សមាជិកជម្រើស​ជាតិ​​កំពុង​ប្រមូល​ផ្ដុំ​អនុញ្ញាត​ឱ្យ​​សម្រាក ៣ ថ្ងៃ​ ក្នុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ

  • 2015-04-15 13:00:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​កីឡាករ-​កីឡា​ការិនី ជម្រើស​ជាតិ​កម្ពុជា កំពុង​តែ​ប្រមូល​ផ្ដុំ​នៅ​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា ក្នុង​រាជធានី​ភ្នំពេញ រយៈពេល​ជិត ៦ ខែ ​សម្រាប់​ត្រៀម​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​ឆ្នាំ ២០១៥ នៅ​ប្រទេស​សិង្ហបុរី​ខាង​មុខ នឹង​អនុញ្ញាត​ឱ្យ​ឈប់​សម្រាក​រយៈពេល ៣ ថ្ងៃ​ ដើម្បី​ចូលរួម​អបអរសាទរ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ខ្មែរ​នេះ។

 

កម្ពុជា ចូល​រួម​ស៊ីហ្គេម​ឆ្នាំ ២០១៣ កន្លង​ទៅ​នៅ​មីយ៉ាន់ម៉ា

លោក ប៉ុន សុខ នាយក​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា​បាន​លើក​ឡើង​ថា កីឡាករ​ដែល​កំពុង​តែ​ប្រមូល​ផ្ដុំ​នេះ​ អនុញ្ញាត​ឱ្យ​ឈប់​សម្រាក​តាម​ការ​កំណត់​របស់​រដ្ឋាភិបាល​ដូច​អ្នក​ធ្វើការ​​ធម្មតា​ដែរ ហើយ​ផុត​ថ្ងៃ​កំណត់​ត្រូវ​ចូល​ហ្វឹកហាត់​ដូច​ធម្មតា​ឡើង​​វិញ។

កីឡា​​ចំនួន ២១ ប្រភេទ​​ បាន​ចូល​ជំរំ​ប្រមូល​ផ្ដុំ ស៊ីហ្គេម​ឆ្នាំ ២០១៥ ពី​ថ្ងៃ​ទី ៦ មករា រហូត​ដល់​ ៥ មិថុនា ឆ្នាំ ២០១៥ ដោយ​មាន​កីឡាករ​-កីឡា​ការិនី​សរុប​ចំនួន ៣៩២ នាក់។ កីឡា​ទាំង ២១ ប្រភេទ​មាន  ហែល​ទឹក, អត្តពលកម្ម, វាយ​សី, បាល់បោះ, ប្រដាល់ ​(​សាកល​), ប្រណាំង​កង់ ​(Road bike), ជិះសេះ​ (Equestrian), គុន​ដាវ, បាល់ទាត់, វាយ​កូន​ហ្គោល, កាយសម្ព័ន្ធ, យូ​ដូ, ប៉េតង់ ​(​ប៊ូល​), បាល់អោប, សី​ប៉ា​តា​ក្រ, វាយ​កូនឃ្លី​លើ​តុ, តេ​ក្វាន់​ដូ, វាយ​កូន​បាល់, ទូក​ប្រពៃណី, ទ្រី​យ៉ា​ត្លុង, បាល់ទះ និង​វូ​ស៊ូ ។

យោង​តាម​វិបសាយ​ផ្លូវការ seagames2015 បាន​សរសេរ​ថា ​មាន​កីឡា​ចំនួន ៣៦ ប្រភេទ ក្នុង​នោះ ៤០២ វិញ្ញាសា (ស្មើ​នឹង ៤០២ មេដាយ​មាស) នឹង​ដាក់​​ឱ្យ​អត្តពលិក​មក​ពី​ប្រទេស​ចំនួន ១១ ក្នុង​តំបន់​អាស៊ីភាគអាគ្នេយ៍​​ធ្វើការ​ប្រកួត​ប្រជែង​គ្នា ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​លើក​ទី ២៨ នៅ​ប្រទេស​សិង្ហបុរី នេះ ដែល​នឹង​ចាប់​ផ្ដើម​ជា​ផ្លូវការ​ចាប់​ពី​ថ្ងៃ​ទី ៥ ដល់ ១៦ ខែ មិថុនា ឆ្នាំ ២០១៥ ខាង​​មុខ៕

អត្ថបទ៖ ម៉ឺន រស្មី