ស៊ុន ណារីម៉ូនីកា ទៅបារាំង១ថ្ងៃក៏វិលវិញ
- 2015-05-28 11:14:52
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស៊ុន ណារីម៉ូនីកា ទៅបារាំង១ថ្ងៃក៏វិលវិញ
ចន្លោះមិនឃើញ
ប៉ុន្មានថ្ងៃមុន ស៊ុន ណារីម៉ូនីកា បានវិលត្រលប់ទៅប្រទេសបារាំងវិញហើយ ប៉ុន្តែ ពេលនេះស្រាប់តែឃើញអ្នកនាងមានមុខនៅប្រទេសកម្ពុជាដដែល ថែមទាំងចូលរួមកម្មវិធីជប់លៀងរបស់អ្នកសិល្បៈនានា និង មានការសួរនាំជាហូរហែ ទៀតផង។
ទោះបីជាយ៉ាងណា ឆ្លើយតបមកកាន់ Sabay អតីតតារាចម្រៀងទសវត្ស ៩០ ខាងលើ ឱ្យដឹងថា អ្នកនាងវិលត្រឡប់ទៅកាន់ប្រទេសបារាំងតែ ១ ថ្ងៃទេ ដើម្បីសម្ពោធភោជនីយដ្ឋានទើបបើកថ្មី ក្នុងនាមជាម្ចាស់លុយ។ នៅទីនោះមានលក់ម្ហូបសម្រាប់ជនជាតិស្បែកខ្មៅនានា។ ប៉ុន្តែអតីតតារាចម្រៀងនិយមតុបតែងខ្លួនបែបស្ត្រីជនជាតិឥណ្ឌា មិនបានបង្ហាញពីខ្ទង់ចំណាយជាក់លាក់សម្រាប់ដំណើរការមុខរបរនេះទេ ហើយក៏មិនបានទៅគ្រប់គ្រងផ្ទាល់ដែរ។
“ខ្ញុំគ្រាន់តែទៅសម្ពោធទេ ចំណែកអ្នកមើលការខុសត្រូវ យើងជួលគេ ចាំទូទាត់ចំណូលចំណាយចុងខែអីចឹងទៅ"។ ម៉ូនីកា បានបន្ថែមថា ធ្លាប់បានបើកហាងមួយចំនួននៅទីនោះ និង កំពុងដំណើរការសព្វថ្ងៃ ខណៈភោជនីយដ្ឋានបែបនេះ ជាលើកដំបូងហើយ ដែលមិនទាន់ដឹងថា បង់ខាត ឬ ចំណេញយ៉ាងណាទេ។
ម្យ៉ាងទៀតតារាខាងលើអះអាងថា តាមរយៈបទពិសោធន៍កន្លងមក ហាងរបស់ខ្លួនតែងរងការខាតបង់នៅដំណាក់កាលដំបូង និង ចាប់ចំណេញបណ្ដើរៗមកវិញ។ ម៉ូនីកា ក៏បានបង្ហើបទៀតថា មានហាងខ្លះក៏រងការខាតបង់ទាំងស្រុងផងដែរ ដោយសារតែចាញ់បោកអ្នកដែលទុកចិត្តក៏មាន។ នោះជាបទពិសោធន៍មួយសម្រាប់អ្នកមេម៉ាយរូបនេះ ដែលរស់នៅស្រុកគេតែម្នាក់ឯង។
ជាមួយគ្នានោះ អ្នកនាងបញ្ជាក់ថា ការត្រលប់មកកាន់ប្រទេសកម្ពុជាលើកនេះ មិនទាន់កំណត់ពេលទៅបារាំងវិញទេ។ កន្លងមកអតីតតារាកំប្លែងក្រមិចក្រមើមធ្លាប់បានបញ្ជាក់ថា ទោះបីជារស់នៅប្រទេសកំណើតយូរយ៉ាងណាក៏គ្មានបញ្ហាចោទដែរ ព្រោះរស់នៅប្រទេសបារាំងម្នាក់ឯង។ ម្យ៉ាងទៀតមុខរបរនៅទីនោះសុទ្ធសឹងតែមានអ្នកមើលការខុសត្រូវ៕
អានអត្ថបទ៖ Star Model Cambodia ទើបបង្កើត តែដណ្ដើមបានពាន ៤ នៅកូរ៉េក្នុងពេលតែមួយ អានអត្ថបទ៖ អ៊ីវ៉ា ស្ទាក់ស្ទើររឿងចាកចេញពី សាន់ដេ
អត្ថបទ៖ សំ ជំនាញ