​​ពិត​អត់​!ការងារ​ក្រៅ​ម៉ោងអាច​រក​​ចំណូល​​បាន​ពី​ ១០០$​ ដល់៥០០$?​​

  • 2015-04-21 23:39:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ងារ​ក្រៅ​ម៉ោង​​​​ទទួល​​​បាន​​ចំណូល​ខ្ពស់​​​​ ដោយ​គ្រាន់​តែ​ចំណាយ​ពេល​ពីរ​ទៅ​បី​ម៉ោង​ក្នុង​មួយ​ថ្ងៃ​លើ​ប្រព័ន្ធ​អ៊ីនធឺណិត​​​កំពុង​តែ​ទាក់​ទាញ​យុវវ័យ​​មួយ​​ចំនួន​ឱ្យ​លង់​ជឿ​​​។ ​ការងារ​ដែល​មិន​តម្រូវ​ឱ្យ​មាន​​​​សញ្ញាបត្រ​​ និង​បទ​ពិសោធន៍​​នេះ​ កំពុង​​​​ផ្សព្វផ្សាយ​តាម​​បណ្តាញ​សង្គម​យ៉ាង​ផុលផុស។ ​​តើ​​ការ​ងារ​​ស្រួល​​ម្ល៉ឹង​ៗ ពិត​​ជា​អាច​រក​ចំណូល​បាន​ខ្ពស់​មែន​ឬ​?​

 

កញ្ញា​ឈួ លីនី​ ជា​និស្សិត​ឆ្នាំ​ទី​មួយ​នៃ​សាកល​វិទ្យាល័យ​កម្ពុជា​បាន​ប្រាប់​ Sabay ថា​ កញ្ញា​ធ្លាប់​ចុះ​ឈ្មោះ​តាម​ Link ​ដែល​មាន​ដាក់​ក្នុង​រូប​ដែល​គេ​បង្ហោះតាម​អ៊ីនធឺណិត​​។ ក្រោយ​មក​​ក្រុម​ហ៊ុន​ក៏​ទូរសព្ទ​មក​កញ្ញា ​​ឱ្យ​ទៅ​ស្ដាប់​ការ​ណែនាំ​ពី​វាគ្មិន។​​​ ស្ដាប់​ការ​ណែ​នាំ​រួច ក្រុមហ៊ុន​បាន​​ឱ្យ​ចុះ​​ឈ្មោះ​​​បង់​ប្រាក់​១២$ និង​ត្រូវ​ចំណាយ​១០០$​ទៀត​ដើម្បី​ទិញ​ទំនិញ​ក្នុង​ក្រុមហ៊ុន​។​ ​

 

លីនី រៀប​រាប់​ទៀត​ថា​ ​ក្រុម​ហ៊ុន​​ឱ្យ​​ណែនាំ​បន្ត​ទៅ​មិត្តភ័ក្ដិ​ឬ​អ្នក​ដែល​ស្គាល់​គ្នា​ឱ្យ​ធ្វើ​ដូច​លីនី​ដែរ។ ឆ្លើយ​តប​នឹង​សំណួរ​ហេតុ​អ្វី​ក៏ ​លីនី ​​ឈប់​ពី​ការងារ​នេះ​ទៅ​វិញ? និស្សិត​ជំនាញ​ធនាគារ​និង​ហិរញ្ញវត្ថុ​រូប​នេះ​បាន​ឱ្យ​ដឹង​ថា «​​ពេល​ហ្នឹង​​មាន​អារម្មណ៍​ថា​​​ ដូច​ខ្លួន​ឯង​ហ្នឹង​​ត្រូវ​ទៅ​បោក​មិត្តភ័ក្ដិ​ឱ្យ​បង់​លុយ​ដូច​យើង​អញ្ចឹង! ហើយ​ក៏​ឈប់​ទៅ​! បើ​ការងារ​ហ្នឹង​ល្អ​មែន​ មិន​មែន​មាន​អ្នក​ខ្លះ​សុខ​ចិត្ត​ទៅ​​អង្គុយ​ធ្វើការ​ម៉ា​ង៉ៃ​វាស់​ល្ងាច​យក​លុយ​មួយ​ខែ​មួយ​រយ​ជាង​ទេ! គេ​ទៅ​ធ្វើ​ហ្នឹង​អស់​ហើយ! ណា​មួយ​បង​ធ្លាប់​ប្រាប់​ថា​លុយ​ដែល​គេ​វេរ​ឱ្យ​យើង​តាម​ធនាគារ​ហ្នឹង​មាន​តែ​តួលេខ​តែ​ដក​អត់​បាន​ផង»។

 

 

លោក ​ខាត់​ ចាន់​ម៉ារ៉ាឌី​ និស្សិត​នៃ​សាកល​វិទ្យាល័យ​មេគង្គ​កម្ពុជា​​បាន​ប្រាប់​  Sabay ​ថា លោក​​ក៏​ធ្លាប់​ចុះ​ឈ្មោះ​ធ្វើ​ការ​ងារ​ក្រៅ​ម៉ោង​នេះ​ដែរ​។​ក្រោយ​មក​ក្រុម​ហ៊ុន​ក៏​ទូរស័ព្ទ​​ឱ្យ​ទៅ​ជួប​ ប៉ុន្តែ​ ម៉ារ៉ាឌី ​ក៏​រំសាយ​វិញ។​ និស្សិត​អក្សរសាស្ត្រ​ជប៉ុន​រូប​នេះ​បន្ត​ថា ​«ពេល​គេ​តេ​មក​ឱ្យ​ទៅ​ជួប​ហ្នឹង ម៉ាក់​អត់​ឱ្យ​ទៅ​ទេ​  ព្រោះ​ខ្លាច​ចាញ់​បោក​គេ​​! គាត់​ថា​វា​មិន​ដែល​ធ្វើ​ការ​ប៉ុន្មាន​ម៉ោង​​បាន​ដល់​ទៅ​បួន​ ប្រាំ​រយ​ដុល្លារ​ទេ!»។

 

​ឆ្លើយ​តប​ទៅ​នឹង​ការ​លើក​ឡើង​​ថា​​លើ​ ​លោក​​ ផុន​បូរិន្ទ ​ជា​ទី​ប្រឹក្សា​​ពាណិជ្ជកម្ម​នៃ​ក្រុម​ហ៊ុន​ AimStar  ដែល​ជា​ក្រុម​ហ៊ុន​ផ្ដល់​ឱកាស​ការងារ​ក្រៅ​ម៉ោង​​ដល់​​យុវវ័យ​និយម​ចែក​រំលែក​ព័ត៌មាន​តៗ​គ្នា​​បាន​ប្រាប់​Sabay ​​ថា​ មាន​ក្រុម​ហ៊ុន​មួយ​ចំនួន​​​​ ​​​គ្មាន​ច្បាប់​ត្រឹម​ត្រូវ​ឆ្លៀត​ឱកាស​បោក​ប្រាស់​ប្រជាពលរដ្ឋ​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​ក្រុម​ហ៊ុន​ដែល​ត្រឹម​ត្រូវ។​ លោក​ថា​ ​​ក្រុម​ហ៊ុន​ AimStar ជា​ក្រុម​ហ៊ុន​ដែល​មាន​អាជ្ញាប័ណ្ណ​ត្រឹម​ត្រូវ​ពី​ក្រសួង​ពាណិជ្ជកម្ម និង​​អគ្គនាយក​ដ្ឋាន​ពន្ធដារ។​

 

លោក​បាន​បន្ថែម​​ថា​ ក្រុមហ៊ុន​ AimStar ​មាន​បួន​ផ្នែក​ធំៗ តែ​ផ្នែក​ Business Owner គឺ​ជា​ផ្នែក​ដែល​ក្រុម​ហ៊ុន​ផ្ដោត​សំខាន់​​។ ផ្នែក​នេះ​ហើយ​ជា​ការងារ​អ៊ីនធឺណិត​​ដែល​​យុវវ័យ​គិត​ថា ​ជា​ការងារ​បោក​ប្រាស់។​ ការ​ងារ​នេះ​គឺ​ក្រុម​ហ៊ុន​តម្រូវ​ឱ្យ​អតិថិជន​ដាក់​ទុន​ជា​មួយ​​ក្រុម​ហ៊ុន​​។ ប៉ុន្តែ​មុន​នឹង​ចុះ​ឈ្មោះ​ក្រុម​ហ៊ុន​នឹង​ណែនាំ​ពី​ប្រព័ន្ធ​ការងារ​ទាំង​នោះ​​ឱ្យ​បេក្ខជន​ចុះ​ឈ្មោះ​បាន​យល់។ «​ពួក​គាត់​មិន​អាច​ប្រើ​ពាក្យ​ថា​បង់​លុយ​ឬ​បោក​លុយ​បាន​ទេ! សួរ​ថា​តើ​បង់​ហ្នឹង​បង់​យ៉ាង​ម៉េច?​ បង់​ឱ្យ​ក្រុម​ហ៊ុន​ហើយ​អត់​បាន​អី​សោះ? បើ​បោក​តើ​ក្រុម​ហ៊ុន​យក​លុយ​ហើយ​រត់? ការ​ពិត​ក្រុម​ហ៊ុន​ខ្ញុំ​មាន​រោង​ចក្រ​ផលិត​​​ផលិតផល​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​ ហើយ​អ្នក​ដែល​ចង់​ដាក់​ទុន​ជា​មួយ​ក្រុម​ហ៊ុន​ត្រូវ​ចំណាយ​១០០$ តែ​ប្ដូរ​មក​វិញ​ជា​របស់​ប្រើប្រាស់​ដែល​ពួក​គាត់​ចាំ​បាច់​ប្រើ​ប្រាស់​ប្រចាំ​ថ្ងៃ​ដូច​ជា​សាប៊ូ​កក់​សក់ ថ្នាំ​ដុស​ធ្មេញ​ជា​ដើម​ វា​ចំណេញ​ជាជាង​ពួក​គាត់​ទៅ​ទិញ​របស់​ខាង​ក្រៅ ហើយ​អត់​បាន​អី​សោះ! ប៉ុន្តែ​ជា​មួយ AimStar ពួក​គាត់​បាន​របស់​ប្រើ​ ហើយ​បាន​ចំណេញ​លុយ​ទៀត​ព្រោះ​ក្រុម​ហ៊ុន​នឹង​ចែក​ប្រាក់​ចំណេញ​៦០% ទៅ​ឱ្យ​គាត់! ម្យ៉ាង​ទៀត​បើ​គាត់​មិន​ពេញ​ចិត្ត​នឹង​ផលិតផល​ទាំង​នោះ​គាត់​អាច​ប្ដូរ​យក​លុយ​ពី ក្រុម​ហ៊ុន​ដោយ​គ្មាន​លក្ខខណ្ឌ!»។​

 

កញ្ញា ​សេន គីម​វែង​ និស្សិត​នៃ​សាកល​វិទ្យាល័យ​អាស៊ី​អឺរ៉ុប​ប្រាប់ ​Sabay ​​ថា ​កញ្ញា​បាន​ចុះ​ឈ្មោះ​ដែរ​​ ប៉ុន្តែ​កញ្ញា​មិន​គិត​ថា​ក្រុម​ហ៊ុន​នោះ​បោក​ប្រាស់​ទេ។  «​ក្រុម​ហ៊ុន​នឹង​អត់​បោក​ទេ​ តែ​ក្រុមហ៊ុន​ហ្នឹង​ឆ្លាត​ជ្រុល! ឆ្លាត​ត្រង់​ថា មាន​​ផលិត​​មក​មិន​បាច់​ភ័យ​ខ្លាច​អត់​ទី​ផ្សារ ​ខ្លាច​អត់​​អ្នក​ប្រើ! មិន​បាច់​ប្រកួត​ប្រជែង! មិន​បាច់​អស់​លុយ​ផ្សាយ​ពាណិជ្ជកម្ម! ខ្ញុំ​មិន​បង់​លុយ​ចុះ​ឈ្មោះ​ព្រោះ​អី​ខ្ញុំ​គិត​ថា​ខ្ញុំ​មាន​លុយ​ដែរ​ ហេតុ​អី​ក៏​​មិន​អាច​ទៅ​ទិញ​របស់​ដែល​ខ្ញុំ​ចង់​ទិញ​បាន? ហើយ​មួយ​ទៀត​បងជា​​អ្នក​វាគ្មិន​ហ្នឹង​ដូច​ជា​ គ្មាន​ឃើញ​ពាក់​មាស​ពាក់​ពេជ្រ ​ឬ​ក៏​មាន​របស់​ប្រើ​ថ្លៃ​ៗ សម​នឹង​ប្រាក់​ចំណូល​រាប់​ពាន់​ដុល្លារ​​​ផង! តែ​គាត់​ប្រាប់​ថា​គាត់​ជោគ​ជ័យ​ក្នុង​ការងារ​ហ្នឹង! សរុប​ទៅ​កាល​ហ្នឹង​ខ្ញុំ​ខាត​ថ្លៃ​សាំង​ជិះ​ទៅ​! និង​ខាត​ពេល​ពីរ​ម៉ោង​​អង្គុយ​ស្ដាប់​គេ​! ស្ដាប់​គេ​អូស​ក្រឡា​ឡើង​វិល​មុខ! (សើច)»។ គីមវែង​ បន្ថែម​។ ​

 

​លោក​កាយ ឫទ្ធី​ជា​សាស្ត្រាចារ្យ​នៃ​សាកលវិទ្យាល័យ​មេគង្គ​កម្ពុជា​បាន​ឱ្យ​ដឹង​ថា​​ ​ជា​រឿង​ល្អ​ប្រសើរ​ដែល​ការងារ​បែប​នេះ​ផ្ដល់​ប្រាក់​ចំណូល​​ដល់​យុវជន​ ហើយ​យុវជន​ក៏​អាច​ឆក់​យក​ឱកាស​ការងារ​ និង​ស្វែង​រក​បទ​ពិសោធន៍​បាន​។ ​ប៉ុន្តែ​ក្រុមហ៊ុន​ខ្លះ​អូសទាញ​ឱ្យ​បង់​លុយ​ ខណៈ​បំណង​ពិត​​អ្នក​រក​ការងារ​​ ចង់​ទទួល​បាន​ប្រាក់​ចំណូល​តាម​រយៈ​ការ​បញ្ចេញ​កម្លាំង​កាយ​ និង​បញ្ញា​ផ្ទាល់​ខ្លួន​។ «​​​ខ្ញុំ​មិន​ថា​ទាំង​អស់​ទេ​ តែ​មាន​ក្រុមហ៊ុន​មួយ​ចំនួន​បាន​អូស​ទាញ​យុវជន​ឱ្យ​បង់​ប្រាក់ ​នេះ​ជា​ការ​បោក​ប្រាស់​ហើយ! យើង​និយាយ​ថា​ផ្ដល់​ការងារ​ឱ្យ​គេ​តែ​បែរ​ជា​យក​លុយ​គេ​ឱ្យ​ចូល​ហ៊ុន​ម៉េច​ត្រូវ! ព្រោះ​ថា​ទាំង​យើង​​ទាំង​គេ​គឺ​ចង់​ចូល​ធ្វើ​ការ​ដែល​មិន​ចាំ​បាច់​ត្រូវ​ចំណាយ​លុយ​​ឡើយ​ ​យើង​ចង់​បាន​ចំណូល​មក​វិញ​ដោយ​ការ​ប្រើ​កម្លាំង​កាយ​និង​បញ្ញា​របស់​យើង!»។

 

​​​ដោយឡែក​លោកបណ្ឌិត ​សុខ ​ទូច ​​សកលវិទ្យាធិការ​នៃ​សាកលវិទ្យាល័យ​ខេមរៈ​បាន​បញ្ចេញ​ទស្សនៈ​​​ថា នេះ​ជា​ចរិត​របស់​យុវវ័យ​ខ្មែរ​​មួយ​ចំនួន​ដែល​ចង់​​ធ្វើ​ការ​តិច​បាន​លុយ​ច្រើន​ រៀន​តិច​ចេះ​ច្រើន។ ​​ តើ​ត្រឹម​ត្រូវ​ទេ​ ដែល​​​យុវវ័យ​ត្រូវ​តែ​ចំណាយ​ប្រាក់​ជាមុន ​ដើម្បី​ប្ដូរ​ជា​ផលិតផល​ប្រើប្រាស់​​និង​ណែនាំ​តៗ​គ្នា​​ដើម្បី​​បាន​​​ប្រាក់​កុំមីស្យុង​? ​លោក​សុខ​ ទូច​បាន​​​លើក​ឡើង​ថា​ ​យុវជន​អាច​នឹង​​ប្រឈម​ការ​ខាត​បង់​​ខ្ពស់​ និង​មិន​បាន​អ្វី​ជា​ប្រយោជន៍​ត្រឡប់​មក​វិញ។ ​

 

លោក​សាស្ត្រាចារ្យ​​បាន​​​ផ្ដាំ​ផ្ញើ​ដល់​យុវវ័យ​នូវ​​បី​ចំណុច​សំខាន់ៗ​ជុំវិញ​បញ្ហា​ខាង​លើ​ ​ទី​មួយ​គឺ ​សូម​ធ្វើការ​ស្រាវ​ជ្រាវ​ពី​ការងារ​ឱ្យ​បាន​ពេញ​លេញ​! ​ទី​ពីរ​ គ្មាន​អ្វី​ដែល​ងាយ​ស្រួល​ទេ ​ការ​ងារ​ណា​ក៏​ត្រូវ​ការ​ឱ្យ​យើង​ប្រើ​កម្លាំង​កាយ​ បញ្ញា​បូក​នឹង​ក្រមសីលធម៌​របស់​យើង​ដែរ! ​ទី​បី​អ្វី​ដែល​ងាយ​ស្រួល​ពេក​មិន​អាច​កើត​មាន​ទេ​លើក​លែង​តែ​យើង​​កើត​ក្នុង​ត្រកូល​អ្នក​មាន ​ដែល​អាច​រក​លុយ​បាន​ស្រួល​ធ្វើ​ការ​បាន​ស្រួល​! តែ​បើ​យើង​កើត​មក​ក្នុង​ត្រកូល​អ្នក​ធម្មតា​គឺ​ទាមទារ​ពេល​វេលា​និង​ចំណេះ​ដឹង​!»៕

 

អានអត្ថបទ៖ វីដេអូ​ ​​បី​ថ្ងៃ​​​​កកកុញ​រាំ​ផ្អើល​​នៅ​​ Pub Street​ ​សៀមរាប

អត្ថបទ៖គង់ ច័ន្ទវ៉ាន់ណេង

អត្ថបទថ្មី