ប្រុស​សោះ​ ថា​ម៉ែ​ឪ​បង្ខំ​​ឲ្យ​ការ ឬ​គ្រាន់​ជា​លេស​​គាត់​ទាំង​មិន​​អាសូរ​​​​​បេះ​ដូង​​​ខ្ញុំ​​​​​ដែល​រង់ចាំ​គាត់​​រាប់​ឆ្នាំ? ​

  • 2015-02-17 16:34:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មុន​នឹង​​ចុះ​ផ្សាយ​​អត្តបទ​នេះ​ក្នុង​ទំព័រ​វិបត្តិ​ស្នេហ៍​​ នាង​ខ្ញុំ​សំណូមពរ​អោយ Sabay ជូយ​លាក់​ឈ្មោះ​អោយ​ខ្ញុំ​ផង​ហើយ​ចង់​ប្រាប់​ថា​រឿង​នេះ​ជា​រឿង​ពិត​របស់​ខ្ញុះ​​​ មិន​​​កុហក​​សូម្បី​តែ​មួយ​មាត់​ណា​​។

 

 

ខ្ញុំ​​មាន​អាយុ​២៤​ឆ្នាំ​ ពេលនេះ​ខ្ញុំ​​កំពុង​ធ្វើ​ការ​នៅ​ក្រុមហ៊ុន​មួយ​ដែល​មាន​មុខ​​តំណែង​​សមរម្យ។ កាល​ខ្ញុំ​រៀន​ថ្នាក់​ទី​១១​ឆ្នាំ​២០១១ ​​ខ្ញុំ​បាន​ស្គាល់​បុរស​ម្នាក់។​ ពេល​ដែល​ខ្ញុំ​បាន​ស្គាល់​គេ​គឺ​ពូក​យើង​ចាប់​ផ្ដើម​រាប់​អាន​គ្នា​ជា​មិត្ត​ធម្មតា តែ​នៅ​ពេល​ដែល​ពួក​យើង​ស្គាល់​គ្នា​បាន​ប្រហែល​២​ខែ​ គេ​ក៏​បាប់​ផ្ដើម​ប្រាប់​ថា​គេ​ចាប់​អារម្មណ៍​​​ខ្ញុំ។  ​ តាំង​ពី​ពេល​នោះ​មក​ខ្ញុំ​ចាប់​ផ្ដើម​ស្វែង​យល់​អំពី​គេ ខ្ញុំ​ជា​មនុស្ស​ម្នាក់​ដែល​មិន​ដែល​មាន​ស្នេហា​ពីមុនមកទេ ។  ហើយ​ការ​ដែល​ខ្ញុំ​ចាប់​អារម្មណ៏​លើ​គេ​គឺ​ពោរពេញ​ទៅ​ដោយ​សេចក្ដី​ពិចារណា​ គឺ​​មិនមែន​ជា​ការ​ភ្លើតភ្លើន​នោះ​ទេ។

 

 

ខ្ញុំ​ជា​សិស្ស​ពូកែ​ម្នាក់​ផង​ដែរ ហើយ​មិន​ដែល​ធ្វើអ្វី​ដែល​មិន​ល្អ​ មិន​សមរម្យ​​ឡើយ​។ កាល​ដែល​ខ្ញុំ​​ចាប់​ចិត្ត​លើ​គាត់​ គឺ​មិន​​​មែន​មកពី​គាត់​​ស្អាត ​ឬ​មាន​​អ្វីនោះទេ គឺ​ព្រើ​តែ​ខ្ញុំ​ពិត​ជា​ស្រលាញ់​គាត់​ចេញ​ពី​បេះដូង។

 

 

នៅ​សាលា​រៀន​មាន​មនុស្ស​ជា​ច្រើន​តាម​ស្រលាញ់ខ្ញុំ​ តែ​ខ្ញុំ​មិន​ដែល​យក​ចិត្ត​ទុកដាក់​ឡើយ ។ គាត់​ជា​អ្នក​ខេត្ត ព្រៃវែង។ គាត់​ជា​កូន​កសិករ​ម្នាក់ គាត់​ឈប់​រៀន​ថ្នាក់​ទី៩​ គាត់​មាន​បងប្អូន​៣នាក់ ជាកូនច្បងនៅក្នុងគ្រូសារ​ ហើយគាត់​មាន​របរ​ជា​​ជា​ជាង​ធ្វើ​គ្រឿង​អលង្ការ​​នៅ ខេត្តព្រៃវែង​ ។

 

 

ពេល​ដែល​ខ្ញុំ​ទាក់ទង​ជាមួយ​គាត់​ ខ្ញុំតែង​ ប្រាប់​គាត់​គ្រប់​រឿង​ដែល​មាន​ ព្រោះ​ខ្ញុំ​គិត​ថា​ចង់​អោយ​គាត់​អាច​ទទួល​អ្វី​គ្រប់​យ៉ាង​ដែល​ខ្ញុំ​មាន​ ទាំង​​ចំណុច​​មិនល្អរបស់ខ្ញុំ។  ខ្ញុំ​មិន​ដែល​ប្រាប់​ពី​ចំណុច​​ល្អ ពី​គ្រួសារ​ខ្ញុំ​​ទៅ​​គាត់ទេ តែ​ខ្ញុំ​តែងតែ​ប្រាប់​រាល់​បញ្ហា​ក្នុង​​ផ្ទះ​​ដែល​​​កើត​​មាន។ គ្រប់​ពេល​​​គាត់​ជា​មនុស្ស​​ល្អ​ណាស់​ គាត់​មិន​ដែល​ប្រកាន់​នឹង​ខ្ញុំ​ទេ គឺ​គ្រប់​រឿង​ទាំង​អស់​​។

 

 

ប៉ុន្តែ​​មិន​យូរ​ប៉ុន្មាន​គាត់​បាន​ប្រាប់​ថា​គាត់​នឹង​ទៅ​ធ្វើ​ការ​នៅ​ថៃ គាត់​និយាយ​ថា​ទៅ​រក​លុយ​ដើម្បី​ខ្ញុំ ហើយ​គាត់​ក៏​ចេញ​ទៅ​​។ ​​និយាយ​ចេញ​ពី​អារម្មណ៏ពិត​ខ្ញុំ​ពិតជា​ស្រលាញ់​គាត់​ណាស់ សូម្បី​តែ​ឃើញ​លេខ​ទូរសព្ទ​គាត់​​call មក​ក៏សប្បាយ​និយាយ​មិន​ចេញ​ដែរ​​​។ ​គឺ​​ពួកយើងស្រលាញ់គ្នាណាស់ ពេល​ទៅ​ដល់​ ថៃ​ ឲ្យ​តែ​​រាល់​អាទិត្យ​គាត់តែងcallមកខ្ញុំរហូត។ គឺ​បែប​ហ្នឹង​រហូត​ យើង​នៅ​ជិត​គ្នា​តាម​ទូរសព្ទ យ៉ាង​ផ្អែម​ល្ហែម​។

 

 

ភ្លេចៗ​ខ្លួន​ខ្ញុំ​ក៏​រៀន​ចប់ ហើយ​មក​រៀន​នៅ​ ភ្នំពេញ ដោយ​បាន​ប្រលង​ជាប់​អាហារូបករណ៍​​។​ ពួក​យើង​​នៅ​តែ​ស្រលាញ់​គ្នា​ ពួក​យើង​មិន​ដែល​ទាស់ចិត្ត​នឹង​គ្នា​ទេ។ ​រាល់​ឆ្នាំ​​ឲ្យ​តែ​ថ្ងៃ​បុណ្យ​នៃ ក្ដី​ស្រលាញ់ គាត់​តែង​ច្រៀង​អោយ​ខ្ញុំ​ស្ដាប់​ ហើយ​និយាយ​មក​កាន់​ខ្ញុំ​ ថា​ពេល​​ត្រលប់​មក​វិញ​យើង​ដើរ​លេង​ជាមួយ​គ្នា​​។

 

 

នៅ​សាលា​ដែល​ខ្ញុំ​រៀន​គេ​អត់​អោយ​ប្រើ​ទូរសព្ទ​ទេ ហើយ​​​ខ្ញុំ​ត្រូវ​គោរព​វិន័យ​​សាលា។ប៉ុន្តែ​ឲ្យ​តែ​​រៀង​រាល់ថ្ងៃអាទិត្យគាត់តែងតែ តេ​មក​លេខ​នៅ​សាលា​ដើម្បី​និយាយ​ជាមួយ​ខ្ញុំ។ ទោះ​បី​ខ្ញុំមក​រៀន​នៅ​ភ្នំ​ពេញតែខ្ញុំមិនដែលដើរលេងផ្ដេសផ្ដាសទេ ហើយទោះមាននិសិត្ស រៀន​ជាមួយ​គ្នា​តាម​ស្រលាញ់ ក៏​ខ្ញុំ​មិនដែល​មិន​យក​ចិត្ត​ទុក​ដាក់​ដែរ​។ ​គ្រប់​យ៉ាង ​គឺខ្ញុំរក្សា​ចិត្ត​សម្រាប់​​តែគាត់ម្នាក់។

 

 

មាន​មិត្ត​ជា​ច្រើន​បាន​ប្រាប់​ខ្ញុំ​ថា​ឈប់​ស្រលាញ់​​គាត់​ទៅ​។ គេ​ថា​ យើង​ជា​អ្នក​រៀន​​ទៅស្រលាញ់​អីអ្នក​អត់រៀនចឹង តែ​​ខ្ញុំមិនដែលខ្វល់​នឹង​សម្ដី​ពួក​គេ​​ទេ ។

 

 

២​ឆ្នាំ​កន្លង​ផុត​ទៅ ពួក​យើង​នៅ​តែ​ស្រលាញ់​គ្នា​ដូច​ពេល​ចាប់​​ផ្ដើម​។  ពួក​យើង​​​ទន្ទឹង​ចាំ​ថ្ងៃ​ដែលគាត់​ត្រលប់មកវិញ ដើម្បី​បាន​ក្បែរ​គ្នា​ មិនយូរ​ប៉ុន្មាន​ខ្ញុំ​ក៏​រៀន​ជិត​ចប់ ​គឺ​នៅតែ២ខែ​ប៉ុណ្ណោះ​ គាត់ក៏​​ត្រលប់​មកវិញ គឺ​​នៅខែវិច្ឆិកា​​ថ្ងៃទី១៧ឆ្នាំ២០១៤។  ជា​រៀង​រាល់​ថ្ងៃ​​ ខ្ញុំពិតជាសប្បាយចិ្តណាស់ ពួក​យើង​និយាយ​​ទូរសព្ទជាមួយគ្នារ​រហូត ។

 

 

ពេលគាត់មកដល់ខ្មែរវិញ គាត់​ចង់​មក​ជួប​ខ្ញុំ​ណាស់​តែ​ដោយសារ​គាត់​មក​ចំ​ថ្ងៃ​រៀនចឹងហើយ ទើបសន្យាជួបគ្នារថ្ងែអាទិត្យវិញ។ រង់​ចាំ​ថ្ងៃ​​ដល់​អាទិត្យ​​ ក្នុងបេះដូងខ្ញុំ​រំភើប​ញាប់ញរ័ណាស់ ។

 

 

ចូល​ដល់​ថ្ងៃសុក្រ គឺ​២​ថ្ងៃ​ទៀត​​ដល់​ថ្ងៃ​ជួប​គ្នា​ហើយ តែ​បែរ​​​ជា​ថ្ងៃ​ដែល​នឹកស្មានមិនដល់ ពេល​និយាយ​ទូរសព្ទ​​​ជាមួយ​​ស្ដាប់​ទៅ​គាត់​​​​ដូច​ជា​ចម្លែក​ៗ ដូច​ជា​ពិបាកចិត្ត ហើយចង់យំ។  ខ្ញុំ​​សួ​​ដេញ​ដោល​យ៉ាង​យូរ​ ទើប​គាត់​ប្រាប់​ថា​ម្ដាយ​គាត់​បង្ខំ​អោយ​រៀប​ការ ម្ដាយ​គាត់​រៀប​ទុក​ដាក់​អស់​ហើយ​​។​​ ហើយ​គាត់​មិន​បាន​ដឹង​រឿង​អ្វី​សោះ​ពី​មុន​ គឺ​ទើប​តែ​ដឹង​​ពេល​មកដល់ខ្មែរបានបីថ្ងៃ។

 

​ខ្ញុំ​ស្ដាប់​​ឮ​​ ខ្ញុំស្ទើរ​អស់​ដង្ហើម តែ​ខ្ញុំ​ធ្វើ​ជា​និយាយ​ធម្មតា​ថា​ បើ​បែប​​ហ្នឹង​​​មែន បង​ធ្វើ​តាម​ម្ដាយ​បង​ចុះ អូន​មិន​ខឹង​នឹង​ម្ដាយ​បងទេ តែ​អូន​​ខឹង​​បង​ដែល​មិន​ច្បាស់​លើ​ខ្លួន​ងង ​គឺ​​មិន​ដែល​មាន​ម្ដាយ​ឯណា​បង្ខំ​កូន​ប្រុស​​កើត​ទេ​​ គឺ​ព្រោះ​មកពីបងស្រលាញ់គេដែរ។

 

​ប៉ុន្តែ​​គាត់​​ថាគាត់​មិន​ដែលស្រលាញនារីនោះទេ ហើយ​ក៏មិនដែលជួបពីមុនដែរ។   «បង​មិន​ទានស្គាល់ ​​មុខ​គេ​ទេ បង​ចង់​ប្រាប់​អូន​ថា​ទោះ​បី​ជា​បង​រៀបការ​ជាមួយ​គេ​តែ​មួយ​ជីវិត​នេះ​អូន​ជា​មនុស្ស​ស្រី​ដែល​បង​ស្រលាញ់​បំផុត»។

 

 

ដឹងអត់គាត់បាននិយាយអ្វី​ទៀត​មកកាន់ខ្ញុំ? គាត់​ថា​​​ សំទោស គាត់​គ្មាន​ជម្រើស​​ទេ បើ​គាត់​មិន​ព្រម​ម្ដាយ​ឪពុក​របស់​គាត់​នឹង​លែង​លះ​គ្នា​ដោយសារ​​គាត់។ ឪពុក​របស់​​គាត់​គ្មាន​ស្ដាប់ហេតុផលអ្វីទេ គាត់បានប្រាប់ខ្ញុំថាគាត់បាននិយាយជាមួយម្ដាយគាត់ថា គាត់ធ្វើតាមគ្រួសារជាលើកចុង ក្រោយ​បើទៅសួរគេរហើយគេបដិសេធនោះ ចាប់​ពីពេលនេះតទៅម្ដាយ​​ឪពុករបស់គាត់​គ្មានសិទ្ធ​គ្រប់គ្រង់​លើ​ជីវិតគាត់ទៀតទេ។

 

រូប​តំណាង​

សម្ដីដែលគាត់និយាយចេញមកធ្វើអោយខ្ញុំ​ទន់​អស់ជើងដៃ ខ្លួនស្រាលដូច​ចំបើង​​។  ​មនុស្ស​ដែល​ខ្ញុំ​ស្គាល់ មនុស្ស​ដែល​ខ្ញុំ​ស្រលាញ់​ គេមិនជឿជាក់លើខ្ញុំ។  គេ​មិន​យល់​​​អារម្មណ៍​​របស់​ខ្ញុំ​ថា​ខ្ញុំ​ជា​មនុស្ស​ស្រី​ម្នាក់​ហ៊ានតស៊ូ​​ដើម្បីគេ តែគេ​បែរ​ បាន​​ត្រឹម​និយាយពាក្យ សំទោស មកកាន់ខ្ញុំ​ដែល​កំពុង​ហូរ​ទឹក​ភ្នែក​ស្ទើរ​ធ្លុះ​បេះ​ដូង​។

 

 

​ខ្ញុំចាប់ផ្ដើមមានអារម្មណ៏ លែង​​ទុក្ខលើគាត់ភ្លាម​ តាំង​ពី​ខ្ញុំ​ស្គាល់​គាត់​ គាត់​​មិនដែល​កុហក​​ខ្ញុំ​ទេ​សូម្បីតែមួយមាត់។ តែពេលនេះខ្ញុំបែរជាមានអារម្មណ៏ថាគាត់​កំពុង​បោក​ប្រាស់​ខ្ញុំ។ គ្រប់​​រឿង​ដែល​គាត់​និយាយគឺ ​គាត់​ចេះ​តែ​ថា អាង​តែ​​ខ្ញុំមិន​ឃើញផ្ទាល់ភ្នែក។

 

 

គាត់លើកហេតុផលប្រាប់ខ្ញុំ ថាម្ដាយគាត់ថាខ្ញុំជាអ្នករៀនបាន​ខ្ពង់ខ្ពស់​គាត់ជាអ្នកស្រែ​ចំការ មិន​អាច​រស់នៅជាមួយគ្នាបានសុខសាន្តឡើយ​។ ប៉ុន្តែអ្វីដែល​គាត់និយាយ​មិនចូលត្រចៀកខ្ញុំ​សោះ​ ព្រោះរឿងនេះ​ខ្ញុំ​​​ធ្លាប់​​និយាយ​ជាមួយ​គាត់​ដដែលៗ​តាំង​ពី​ពេល​ដែលគាត់ចាប់​ផ្ដើមថា​ស្រលាញ់​ខ្ញុំពី​ដំបូង​មកម្លេះ។ ​ហើយ​គាត់​ជា​អ្នក​និយាយ​​​ដោយ​មាត់​គាត់​ខ្លួនងងថាមិន​អី​​ទេ ព្រោះគាត់ស្រលាញ់ខ្ញុំ មិនគិតរឿង​ទាំងនោះទេ។

 

 

ប៉ុន្តែ​ឥឡូវ​ម៉េច​ក៏​​ផ្សេង? ខ្ញុំពិតជាមិនអាចទទួលយកបានទេ ខ្ញុំព្យាយាម​អង្វរ​គាត់ តែគាត់បានត្រឹមយំ មិន​និយាយអ្វី ក្រៅពីនិយាយថា​បងគិតមិនចេញទេថាត្រូវធ្វើបែប​ណា ព្រោះ​ឪពុកម្ដាយគាត់​ដាច់​ខាត​ហើយ។​ គាត់​ដឹងថាខ្ញុំជាមនុស្សត្រឹមត្រូវ គាត់​មិនគិតយកផ្លូវរត់គេចទេ  គាត់​បាន​ត្រឹម និយាយ ថា «ការឈឺចាប់របស់​ខ្ញុំមិន​ខុស​គ្នា​នឹង​ការឈឺចាប់របស់គាតទេ»។

 

 

គាត់​ថា​បើ​អាច​ធ្វើ​បាន​គាត់​មិន​អោយ​មនុស្ស​ស្រី​ដែលគាត់ស្រលាញ់បំផុត​ម្នាក់​នេះ​ស្រក់​ទឹកភ្នែក​សូម្បីតែបន្តិចឡើយ។ មែន​​ហើយ​ខ្ញុំ​យំ  ហើយនេះក៏ជាលើកទីមួយ​ដែរ​​ដែលខ្ញុំយំដោយសារគាត់​ ព្រោះ​គាត់មិនដែលធ្វើអោយខ្ញុំទាស់​ចិត្តទេពីមុនមក វាក៏ជាលើកទី១​ដែរដែល​ខ្ញុំយំ​ដោយ​សារ​ស្នេហា​។

 

 

គាត់​បាន​និយាយ​ថា​ទោះ​ជាយ៉ាង​ណា​ក៏​គាត់​មក​ជួបខ្ញុំ​ដែរ នៅថ្ងៃអាទិត្យ  តែខ្ញុំប្រកែក។ ខ្ញុំ​មិន​អាច​មាន​ចិត្ត​រឹងមាំ​ក្លាហាន​​ជួប​គាត់​​ទេ​ គឺ​ខ្ញុំពិតជាមិនអាចធ្វើ​ចិត្តបាន​ទេ​។​ គាត់​អង្វរ​ខ្ញុំ តែខ្ញុំនៅតែ​ប្រឆាំង​បេះដូង​​ដែល​​បែក​ប្រេះ​ស្រាំ​​របស់​ខ្ញុំ​ដាច់​ខាត មិនជួបនឹងគាត់ឡើយ​។ គាត់​​ព្រម​​តាមខ្ញុំ ហើយនិយាយ​ថា​អោយតែអូន​សប្បាយ​ចិត្ដបង​ព្រម​ធ្វើតាមអូន ។

 

 

យប់ឡើងគាត់​តេ​ទូរសព្ទ​មក​ខ្ញុំ​ទៀត។ និយាយទូរសព្ទជាមួយខ្ញុំ​បណ្ដើរ​ពួកយើងយំ​បណ្ដើរ​​។​បើតាម​ចិត្តខឹងខ្ញុំមិនចង់​និយាយជាមួយគាត់​ទេតែពេលនេះ បេះដូងរបស់​ខ្ញុំមិនអាច​ទទួល​យក​បាន​ភ្លាមៗ​ទេ វា​​នៅ​តែ​ទួញ​សោក​ចង់​​ឮ​សំឡេង​​គាត់​។

 

 

​គាត់​ចង់​ជួប​ខ្ញុំ​  ហើយខ្ញុំក៏​យល់ព្រមជួបគាត់ ​ព្រោះ​ខ្ញុំ​គិតថាយ៉ាងហោច​ណាស់ខ្ញុំក៏អាច​ឃើញមុខគាត់ ឃើញ​មុខ​មនុស្ស​ដែល​​ខ្ញុំ​ទន្ទឹង​ចាំ​ ជា​លើកចុងក្រោយ​មុននឹង​បែក​​​គ្នា។​ ពួកយើង​យល់​ព្រម​ថា​​នឹងជួប​គ្នា។

 

 

ស្អែក​ឡើង​គឺ​​យប់ថ្ងៃសៅរ៍​គាត់ Call មក​ខ្ញុំ​និយាយ​ធម្មតា​ ​ខ្ញុំ​​ប្រាប់​គាត់​ថា​ខ្ញុំ​គិតច្បាស់​ហើយខ្ញុំមិន​ជួបគាត់​​ទេ។ ថ្ងៃស្អែក​​ខ្ញុំម​​នឹងដូរលេខទូរសព្ទថ្មី ហើយ​មួយជីវិតនេះ​មិនជួបមុខគាត់ទៀតទេ។​ គាត់​អង្វរខ្ញុំថាហេតុអ្វីខ្ញុំធ្វើចឹង? គាត់សូមត្រឹមចង់​ដឹងសុខទុក្ខ សុំ​Call មកលេងយូរៗ​ម្ដងមិនបានទេអី? ខ្ញុំ​ឆ្លើយថាបើ​មនុស្ស​ស្រី​ដែលបង​ត្រូវ​រៀប​ការជាមួយគេដឹងគេឈឺចាប់ប៉ុណ្នា ? ខ្ញុំ​មិន​ចង់​អោយ​រឿងរ៉ាវ​​ទៅជាអាក្រក់លើសនេះទេ។ ​ ខ្ញុំព្រមដើរ​ចេញ​ដោយ​មិនទាមទារ​អ្វីទាំងអស់ ទោះ​​ក្នុងបេះដូងរបស់ខ្ញុំស្រលាញ់​គេណាស់​ ​និង​​មិនដែលគិតថា​នឹង​មាន​ថ្ងៃនេះ។ ​ខ្ញុំពិត​ជាពិបាក​ចិត្តរកអ្វីផ្ទឹមមិនបានឡើយ​។

 

នៅតែ៣ថ្ងៃទៀតខ្ញុំដល់ថ្ងៃដែលត្រូវប្រលងបញ្ចប់ឆ្នាំហើយ តែ​​ខ្ញុំ​គ្មាន​​អារម្មណ៏មើលសៀវភៅ​សោះ។ ខ្ញុំ​បានដូរលេខទូរសព្ទតាំងពីពេលនោះមក ហើយលែងពាក់ព័ន្ធ​នឹគាត់។

 

និយាយពីការប្រលងវីញខ្ញុំបានទទួលលទ្ធផលលេខ២ក្នុងចំនោមសិស្ស៥៥អ្នក។ទោះ​បីខ្ញុំ​ឈឺចាប់​ខ្ញុំយំ​​តែខ្ញុំមិនដែលទុកសៀវភៅចោលទេ។និយាយពីខ្ញុំ​ប្រហែលជា​គាត់​គិតថាខ្ញុំចិត្តដាច់ពីគាត់​ណាស់​មើល​ទៅ តែតាំងពីពេលនៅមកយប់ណាក៏ខ្ញុំគេងយំដែរ មិនដែល​ញ៉ាំ​​បាយឡើយ។ ខ្ញុំ​ទៅ​សាលាមើលសៀវភៅ​ស្រក់ទេកភ្នែក​ដោយ​​មិនដឹងខ្លួន ​គឺ​ខ្ញុំមានអាការ​បែបនេះអស់​កន្លះ​​ខែ​ទើបញ៉ាំ​​បាយបានខ្លះ។

 

 

ថ្ងៃមួយម៉ោងប្រហែល១០យប់មិត្តខ្ញុំម្នាក់បានខ្ចីទូរសព្ទខ្ញុំនិយាយតែដោយលេខថ្មីរបស់ខ្ញុំអស់លុយទើបខ្ញុំអោយសីមនោះទៅគេ គ្រាន់តែមិត្តខ្ញុំដាក់ភ្លាម​គាត់​ call​ចូល​ភ្លាម ហើយ​​​ខ្ញុំក៏សំរេចចិត្តនិយាយ​ជាមួយគាត់​​ សួ​សុខទុក្ខធម្មតា។

 

 

គាត់​​និយាយថាគាត់​តែងតែព្យាយាមចុចមកខ្ញុំរហូតតែអត់ចូលសោះ។ បេះ​ដូង​ដ៏​ទន់​ជ្រាយ​ខ្ញុំ​បង្ខម​មាត់​ខ្ញុំ​ឲ្យ​សារភាព​ប្រាប់គាត់ថាខ្ញំនឹកគាត់ណាស់ ហើយគាត់ប្រាប់​ថា​គាត់​ក៏​នឹកខ្ញំដែរ នឹងបារម្ភ​​ខ្ញុំ​ដូចដើម។ខ្ញុំ​ខ្លាច​​បេះ​ដូង​កាន់​តែ​​​ប្រេះ​ស្រាំ ខ្ញុំបានប្រាប់គាត់ថាបានហើយខ្ញុំចង់គេង ហើយប្រាប់​គាត់​ថា​​ចាំថ្ងៃ១៤កុម្ភចាំខ្ញុំចុច​ទៅ​គាត់​​​ទៀត ជាលើចុងក្រោយ។

 

 

១៤កុម្ភៈ​មកដល់​ខ្ញុំគិតថានឹងចុចទៅរកគាត់តាមសន្យា តែជាចៃដន្យ​មិត្តភ័ក្ដិ​​របស់ខ្ញុំបាន​អោយ​ខ្ញុំ​មើល​​រូបដែលគាត់ថតទុកតាំង​មុខ​រោង​ថ្ងៃ​គាត់រៀបការ។ ឃើញ​ភ្លាម​ខ្ញុំ​ ខ្ញុំក៏សំរេចចិត្តកាច់​​ស៊ីម​​ចោល​។ ប៉ុន្មាន​​​ថ្ងៃក្រោយមកទើប​ខ្ញុំដឹងថាថ្ញៃ១៤​​កុម្ភៈ​នោះគាត់មកភ្នំ​ពេញ ហើយថ្ងៃ១៩​​គាត់​នឹង​​រៀបការ។  គាត់បានចុច​មករកខ្ញុំ តែខ្ញុំបានកាចស៊ីម​​​ចោលបាត់ទៅហើយ​។​ នេះប្រហែលជានិស្ស័យ​​របស់​ពូក​យើងហើយមើលទៅ ហើយលឺថាគាត់​មិនដែលញាំបាយទេ ហើយ​គាត់រៀបការ​ទាំង​ខ្លួន​​ឈឺ​​។

 

 

អ្វី ៗ​​ទាំងអស់សុទ្ធតែខ្ញុំមិនបានឃើញផ្ទាល់ភ្នែកនោះ​ គឺវាគ្រាន់​តែ​​រៀ់ង​រ៉ាវ​​ដែល​ខ្ញុំ​ឮ​​ត​ពី​គេ​ ។ តែ​បើ​ជា​ការ​ពិត​ ចង់​ដឹងណាស់​ថា​ឪពុកម្ដាយ​របស់គាត់មានក្ដីសុខ​ណាស់​មែន​ទេ​ ​ពេលដែលគាត់ទៅជាយ៉ាង​ហ្នឹង​?​ មិនចេះផឹក ទៅជា​ចេះផឹក ប្រែប្រួលអស់បែបនេះ?

 

 

តែបើរឿង​ដែល​គេ​និយាយ​អស់​នេះ គាត់​គ្រាន់​តែ​បោកប្រាស់ខ្ញុំនោះ សូរថាគាត់ជាមនុស្ស​ថោក​ទាប​ណាស់? បើគាត់​គ្រាន់​តែប្រាប់​ខ្ញុំ​​ថាអស់ចិត្តមួយមាត់វា​ពិបាក​ណាស់​មែនទេ ដើម្បី​អោយខ្ញុំអស់ចិត្ត ឬ​ក៏គាត់សប្បាយចិត្តដែលខ្ញុំត្រូវបៀមទុក្ខ​អីចឹង​ព្រោះ​​ស្នេហ៍​ស្មោះ​?

 

 

រហូតមកដល់ពេលនេះ២០១៥ ខែកុម្ភៈ ​បេះ​ដូង​​របស់ខ្ញុំនៅតែមិនអាចភ្លេច​ចគាត់បាន ទោះ​​ខ្ញុំមិន​ដែលទាក់ទង​គាត់ មិនដែលឃើញគាត់ ព្រោះយើងនៅខេត្តផ្សេងគ្នា​។​ ប៉ុន្តែ​បេះ​ដូង​ខ្ញុំ​ក៏មិន​ដែល​ទទួល​ការស្រាលាញ់​ពីអ្នកផ្សេងដែរ ​គឺ​​មិនមែនមិនចង់​ទទួលទេតែ​ខ្ញុំ​មានអារម្មណ៍​ថា ចិត្តស្មោះ​របស់​ខ្ញុំ​លែងមានហើយ ចិត្ត​ស្មោះ​ខ្ញុំ​ស្លាប់​បាត់​​ហើយ​។  ស្នេហាដែលគ្មាន​លក្ខខ័ណ្ឌ​វាមិនអាចកើត​ឡងម្ដង​ទៀតទេ ហើយ​​ខ្ញុំ​​ក៏មិនជឿ​លើ​វា​​ទៀតដែរ គឺ​គាត់​សម្លាប់​វា​​។

 

 

មែន​ហើយ គេនិយាយថាមនុស្សស្រី ដែលមានសង្សាឈឺចាប់ខ្លាំង​ពេល​បាត់​បង់​ស្នេហា​ ទាល់​តែ​យើងបាត់បង់​ខ្ញួនប្រាណជាមួយគេ តែចំពោះខ្ញុំហេតុខ្ញុំឈឺចាប់​ម្លេះ​បើ​ខ្ញុំមិន​ដែល​សូម្បីតែការអោប​ថើបមួយដងណាឡើយសោះ? ហេតុ​អី​ក៏​ចិត្តខ្ញុំវិញអស់​អារម្មណ៍​ស្នេហា​គ្មាន​​សំរាប់អ្នកណាទៀត?

 

 

ខ្ញុំ​មិនដែលធ្វើតាមអារម្មណ៏ខ្លួនងងទេ​ដែល​ចង់​ជួប​គាត់​ គឺ​ខ្ញុំ​​ មិនដែលទាក់ទងទៅគាត់​ឡើយ​​តាំងតែ​ពី​​ដឹងថាគាត់ត្រូវម្ដាយបង្ខំ​។ ​ប៉ុន្តែ​​​គាត់ជាការ​ចងចាំ​របស់​​បេះ​ដូង​ខ្ញុំអស់មួយជីវិត ទោះបីយើង​មិន​​​បានជួប​គ្នា​​​​ ​មិន​​អាចរស់នៅជាមួយគ្នា​តាម​បេះ​ដូង​​ទួញ​ចង់​បាន​។

 

គណនេយ្យ FB ​ក្លែងក្លាយ​​ចាក់​ដោត​​​ឲ្យ​បេះដូង​ខ្ញុំ​​ចុក​ឈាម​​

ស្នេហា​ធ្វើ​បាប​មនុស្ស​មែន! ​៥​ឆ្នាំ​លះ​បង់​ឲ្យ​​​គាត់ ​​បន្សល់​ឲ្យ​ខ្ញុំ​ត្រឹម​ «​អារម្មណ៍​​​ស្អប់​មនុស្ស​ប្រុស​​»

ទេវតា​​​មិន​អាណិត​មនុស្ស​​​ស្មោះ​សោះ!​ ​១០​ឆ្នាំ ចុង​​ក្រោយ​ខ្ញុំ​​ក្លាយ​​​ជា​ស្រី​​​​​​​​​ស្លាប់​បេះ​ដូង​​ព្រោះ​​​ប្រុស​មុខ​លុយ

 

​មិត្ត​អ្នក​អាន​មាន​រឿង​រ៉ាវ​ស្នេហ៍​​ចង់​ចែក​រំលែក ​និង ​ស្វែង​រក​មតិ​​នៅ​លើ Sabay សូម​​ផ្ញើ​រឿង​​របស់​​ប្រិយមិត្ត​មក​កាន់ pen.sophana@cidc.com.kh៕ ​

អត្ថបទថ្មី