ហេតុផល ១០យ៉ាងបង្ហាញថាគុណម្ដាយមិនអាចកាត់ថ្លៃបាន
- 2015-05-08 22:16:36
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ហេតុផល ១០យ៉ាងបង្ហាញថាគុណម្ដាយមិនអាចកាត់ថ្លៃបាន
ចន្លោះមិនឃើញ
ទិវារំលឹកគុណម្ដាយ នឹងឈានចូលមកដល់នាថ្ងៃទី១០ ខែឧសភាខាងមុខ ជាពេលវេលាដែលកូនគ្រប់រូបត្រូវបង្ហាញក្ដីស្រលាញ់តបស្នងចំពោះអ្នកមានគុណវិញ។ កន្លងទៅច្រើនឆ្នាំ គ្រប់គ្នាសុទ្ធតែដឹងច្បាស់ថា មានតែម្ដាយទេដែលអាចដើរតួជាគ្រូពេទ្យ ជាគ្រូបង្រៀន ជាអ្នកប្រឹក្សា... មើលថែកូនគ្រប់ពេលវេលា។ សមុទ្រគុណម៉ែគ្មានត្រើយឡើយ ធំហើយជ្រៅផងឆ្លងមិនផុត មិនអាចគណនាជាលុយកាក់មាសប្រាក់ ហើយក៏មិនអាចកាត់ថ្លៃបាន។ ហេតុអ្វីគុណម្ដាយធំធេងយ៉ាងនេះ?
ខាងក្រោមនេះជាហេតុផល ១០យ៉ាង បង្ហាញថាគុណម្ដាយមានទំហំធំធេង រហូតមិនអាចកាត់ថ្លៃបាន៖
១. ម្ដាយជាអ្នកផ្ដល់កំណើត
ម៉ែទ្រាំពរពោះកូនច្រើនខែ ខិតខំប្រឹងថែទាំងយប់ថ្ងៃ លំបាកយ៉ាងណាមិនចេញស្តី ខំប្រឹងថ្នមបីថែរក្សា។ ជាង ៩ខែ ម៉ែត្រូវរងការលំបាក ចាញ់សព្វចាញ់គ្រប់ ពេលខ្លះឃ្លានខ្លាំង ពេលខ្លះមិននឹកចំណី តែមិនហារស្ដីឡើយ ព្រោះសប្បាយចិត្តនឹកគិតថានឹងមានកូនម្នាក់កំដរជីវិតនាពេលខាងមុខ។ ពេលកើតទៀតសោត ម្ដាយត្រូវពិបាកយ៉ាងណា ពិបាករកថ្លាថ្លែងមិនរួច អស់កម្លាំងល្ហិតល្ហៃ។ ម្ដាយជាមនុស្សទីមួយ ដែលផ្ដល់កំណើតដល់កូនគ្រប់រូប។ បើទោះមិនបានចិញ្ចឹមផ្ទាល់ដៃរហូតដល់ធំដឹងក្ដី ក៏កូនបានជំពាក់គុណម្ដាយរួចទៅហើយ។
២. ម្ដាយជាគ្រូពេទ្យប្រចាំកាយ
តាំងពីតូចរហូតដល់ធំដឹងក្ដី ម្ដាយត្រូវមើលថែកូនដោយការប្រុងប្រយ័ត្ន ត្រូវដើរតួជាគ្រូពេទ្យម្នាក់នៅក្បែរកូន។ ពេលកូនឈឺ ពេលកូនពិបាកក្នុងខ្លួន ពេលយំម្ដងៗ ម្ដាយត្រូវរួសរាន់ រកទឹកក្ដៅត្រជាក់ ផ្សំថ្នាំ លួងលោមកូន។ គ្មានទីណា និងគ្រូពេទ្យណាកក់ក្ដៅជាងម្ដាយនោះទេ។
៣. ម្ដាយជាចុងភៅដ៏ចំណាន
ម្ហូបអាហារដែលកូនទទួលទាន ផ្ដល់ការលូតលាស់រាងកាយរហូតដល់ធំពេញរូបពេញរាងស្ទើរទាំងអស់ កើតឡើងដោយស្នាដៃម្ដាយ។ ម្ហូបណាកូនចូលចិត្ត ម្ហូបណាកូនមិនចូលចិត្ត សុទ្ធតែម្ដាយអាចដឹងទាំងអស់។ បង្រៀនកូនឲ្យចេះទទួលទានបន្លែ ធ្វើម្ហូបដែលកូនចូលចិត្តដោយទឹកមុខញញឹម បែកញើសជោគខ្លួន បង្ហាត់កូនឲ្យចេះធ្វើម្ហូប។
៤. ម្ដាយជាគ្រូបង្រៀនដ៏ពូកែ
ចេះទទួលទានអាហារ ចេះញញឹម ចេះនិយាយ ចេះដើរ គ្មានគ្រូបង្រៀនណាមកបង្ហាត់អ្នកតាំងពីតូចដូចម្ដាយទេ។ មានតែម្ដាយនេះហើយ ដែលជាអ្នកបង្ហាត់បង្ហាញកូនគ្រប់ពេល ប្រឹងនិយាយជាមួយកូនតូច បើទោះបីគេស្ដាប់មិនបាន មិនឆ្លើយតបវិញ។ រៀងរាល់ថ្ងៃ ពេញ ២៤ម៉ោង មានពេលតិចណាស់ដែលម្ដាយបែកពីកូនតូច។ ម្ដាយតែងនៅជិតកូន បង្ហាញផ្លូវកូនគ្រប់ពេលដោយភាពស្មោះត្រង់ បំណងតែមួយចង់ឃើញកូនក្លាយជាមនុស្សល្អម្នាក់។
៥. ម្ដាយជាបុគ្គលិកអនាម័យប្រចាំកាយកូន
ទោះអ្នកមិនដឹងថាខ្លួនឯងធ្លាប់ធ្វើអ្វីខ្លះកាលនៅតូច ប៉ុន្តែមើលទារកនៅជុំវិញ អ្នកនឹងដឹងថាខ្លួនធ្លាប់ធ្វើបាបម្ដាយកម្រិតណា។ ម្ដាយត្រូវបំពេញតួនាទីជាអ្នកតាមសំអាតអនាម័យឲ្យកូន រៀបចំកន្លែងដែលកូនលេង បោកគក់ខោអាវឲ្យកូន។ សាកគិតទៅមើល៍ ប៉ុន្មានឆ្នាំដែលម្ដាយត្រូវបំពេញតួនាទីបែបនេះដើម្បីកូន។
៦. ម្ដាយជាអ្នកប្រឹក្សា
មិនថាមានរឿងអ្វីកើតឡើងចំពោះកូនក៏ដោយ ក៏ម្ដាយតែងឈរនៅខាងកូន និងផ្ដល់ប្រឹក្សាឲ្យកូនជានិច្ច។ ទោះលំបាកយ៉ាងណា រវល់យ៉ាងណា ក៏ម្ដាយត្រូវឆ្លៀតពេលផ្ដល់យោបល់ ជួយគិតគ្រប់ពេលដែលកូនត្រូវការ។
៧. ម្ដាយជាឃ្លាំងប្រាក់មិនចេះរីងស្ងួត
បង្កើតកូនហើយ ម្ដាយត្រូវបំពេញតួនាទីជាអ្នកចិញ្ចឹម ប្រឹងចាយកម្លាំងប្ដូរយកប្រាក់ មិនគិតពីការនឿយហត់។ ម្ដាយប្រៀបដូចជាឃ្លាំងប្រាក់ ដែលកូនដកចាយមិនចេះរីងស្ងួត។ ទោះពេលខ្លះមានតិចច្រើនមិនស្មើគ្នា ប៉ុន្តែឃ្លាំងប្រាក់មួយនេះ នៅតែអាចផ្គត់ផ្គង់លុយកាក់ឲ្យកូនមិនដែលអាក់ឡើយ។
៨. ម្ដាយជាអ្នកលួងលោម
គ្រប់ពេលកូនខូចចិត្ត គ្រប់ពេលកូនយំ ម្ដាយត្រូវលួងលោមកូន ម្ដាយត្រូវធ្វើខ្លួនជាខ្លួនជាអ្នកចម្រៀងបំពេកូនឲ្យដេក។ សម្ដីដ៏ស្រទន់របស់ម្ដាយ ពេលខ្លះអាចជួយកូនឲ្យរសាយអស់ទុក្ខកង្វល់ ផុតចាកមន្ទិលក្នុងចិត្តទាំងឡាយ។ ពាក្យសម្ដីរាប់មិនអស់ ដែលម្ដាយត្រូវប្រើលួងលោមកូនរហូតដល់ធំដឹងក្ដី។
៩. ទទួលយកកូនគ្រប់ពេលវេលាទោះក្លាយជាអ្វីក៏ដោយ
ទោះកូនកើតមកក្នុងសភាពពិការ គ្មានអវយវៈគ្រប់គ្រាន់ ក៏ម្ដាយនៅតែឱបកូនជាប់ដើមទ្រូង ដោយក្ដីស្រលាញ់អាណិត។ បើទោះកូនជាមនុស្សជាមនុស្សអាក្រក់ដើរខុសផ្លូវ ត្រូវមនុស្សជាច្រើនជេរស្ដី ក៏ម្ដាយប្រឹងអូសទាញកូនមករកផ្លូវល្អវិញ។ មិនថាធ្លាក់ក្នុងសភាពណា ក៏ម្ដាយនៅតែអាចទទួលយកូនបាន។
១០. គិតពីអនាគតកូន
ចិញ្ចឹមកូនពីតូចដល់ធំហើយដឹងក្ដីហើយ ម្ដាយត្រូវគិតពីអនាគតកូន ខ្លាចកូនរស់នៅមិនស្រួល។ រៀបចំអាពាហ៍ពិពាហ៍ ម្ដាយត្រូវចំណាយកម្លាំង និងការគិត គ្មានពេលស្រាកស្រាន្ត ខ្លាចកូនជួបមនុស្សមិនល្អ។ គ្រប់ពេលម្ដាយតែងគិតដល់កូនជានិច្ច។
មិនមែនមួយថ្ងៃក្នុងទិវារំលឹកគុណម្ដាយ អាចឲ្យកូនគ្រប់រូបសងគុណម្ដាយអស់ទេ ព្រោះគុណនោះមានទំហំធំណាស់។ មួយថ្ងៃរៀងរាល់ឆ្នាំ គ្រាន់តែជាការរំលឹកកូនគ្រប់រូបថា ម្ដាយមានគុណធ្ងន់ចំពោះកូនប៉ុណ្ណា។ ឪពុកក៏មិនខុសពីម្ដាយ សុខចិត្តលះបង់កម្លាំងញើសឈាមផ្ទាល់ខ្លួនដើម្បីកូន និងជាមនុស្សមានគុណមិនអាចកាត់ថ្លៃបានដូចគ្នា៕
ចុចអាន៖ ទឹកចិត្តក្មេងប្រុសបោសសំរាមជំនួសម្ដាយរកលុយចិញ្ចឹមជីវិត
ចុចអាន៖ ពាក្យ ១០ឃ្លា ម៉ែតែងលាក់ បើអ្នកបានឮអាចស្រក់ទឹកភ្នែក
ដោយ៖ គង់ វិសាល ប្រភព៖ Mirror