​ស្រី​ស្អាត វិទីនី អត់​​សង្ឃឹម​ខ្ពស់ តែ​លោក​អគ្គលេខាធិការ​សង្ឃឹម​ដល់​ផ្តាច់ព្រ័ត្រ​នៅ​ស៊ីហ្គេម​​

  • 2015-04-28 16:27:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​លោកអគ្គលេខាធិការ​ ហែម គីរី និង កីឡា​ការិនីជម្រើស​ជាតិ​កម្ពុជា​​ ហែមថុន វិទីនី បាន​បង្ហាញ​​​ទំនុក​ចិត្ត​ខុស​គ្នា​​សម្រាប់​ការ​​​ចូល​រួម​ប្រកួត​​ក្នុង​​ព្រឹត្តិការណ៍កីឡា​ ស៊ីហ្គេម​ នៅ​ប្រទេស​សិង្ហបុរី​នា​ពេល​ខាង​មុខ​នេះ។

 

លោក ហែម គីរី កំពុង​បង្ហាត់​​ក្រុម​​ជម្រើសជាតិ

​កីឡា​ការិនី​ស្រស់​សោភា ហែមថុន វិទីនី ដែល​ទើប​ឈ្នះ​​មេដាយ​មាស​​ហែល​ទឹក​ថ្នាក់​ជាតិ​៥​វិញ្ញាសា​ខុស​គ្នា​កាល​ពី​ពេល​ថ្មី​ៗ​នេះ​បាន​និយាយ​ថា កញ្ញា​មិន​រំពឹង​ខ្ពស់​ថា​នឹង​អាចឈ្នះ​មេដាយ​ពី​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​ឆ្នាំ​នេះ​​ទេ​ ពី​ព្រោះ​ប្រទេស​គេ​ផ្សេង​សុទ្ធ​តែ​ខ្លាំង ​ប៉ុន្តែ​កញ្ញា​នឹង​​ខំ​ប្រឹង​ប្រែង​ឲ្យ​អស់​ពី​សមត្ថភាព​។ សម្រាប់​ការ​ត្រៀម​ខ្លួន​ឆ្នាំ​នេះ​ កញ្ញា​បាន​​ហ្វឹកហាត់​ជា​រៀង​រាល់​ថ្ងៃ​ទាំង​បច្ចេកទេស និង​ល្បឿន​ដើម្បី​ឲ្យ​ការ​ហែល​របស់​នាង​កាន់​តែ​លឿន​ជាង​មុន។​

 

ចំពោះ​លោក ហែម គីរី អគ្គលេខាធិការ​សហព័ន្ធ​​កីឡា​​ហែល​ទឹក​កម្ពុជា​​ ​និង​ជា​គ្រូ​បង្វឹក​​​បាន​និយាយ​ថា​ កីឡាករ​​ កីឡាការិនី ជម្រើស​ជាតិ​បាន​បង្កើន​ការ​ហ្វឹកហាត់​ចាប់​តាំង​ពី​​ខែមករា​​មក​ដើម្បី​ត្រៀម​ក្នុង​ការ​ប្រកួត​ព្រឹត្តិការណ៍ ស៊ីហ្គេម។ ចំណុច​​ដែល​ត្រូវ​បង្កើន​​​តាំង​ពី​ចាប់​ផ្ដើម​ហ្វឹកហាត់​មក​ ​​គឺ​​កម្លាំង​និង​បច្ចេកទេស​ ពី​ព្រោះ​លោក​យល់​ថា​ ពួកគេ​នៅ​មាន​កម្រិត​មិន​ទាន់​ល្អ​ទាំង​ស្រុង។

 

លោក​បាន​បន្ថែម​ថា ​​ក្នុង​ចំណោម​កីឡាករ ​កីឡា​ការិនី​ទាំង​អស់​​មិន​រំពឹង​​ទទួល​បាន​មេដាយ​​ទេ​ ប៉ុន្តែ​លោក​មាន​ជំនឿ​ខ្ពស់​​​លើ​​កីឡា​ការិនី ហែមថុន វិទី​នី ពិត​ជា​អាច​​ឈាន​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ។ ហែមថុន វិទីនី ​​កំពុង​​ហ្វឹកហាត់​​ និង​ហែល​ប្រដេញ​​គ្នា​ជា​មួយ​កីឡាករ​ជម្រើស​ជាតិ​ហែល​ទឹក​កម្ពុជា​​​​​ដើម្បី​បង្កើន​កម្លាំង។

 

​អគ្គលេខាធិការ​រូប​នេះ​ប្រាប់​ទៀត​ថា​ ​ទោះ​បី​ជា ហែមថុន​ វិទីនី ជា​​​កីឡា​ការិនី​ ប៉ុន្តែ​​កីឡាករ​ជម្រើស​ជាតិ​កម្ពុជា​​មួយ​​ចំនួន​មិន​អាច​​ហែល​ឈ្នះ​​​នាង​ឡើយ​​​។

 

កីឡារិនី​ជម្រើស​ជាតិ​កម្ពុជា ហែមថុន វិទីនី ធ្លាប់​បាន​ចូល​រូម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេមជា​ច្រើន​លើក​មក​ហើយ ប៉ុន្តែ​មិន​ទាន់​ធ្លាប់​ឈ្នះ​បាន​មេដាយ​ណា​មួយ​ឡើយ។ ក្តី​ស្រមៃ​របស់​នាង​គឺ​ឈ្នះ​មេដាយ​ឲ្យ​បាន​ពី​កីឡា​ស៊ីហ្គេម​នេះ មុន​ពេល​នាងកំណត់​ទិស​ដៅ​ខាង​មុខ​ទៀត។ ចាំ​មើល​ថា កីឡា​ការិនី​ម្នាក់​នេះ​អាច​បំបែក​កំណត់​ត្រា​មិន​ធ្លាប់​ឈ្នះ​មេដាយ​ទេ?

 

 

 

ហែមថុន វិទីនី កំពុង​ហ្វឹកហាត់

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា ​