អ្នកបង្កើតវិបសាយសិចម្នាក់ ត្រូវជាប់គុក១៨ឆ្នាំ
- 2015-04-07 22:23:47
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកបង្កើតវិបសាយសិចម្នាក់ ត្រូវជាប់គុក១៨ឆ្នាំ
ចន្លោះមិនឃើញ
ជនជាតិអាមេរិក និងជាអ្នកបង្កើតវិបសាយសិច ឈ្មោះ Kevin Bollaert ត្រូវបានតុលាការអាមេរិក កាត់ទោសឱ្យជាប់គុក១៨ឆ្នាំ កាលពីថ្ងៃសុក្រសប្ដាហ៍មុន ក្រោយជាប់ចោទពីបទឧក្រិដ្ឋចំនួន២៧ករណី។
ប្រភពបានឱ្យដឹងថា មុនឈានដល់ការកាត់ទោសនេះ លោក Bollaert បានប្រឈមនឹងបណ្ដឹងជិត១ឆ្នាំហើយ ដែលពេលនោះលោកត្រូវគេចោទ ពីបទបង្ហោះរូបអាសអាភាស ដោយគ្មានការអនុញ្ញាតពីម្ចាស់ដើម និងជួយឱ្យជនខិលខូចរួចពីទោសកំហុស។
បើយោងតាមព័ត៌មានពីតុលាការ ជនល្មើសវ័យ២៨ឆ្នាំ បានបើកគេហទំព័រ "UgotPosted" ដែលអាចឱ្យជនបែកបាក់ស្នេហា (ex-lovers) ផ្ដល់រូបអាសអាភាសដៃគូរបស់ពួកគេ រួមទាំងលេខទាក់ទង និងភ្ជាប់ Link ទៅកាន់បណ្ដាញសង្គមផ្សេងៗ លើគេហទំព័រនេះ។ មិនតែប៉ុណ្ណោះ Bollaert ក៏ត្រូវជាប់ចោទពីបទឧក្រិដ្ឋដែរ កាលពីខែមករាកន្លងទៅ ព្រោះតែលោកបានបើកវិបសាយមួយទៀត ឈ្មោះថា "changemyreputation.com" ។ វិបសាយនេះ លោកតម្រូវឱ្យជនរងគ្រោះបង់ប្រាក់ពី៣០០ដុល្លារ ទៅ៣៥០ដុល្លារ ដើម្បីជាថ្នូរលុបរូបភាពឬវីដេអូផ្សេងៗចេញ។
ជនរងគ្រោះជាស្ត្រី៨នាក់ បានចូលខ្លួនធ្វើជាសាក្សីប្រឆាំងនឹង Bollaert នៅតុលាការក្រុង San Diego រដ្ឋកាលីហ្វញ៉ា បន្ទាប់រូបអាសអាភាសរបស់ពួកគេជាច្រើន ត្រូវគេចែករំលែកលើគេហទំព័រនោះ។ ការបង្ហោះរូបទាំងអស់នោះ ធ្វើឱ្យជនរងគ្រោះខ្លះ បាត់បង់ការងារ ផ្ទះសម្បែង និងគ្រួសារ។ នៅក្នុងតុលាការ ស្ត្រីម្នាក់និយាយថា" វាបានបំផ្លាញជីវិតខ្ញុំ តែខ្ញុំនៅតែប្រឹងប្រឈមនឹងបញ្ហានេះ។ ខ្ញុំបាត់បង់គ្រួសារ ព្រោះពួកគេគិតថា ខ្ញុំធ្វើឱ្យពួកគេអាប់ឱន។ កេរ្តិ៍ឈ្មោះរបស់ខ្ញុំ ត្រូវបានបំផ្លាញអស់ហើយ"។
រូបភាពអាសអាភាសជិត១០ ០០០សន្លឹក ត្រូវបានគេបង្ហោះលើវិបសាយខាងលើ នៅចន្លោះខែធ្នូ ឆ្នាំ២០១២ ដល់ខែកញ្ញាឆ្នាំ២០១៣។
ចំណែកមេធាវីចុងចោទ អ្នកស្រី Emily Rose-Weber បានព្យាយាមការពារកូនក្ដីរបស់ខ្លួន និងបាននិយាយ Bollaert ថា បានប្រកបអាជីពអសីលធម៌មែន តែមិនខុសច្បាប់ទេ ដែលលោកអនុញ្ញាតឱ្យអ្នកផ្សេង បង្ហោះរូបអាសអាភាស លើវិបសាយរបស់ខ្លួននោះ "វាមិនសម វាជាការប្រមាថមួយ តែវាមិនខុសច្បាប់ឡើយ"។
ទោះជាយ៉ាងនេះក្ដី មេធាវីរដ្ឋកាលីហ្វញ៉ា លោក Kamala Harris បានច្រានចោលការការពារក្ដីនេះ។ ជុំវិញក្ដីនេះ ក្រៅពីជាប់ពន្ធនាគារ១៨ឆ្នាំ ជនល្មើសនឹងត្រូវសងប្រាក់ជំងឺចិត្ត ១៥ ០០០ដុល្លារ ទៅជនរងគ្រោះ ថែមទាំងប្រាក់ពិន័យ១០ ០០០ដុល្លារផ្សេងទៀតផងដែរ៕
ភ្លេចចាប់អារម្មណ៍ សំបកកង់រាល់ថ្ងៃធ្វើឲ្យកង់អ្នកជិះយឺត!
ប្រែសម្រួល៖ អ៊ុំ សុភក្តិ ប្រភព៖ Neowin