ភាពយន្ត​ខ្មែរ​ដែល​ប្រើ​ទុន ១លាន​ដុល្លារ ដល់​ណា​ហើយ?

  • 2015-03-24 17:38:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ភាពយន្ត​ខ្នាត​ធំ​មួយ​របស់ Rock រឿង "Before the Fall” ឬ "មុន​ការ​ដួល​រំលំ" មក​ទល់​ឥឡូវ បាន និង​កំពុង​ស្ងប់​ស្ងាត់ បន្ទាប់​ពី​បាន​ធ្វើឲ្យ​មាន​ការ​ចាប់​អារម្មណ៍​កាល​ពី​ចុង​ឆ្នាំ ២០១៤ ជាមួយ​ទុន​ផលិត​ប្រមាណ​១លាន​ដុល្លារ។

 

Rock ដែល​ជា​ម្ចាស់​ផលិត​នៃ​រឿង​នេះ ធ្លាប់​បញ្ចេញ​ថា "Before the Fall" បាន​ថត​ចប់​រួច​រាល់​តាំង​ពី​ចុង​ឆ្នាំ ២០១៤ នោះ ហើយ​ត្រៀម​នឹង​ដាក់​បញ្ចាំង​ដើម​ឆ្នាំ ២០១៥​នេះ។ យ៉ាង​ណា​ក៏​ដោយ ជុំ​វិញ​រឿង​ថា មក​ដល់​ពេល​នេះ​ហើយ នៅ​តែ​មិន​ទាន់​មាន​តម្រុយ​ពី​ការ​ដាក់​បញ្ចាំង លោក យឹម សុសត្យា ប្រធាន​គ្រប់​គ្រង​ការ​ផលិត​របស់ Rock បាន​បញ្ចេញ​ឲ្យ​ដឹង​ថា អ្វី​ៗ​ប្រៀប​ដូច​ទឹក​ស្ងប់​រលក។

 

 

 (រាប់​ពី​ឆ្វេង)អ្នក​នាង ចន្ថា អ្នក​បក​ប្រែ  លោក Ian Virgo កញ្ញា Pauline Cammal លោក Nicolas Duvauchelle លោក Ian White អ្នក​ដឹក​នាំ​រឿង និង​លោក Justine

 

លោក​ថា ភាពយន្ត​ខ្នាត​ធំ​សម្រាប់​ទីផ្សារ​អន្តរជាតិ​ខាង​លើ​នៅ​តែ​ដំណើរ​ការ​ធម្មតា ដោយ​រយៈ​កន្លង​កន្លង​មក​នេះ គឺ​ស្ថិត​ក្នុង​ដំណើរ​ការ​កាត់​ត​កែ​សម្រួល​ផ្នែក​បច្ចេកទេស ក្នុង​នោះ​ដំណើរ​ការ​នេះ​មាន​ទាំង​ធ្វើ​នៅ​ក្នុង​ស្រុក​ខ្លះ និង​នៅ​ក្រៅ​ស្រុក​ខ្លះ។ "កន្លង​មក​ហ្នឹង​យើង​កាត់​ត​នៅ​យើង​ខ្លះ​នៅ​បារាំង​ខ្លះ ព្រោះ​នៅ​យើង​អត់​មាន​កម្មវិធី​កាត់ 4.5K អីចឹង​បាន​យក​ទៅ​កាត់​នៅ​បារាំង។ បន្ទាប់​មក​យើង​យក​ទៅ​ធ្វើ Sound Effect នៅ​អូស្ត្រាលី​ទៀត ដូច្នេះ​ហើយ​ទើប​ចំណាយ​ពេល​ច្រើន​ដូច្នេះ"។

 

តាម​ប្រធាន​គ្រប់​គ្រង​ការ​ផលិត​រូប​នេះ ភាពយន្ត​ដែល​ចូល​រួម​សម្ដែង ព្រម​ទាំង​ថត​ដោយ តារា និង​អ្នក​ថត​មក​ពី​ឧស្សាហកម្ម​ហូលីវូដ​នេះ ត្រូវ​បាន​កាត់​រួចរាល់ និង​បញ្ជូន​ត្រឡប់​ពី​អូស្ត្រាលី​វិញ​ហើយ ដោយ​ទើប​មក​ដល់​កាល​ពី​ពាក់​កណ្ដាល​ខែ​មីនា​នេះ។ ទោះ​យ៉ាង​ណា លោក​មិន​ទាន់​ហ៊ាន​អះអាង​ទេ​ថា “Before the Fall” ឬ “មុន​ការ​ដួល​រលំ” នឹង​ដាក់​បញ្ចេញ​ពេល​ណា​ឲ្យ​ច្បាស់។

 

"រឿង​ថា​ដាក់​បញ្ចាំង​ក្នុង​ស្រុក​ពេល​ណា អាហ្នឹង​យើង​អត់​ទាន់​អាច​និយាយ​បាន​ទេ យើង​ទាំង​អស់​គ្នា​ចង់​ចេញ​ទៅ​ទីផ្សារ​អន្តរជាតិ​មុន​សិន រួច​បាន​យក​មក​ដាក់​បញ្ចាំង​ក្នុង​ស្រុក តែ​ឲ្យ​និយាយ​ថា​ពេល​ណា មិន​ទាន់​អាច​និយាយ​បាន​ទេ"។ យឹម សុសត្យា បញ្ជាក់។

 

 

 

លោក យឹម សុសត្យា និង​លោក Ian Virgo

 

 

 លោក យឹម សុសត្យា និង​កញ្ញា Pauline Cammal និង​លោកNicolas Duvauchelle

 

បន្ថែម​ពី​លើ​នេះ អ្នក​និពន្ធ និង​ដឹក​នាំ​រូប​នេះ ក៏​មិន​ព្រម​បញ្ចេញ​ដែរ​ថា ចេញ​ទៅ​ទីផ្សារ​អន្តរជាតិ​ពេល​ណា ហើយ​ប្រទេស​ណា​មួយ​ដែល​ជា​ទី​ត្រូវ​ដាក់​បញ្ចាំង​ភាពយន្ត​ដ៏​ធំ​មួយ​នេះ។ លោក​ថា អ្វី​ៗ​នៅ​ពិភាក្សា​គ្នា​នៅ​ឡើយ។

 

តាម​លោក Justine អ្នក​រក​ទីផ្សារ​ក្រៅ​ប្រទេស​នៃ​ភាពយន្ត​ដ៏​ធំ​នេះ ថ្លែង​ក្នុង​ថ្ងៃ​បង្ហាញ​មុខ​តួ​លើ​កញ្ចក់​ទូរទស្សន៍ CTN បាន​ឲ្យ​ដឹង​ថា “Before The Fall”នឹង​យក​ទៅ​ដាក់​បញ្ចាំង​នៅ​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ាន មាន​ដូច​ជា ថៃ វៀតណាម ជា​ដើម។ ក្រៅ​ពី​នេះ មាន​អូស្ត្រាលី ហុង​កុង និង​អាច​ឈាន​ទៅ​ដាក់​បញ្ចាំង​នៅ​សហរដ្ឋ​អាមេរិក​ថែម​ទៀត។

 

“Before the Fall” ឬ “មុន​ការ​ដួល​រលំ” ដែល​ចង់​បង្ហាញ​ទស្សនិកជន​ពី​ស្ថានភាព​ប្រទេស​កម្ពុជា​មុន​ឆ្នាំ ១៩៧៥ ចូល​រួម​សម្ដែង​ដោយ​តារា​មួយ​ចំនួន​មក​ពី​ហូលីវូដ មាន​ដូច​ជា លោក Ian Virgo លោក Nicolas Duvauchelle  និង​កូន​កាត់​ខ្មែរ-បារាំង កញ្ញា Pauline Cammal ជា​ដើម។ បន្ថែម​ពី​លើ​នេះ អ្នក​ថត(Cameraman) និង​ដឹក​នាំ​រឿង លោក Ian Whiteក៏​មក​ពី​ហូលីវូដ​ដែរ។ តាម​លោក យឹម សុសុត្យា ​នេះ គឺ​ជា​ហេតុផល​សំខាន់​មួយ​ធ្វើ​ឲ្យ​រឿង​នេះ​ត្រូវ​ចំណាយ​ទុន​ខ្ពស់ ឯ​ឧបករណ៍​ក៏​សុទ្ធ​តែ​ទំនើប​ៗ៕

 

 

អត្ថបទ៖ Rock បង្ហាញ​មុខ​តួ​ហូលីវូដ​ក្នុង​រឿង​ចំណាយ​ទុន​ជិត​១លាន​ដុល្លារ​ផ្លូវការ​

 

 

អត្ថបទ៖ ទារិកា