គម្រោងការងារ Google នាំកេរ្តិ៍ឈ្មោះកម្ពុជាសុសសាយលើឆាកអន្តរជាតិ
- 2015-04-22 17:50:08
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គម្រោងការងារ Google នាំកេរ្តិ៍ឈ្មោះកម្ពុជាសុសសាយលើឆាកអន្តរជាតិ
ចន្លោះមិនឃើញ
ក្រុមហ៊ុន Google បានដាក់ដំណើរការគម្រោងពីរទាក់ទងប្រទេសកម្ពុជាគឺ Google Street View ជាសេវាបង្ហាញរូបភាពក្នុងប្រព័ន្ធផែនទី Google Map និង Google Translate ដែលបានដាក់បញ្ចូលភាសាខ្មែរសម្រាប់សេវាបកប្រែលើបណ្ដាញអ៊ីនធឺណិត។
ការបង្កើតគម្រោងរបស់ Google បានធ្វើឲ្យកម្ពុជាលេចមុខមាត់លើឆាកអន្តរជាតិ ក៏ដូចជាបានជួយដល់ការអភិវឌ្ឍវិស័យទេសចរដែលអាចទាក់ទាញភ្ញៀវទេសចរអន្តរជាតិកាន់តែច្រើនចូលមកទស្សនាប្រទេសកម្ពុជា។
លោក បេ ចន្រ្តា ប្រធានដឹកនាំកម្មវិធីបារខែមបានឲ្យដឹងថា ការបង្កើតគម្រោងពីប្រទេសកម្ពុជារបស់ Google បានជួយលើកមុខមាត់ប្រទេសកម្ពុជាឲ្យលេចត្រដែតនៅលើឆាកអន្តរជាតិ ពីព្រោះ Google ជាក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំដែលមានកេរ្តិ៍ឈ្មោះនិងទទួលស្គាល់ពីអ្នកប្រើប្រាស់ជុំវិញពិភពលោក។
កន្លងទៅប្រទេសកម្ពុជា ត្រូវគេមើលឃើញថាជាប្រទេសដែលអន់ថយទាំងធនធានមនុស្ស និងការអភិវឌ្ឍ។ ដូច្នេះការបង្កើតគម្រោងរបស់ Google ពីប្រទេសកម្ពុជា នឹងធ្វើឲ្យកម្ពុជាកាន់តែទទួលបានការចាប់អារម្មណ៍ពីពិភពលោកខាងក្រៅ ដែលនឹងអាចចូលរួមចំណែកទាក់ទាញភ្ញៀវទេសចរមកទស្សនាកម្សាន្ត ដើម្បីជួយបង្កើនចំណូលថវិកាជាតិ។
លោកបន្តថា ការចាប់អារម្មណ៍របស់ Google ពីប្រទេសកម្ពុជា ក៏ដោយសារពួកគេមើលឃើញពលរដ្ឋខ្មែរជាច្រើន កំពុងតែប្រើប្រាស់ផលិតផលបច្ចេកវិទ្យារបស់ Google យ៉ាងច្រើន។ ម្យ៉ាងវិញទៀតពលរដ្ឋកម្ពជាក៏បានជួយជ្រោមជ្រែងយ៉ាងសកម្មបំផុតលើការអភិវឌ្ឍផលិតផលបច្ចេកវិទ្យារបស់ Google ដែលនាំឲ្យផលិតផលរបស់ Google ទទួលបានការគាំទ្រ និងប្រើប្រាស់យ៉ាងទូលំទូលាយដូចបច្ចុប្បន្ននេះ។
ក្រុមហ៊ុន Google បានចាប់ផ្ដើមគម្រោងពីរពីប្រទេសកម្ពុជាគឺគម្រោងកម្មវិធីប្រមូលរូបភាពតាមដងវិថី Street View និង Google Translate។ Google Street view ក្រុមហ៊ុន Google ផ្តោតលើខេត្តគោលដៅមានរាជធានីភ្នំពេញ សៀមរាប និងខេត្តជាង១០ទៀត ដោយអនុញ្ញាតឲ្យអ្នកប្រើប្រាស់អាចស្វែងរករូបភាពកម្រិត ៣៦០ដឺក្រេនៃដងវិថី និងទីតាំងប្រវត្តិសាស្ត្រនានានៅក្នុងទីក្រុង និងខេត្តទាំងនេះ។ ចំណែក Google Translate ក្រុមហ៊ុន Google បានដាក់បញ្ចូលភាសាខ្មែរសម្រាប់សេវាបកប្រែជាមួយភាសា ៩០ ទៀត នៅលើបណ្ដាញអ៊ីនធឺណិត។
លោក បូវី ឈុនឡេង សមាជិកក្រុម CAUG ជាក្រុមដែលគាំទ្រនិងប្រើប្រាស់ប្រព័ន្ធ Android នៅកម្ពុជា ក៏បានបង្ហាញការចាប់អារម្មណ៍សម្រាប់គម្រោង Google ពីប្រទេសកម្ពុជា ដោយលោកគិតថាគម្រោងនេះ ក្រៅពីអាចជួយលើកមុខមាត់ប្រទេសកម្ពុជានៅលើឆាកអន្តរជាតិ ក៏បានជួយជំរុញដល់ភ្ញៀវទេសចរមកទស្សនាប្រទេសកម្ពុជា ដើម្បីអាចនាំចំណូលចូលជាតិបានយ៉ាងក្រាស់ក្រែល។
បន្តអាន៖ ក្រុមហ៊ុនទូរសព្ទធំ ៣ ដណ្តើមកាន់កាប់ទីផ្សារស្ទើរទាំងស្រុង
បន្តអាន៖ ការប្រើប្រាស់អ៊ីនធឺណិតនៅកម្ពុជាកើនឡើង និងសម្រួលជីវភាពរស់នៅប្រជាជន
អត្ថបទ៖ ប៊ុណ្ណារ៉ា