LD Picture ទម្លាយភាពចម្រូងចម្រាសក្នុងរឿង "អ្នកលេងជើងខ្វេរ"
- 2015-05-19 17:11:54
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
LD Picture ទម្លាយភាពចម្រូងចម្រាសក្នុងរឿង "អ្នកលេងជើងខ្វេរ"
ចន្លោះមិនឃើញ
ផលិតកម្ម LD Picture កំពុងដំណើរការចាក់បញ្ចាំងរឿង "អ្នកលេងជើងខ្វេរ" ក្រោយពេលបញ្ចប់បញ្ហាជាមួយនាយកដ្ឋានភាពយន្ត នៃក្រសួងវប្បធម៌ ដោយតម្រូវឱ្យកាត់ចោលនូវឈុតឆាកមួយចំនួន ដែលយល់ថា មានផលប៉ះពាល់អវិជ្ជមានដល់សង្គម មុនផ្ដល់ទិដ្ឋាការចាក់បញ្ចាំងតាមរោងភាពយន្តនានា។
លោក លៀក លីដា និយាយថា៖ "សម្រាប់ពូកខ្ញុំអ្នកផលិត ឈុតហ្នឹងសុទ្ធតែសំខាន់ទាំងអស់នៅក្នុងសាច់រឿងហ្នឹង។ ប៉ុន្តែបើពួកគាត់ឱ្យកាត់ចោល យើងអត់ដឹងនិយាយយ៉ាងម៉េចទេ ត្រូវតែកាត់"។
ចាងហ្វាងផលិតកម្មរូបនេះបន្ថែមថា ការចាក់បញ្ចាំងដើម្បីសម្ពោធកាលពីសប្ដាហ៍មុន ជាសាច់រឿងទាំងមូលនៅមិនទាន់បានកាត់នៅឡើយទេ ដោយសារតែភ្លាមៗពេកក្រុមការងារមិនអាចធ្វើទាន់ ខណៈមានការយោគយល់ខ្លះដែរ ពីនាយកដ្ឋានភាពយន្ត។
លោកបានអះអាងទៀតថា ក្រុមការងារបានធ្វើតាមការទាមទាររបស់នាយកដ្ឋានភាពយន្ត នៅមុនពេលដាក់ដំណើរការចាក់បញ្ចាំងតាមរោងភាពយន្ត។ ជាមួយគ្នានោះអ្នកដឹកនាំរឿងវ័យក្មេងរូបនេះនិយាយទៀតថា ប្រសិនបើមិនមានការកាត់នូវឈុតឆាកណាមួយនោះទេ ស្នាដៃថ្មីនេះ ប្រាកដជាទទួលជោគជ័យខ្លាំងមិនខាន ព្រោះបានផលិតឡើងយ៉ាងយកចិត្តទុកដាក់។
លោកនៅតែជឿជាក់ថា ស្នាដៃថ្មីរបស់លោកមិនមានផលប៉ះពាល់ធ្ងន់ធ្ងរទៅដល់មជ្ឈដ្ឋានខាងក្រៅនោះទេ បើប្រៀបធៀបទៅនឹងកុនថៃមានចំណងជើងថា "ទាសករស្នេហ៍" ដែលនាយកដ្ឋានធ្លាប់បានផ្ដល់ទិដ្ឋាការចាក់បញ្ចាំងកន្លងមក។ លោកថា៖ "គឺរឿងនោះ សាហាវជាងរឿងនេះទៀត មានពាក្យជេរស្ដី មានពាក្យប្រមាថ ការប្រើអំពើហិង្សាទៅលើស្ត្រី មិនដឹងមានឈុតត្រង់ណាទេ ដែលអប់រំសោះ ប៉ុន្តែ ក្រសួងបានចេញទិដ្ឋាការឱ្យចាក់ផ្សាយដែរ"។
ទោះបីជាយ៉ាងណា អ្នកដឹកនាំរឿងរូបនេះ អះអាងថា មិនអាចបដិសេធសំណើរបស់ក្រសួងបានទេ។ ជាមួយគ្នានោះ ផលិតកម្មនៅតែសង្ឃឹមលើភាពជោគជ័យក្រោយការចាក់បញ្ចាំងតាមរោងភាពយន្តចប់រួចរាល់៕
ទិដ្ឋភាពថ្ងៃសម្ពោធរឿង"អ្នកលេងជើងខ្វេរ"
អត្ថបទ៖ សំ ជំនាញ