អុជធូបប៉ុន្មានសរសៃដើម្បីឲ្យត្រូវក្បួនពេលទទួលទេវតាឆ្នាំថ្មី?
- 2015-04-09 15:46:56
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អុជធូបប៉ុន្មានសរសៃដើម្បីឲ្យត្រូវក្បួនពេលទទួលទេវតាឆ្នាំថ្មី?
ចន្លោះមិនឃើញ
ជារៀងរាល់បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ប្រជាជនខ្មែរតែងតែមានទំនៀមទម្លាប់អុជធូបទទួលទេវតាឆ្នាំថ្មី និងបន់ស្រន់សុំសេចក្ដីសុខចម្រើន ប៉ុន្តែយុវវ័យខ្លះបែរជាងឿងឆ្ងល់ថាមិនដឹងត្រូវអុជធូបប៉ុន្មានសរសៃឲ្យត្រឹមត្រូវឡើយ គឺដឹងតែអុជតាមតែចិត្ត។
«ខ្ញុំពុំសូវដឹងច្បាស់ពីការអុជធូបហ្នឹងដែរ ប៉ុន្តែពេលចូលឆ្នាំគឺអុជដើម្បីអបអរសាទរទេវតាឆ្នាំថ្នី»។ នេះជាការលើកឡើងរបស់យុវជន ធារិទ្ធិ និស្សិតឆ្នាំទី៤ នៃសាកលវិទ្យាល័យន័រតុន។
ងាកទៅកញ្ញា វ៉ាន់ណេង និស្សិតឆ្នាំទី១នៃសាកលវិទ្យាល័យអាស៊ី អឺរ៉ុបក៏បានលើកឡើងស្រដៀងគ្នាដែរថា៖ «ចូលឆ្នាំថ្មី គឺខ្ញុំអុជធូបទទួលទេវតាឆ្នាំថ្មី គឺមិនដឹងច្បាស់ពីទំនៀមទម្លាប់នៃការអុជធូបនេះទាល់តែសោះ»។
ដើម្បីស្រាយចម្ងល់នេះភិក្ខុសង្ឃ អួង សុខអេង គង់នៅវត្តមហាមន្រ្តីមានសង្ឃដីកាថា ការអុជធូប ទទួលទេវតា មិនប្រកាន់ថាត្រូវអុជប៉ុន្មានសរសៃនោះទេ។ ប៉ុន្តែតេជគុណមានដីកាថាការអុជធូបគឺអាស្រ័យលើការឧទ្ទិសរបស់អ្នកបន់ស្រន់ ដូចជាអុជធូបបីសរសៃសំដៅលើ ការឧទ្ទិសដល់ព្រះពុទ្ធ ព្រះធម៌ និងព្រះសង្ឃ។ ចំណែកអុជធូប៥សរសៃឧទ្ទិសដល់ព្រះពុទ្ធរូប៥ ព្រះអង្គ ឬខន្ធទាំង៥។ ឯអុជប្រាំពីរសរសៃវិញ គឺឧទ្ទិសដល់ញាតិកាប្រាំពីរសន្តាន។
លោក អ៉ឹម បូរិន មន្ត្រីទទួលបន្ទុកផ្នែករៀបចំបុណ្យជាតិនិងអន្តរជាតិ ក៏ស្រាយបំភ្លឺមិនខុសពីតេជគុណ អួង សុខអេង ដែរ។ លោកថា ការអុជធូបទទួលទេវតាឆ្នាំថ្មី គឺមិនបានកំណត់ថាមានចំនួនធូបប៉ុន្មានសរសៃនោះឡើយ។ លោកថាក្បូនអុជ គេអាចអុជ១សរសៃដល់៩សរសៃ។ ប៉ុន្តែអ្វីដែលសំខាន់គឺការឧទ្ទិសបន់ស្រន់ សុំសុខចម្រើនប៉ុណ្ណោះ។ លោកពន្យល់ថាធូប៣សរសៃគឺឧទ្ទិសដល់ព្រះពុទ្ធ ព្រះធម៌ និងព្រះសង្ឃ។៥សរសៃតំណាងដល់ ព្រះពុទ្ធរូប៥ ព្រះអង្គ និង៩សរសៃតំណាងឲ្យភពផ្កាយព្រះគ្រោះ។
តំបន់កម្សាន្តល្បីៗទាំង៥ មនុស្សទៅលេងច្រើនថ្ងៃចូលឆ្នាំថ្មី
រូបភាព៖ alisoninasia
អ្វីដែលរៀបរាប់ខាងលើ តេជគុណ អួង សុខអេង រួមទាំងលោក អ៉ឹម បូរិន សុទ្ធតែមានសង្ឃដីកានិងបកស្រាយថាអុជធូបទទួលទេវតា គឺមិនកំណត់ថាប៉ុន្មានសរសៃ ហើយក៏ពុំបានបញ្ជាក់ថាត្រូវអុជប៉ុន្មានសរសៃឲ្យច្បាស់លាស់ទេ។ ប៉ុន្តែបើយោងតាមសៀវភៅមហាសង្ក្រានឆ្នាំថ្មី ថាចំណោមគ្រឿងរណ្ដាប់ផ្សេងៗ គឺត្រូវមានរៀបធូបប្រាំសរសៃនិងទៀនប្រាំដើមផងសម្រាប់ថ្វាយទេវតាឆ្នាំថ្មី។
នាសម័យព្រហ្មញ្ញសាសនា គេប្រើភ្លើងដើម្បីបូជាគ្រឿងដង្វាយទៅដល់ទេវរាជ ដោយមានជំនឿថាផ្សែងភ្លើងនឹងអាចហោះហើរ ដល់ឋានសួគ៌។ លុះក្រោយៗមកគេប្រើផ្សែងធូបជាតំណាងវិញ។ លុះខ្មែរយើងត្រលប់មកកាន់ព្រះពុទ្ធសាសនា ក៏ជាប់មកទំនៀមទម្លាប់នេះរហូតមកដល់សព្វថ្ងៃ៕
អត្ថបទ៖ មាន រតនា