ល្អ​ថ្វី​ត្បិត​តែ​វា​ថ្លៃ​បន្តិច​មែន។

 

ទម្ងន់

 

 

តាម​ការ​សិក្សា​ក្នុង​ឆ្នាំ​២០១២​ដោយ​វិទ្យាស្ថាន Milken Institute​​ បាន​ឲ្យ​ដឹង​ថា ​បច្ចុប្បន្ន​នេះ​មនុស្ស​ភាគ​ច្រើន​បាន​ចំណាយ​ច្រើន​​ម៉ោង​​ធ្វើ​ការ​ជា​មួយ​កុំព្យូទ័រ ​មើល​ទូរទស្សន៍​ លេង​វីដេអូ​ហ្គេម និង ទូរសព្ទ​ Smartphone។ ការ​សិក្សា​នេះ​ក៏​បាន​រកឃើញ​ដែរ​ថា​បណ្ដាប្រទេស​​​ដែល​មាន​ការ​រីកចម្រើន​ខាង​បច្ចេកវិទ្យា​ ប្រជា​ជន​ប្រទេស​នោះ​ក៏​ឡើង​ទម្ងន់​(ធាត់​)​ដែរ។ ជាក់​ស្ដែង​នៅ អាមេរិក​គឺ​ស្ថិត​នៅ​លើ​គេ ដោយ​ប្រជា​ជន​វ័យ​ជំទង់​ ៣៣,៨ ភាគរយ​គឺ​ធាត់​លើស​ទម្ងន់។ ​វេជ្ជបណ្ឌិត Abraham-Pratt  បាន​​ឲ្យ​ដឹង​ថា ​អាហារ​គឺ​មាន​សារៈ​សំខាន់​សម្រាប់​ការ​លូត​លាស់​សម្រាប់​រាង​កាយ​​ ប៉ុន្តែ​​ការ​មិន​យក​ចិត្ត​ទុក​ដាក់​ក្នុង​ញាំ​ដូច​ជា​ខណៈ​ពេល​កំពុង​មើល​ទូរទស្សន៍​ លេង​ហ្គេម​​ជា​ដើម​ អាច​ធ្វើ​ឲ្យ​​ពួក​គេ​​មិន​សូវ​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​​​ញាំ និង ញាំ​ច្រើន​ហួស​កំណត់​ដែល​ធ្វើ​ឲ្យ​ពួក​គេ​ឡើង​ទម្ងន់​​និង​ធាត់​ហួស។​

 

ភ្នែក

 

 

ការ​សំឡឹង​មើល​ទៅ​លើ​អេក្រង់​របស់​ Smartphone ឬ Tablet យូរ​​ពេក​វា​នឹង​​បង្ក​ឲ្យ​មាន​ផលប៉ះពាល់​ដល់​ភ្នែក​។ តាម​ការ​សិក្សារ​ស្រាវជ្រាវ​ដោយ​ Independent Optitians ​ឆ្នាំ ២០១៤ បាន​រក​ឃើញ​ថា​រលក​ពន្លឺ​ដែល​បញ្ចេញ​ដោយ​ Smartphone និង Tablet ​ផ្ដល់​ផល​ប៉ះ​ពាល់​ធ្ងន់​ធ្ងរ​ដល់​​សាច់ដុំ​ភ្នែក។ ដូច្នេះ​អ្នក​ប្រើ​ប្រាស់​មិន​ត្រូវ​សម្លឹង​មើល​យូរ​ពេក​ ឬ បើក​ពន្លឺ​ភ្លឺ​ហួស​ពេក​នោះ​ទេ។ ម្យ៉ាង​ទៀត​នោះ​គួរ​តែ​អនុវត្ត​វិធានការណ៍ ២០/២០ មាន​ន័យ​ថា​រាល់​ ២០ នាទី​ម្ដង់​បន្ទាប់​ពី​សម្លឹម​មើល អេក្រង់​ទូរសព្ទ ត្រូវ​សម្រាក ២០ វិនាទី និង សម្លឹង​មើល​អ្វី​ផ្សេង​ទៀត​ក្នុង​រយៈ​ចម្ងាយ ២០ Feet (៦ ម៉ែត្រ)។

 

ដំណេក

 

 

​ពន្លឺ​ដែល​ចេញ​ពី​អេក្រង់​ទូរសព្ទ Smartphone ឬ Tablet ​ជា​ពិសេស​ពន្លឺ​ព័ណ៌​ខៀវ​​មិន​ត្រឹម​តែ​បង្កបញ្ហា​ដល់​ភ្នែក​នោះ​ទេ​ វា​ថែម​ទាំង​បង្កផល​ប៉ះពាល់​ដល់​លំនាំ​នៃ​ការ​ដេក​​​ផង​ដែរ។  ​វេជ្ជបណ្ឌិត ​ Michael Breus​​​​ ដែល​មាន​ជំនាញ​ផ្នែក​នេះ​បាន​និយាយ​ឲ្យ​ដឹង​ថា​ នៅ​ពេល​ដែល​យើង​​សម្លឹង​ និង ​​ដាក់​អេក្រង់​ Smartphone ឬ Tablet ​កាន់​តែ​កៀក​ទៅ​នឹង​ផ្ទៃ​មុខ​ នោះ​​វា​នឹង​ប្រាប់​ទៅ​កាន់​រាង​កាយ​ឲ្យ​ឈប់​​ផលិត​​​អរម៉ូន​​ម៉េឡានីន​ដែល​នឹង​ធ្វើ​ឲ្យ​​យើង​​មិន​មាន​អារម្មណ៍​ថា​ងងុយ​ដេក។ ដូច្នេះ​យើង​គួរ​តែ​កាត់​បន្ថយ​ការ​ប្រើ​ប្រាស់​ Smartphone ឬ Tablet ច្រើន​ហួស​មុន​ពេល​ចូល​គេង។

 

សុខភាព​ផ្លូវ​ចិត្ត

 

 

​មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ទេ​មាន​អ្នក​ប្រើ​ប្រាស់​ជា​ច្រើន​បាន​ទទួល​ផល​ប៉ះ​ពាល់​ទាក់​ទង​នឹង​សុខភាព​ផ្លូវ​ចិត្ត​ដែរ។ តាម​ការ​សិក្សា​​របស់​សាកលវិទ្យាល័យ Sussex​របស់​ចក្រភព​អង់គ្លេស និង របាយការណ៍​​​របស់​ទស្សនាវដ្ដី Forbs ​បាន​បង្ហាញ​ថា​មាន​អ្នក​ប្រើ​ប្រាស់​មួយ​ចំនួន​​​ដែល​និយម​ប្រើ​ និង មាន​ការ​ងារ​ច្រើន​ជា​មួយ​ Smartphone ​ដូច​ជា​​ការ​លេង​កម្មវិធី​បណ្ដាញ​សង្គម​ជា​ដើម​​គឺ​ទទួល​រង​នូវ​​បញ្ហា​សុខភាពផ្លូវ​ចិត្ត​ដូច​ជា​​ជំងឺ​ថប់អារម្មណ៍ និង​ជំងឺ​ធ្លាក់​ទឹក​ចិត្ត​ជា​ដើម៕

 

អាន​បន្ត៖ ផល​ប៉ះពាល់​នៃ​វិទ្យុសកម្ម​ មិន​​អាច​​មើល​​រំលង​​​​ ការ​ពារ​​ដោយ​​របៀប​ណា?

 

ប្រែ​សម្រួល៖ សំនៀង ប្រភព៖ techlicious