​ខ្ញុំ​ពិត​ជា​ខ្លាច​​ ខ្លាចថា​ពេល​វេលា​​បេះដូង​​​​ខ្ញុំ​ទ្រាំ​ចាំ ​បាន​វិញ​ត្រឹម​​សន្យា​​​​​​ខ្យល់

  • 2015-06-01 14:00:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សួស្តី​បង​ Sabay និង​ប្រិយមិត្ត​របស់​គេហទំព័រ​ Sabay ទាំង​អស់។ មាន​រឿង​មួយ​ដែល​ខ្ញុំ បាន​លាក់​ទុក​ក្នុង​ចិត្ត ដែល​មិន​ដឹង​ថា​គួរ​ចែក​រំលែក​ជាមួយ​អ្នក​ណា ទើប​ថ្ងៃ​នេះ​ខ្ញុំ​សម្រេច ​ចិត្ត​វាយ​អត្ថបទ​នេះ​រួច​ផ្ញើ​មក​បង​សប្បាយ​។

 

មុន​ដំបូង​ខ្ញុំ​សូម​រៀប​រាប់​ពី​នាង​ខ្ញុំ​ជា​មុន​សិន​​នាង​ខ្ញុំ​ឈ្មោះ​កន្និកា។​ ឆ្នាំ​នេះ​ខ្ញុំ​មាន​អាយុ​​ ២៨ឆ្នាំ ខ្ញុំ​មាន​ការងារ​ល្អ និង​មាន​ប្រាក់​ខែ​ច្រើន​​គួរ សម​នៅ​ក្រុមហ៊ុន​ឯកជន​មួយ​ក្នុង​ទីក្រុង​ភ្នំពេញ​ ដែល​ជា​ស្រុក​កំណើត​របស់​ខ្ញុំ​ស្រាប់។​ បើ និយាយ​ពី​រូប​សម្បត្តិ​វិញ​ខ្ញុំ​អាចចាត់​ទុក​ថា​ខ្លួន​ឯង​មាន​សម្រស់​គ្រាន់​បើ ហើយ​មាន​មនុស្ស​មិន​តិច​ទេ​ដែល​តាម​ស្រលាញ់​ខ្ញុំ​ មិន​មែន​ថា​ខ្ញុំ​មិន​ធ្លាប់​មាន​សង្សារ​នោះ​ទេ។​ ខ្ញុំ​ក៏​ធ្លាប់​មាន​បី​នាក់​ដែរ ​តែ​ខ្ញុំ​បាន​បែក​គ្នា​ហើយ​ ខ្ញុំ​ហាក់​មិន​ជោគជ័យ​ក្នុង​រឿង​ស្នេហា​សោះ ​បន្ទាប់​ពី​បែក​គ្នា​ពី​អ្នក​ទី​ បី​នោះ​ខ្ញុំ​លែង​គិត​ពី​បញ្ហា​ស្នេហា​ហើយ​គឺ​យក​ចិត្ត​​ទុក​ដាក់​តែ​ពី​រឿង​ការងារ​ប៉ុណ្ណោះ ​ខ្ញុំ​ត្រូវ​ ​ខិតខំ​រក​លុយ​សម្រាប់​ចំណាយ​ប្រចាំ​ថ្ងៃ​ខ្លួន​ឯង​ ព្រោះ​ខ្ញុំ​មិន​មែន​ជា​កូន​អ្នក​មាន​ទេ។​

 

​ប៉ាម៉ាក់​ខ្ញុំ ​មិន​មែន​ជា​អ្នកមាន​មុខ​មាត់​ខ្ពង់​ខ្ពស់​ក្នុង​សង្គម​ដែរ​ អាច​និយាយ​បាន​ថា​មាន​ជីវភាព​សមរម្យ ​តែ​មិន​មាន​អ្វី​ជា​បញ្ហា​ទេ​ព្រោះ​ខ្ញុំ​ពេញចិត្ត​និង​អ្វី​ដែល​ខ្ញុំ​មាន​សព្វ​ថ្ងៃ​ គឺ​សុភមង្គល​ក្នុង​គ្រួសារ។​ ​គ្រួសារ​ខ្ញុំ​មាន​សេចក្តី​សុខ​ណាស់​ដោយសារ​ម្នាក់ៗ​ចេះ​អធ្យាស្រ័យ និង​យោគយល់​គ្នា​ទាំង​ នេះ​ជា​អ្វី​ដែល​ប៉ាម៉ាក់​បាន​បង្រៀន​ខ្ញុំ​ គឺ​ធ្វើ​អ្វី​កុំ​ឲ្យ​ប៉ះពាល់​អ្នក​ដទៃ​ ត្រូវ​ចេះ​សន្សំ​តែ​សុខ។​ ខ្ញុំ ​យល់​ថា​ខ្លួន​ឯង​មាន​គំនិត​ចាស់ទុំ​ណាស់​ពេលនេះ​ព្រោះ​អាយុ​​ក៏​កាន់​តែ​ចាស់​ដែរ។​ ប៉ាម៉ាក់​ក៏ ចេះ​តែ​សួរ​ខ្ញុំ​ពីរឿង​គូស្រករ​តែខ្ញុំចេះ​តែ​ធ្វើ​ហី​ហី។

 

លុះ​ថ្ងៃ​មួយ​ខ្ញុំ​បាន​ជួប​បុរស​ម្នាក់ ​គាត់​ជា​មិត្ត​ ភ័ក្តិ​បង​ជីដូន​មួយ​របស់​ខ្ញុំ។ ថ្ងៃ​ដំបូង​ដែល​ខ្ញុំ​បាន​ជួប​គាត់​គឺ​នៅ​ផ្ទះ​របស់​បង​ជី​ដូន​មួយ​ខ្ញុំ​នោះ​​ តែ​ម្តង គាត់​បាន​ណែនាំ​ឲ្យ​ខ្ញុំ​បាន​ស្គាល់​គ្នា ​យើង​មិន​បាន​និយាយ​គ្នា​អ្វី​ច្រើន​ទេ​ព្រោះ​ខ្ញុំ​ជា​ មនុស្ស​មិន​សូវ​ចូលចិត្ត​និយាយ​ច្រើន​ស្រាប់ តែ​គាត់​ហាក់​ចង់​និយាយ​លេង​សើច​ច្រើន​ ជាមួយ​ខ្ញុំ។ ក្រោយ​ពី​នោះ​មក​ខ្ញុំ​បាន​ជួប​គាត់​ពីរ​ បី​ដង​ទៀត​ដែរ​ពេល​មាន​ពិធី​ជប់​លៀង​ ជាមួយ​បង​ជីដូន​មួយ​ខ្ញុំ។​ ក្រោយ​មក​ខ្ញុំ​ក៏​បាន​ឃើញ​គាត់​ add ខ្ញុំ​ក្នុង​​ Facebook ខ្ញុំ​មិន​បាន​គិត​​ច្រើន​ទេ​ក៏​ accept ភ្លាម​ៗ​ដែរ​។ ចាប់​តាំង​ពី​ថ្ងៃ​នោះ​មក​គាត់​តែង​ផ្ញើសារ​មក​ខ្ញុំ​មិន​ដែល​ដាច់​ទេ។​ ខ្ញុំ​ក៏​ឆ្លើយ​តប​វិញ​ធម្មតា​តាម​សុជីវធម៌​មនុស្ស​ស្គាល់​គ្នា ​មាន​ថ្ងៃ​​មួយ​គាត់​បាន​សុំ​តេ​មក ​និយាយ​ម្តង​ជំនួស​ការ​ផ្ញើ​សារ។​ ​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ការ​និយាយ​ជាមួយ​គ្នា​ជា​ហូរហែរ។​

 

ពួក យើង​ហាក់​និយាយ​ត្រូវ​គ្នា​និង​ចុះ​សម្រុង​គ្នា​ណាស់។​ គាត់​តែង​តែ​សួរ​ពី​​​ចំណង់ចំណូលចិត្ត​និង​ បង្រៀន​ខ្ញុំ​ពី​អ្វីៗ​ជា​ច្រើន​នៅ​ក្នុង​សង្គម​ គាត់​មាន​អាយុ​មិន​ចាស់​​ជាង​ខ្ញុំ​ប៉ុន្មាន​ទេ។​ គាត់​មាន ​អាយុ​ចាស់​ជាង​ខ្ញុំ​បួន​ឆ្នាំ​ តែ​ពេល​ខ្លះ​គាត់​មើល​ទៅ​ដូច​ជា​ចាស់​ទុំ​ណាស់​ហើយ​ក៏​មាន​​ពេល ​ខ្លះ​គាត់​ដូច​ជាកូន​ក្មេង​ចឹង​តែង​និយាយ​ឲ្យ​ខ្ញុំ​សើច​ជា​និច្ច។​ ម៉្យាង​ទៀត​គាត់​តែង​និយាយ​ថា​ខ្ញុំ ចេះ​ធ្វើ​ខ្លួន​គួរឲ្យ​ស្រលាញ់​ ខ្ញុំ​ចាប់​ផ្តើម​មាន​អារម្មណ៍​ថា​គាត់​មាន​ចិត្ត​លើ​ខ្ញុំ​ហើយ​។​ មិន​យូរ​ប៉ុន្មាន​គាត់​បាន​សារភាព​ប្រាប់​ខ្ញុំ​មែន​ តែ​ខ្ញុំ​មិន​បាន​ឆ្លើយ​ថា​យល់​ព្រម​ទេ​ ព្រោះ​យើង​ទើប​តែ បាន​ស្គាល់​និង​ជួប​គ្នា​បាន​បី​ដង​ប៉ុណ្ណោះ​ ខ្ញុំ​មិន​អាច​ជួប​គាត់​ច្រើន​ទេ​​ព្រោះ​គាត់​រស់​នៅ​ ប្រទេស​កាណាដា​ឯ​ណោះ ​តែ​ម៉ាក់​ប៉ា​បង​ប្អូន​គាត់​រស់​នៅ​ភ្នំពេញ​ គាត់​មាន​ហាង​ផ្ទាល់​ខ្លួន​​នៅ​ទីនោះ​ចឹង​ហើយ​គាត់​មក​លេង​ទី​នេះ​យូរ​ៗ​ម្តង​ទេ។ ចាប់​តាំង​ពី​ថ្ងៃ​ដែល​គាត់​សារភាព ប្រាប់​ថា​ស្រលាញ់​ខ្ញុំ។​ ខ្ញុំ​ហាក់​ចង់​ធ្វើ​ខ្លួន​ឲ្យ​ឆ្ងាយ​ពី​​គាត់ ខ្ញុំ​សារភាព​ថា​ខ្ញុំ​ចូល​ចិត្ត​អត្តចរិត​​របស់​គាត់។ គាត់​មាន​រូបសម្បត្តិ​សមរម្យ​ និង​មាន​ចំណេះដឹង​​ខ្ពស់​ ។​គាត់​គួរ​តែ​មិន​ខ្វះ​អ្នក​ដែល​ស្រ​លាញ់​គាត់​ទេ​។ គាត់​ច្បាស់​ជា​ដឹង​ខ្លួន​ថា​​ខ្ញុំ​បាន​កម្រិត​គម្លាត​ពី​គាត់ តែ​គាត់​នៅ​តែ​និយាយ​ល្អ ​ជាមួយ​ខ្ញុំ​ធម្មតា។​ ថ្ងៃ​មួយ​ខ្ញុំ​ហាក់​មិន​មាន​​អារម្មណ៍​ល្អ​សោះ​ដែល​ធ្វើ​បែប​នេះ​ដាក់​គាត់​ គាត់​ជា​ មនុស្ស​ល្អ​មិន​គួរ​ចំណាយ​ពេល​បែប​នេះ​ជាមួយ​ខ្ញុំ​ទេ​។​ ខ្ញុំ​ក៏​បាន​ទម្លាយ​ការ​ពិត​ប្រាប់​គាត់​ថា​ខ្ញុំ ​មិនមែន​ស្អប់​គាត់​ទេ។​

 

ខ្ញុំ​ក៏​ចូល​ចិត្ត​គាត់​ដែរ​ គ្រាន់​តែ​មាន​រឿង​ខ្លះ​ខ្ញុំពិត​ជា​មិន​ដឹង​ថា​គួរ​ និយាយ​យ៉ាង​ម៉េច​ឲ្យ​សម។​ អ្នក​ទាំង​អស់​គ្នា​ច្បាស់​ជា​ធ្លាប់​ឮ​ពី​រឿង​ប្រកាន់​វណ្ណះ​ហើយ​នៅ​ក្នុង សង្គម​បច្ចុប្បន្ន​ជាពិសេស​នៅ​ក្នុង​ខ្សែ​ភាពយន្ត​ក៏មាន​និយាយ​ពីបញ្ហា​នេះ​ដែរ​។​ គ្រួសារ​គាត់​ កាត់​ចិន​ មានមុខ​របរច្រើន​នៅ​ទី​នេះ​ ថែម​ទាំង​មាន​មុខមាត់​ក្នុង​សង្គម​ទៀត​ផង។​ ខ្ញុំ​មិន​ដែល​ ប្រាថ្នា​ចង់​បាន​គ្រួសារ​អ្នក​មាន​អី​នោះ​ទេ។​ ​ខ្ញុំ​ជឿ​ថា​ច្បាស់​ជា​មិន​មាន​សេចក្តី​សុខ​ឡើយ ខ្ញុំ​ពិត​ ជា​ខ្វល់ខ្វាយ​មិន​ដឹង​ប្រាប់​គាត់​យ៉ាង​ណា​ តែ​ខ្ញុំ​នៅ​តែ​តាំង​ចិត្ត​ប្រាប់​គាត់​ឲ្យ​បាន​ដឹង​កុំ​ទុក​យូរ​ នាំ​តែ​សៅហ្មង​ទាំង​គាត់​និង​ខ្ញុំ។

 

​ខ្ញុំបាន​ប្រាប់​គាត់ថា​ខ្ញុំ​មិន​សក្ត័សម​នឹង​គាត់​ទេ ​បើ​និយាយ​ពី ​វណ្ណះ​ពួក​យើង​ហាក់​ដូចជា​ខុសគ្នា​ឆ្ងាយ​បន្តិច​ហើយ​ ​តែ​គាត់​មិន​ពេញ​ចិត្ត​និង​ហេតុ​ផល​ របស់​ខ្ញុំ​ទេ​។​ ខ្ញុំ​ដឹង​គាត់​រស់នៅ​ស្រុក​គេ គាត់​ច្បាស់​ជា​មិន​គិត​ពី​រឿង​នេះ​ទេ​ តែ​វា​ជា​ហេតុផល ​តែមួយ​គត់​ក្នុង​ចិត្ត​ខ្ញុំ​ដែល​ខ្ញុំ​ចង់​ឲ្យ​គាត់​ដឹង​។ ទី​បំផុត​គាត់​មិន​ត្រឹមតែ​មិន​ទទួល​យក​ហេតុ​ ផល​របស់​ខ្ញុំ​ទេ ​ថែម​ទាំង​ប្រាប់​ខ្ញុំ​ថា​ទោះ​មាន​រឿង​នោះ​កើត​ឡើង​មែន​គាត់​និង​ជម្នះ​វប្បធម៌​ ប្រកាន់​វណ្ណៈ​ឲ្យ​បាន។​ សម្តី​គាត់​បាន​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​ទុក​ចិត្ត​និង​កក់​ក្តៅ​ណាស់​។​ ចាប់​តាំង​ពី​ថ្ងៃ​នោះ​មក​ខ្ញុំ​និង​គាត់​ចាប់​ផ្តើម​ស្រលាញ់​គ្នា។​ ទោះ​បីគាត់​នៅ​ឆ្ងាយ​សែន​ឆ្ងាយ​តែ​ក្តី​ស្រលាញ់​ដែល​ពួកយើង​ឲ្យ​គ្នា​មិន​ចាញ់​អ្នក​ដែល​នៅ​ក្បែរ​គ្នា​នោះ​ទេ។​ ពាក្យ​ផ្អែមល្ហែម​ក្តី​បារម្ភ​ ក្តី​នឹក​រលឹក។​ ពេល​វេលា​ទាំង​នេះ​អាច​ជា​ការ​ពិសោធន៍​ចិត្ត​រៀងៗ​ តែ​ស្នេហា​របស់​យើង​មិន​ មាន​ការ​ប្រែ​ប្រួល​ឡើយ​។

 

រយៈ​ពេល​មួយ​ឆ្នាំ​បានកន្លង​ផុត​ទៅ​ វា​មិន​យូរទេ​តែ​សម្រាប់​អ្នក ​ដែល​រង់ចាំ​គឺវាយូរ​សែន​យូរ​។​ ទោះជា​យ៉ាង​ណា​វាក៏​បាន​មក​ដល់​ហើយ​ ជា​ពេលវេលា​ដែល​ខ្ញុំ​ និង​គាត់​បាន​ជួបគ្នា​ម្តង​ទៀត​។​ ថ្ងៃ​ណាត់​ទី​មួយ​គឺ​ការ​ញ្ញ៉ាំ​អាហារ​ពេល​ល្ងាច​ដ៏​រ៉ូ​មេន​ទិច​ជាមួយ​ នឹង​បាច់​ផ្កា​ដ៏ស្រស់​ស្អាត ​ខ្ញុំ​ពិត​ជា​រំភើប​ខ្លាំង​ណាស់​ ជា​ពិសេស​គឺ​ការ​យក​ចិត្ត​ទុក​ដាក់​របស់​ គាត់ មិន​យូរ​ប៉ុន្មាន​គាត់​បាន​សុំ​ខ្ញុំ​រៀបការ​។​ ខ្ញុំ​ដូច​ជា​ស្រលាំងកាំង​ព្រោះ​វាហាក់​ដូចជា​លឿន​ បន្តិច​ហើយ​។​ ខ្ញុំ​បានសុំ​គាត់ឲ្យទុក​ពេលឲ្យខ្ញុំ​គិត​មួយ​រយះទៀត គាត់​ក៏​យល់​ព្រម​។​

 

បន្ទាប់​មក ​ទៀត​រឿង​របស់​ខ្ញុំ​និងគាត់​ក៏បានដឹងឮ​ដល់​ចាស់​ៗទាំង​សង​ខាង។​ ខ្ញុំ​បាន​ប្រាប់​រឿងរ៉ាវ​របស់​ខ្ញុំ ទាំង​អស់​ដល់​អ្នក​ផ្ទះ​ខ្ញុំ​ ​ពួក​គាត់​មិន​ជំទាស់​ទេ​ឲ្យ​តែ​ពួក​ខ្ញុំ​ចេះ​ស្រលាញ់​គ្នា។​ រឿង​ដែល​ខ្ញុំ​បាន ​គិត​និង​ខ្លាច​នោះ​ពិត​ជា​បាន​មក​ដល់​មែន​ហើយ​ ​ប៉ា​ម៉ាក់​គាត់​បាន​ប្រាប់​តាម​បង​ជីដូន​មួយ​ខ្ញុំ​ ថា ​ខ្ញុំ​និង​កូន​ប្រុស​គាត់​ខុស​ខែ​ឆ្នាំ​ ។ តើ​នេះ​ជា​លេស​នៃ​ការមិន​ពេញ​ចិត្ត​ខ្ញុំ​មែន​ទេ​?​ ខ្ញុំ​យល់​ ​ច្បាស់​ពី​សង្គម​មួយ​នេះ​ ​ហើយ​ប៉ាម៉ាក់​ខ្ញុំ​មាន​ការ​ខឹង​សម្បារ​យ៉ាង​ខ្លាំង​ចំពោះ​រឿង​នេះ​ ថែម ​ទាំង​មិន​ឲ្យ​ខ្ញុំ​ចេញ​ទៅ​ជួប​គាត់​ទៀត​ទេ​ ហើយ​គាត់​ក៏ហាក់​ដូច​ជាមិន​សូវ​ខ្វល់​ពី​ខ្ញុំ​ដូច​មុន​ ឬ​ក៏​ គាត់​បាន​តាម​ចិត្ត​ប៉ា​ម៉ាក់​គាត់​ហើយ?  មើល​ទៅ​គាត់​ដូចជា​ស្រលាញ់​អ្នក​ផ្ទះ​គាត់​ណាស់​។ ខ្ញុំ​បាន​គេង​យំ​រហូត​ តូច​ចិត្ត​ណាស់​ ឯ​ណា​ទៅ​ពាក្យ​ដែល​គាត់​ថា​ជម្នះ​រាល់​បញ្ហា​ឲ្យ​តែ​បាន​រស់​ នៅ​ជាមួយ​ខ្ញុំ? ឬ​ក៏​គាត់​បាន​ភ្លេច​អស់​ហើយ​?

 

 

ប្រុស​សោះ​ ថា​ម៉ែ​ឪ​បង្ខំ​​ឲ្យ​ការ ឬ​គ្រាន់​ជា​លេស​​គាត់​ទាំង​មិន​​អាសូរ​​​​​បេះ​ដូង​​​ខ្ញុំ​​​​​ដែល​រង់ចាំ​គាត់​​រាប់​ឆ្នាំ? ​

 

រូប​តំណាាង

ថ្ងៃ​មួយ​មុន​គាត់​ចេញ​ទៅ​កាណាដា​វិញ​មួយ​ថ្ងៃ ​គាត់​បាន​ផ្ញើសារ​មក​ខ្ញុំ​ហើយ​បាន​ប្រាប់​ខ្ញុំ​​ថា​គាត់​បាន​និយាយ​ជាមួយ​ម៉ាក់​គាត់​ ហើយ​ ចុង​ឆ្នាំ ​នេះ​គាត់​នឹង​ឲ្យ​ប៉ា​ម៉ាក់​គាត់​ចូល​ស្តី​ដណ្តឹង​ខ្ញុំ​។​ តើ​ខ្ញុំគួរ​តែ​ចាំ​គាត់​ទេ?​ ​គាត់​ថា​គាត់​និង​មក​រស់​ នៅ​ទី​នេះ​វិញ​ដើម្បី​បាន​នៅ​ក្បែរ​ខ្ញុំ ​ខ្ញុំ​នៅ​តែគិត​ថា​ការ​មក​វិញ​របស់​គាត់​គឺ​ជា​ការ​ដោះ​ដូរ​នឹង ​ពាក់ពន្ធ័​ជាមួយ​ខ្ញុំ​ព្រោះ​ខ្ញុំ​នៅ​ចាំ​បាន​ថា​ ប៉ាម៉ាក់​គាត់​ចង់​ឲ្យ​គាត់​មក​រស់នៅ​ទី​នេះ​វិញ​ណាស់​ តែ​គាត់​និង​មិន​មក​វិញ​ទេ​។​ គាត់​ទម្លាប់​រស់​នៅ​ទី​នោះ​ច្រើន​ឆ្នាំ​ហើយ​។​ ឬ​នេះ​ជាវិធី​ដែល​គាត់​ ត្រូវ​ធ្វើ​ដើម្បី​បាន​រៀប​ការ​ជាមួយ​ខ្ញុំ?​

 

បើ​ចឹង​មែន​នោះ ខ្ញុំ​មិន​អាច​សូម្បី​តែគិត​ពីការ​បែក​គ្នា​ ជា​មួយ​គាត់​។ តែ​បើ​ប៉ាម៉ាក់​គាត់​គ្រាន់​តែ​និយាយ​ថា​យល់​ព្រម​សិន​ដើម្បី​ឲ្យ​គាត់​អស់​ចិត្ត​សិន​ ក៏​មិន​ដឹង​ ខ្ញុំ​នៅ​តែ​រង់ចាំ​គាត់​បាន​ជា​និច្ច​។​ ប៉ុន្តែ​ខ្ញុំ​ខ្លាច​តែ​ប៉ាម៉ាក់​ខ្ញុំ​ទេ​ដែល​មិន​អនុញ្ញាត​ឲ្យ​ខ្ញុំ​រង់ចាំ ​គាត់​ ខ្លាច​ខ្ញុំ​ខាត​ពេល​ឥត​ប្រយោជន៍​ជាមួយ​នឹង​ពាក្យ​សន្យា​ទាំង​នោះ​។ តើ​ខ្ញុំ​គួរ​គិត​បែប​ណា ទៅ?​

 

សូម​ប្រិយមិត្ត​អ្នក​អាន​ជួយ​ផ្តល់​ជា​មតិយោបល់​ដល់​ខ្ញុំ​ផង​។ អរគុណ​សម្រាប់​ការ ​ចំណាយ​ពេល​អាន​របស់​អ្នក​ទាំង​អស់​គ្នា​។ កន្និកា​ ស្រលាញ់​អ្នក​ទាំង​អស់​គ្នា,,,

 

 

ប្រសិន​បើ​មិត្ត​អ្នក​អាន​ មាន​បទពិសោធន៍​ ជីវិត ឬ​​​រឿង​រ៉ាវ​ស្នេហ៍ ចង់​ចែក​រំលែក​ និង​ស្វែង​រក​មតិ​យោបល់​ សូម​ផ្ញើ​អត្ថបទ​រឿង​ពិត​របស់​អ្នក​មក​កាន់ meysoklim@cidc.com.kh។ Sabay នឹង​ចុះ​ផ្សាយ​ជូន៕ ​

អត្ថបទថ្មី