ម៉ៅ​ សុ​ចាន់​ធី ជិះ​យន្តហោះ​រាប់​ពាន់​គីឡូ​ម៉ែត្រ​មក​មើល​មុខ​គូ​ដណ្តឹង

  • 2015-04-13 16:19:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

"គោល​បំណង​របស់​បង​មក​ស្រុក​ខ្មែរ​លើក​នេះ​មាន​បី​គឺ ទី​១​ដើម្បី​បាន​ជួប​មុខ​គូ​ដណ្ដឹង ទី២​មក​ចូល​រួម​អាពាហ៍ពិពាហ៍​របស់​បង​ស្រី និង​ទី​៣​ដើរ​កម្សាន្ត​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ដែរ​"។អតីត​តារា​សម្ដែង​ជើង​ចាស់ ម៉ៅ សុចាន់ធី ថ្លែង​ប្រាប់ Sabay ដោយ​ផ្ទាល់។

 

 

 ម៉ៅ​ សុ​ចាន់​ធី តារា​សម្ដែង​ជើង​ចាស់

 

ម៉ៅ សុចាន់ធី ដែល​បាន​ចាក​ចេញ​ពី​សិល្បៈ​១០​ឆ្នាំ​ជាង​នោះ បាន​ប្រាប់​បន្ថែម​ថា អ្នក​នាង និង​លោក សៀង តារ៉ា​សម្ផស្ស ដែល​ត្រៀម​នឹង​ភ្ជាប់​ពាក្យ​ជាមួយ​គ្នា​ឆាប់​ៗ​នេះ បាន​ភ្ជាប់​ទំនាក់​ទំនង​គ្នា​ជាង​១​ឆ្នាំ​មក​ហើយ តាម​រយៈ​បណ្ដាញ​សង្គម​ហ្វេស​ប៊ុក និង​ប្រព័ន្ធ​ផ្សេង​ៗដូច​ជា Skype,Tangoផ្សេងៗ​ជាដើម​នោះ មិន​ដែល​បាន​ជួប​មុខ​គ្នា​ទេ។ ដូច្នេះ​ហើយ ដំណើរ​ចុះ​មក​នេះ គឺ​អ្នក​នាង​ចង់​ស្គាល់​គ្នា​ឲ្យ​ច្បាស់។

 

ម៉ៅ សុចាន់​ធី មក​ដល់​មាតុ​ប្រទេស​នៅ​ថ្ងៃ​ទី​០២​ខែ​មេសា​ឆ្នាំ​២០១៥​បាន​ពោល​បន្ត​ទៀត​ថា ជា​ការ​ពិត មាន​បុរស​តាម​ស្រលាញ់​អ្នក​នាង​ច្រើន ទាំង​នៅ​អាមេរិក និង​ស្រុក​ខ្មែរ​ក្នុង​នោះ​រួម​ទាំង​មាន​គូ​ដណ្ដឹង​សព្វថ្ងៃ​នេះ​ផង​ដែរ។ ពី​ដំបូង​ឡើយ​អ្នក​នាង ក៏​មិន​ទាន់​បដិសេធ​ភ្លាមៗ​ជាមួយ​បុរស​ទាំង​អស់​នោះ​ទេ​គ្រាន់​តែ​ចាំ​គាត់​មក​ដល់​ស្រុក​ខ្មែរ​សិន​។

 

យ៉ាង​ណា​មិញ​ពេល​ដល់​ស្រុក​ខ្មែរ​ភ្លាម អ្នក​នាង​ច្បាស់​ក្នុង​ចិត្ត​ហើយ​ថា​នរណា​ជា​គូ​ជីវិត​របស់​អ្នក​នាង ដែល​បុរស​នោះ គឺ​លោក សៀង តារ៉ា​សម្ផស្ស កើត​ក្នុង​ឆ្នាំ ១៩៧៥ ដែល​ជា​តារា​ចម្រៀង និង​សម្ដែង​ជើង​ចាស់​មួយ​រូប​ផង​ដែរ។

 

 

 ម៉ៅ​ សុ​ចាន់​ធី និង​លោក សៀង តារ៉ា​សម្ផស្ស អនាគត​គូ​ដណ្ដឹង

 

ម៉ៅ សុចាន់ធី ថ្លែង​ថា "អាច​ថា​និស្ស័យ​ក៏​ថា​បាន​អូន​ ហើយ​ពេល​ដែល​បង​ឃើញ​គូ​ដណ្ដឹង​ក៏​ចាប់​ចិត្ត​ស្រលាញ់​តែ​ម្ដង​ណា​មួយ​ឃើញ​គាត់​មាន​និស្ស័យ​ស្លូត​បូត​ចេះ​គោរព​ចាស់ទុំ​ចេះ​ធ្វើ​បុណ្យ​ធ្វើ​ទាន​ផង"។ ជាមួយ​គ្នា​នេះ តួ​ស្រី​ដែល​គេ​ស្គាល់​ច្បាស់​ក្នុង​រឿង "ម៉ាក​ភូយុងកែវ" រូប​នេះ សូម​ផ្ដាំ​ទៅ​បុរស​ៗ​ដែល​តាម​ស្រលាញ់​អ្នក​នាង​ថា សូម​ដក​ចិត្ត ព្រោះ​ពេល​នេះ អ្នក​នាង​រក​បាន​មនុស្ស​ដែល​ខ្លួន​ស្រលាញ់​ហើយ។

 

ងាក​មក លោក សៀង តារ៉ា​សម្ផស្ស ក៏​បាន​ឲ្យ​ដឹង​ថា តាម​ពិត​លោក​បាន​លួច​ស្រឡាញ់ ម៉ៅ សុ​ចាន់​ធី ជា​យូរ​មក​ហើយ តាំង​ពី​តារា​សម្ដែង​រូប​នេះ​រស់​នៅ​ស្រុក​ខ្មែរ​ម៉្លេះ។ "ខ្ញុំ​លួច​ស្រលាញ់​គាត់​យូរ​ហើយ​តាំង​ពី​នៅ​ស្រុក​ខ្មែរ​ប៉ុន្តែ​ពេល​នោះ​ខ្ញុំ​ហាក់​ដូចជា​ស្ទាក់​ស្ទើរ​ក្នុង​ការ​និយាយ​​ជាមួយ​គាត់​ព្រោះ​ពេល​នោះ​ការ​សម្ដែង​របស់​គាត់​ដូចជា​ខ្ពស់​ជាង​ខ្ញុំ​ ហើយ​ចិត្ត​ដែល​លួច​ស្រលាញ់​នេះ​ចេះ​តែ​ងំ​ក្នុង​ចិត្ត​រហូត​ដល់​ឥលូវ​ ដល់​ថ្នាក់​ថា​ឲ្យ​តែ​ខ្ញុំ​បាន​ស្គាល់​ ម៉ៅ​សុ​ចាន់​ធី​ឬ​ក៏​បាន​គាត់​មក​ធ្វើ​ជា​ប្រពន្ធ​ទោះ​បី​ទៅ​ជាតិ​ក្រោយ​ខ្ញុំ​ទៅ​ជា​យ៉ាង​ម៉េច​ក៏​សុខ​ចិត្ត​ដែរ"

 

ក្រោយ​បើក​បេះដូង​ទទួល​យក​គ្នា​ទៅ​វិញ​ទៅ​មក ម៉ៅ សុចាន់ធី និង សៀង តារ៉ា​សម្ផស្ស គ្រោង​នឹង​ភ្ជាប់​ពាក្យ​នៅ​ដើម​ខែ​ក្រោយ មុន​នឹង​រៀប​ការ​នៅ​ខែ​ចុង​ឆ្នាំ​២០១៥​នេះ។ អ្នក​នាង ចាន់ធី បញ្ជាក់​ថា បន្ទាប់​ពី​រៀបការ​រួច​ អ្នក​នាង​នឹង​ធានា​ស្វាមី​របស់​ទៅ​នៅ​សហរដ្ឋ​អាមេរិក​ជា​មួយ​គ្នា​។

 

 

ម៉ៅ សុ​ចាន់​ធី បាន​ចាក​ចេញ​ទៅ​រស់​នៅ​សហរដ្ឋអាមេរិក​ក្នុង​ឆ្នាំ ២០០៥ នៅ Washington Stateក្រោយ​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​អាណិកជន​ខ្មែរ​រស់​នៅ​សហរដ្ឋ​អាមេរិក។ ប៉ុន្តែ​ពេល​ដល់​ទី​នោះ​រស់​នៅ​ជាមួយ​គ្នា​បាន​តែ​៣​ឆ្នាំ បង្កើត​បាន​កូន​ស្រី​ម្នាក់ ក៏​បាន​ចែក​ផ្លូវ​គ្នា​វិញ ដោយ​សារ​ការ​​រស់​នៅ​មិន​ចុះ​សម្រុង​នឹង​គ្នា។

 

មុន​ពេល​ចាក​ចេញ​ទៅ តារា​ស្រី​កើត​ក្នុង​ឆ្នាំ ១៩៧២ រូប​នេះ ធ្លាប់​បាន​សម្ដែង​ក្នុង​រឿង​ជា​ច្រើន​ដូច​ជា ​"ផ្កា​រាំ​ទឹក​រាំ" "អ្នក​នាង​បម្រើ" "ស្នេហ៍​២​ជាតិ"​ "បក្សី​ចាំ​ក្រុង" "ក្ដាម​ស្រែ" "ស្តេច​ដំរី​ស" និង​"ម៉ាក់​ភូយ៉ុង​កែវ" ជាដើម៕

 

 

 

 

 

 

អត្ថបទ៖ ថា ម៉ាលីដា