ការ​​​ប្រើប្រាស់​អ៊ីនធឺណិត​នៅ​កម្ពុជា​កើន​ឡើង​ និង​សម្រួល​ជីវភាព​​រស់នៅ​ប្រជាជន

  • 2015-04-10 23:06:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ៊ីនធឺណិត​បាន​ក្លាយ​ជា​​ផ្នែក​មួយ​ដ៏​សំខាន់​​នៃ​ជីវិត​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​​ប្រជាជន​កម្ពុជា​ក្នុង​យុគសម័យ​បច្ចេកវិទ្យា​កំពុង​រីកចម្រើន​ទៅ​មុខ​ឥត​ឈប់ឈរ។ ​​វត្តមាន​អ៊ីនធឺណិត​បាន​ជួយ​សម្រួល​ដល់​ការរស់នៅ ​​និង​ការ​សិក្សា​របស់​យុវជន​កម្ពុជា ​ខណៈ​ចំនួន​​អ្នក​ប្រើប្រាស់​កើន​ឡើង​គួរ​ឲ្យ​កត់សម្គាល់។

 

​ក្នុង​ពិធី​​ធ្វើ​បទ​បង្ហាញ​​ពី​លទ្ធផល​ការ​ស្រាវជ្រាវ​ស្ដី​ពី​ "សេរីភាព​បញ្ចេញ​មតិ​លើ​ប្រព័ន្ធ​ព័ត៌មាន​វិទ្យា​ និង​ការ​ចូលរួម​នយោបាយ​នៅ​កម្ពុជា" ​នៅ​​​មជ្ឈមណ្ឌល​​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ (CCIM) ​កាល​ពី​ព្រឹក​មិញ​នេះ​ ​​​​​អ្នក​ស្រាវជ្រាវ​មក​ពី​ស្ថាប័ន​មួយ​នេះ​ឲ្យ​ដឹង​ថា​ ​​ចំនួន​អ្នក​ប្រើប្រាស់​អ៊ីនធឺណិត​នៅ​កម្ពុជា​​បាន​ហក់​ឡើង​យ៉ាង​រហ័ស​​ដល់​​​ ​៣១% ​​ក្នុង​ឆ្នាំ ​២០១៤ ​កន្លង​ទៅ។​​​ ចំនួន​អ្នក​ប្រើប្រាស់​ក្នុង​ឆ្នាំ​ ២០១៤ ​កើន​ឡើង​ពី​ ៣,៨ ​លាន​នាក់​ក្នុង​ឆ្នាំ​ ២០១៣ ​ដល់​ប្រហែល​ ៥​ លាន​នាក់ ​ឬ​ស្មើ​នឹង​ ៣៣% ​នៃ​ចំនួន​ប្រជាជន​សរុប។

 

 

លើស​ពី​នេះ​ទៅ​ទៀត​​ ការ​ស្រាវជ្រាវ​ដដែល​ក៏​រក​ឃើញ​ថា ​អ៊ីនធឺណិត​ផ្ដល់​អត្ថប្រយោជន៍​យ៉ាង​សំខាន់​ក្នុង​ជីវភាព​រស់នៅ ​​ការ​ចូលរួម​ក្នុង​សង្គម ​និង​អាជីព​​របស់​​​អ្នក​ប្រើប្រាស់។ ​​អ្នក​ចូលរួម​ក្នុង​ការ​ស្រាវជ្រាវ​ ៧៥% ​​បាន​ឲ្យ​ដឹង​ថា ​ការ​ទទួល​ព័ត៌មាន ​ការ​សិក្សា​ស្រាវជ្រាវ ​និង​ការងារ​របស់​ពួកគេ​មាន​ភាព​ងាយស្រួល​ជាង​មុន​តាម​រយៈ​ព័ត៌មាន​ដែល​ពួកគេ​អាច​រក​បាន​​​នៅ​លើ​អ៊ីនធឺណិត។

 

​មធ្យោបាយ​ប្រើប្រាស់​អ៊ីនធឺណិត​សំខាន់​ជាង​គេ​របស់​អ្នកប្រើប្រាស់​កម្ពុជា​គឺ ​ទូរសព្ទ​ស្មាតហ្វូន។ ​​ចំនួន​អ្នក​​ចូលរួម​​ ៧៧,៧% ​នៃ​ចំនួន​អ្នក​ចូលរួម​សរុប​ឆ្លើយ​ថា ​ពួកគេ​ប្រើ​ទូរសព្ទ​ដើម្បី​ប្រើប្រាស់​អ៊ីនធឺណិត​ព្រោះ​វា​មាន​ភាព​ងាយស្រួល​ក្នុង​ការ​យក​តាម​ខ្លួន​​​ជាង​ឧបករណ៍​ផ្សេង​ទៀត។

 

 

​បើ​ទោះ​ជា​ចំនួន​អ្នក​ប្រើប្រាស់​មាន​ការ​កើន​ឡើង​ក្នុង​ចំនួន​ដ៏​ច្រើន​ក៏​ពិត​មែន​តែ​ការ​ប្រើប្រាស់​អ៊ីនធឺណិត​ដើម្បី​ទិញ-លក់​ទំនិញ (E-Commerce) ​​នៅ​លើ​អនឡាញ​ដ៏​ពេញ​និយម​នៅ​ប្រទេស​ដែល​មាន​បច្ចេកវិទ្យា​ជឿនលឿន​មិន​សូវ​ជា​ពេញ​និយម​ក្នុង​ចង្កោម​​អ្នក​ប្រើប្រាស់​កម្ពុជា​ឡើយ។ ​មាន​​​ម្នាក់​ក្នុង​ចំណោម​បី​នាក់​នៃ​អ្នក​ចូលរួម​ប៉ុណ្ណោះ​ដែល​​និយាយ​ថា ​ពួកគេ​ធ្លាប់​ទិញ-លក់​​​​ទំនិញ​នៅ​លើ​អនឡាញ។

 

​​ការ​ប្រើប្រាស់​បណ្ដាញ​សង្គម​ដើម្បី​ទទួល​យក​ព័ត៌មាន ​ចែក​រំលែក​ចំណេះដឹង​តាម​រយៈ​បណ្ដាញ​សង្គម​ក៏​ជា​ចំណុច​ចាប់​អារម្មណ៍​ដែរ។ ​ការ​សិក្សា​រក​ឃើញ​ថា ​​Facebook ​ជា​បណ្ដាញ​សង្គម​ដ៏​មាន​ប្រជាប្រិយភាព​ជាងគេ​នៅ​កម្ពុជា ​ដោយ​ក្នុង​នោះ​អ្នក​ចូលរួម​​បួន​នាក់​ក្នុង​ចំណោម​ប្រាំ​នាក់​ប្រាប់​ថា ​​ពួកគេ​បើក​មើល​ Facebook ​​ច្រើន​ដង​ក្នុង​មួយ​ថ្ងៃ​ៗ៕

 

 

 

អត្ថបទ៖ ​សីហា​

អត្ថបទថ្មី