បង​ក៏​អាយុ​ច្រើន​ អូន​ក៏​អាយុ​ជ្រេ​ ម៉េច​អត់​មាន​សារភាព​ស្នេហ៍​អី​សោះ​ចឹង?​

  • 2014-10-08 22:26:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

“កើត ​ទុក្ខ ទុក្ខ​កើត!”។ ទាំង​នេះ​គឺ​ជា​បញ្ហា​ដែល​​ប្រិយ​មិត្ត​ភាគ​ច្រើន​ផ្ញើ​ឲ្យ​ចុះ​ផ្សាយ​នៅ​លើ ​វ៉ិបសាយ​Sabay។ សម្រាប់​ខ្ញុំ​វិញ វា​មិន​ទាក់​ទង​នឹង​ស្នេហា​ជោគជ័យ​ ឬ​​បរាជ័យ​អ្វី​ទេ ប៉ុន្តែ​វា​ទាក់​ទឹង​នឹង​ស្នេហា​មិន​ទាន់​សារ​ភាព។

 

ដោយសារ ​ខ្ញុំ​ជា​កូន​កាត់​ចិន​ មានសាច់​ស​ទ្រលុកទ្រលន់​ សក់​វែង​ស្រឡូន និង​​មាន​រាង​ស្អាត ​មនុស្ស​​ទូទៅ​សុទ្ធ​តែ​ហៅ​ខ្ញុំ​ថា​ “អាមួយគា” ​លើក​លែង​តែ​បុរស​ម្នាក់​ ដែល​ហៅ​ខ្ញុំ​ថា “​អា​មួយ​ម៉ាប់”។ ​បុរស​នោះ​គឺ​ជា​មនុស្ស​ដែល​​ខ្ញុំ​​ជំពាក់​ចិត្ត​​ ម៉្លោះ​​ហើយ​សូម​​ប្រិយមិត្ត​Sabay​ហៅ​​​​ខ្ញុំ “អាមួយ​ម៉ាប់” តាម​ពាក្យ​​គាត់​ចុះ។

 

មូល ​ហេតុ​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ជំពាក់​ចិត្ត គឺ​កើត​ឡើង​កាល​ពី​១១​ឆ្នាំ នៅ​ពេល​ដែល​ខ្ញុំ​កំពុង​សិក្សា​នៅ​វិទ្យាល័យ​មួយ​ ឯ​ខេត្ត​កំពង់​​ចាម។ មាន​បុរស​ម្នាក់​​ស្គម​ចម្អឹង​ខ្ពស់​ស្រឡះ​ម្នាក់​ អាយុ​ប្រហែល​១៩​ឆ្នាំ​​រៀន​នៅ​ថ្នាក់​ក្បែរ​ខ្ញុំ​ដែរ​ ​​តែង​តែ​ហៅ​ឈ្មោះ​ខ្ញុំ​​ រាល់​ពេល​ដែល​គាត់​ឃើញ​ខ្ញុំ។ តាម​​ពិត​​ទៅ​ ខ្ញុំ​មាន​មិត្ត​ភក្តិ​ស្រីៗ​ស្អាតៗ​ច្រើន​ណាស់។  បើ​គេ​ចង់​ចែចង់​ស្រី ​គេ​គួរ​តែ​ហៅ​មិត្ត​ភក្តិ​ខ្ញុំ មិន​មែន​ខ្ញុំ​ទេ។ ខ្ញុំ​តែង​សួរ​មិត្ត​ភក្តិ​របស់​ខ្ញុំ​ជា​ញឹក​ញាប់​អំពី​បញ្ហា​នេះ ប៉ុន្តែ​ត្រូវ​បាន​គេ​ពន្យល់​ថា​ ប្រហែល​គេ​ចង់​ទាក់​ខ្ញុំ​ឲ្យ​ធ្វើ​មេ​កន្ធាយ​ឲ្យ​គេ​​ ដើម្បី​ប្រើ​ទៅ​ទាក់​មិត្ត​ភក្តិ​​​ស្អាត​ៗ​​​​របស់​​​​ខ្ញុំ​តាម​ក្រោយ។

 

 

ពី ​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ បុរស​​ចង្អឹង​តែង​តែ​សួរ​នាំ​ខ្ញុំ​អំពី​ការ​រៀន​សូត្រ​ អំពី​រឿង​ប្រលោម​លោក​ដែល​សិស្ស​ថ្នាក់​ទី​១២​ត្រូវ​អាន ឬ​​អំពី​​បទ​ចម្រៀង​ដែល​ខ្ញុំ​ចង់​ស្តាប់។​ ខ្ញុំ​បាន​និយាយ​ឆ្លើយ​ឆ្លង​ជាមួយ​គាត់​ដែរ​ ប៉ុន្តែ​ខ្ញុំ​មិន​​បាន​ប្រាប់​ព័ត៌មាន​អ្វី​អំពី​ខ្ញុំ​ទៅ​គាត់​ទេ។ ប៉ុន្តែ​ថ្ងៃ​មួយ ខ្ញុំ​ហាក់​ភ្ញាក់​ខ្លួន​ព្រើត​បន្ទាប់​ពី​បាន​លឺ​តាម​​វិទ្យុ​ថា មាន​បុរស​ម្នាក់​ឈ្មោះ​វាសនា (ឈ្មោះ​ខ្ញុំ​ដាក់​​អោយ) សំណូម​ពរ​បទ “​បង​ស្ម័គ្រ​អាមួយគា” ផ្ញើជួន​អាមួយ​ម៉ាប់​តែ​​ម្នាក់​​គត់។ ​​​នៅ​ពេល​នោះ ខ្ញុំ​​​ឆ្ងល់​ខ្លាំង​ណាស់ ហេតុ​អ្វី​គ្រាន់​តែ​ត្រូវ​ការ​មេ​កន្ធាយ​​ម្នាក់​ ម៉េច​ក៏​ចំណាយ​ទុន​ដល់​ម្លឹង? គ្រាន់​តែ​ចូល​មក​និយាយ​​ត្រង់​ៗ ខ្ញុំ​នឹង​ជួយ​នាំ​សារ​​អោយ​​មិន​​ខាន។

 

ពេល​មួយ​នោះ​ ខ្ញុំ​​បាន​ប្រទះ​គេ​នៅ​ផ្សារ​ ពេល​ដែល​ខ្ញុំ​កំពុង​ជួយ​លក់​​ដូរ​ឥវ៉ាន់​​ម៉ាក់​ខ្ញុំ។ គេ​ចូល​មក​​ទិញ​ទឹក​ត្រី​ផ្អែម​ចំ​តូប​របស់​​ខ្ញុំ​តែ​ម្តង។ ខ្ញុំ​​ភ្ញាក់​ឡើង​ស្រឡាំងកាំង​ ប៉ុន្តែ​បុរស​ចម្អឹង​រូប​នេះ​វិញ​ ហាក់​ដូច​​ជា​​ធម្មតា​ និង​ថែម​ទាំង​ឆ្លៀត​ហៅ​ខ្ញុំ​ថា អាមួយ​ម៉ាប់​ បាន​មួយ​មាត់​ទៀត​​ផង។ ដោយសារ​គាត់​ចូល​ចិត្ត​ហៅ​ខ្ញុំ​រហូត​ ថ្ងៃ​មួយ ​ខ្ញុំ​បាន​តាម​ទៅ​ស៊ើប​មើល​ផ្ទះ​របស់​គាត់ ទើ​ប​បាន​ដឹង​ថា គាត់​​ជា​កូន​អ្នក​មាន​ជីវភាព​មធ្យម ដែល​ម្តាយ​របស់​គាត់​ជាអ្នក​លត​​ឆា។ ប៉ុន្តែ​ខ្ញុំ​ចង់​បញ្ជាក់​ថា នៅ​ពេល​នោះ​ ខ្ញុំ​មិន​ទាន់​គិត​រឿង​ស្នេហា​​អ្វី​​ទេ។

 

ក្រោយ​ពី​ប្រឡង​បាក់ឌុប​​ រួច​ ខ្ញុំបាន​ជាប់​​និទ្ទេស​E ចំណែក​គាត់​បាន​និទ្ទេស​D។ គាត់​បាន​បន្តការ​សិក្សា​នៅ​ភ្នំពេញ ប៉ុន្តែ​ខ្ញុំ​ត្រូវ​បាន​ប៉ាម៉ាក់​របស់​ខ្ញុំ​ឲ្យ​ឈប់​​រៀន​ ពី​ព្រោះ​គ្មាន​នរណា​ជួយ​លក់​ដូរគាត់ ដោយសារ​បង​ស្រី​ខ្ញុំ​ទាំង​ពីរ​នាក់​សុទ្ធ​តែ​រៀប​ការ​បែក​គ្រួសារ​អស់​​​ហើយ។ ប៉ុន្តែ​ប៉ា​ម៉ាក់​របស់​ខ្ញុំ​អនុញ្ញាត​អោយ​ខ្ញុំ​ទៅ​រៀន​ភាសា​អង់គ្លេស​មួយ ​​ម៉ោង​ៗ។

 

ខ្ញុំហាក់​ដូច​ជា​ច្រណែន​នឹង​គេ​ណាស់​ ដោ​សារ​មិន​បាន​រៀន​ត​ទៅ​ថ្នាក់​ឧត្តម​ ឬ​ក៏​រៀន​គ្រូ​នៅ​គរុ​កោសល្យ។ ពេល​នឹក​ឃើញ​រឿង​នេះ​ពេល​ណា ខ្ញុំ​ចង់​តែ​ស្រែក​យំ​ទេ។ បើ​ទោះ​បី​ជា​ខ្ញុំ​ត្រូ​វ​បែក​ក្តី បុរស​ចម្អឹង​នៅ​តែ​មក​លេង​ខ្ញុំ​នៅ​​សាលា​ភាសា​​អង់គ្លេង​របស់​ខ្ញុំ​​​ដដែល។ ពេល​ខ្លះ​ គាត់​អង្គុយ​និយាយ​ជាមួយ​ខ្ញុំពេញ​មួយ​ម៉ោង​ទៀត​​ផង។ ដោយ​សារ​ឯកោ​យូរ​ហើយ ខ្ញុំ​សុខ​ចិត្ត​អង្គុយ​និយាយ​លេង​ជា​មួយ​គាត់​រហូត​ពេល​ខ្លះ ​ខ្ញុំ​គេ​ច​មិន​ចូល​រៀន​ដែរ។ ពេល​ជជែក​គ្នា​ ទើប​ខ្ញុំ​ដឹង​ថា គាត់​​ជាប់​អាហារូបករណ៍​ រៀន​នៅ​សាកល​វិទ្យាល័យ​មួយ​នៅ​ទីក្រុង​​ភ្នំពេញ។ គាត់​ព្យា​យាម​មក​ជួប​ខ្ញុំ​យ៉ាង​ហោច​ពីរ​ដង​​ក្នុង​មួយ​​ខែៗ។

 

“អាម៉ាប់! បង​ស្រលាញ់​អូន​ឯង!”។ ​ពាក្យ​នេះ​ត្រូវ​បាន​គាត់​និយាយ​ឡើង​នៅ​ល្ងាច​​មួយ។ គាត់​បាន​សួរ​ខ្ញុំ​ដោយ​បង្ខំ​ថា ​អោយ​ឆ្លើយ​តប​ទៅ​គាត់​ភ្លាម​ថា​ ស្រលាញ់​គាត់​វិញ​អត់។ ខ្ញុំ​ស្រឡាំងកាំង​​តែ​ម្តង​ពេល​លឺ​ពាក្យ​នេះ។ ពេល​ដែល​គាត់​ដើរ​មក​កៀក​ខ្ញុំ​ ខ្ញុំ​បាន​ធំក្លិន​ស្រា​ភាយ​ចេញ​ពីមាត់​របស់​គាត់​ ទើប​​ខ្ញុំ​ឆ្លើយ​តប​ទៅ​គាត់​វិញ​ភ្លាម​ថា​ កុំ​យល់​​ច្រឡំ​ អ្វី​ៗ​ដែល​យើង​ធ្លាប់​និយាយ​ឆ្លើយ​ឆ្លង​គ្នា​កន្លង​មក​គ្រាន់តែ​ក្នុង​ន័យ​ មិត្ត​ភាព​ទេ។ ហើយ​ខ្ញុំ​ក៏​បាន​ប្រាប់​គាត់​ដែរ​ថា​ ខ្ញុំ​មិន​ស្រលាញ់​គាត់​​ទេ។ ខ្ញុំ​បាន​ដើរ​ចេញ​ពី​គាត់​យ៉ាង​លឿន​បំផុត​ មុន​នឹង​គាត់​ធ្វើ​អី​ៗ​​ខ្ញុំ។

 

ពេល​ខ្ញុំ​ទៅ​ដល់​ផ្ទះ​វិញ​ ខ្ញុំ​បាន​ពិចារណា​ការ​បដិសេធ​របស់​ខ្ញុំ​ឡើង​វិញ។ ខ្ញុំ​គិត​ថា ខ្ញុំ​ធ្វើ​ត្រូវ​។ បង​ស្រី​របស់​ខ្ញុំ​ទាំង​ពីរ​សុទ្ធ​តែ​បាន​ប្តី​​គ្រាន់ៗ។ ចំណែក​​ខ្ញុំរូប​ក៏​មិន​អន់​ គួរ​តែ​​បាន​ប្តី​ស្អាត​ និង​មាន​ផ្ទះ​មាន​សម្បែង​​ស្រាប់​ មិន​គួរ​ណា​បាន​ប្តី​​ប្រមឹក​​ទេ។ ម៉្យាង​ពេល​ដែល​គាត់​ សារភាព​ស្នេហ៍​ប្រាប់​ខ្ញុំ​ ខ្ញុំ​មិន​ប្រាកដ​ថា ​នេះ​ជា​ពាក្យ​ពិត ឬ​ជា​​ឥទ្ធិពល​នៃ​ស្រា​ទេ។

 

ពីរ​សប្តាហ៍​ក្រោយ​មក​ គាត់​នៅ​តែ​មក​លេង​សាលា​រៀន​អង់គ្លេស​​ខ្ញុំ​ដូច​មុន​។ គាត់​គ្រាន់​តែ​សួរ​នាំ​ពីរ​បី​មាត់​ រួច​ខ្ញុំ​ក៏​ចូលថ្នាក់​រៀន​បាត់​ទៅ។ ពីរ​សប្តាហ៍​ក្រោយ​មក​ គាត់​បាន​មក​សួរ​ខ្ញុំ​រឿង​ស្រលាញ់​​គាត់​ដដែល​ ដោយ​ម្តង​នេះ ​បាន​នាំ​មក​ជាមួយ​នូវ​ដំណឹង​វិជ្ជមាន​មួយ។ នោះ​គឺ​គាត់​បាន​ជាប់​​អាហារូបករណ៍​ទៅ​សិក្សា​នៅ​​ប្រទេស​​វៀត​ណាម។ ខ្ញុំ​​មិន​បាន​ត្រក​អរ​អ្វី​ទេ​ និង​ប្រកាន់​ជំហរ​ដូច​មុន​ គឺ​មិន​ស្រលាញ់​គាត់​ជា​ដាច់​​ខាត។

 

ពីរ​ឆ្នាំ​ក្រោយ​​មក​ ​​ ខ្ញុំ​បាន​​ជួ​បគាត់​ម្តង​ទៀត​ ពេល​គាត់​ត្រឡប់​មក​លេង​ស្រុក​ខ្មែរ​​វិញ។ គាត់​បាន​ចូល​មក​ទិញ​ឥវ៉ាន់​នៅ​តូប​ខ្ញុំ​។ ខ្ញុំ​គិត​ថា​ ការ​មក​ទិញ​ឥវ៉ាន់​នៅ​តូប​ខ្ញុំ​​គឺ ​គ្រាន់​តែ​ជា​លេស​​ទេ។ តាម​ពិត​ គាត់​រក​​​ខ្ញុំ​នៅ​សាលា​មិន​ឃើញ​ ទើប​គាត់​មក​រក​ខ្ញុំ​​​ដល់​តូប​តែ​​ម្តង។ យើង​មិន​បាន​និយាយ​អ្វី​គ្នា​ច្រើន​ទេ ដោយសារ​ម៉ាក់​របស់​ខ្ញុំ​នៅ​ទី​នោះ​ដែរ។ ប៉ុន្តែ​ខ្ញុំ​មើល​ឃើញ​គាត់​មាន​លក្ខណៈ​ប្លែក​​បន្តិច។ ថ្ពាល់​របស់​គាត់​ដែល​ធ្លាប់​ខូង​ បាន​ឡើង​ពេញ​ និង​រលោង​ជាង​​មុន។ សម្បុរ​ដែល​ធ្លាប់​តែ​ខ្មៅ​ ប្រែជា​ពណ៌​សណ្តែក​​បាយ។ សក់​ដែល​ធ្លាប់​តែ​បះ​ឡើង​លើ​ ចាប់​ផ្តើម​មាន​ភ្លីត្រឹម​​ត្រូវ។ មើល​ទៅ គាត់​លែង​ស្ទាវ​ដូច​មុន​​ហើយ។

 

មួយ​ឆ្នាំ​ក្រោយ​មក​ វិធី​ដ៏​ធំ​មួយ​ត្រូវ​បាន​រៀប​ចំ​នៅ​ផ្ទះ​ខ្ញុំ។ ខ្ញុំ​ត្រូវ​បាន​គេ​ចូល​​ដណ្តឹង។ ខ្ញុំ​មិន​ដែល​បាន​ជួប​បុរស​នោះ​ពី​​មុន​​មក​​ទេ​ ប៉ុន្តែ​​ម៉ាក់​ខ្ញុំ​ប្រាប់​​ថា បុរស​នោះ​ជា​បង​ប្អូន​មិត្ត​ភក្តិ​គាត់​ ដែល​ជាកូន​កាត់​ចិន ពូកែ​រក​​ស៊ី និង​មាន​ទ្រព្យ​ធន​គ្រាន់​បើ​​ដែរ។ ពេល​ដែល​ខ្ញុំ​បាន​ឃើញ​​បុរស​នោះ​ភ្លាម​ ខ្ញុំ​អន់​ចិត្ត​ស្រលេត ដោយសារ​គាត់​ចាស់ ​មាន​អាយុ​ប្រហែល​៤០ឆ្នាំ​​​​ឯ​ណោះ។ គ្រាន់​តែ​ឃើញ​ភ្លាម​ ខ្ញុំ​ចាប់​ផ្តើម​ធ្វើ​មុខ​ក្រមូវ​រហូត។ ខ្ញុំ​មិន​ត្រូវ​បាន​ប៉ាម៉ាក់​របស់​ខ្ញុំ​សួរ​នាំ​ថា ​យល់​ព្រម ឬ​មិន​យល់​ព្រម​​ទេ។ ប៉ុន្តែ​បើ​សួរ​​ ខ្ញុំ​នឹង​ឆ្លើយ​ថា មិន​យល់​ព្រម​ជា​ដាច់​ខាត។ នៅ​យប់​នោះ​ ខ្ញុំ​ដេក​យំ​មួយ​កំណាត់​យប់​ នឹក​ស្តាយ​មិន​គួរ​ណា​បាន​ប្តី​​ចាស់។ ចាប់​ពី​ថ្ងៃ​នោះ​មក ខ្ញុំ​លែង​សប្បាយ​ចិត្ត​រហូត។

 

ប៉ុន្តែ​ថ្ងៃ​មួយ​ ក្តី​សប្បាយ​រីករាយ​បាន​ត្រឡប់​មក​វិញ។​ បុរស​ចំណាស់​ដែល​ចូល​ស្តី​ដណ្តឹង​ខ្ញុំ​នោះ​ ត្រូវ​ប៉ា​ម៉ាក់​របស់​ខ្ញុំ​ផ្ដាច់​​ពាក្យ​ ដោយ​សារ​គាត់​ងងិះងងុះ​នឹង​ថ្លៃ​ចំណង​​ដៃ​​​ពេក។ ខ្ញុំ​មាន​ឈ្មោះ​ថា​ទំនេរ​បាន​តែ​ប៉ុន្មាន​ខែ​ប៉ុណ្ណោះ​ ប៉ាម៉ាក់​របស់​ខ្ញុំ​បាន​រៀប​​ចំឲ្យ​មាន​បុរស​ម្នាក់​ផ្សេង​ទៀត​ចូល​ស្តី​ ដណ្តឹង​ខ្ញុំ​ទៀត។ ម្តង​នេះ ​គាត់​នៅ​តែ​អួត​ខ្ញុំ​ថា បុរស​ថ្មី​​នេះ​ក្មេង​ជាង​បុរស​មុន និង​ជាកូន​កាត់​ចិន​សុទ្ធសាត។ ពេល​ដែល​ខ្ញុំ​ឃើញ គាត់​ខ្មៅ​ជាង​បុរស​ចង្អឹង​ដែល​សារភាព​ស្នេហ៍​ប្រាប់​ខ្ញុំ​ទៅ​ទៀត។ នៅ​ពេល​ខ្ញុំ​លួច​សួរ​ម៉ាក់​របស់​ខ្ញុំ​ “នោះ​ឯង​ចិន?” គាត់​បាន​ពន្យល់​ខ្ញុំតាម​បែប​ពាក្យ​និយាយ​លេងសើច​​​ថា “ចិន​កំពត​ ខ្មៅ​​អញ្ចឹង​​ឯង”។

 

ម្តង​នេះ​​ ខ្ញុំ​ចប់​​តែម្តង។ បុរស​ដែល​ជាចិន​កំពត​នេះ​មិន​ត្រឹម​តែ​ខ្មៅ​​ទេ គឺ​មាន​មាឌ​ធំ​ និង​ធាត់​ខ្លាំង​ទៀត​ផង។ បើ​ប្រៀប​ធៀប​សម្បុរ​គាត់​ និង​ខ្ញុំ មិន​ខុស​អ្វីនឹង​ពង​មាន់​ដែល​ទើប​បក​រួច​ដាក់​​ត្រាំ​ក្នុង​ទឹក​ត្រី​​ទេ។ រយៈពេល​នៃ​ការ​ភ្ជាប់​ពាក្យ​ដូច​ជា​បាន​យូរ​គ្រាន់​បើ​ ប៉ុន្តែ​មិន​ឃើញ​ដំណឹង​រៀប​ការ​មក​ដល់​សោះ។ លុះ​ដល់​ឃើញ គឺ​ដំណឹង​សុំ​​ផ្ដាច់​​ពាក្យ​ទៅ​វិញ។ ប្រហែល​ជា​ប៉ាម៉ាក់​ខ្ញុំ​ទា​ថ្លៃ​ទឹក​ដោះ​ច្រើន​ពេក​ ទើប​គាត់​សុំ​ផ្តាច់​​ពាក្យ​វិញ ឬ​មួយក៏​​អំបិល​របស់​គាត់​ត្រូវ​រលំហាង​​ឆេង​ហើយ?

 

និយាយ​ទៅ​ ក្នុង​រយៈពេល​តែ​ប៉ុន្មាន​ឆ្នាំ​សោះ​ ខ្ញុំ​ត្រូវ​មេម៉ាយ​ខាន់​ស្លា​រហូត​ដល់​ពីរ​​ដង​​ទៅ​ហើយ។ ចាប់​ពី​ពេល​នោះ​មក​ គ្មាន​នរណា​ចូល​​ស្តី​​ខ្ញុំ​​​ទៀត​ឡើយ។ ប្រាំ​ឆ្នាំ​នៃ​ការ​ចាក់​ចេញ​របស់​បុរស​ចង្អឹង​ ត្រូវ​បាន​​​បញ្ចប់។ គាត់​បាន​ត្រឡប់​មក​ស្រុក​​​វិញ។ គាត់​បាន​មក​លេង​តូប​របស់​ខ្ញុំ​បាន​ប្រហែល​មួយ​ភ្លែត​ដែរ ប៉ុន្តែ​ពេល​នោះ​គាត់​បាន​សុំលេខ​ទូរស័ព្ទ​របស់​ខ្ញុំ​​ទៅ​ជា​មួយ​ផង។ ពេល​ល្ងាច​ គាត់​បាន​ទូរស័ព្ទ​ហៅ​ខ្ញុំ​ចេញ​ក្រៅ​ រួ​ច​ក៏​ប្រាប់​ខ្ញុំ​គ្រប់​យ៉ាង​ ថា​គាត់​​បាន​ធ្វើការងារ​ពេទ្យ​ឲ្យ​គ្លីនិក​ឯក​​ជន​មួយ​នៅ​រាជ​ធានី​​ ភ្នំពេញ។ ប៉ុន្តែ​ខ្ញុំ​មិន​ដឹង​ថា គាត់​មាន​តួ​នាទី​អ្វី​ទេ ដោយ​គ្រាន់​តែសង្កេត​ឃើញ​ថា ពីរ​ឆ្នាំ​ក្រោយ​មក​គាត់​បាន​បើក​រថ​យន្ត​មួយ​មកលេង​​ផ្ទះ​ដោយ​ខ្លួន​ឯង​។ ​ត្រឹម​រថយន្ត​មិន​បាន​ធ្វើ​ឲ្យ​ខ្ញុំ​រំភើប​សោះ​ឡើយ។ ប៉ុន្តែ​អ្វី​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​រំភើប​នោះ គឺ​​គាត់​បាន​ក្លាយ​ជា​បុរស​ពេញ​លក្ខណៈ​ម្នាក់​ មាន​ពុក​មាត់ មាន​សាច់​ដុំ​ម៉ាំ​មួន​ និង​និយាយ​ដឹង​ខុស​ត្រូវ។

 

ឪគាត់​តែង​ណាត់​ជួប​ ខ្ញុំ​ចេញ​ក្រៅ​ជា​ញឹក​ញាប់ ដើម្បី​ញ៉ាំ​​អី។​ ថ្ងៃ​មួយ​គាត់​បាន​នាំ​នារី​ដ៏​ស្រស់​ស្អាត​មក​ជា​មួយ​ផង ដោយ​អះ​អាង​ថា​មិត្តភក្តិ។ ពេល​ឃើញ​ភ្លាម​ ខ្ញុំ​ហាក់​ដូច​ជា​ប្រចណ្ឌ​ ប៉ុន្តែ​ដល់​ដឹង​ថា ស្រី​ម្នាក់​នោះ​ជា​នារី​វៀតណាម ខ្ញុំ​ក៏​ស្ងប់​ចិត្ត​​​បន្តិច​ទៅ។

 

ស្លាប់​បណ្ដោយ! ខ្ញុំ​ប្រចណ្ឌ​គាត់​ដោយ​ពុំ​ដឹង​ខ្លួន​ ដូច្នេះ​មាន​ន័យ​ថា ខ្ញុំ​ក៏​​​ស្រលាញ់​គាត់​ដែរ។ ​ត្រូវ​ហើយ ខ្ញុំ​ចាប់​ផ្ដើម​ងាក​មក​រក​បង​ចម្អឹង​ខ្ញុំ​​វិញ បន្ទាប់​ពី​ប៉ា​ម៉ាក់​របស់​ខ្ញុំ​ចង់​លើក​ខ្ញុំ​ឲ្យ​បុរស​មុន​ៗ​​ដែល​​មិន​ សម​នឹង​ខ្ញុំ​ទាល់​​តែ​​សោះ។ ប៉ុន្តែ​ប្រាំ​ឆ្នាំ​ក្រោយ​ពី​​គាត់​ត្រឡប់​មក​ស្រុក​ខ្មែរ​វិញ និង​មាន​ការងារ​ធ្វើ​សម​រម្យ គាត់​មិន​ដែល​​សួរ​ខ្ញុំ​ទៀត​ថា​ តើ​​ស្រលាញ់​គាត់​អត់។ ​ខ្ញុំ​រង​ចាំ​ពាក្យ​នេះ​យូរ​ណាស់​ហើយ​ ប៉ុន្តែ​ហេតុ​អ្វី​គាត់​មិន​និយាយ​​ទាល់​តែ​​សោះ។ ឥឡូវ​អាមួយ​គា ដែល​​ធ្លាប់​មាន​ស្បែក​ស​រលោង សក់​ស្អាត និង​មាន​ថ្ពាល់​ពេញ​ ត្រូវ​ប្រែជា​ជ្រីវ​ជ្រួញ​បន្តិច​ហើយ។ ឆ្នាំ​ក្រោយ​ ខ្ញុំ​នឹង​ឈាន​ចូល​អាយុ​៣០​​ឆ្នាំ​ហើយ។ ខ្ញុំ​ឆ្ងល់​ណាស់​ ហេតុ​អ្វី​គាត់​​មិន​ព្រម​សួរ​នាំ​ខ្ញុំ​អំពី​ស្នេហា​អញ្ចឹង។ ប៉ុន្តែ​ពេល​ដែល​យើង​កំពុង​អង្គុយ​ញ៉ាំ​ស្លាប​មាន់​ជាមួយ​គ្នា គាត់​បែរ​ជា​និយាយ​ថា៖ “​​មាន់​វៀតណាម មិន​ថា​ក្មេង​ ឬ​ចាស់​ទេ សុទ្ធ​តែ​ផុយ​ទាំង​អស់។ ប៉ុន្តែ​​​មាន់​ខ្មែរ​វិញ​ ស្វិត​តាំង​ពី​ក្មេង​រហូត​ដល់​ចាស់។ បើ​អញ្ចឹង​ៗ​ ប្រហែល​ត្រូវ​ញ៉ាំ​មាន់​វៀតណាម​វិញ​ហើយ”។

 

ខ្ញុំ​រៀន​បាន​តិច​ពេក​ ដូច្នេះ​​ខ្ញុំ​មិន​យល់​ពាក្យ​របស់​គាត់​ខាង​លើ​​យ៉ាងណា​ទេ។ ដូច្នេះ​ទើប​ខ្ញុំ​សរសេរ​មក​ប្រិយ​​មិត្ត​ដើម្បី​​​ជួយ​ប្រាប់​ផង​ ថា​គាត់​ចង់​មាន​ន័យ​យ៉ាង​​ណា? ម្យ៉ាង​ទៀត​ ខ្ញុំ​រង​ចាំ​គាត់​យូរ​ហើយ នូវ​ពាក្យ​សារភាព​ស្នេហ៍​ចំពោះ​​ខ្ញុំ​សា​ជា​ថ្មី​ ប៉ុន្តែ​មិន​លឺ​គាត់​និយាយ​សោះ។ សូម​ប្រិយមិត្ត​មេត្តា​ប្រាប់​ផង ថា​ តើ​គាត់​ចង​មានន័យ​​បញ្ឆិតបញ្ឆៀង​​​​ឲ្យ​ខ្ញុំ​សារភាព​មុន​មែន​ទេ? តើ​អ្នក​យល់​យ៉ាង​ណា​ដែរ បើ​សិន​ខ្ញុំ​ធ្វើ​ខុស​ប្រពៃណី​ខ្មែរ​បន្តិច​ ដោយសារ​ខ្ញុំ​ជា​ស្រី​ទៅ​​សារភាព​ប្រាប់​បុរស​មុន​ថា ខ្ញុំ​ស្រលាញ់​គេ? បច្ចុប្បន្ន​នេះ​ ខ្ញុំ​បាន​មក​ស្នាក់​នៅ​ភ្នំពេញ​ នៅ​មិន​ឆ្ងាយ​ពី​គាត់​ទេ។ បើ​អ្នក​គិត​ថា​ គ្មាន​បញ្ហា​ទេ ខ្ញុំ​នឹង​ណាត់​គាត់​ជួយ​ សារភាព​ប្រាប់​គាត់​ ឆាប់ៗ​នេះ​​តែ​ម្ដង៕

 

-ចង់​ដឹង​ពី​រឿង​រ៉ាវ​ស្នេហា​ផ្សេង​ទៀត​ ផ្ញើ​មក​ពី​ប្រិយមិត្ត​អ្នក​អាន​ សូម​ចុច​ត្រង់​នេះ

 

អត្ថបទ៖ ​អាមួយម៉ាប់​​

 

ប្រសិនបើ ​ប្រិយមិត្ត​ មាន​បញ្ហា​​ស្នេហា​ដែល​​​ចង់​ចែក​រំលែក​ដល់​មិត្ត​អ្នក​អាន​បាន​ជា​បទ​ ពិសោធន៍ ឬ​ជួយ​​ជាយោបល់​ក្នុង​ការ​ដោះ​ស្រាយ​សូម​ផ្ញើ​អត្ថបទ​រឿង​រ៉ាវពិតរបស់​​​​​ ​​​​អ្នក​មក​កាន់ ​may.soklim@cidc.com.kh។ ឬ​អ្នក​​អាច​ទូរស័ព្ទ​មក​យើង ០១៦ ៧៩២ ១៥១។ Sabay នឹង​ចុះ​​ផ្សាយ​​ជូន។

អត្ថបទថ្មី