ម៉ម លីសា បង្ហាញ​ស្នាដៃ​សិល្បៈ​ផ្អើល​ដល់​ក្រុមហ៊ុន​ធំ​ពីរ​របស់​អាមេរិក

  • 2015-06-08 22:37:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កញ្ញា ម៉ម លីសា(Lisa Mam) ដែល​ជា​អ្នក​រចនា​គំនូរ​លើ​ជញ្ជាំង​ដ៏​មាន​ប្រជាប្រិយភាព​មួយ​រូប​ក្នុង​ប្រទេស​កម្ពុជា​បាន​ធ្វើឲ្យ​មនុស្ស​ជាច្រើន​កោតស្ញប់ស្ញែង​ចំពោះ​ទេពកោសល្យ​របស់​នាង ដោយសារ​តែ​មាន​ក្រុមហ៊ុន​ធំៗ​ពីរ​របស់​អាមេរិក​ជ្រើស​យក​ស្នាដៃ​សិល្បៈ​នោះ​ទៅ​ច្នៃ​លើ​ម៉ូដ​ស្បែកជើង និង​នាឡិកា។

 

 

លីសា (Lisa)បាន​រៀបរាប់​ប្រាប់ Sabay ថា "ក្រុមហ៊ុន​ធំ​ពីរ​របស់​អាមេរិក​នោះ​មាន​ដូចជា Bucket Feet គឺជា​ក្រុមហ៊ុន​ផលិត​ស្បែកជើង និង Modify Watches ជា​ក្រុមហ៊ុន​ផលិត​នាឡិកា​កីឡា។ ចំណែក​ឯ​ស្បែកជើង​ត្រូវ​បាន​ចេញ​លក់​នៅ​ប្រទេស​អូស្ត្រាលី និង ​ចិន​ហើយ​ដោយ​មាន​ដាក់​ឈ្មោះ​ខ្ញុំ​ជា​អ្នក​ឌីហ្សាញ​ថែម​ទៀត​ផង"។

 

នារី​ពេញ​ដោយ​ទេពកោសល្យ​រូប​នេះ​បាន​បន្ត​ទៀត​ថា "តាម​ពិត​ខ្ញុំ​​ចូលចិត្ត​គូរ​រូប​ផ្សេង​ៗ​តាំងពី​នៅ​តូច​ៗ​ម្ល៉េះ ប៉ុន្តែ​ទើប​ប្រហែល​ជា​ប្រាំ​ឆ្នាំ​ចុងក្រោយ​នេះ​ទេ ខ្ញុំ​បាន​ចាប់ផ្ដើម​គូរ​គួបផ្សំ​ជាមួយ​ការ​ស្រមើស្រមៃ​ដោយ​មិន​បាន​ចូល​រៀន​សោះ ហើយ​ក៏​បាន​ចាប់​ជា​ការងារ​ក្រៅ​ម៉ោង​តែ​ម្ដង"។

 

 

"ចំពោះ​ស្នាដៃ​របស់​បង​វិញ​ភាគច្រើន​នៅ​ក្រៅ​ប្រទេស​គេ​ទទួល​ស្គាល់ ជាពិសេស​គឺ​ប្រទេស​ថៃ​តែម្ដង ព្រោះ​បាន​ទៅ​គូរ​រូប​នៅ​ហាង​ធំ​ៗ​ទីនោះ​ច្រើន​ណាស់។ ចំណែក​ឯ​ថ្មី​ៗ​នេះ​បង​ទើប​ជាប់​ក្នុង​ចំណោម​អ្នក​សិល្បៈ​ ២២ នាក់ សម្រាប់​ឌីហ្សាញ​ក្លិប​ឲ្យ​ក្រុមហ៊ុន LV នៅ​ប្រទេស​ថៃ តែ​នេះ​គ្រាន់តែ​ជា​ផ្នែក​តូច​មួយ​របស់​ក្រុមហ៊ុន​នេះ​តែ​ប៉ុណ្ណោះ"។

 

អ្វី​ដែល​រឹតតែ​ពិសេស​នៅ​ក្នុង​ស្នាដៃ​របស់​ទន្ត​បណ្ឌិត​រូប​នោះ​ដែល​បញ្ចេញ​ឲ្យ​បរទេស​ស្ញប់ស្ញែង គឺ​គំនូរ​ទាំងនោះ​ភាគច្រើន​បាន​បញ្ចូល​នូវ​ក្បាច់​បុរាណ​ខ្មែរ​ដូចជា ក្បាច់​ត្របក​ឈូក វល្លិ៍ និង​ក្បាច់​ភ្ញីភ្លើង​ជាដើម​តែ​ច្នៃ​ចេញ​ជា​រូបរាង​ផ្សេង​ៗ។

 

 
 
 

ម៉ម លីសា (Lisa Mam) មិន​ត្រឹមតែ​ជា​អ្នក​រចនា​គំនូរ​លើ​ជញ្ជាំង​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ជា​ទន្ត​បណ្ឌិត​ធ្វើការ​នៅ​មន្ទីរពេទ្យ​អង្គ​ឌួង និង​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ សូវៀត​ថែម​ទៀត​ផង។

 

ពេទ្យ​ធ្មេញ​ស្រី​រូប​នោះ​ក៏​ធ្លាប់​បាន​ឈ្នះ​ពាន Project Indochina ទៀត​នៅ​វៀតណាម​ដែល​មាន​ការ​ចូលរួម​ប្រកួត​ច្រើន​ប្រទេស និង​បេក្ខជន​​១១០ នាក់​ប្រកួតប្រជែង​គ្នា ហើយ​ធ្លាប់​បាន​ចេញ​ទៅ​ធ្វើការ​នៅ​បរទេស​ដូចជា បារាំង ថៃ និង​វៀតណាម​ជាដើម៕

 

 

 

លីសា កំពុង​គំនូរ​របស់​ខ្លួន ( រូបភាព​៖​ផ្ដល់​ដោយ លីសា)

អត្ថបទ៖ទ្រី រ៉ាវី