ផាត់មុខទៅញ៉ាំការ ស្រាប់តែប្រតិកម្មរាប់ខែមិនទាន់ជា
- 2015-06-11 17:32:26
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ផាត់មុខទៅញ៉ាំការ ស្រាប់តែប្រតិកម្មរាប់ខែមិនទាន់ជា
ចន្លោះមិនឃើញ
ការលាបម្សៅតុបតែងដែលគ្មានគុណភាព ឬហួសកាលកំណត់ បានបណ្ដាលឱ្យសម្រស់នារីខ្មែរម្នាក់រងការគំរាមកំហែងគួរឱ្យបារម្ភ។ កញ្ញា សុភាព ជាបុគ្គលិកក្រុមហ៊ុនឯកជនមួយបានឱ្យដឹងថា កញ្ញាបានជ្រើសរើសយកហាងសាឡនដែលមានតម្លៃផាត់មុខ ៥ ដុល្លារ សម្រាប់ជួយតុបតែងទៅចូលរួមមង្គលការមិត្តរួមការងារ តែនៅព្រឹកបន្ទាប់ កញ្ញាចាប់ផ្ដើមមានប្រតិកម្មដោយការឡើងមុន ពីតិចទៅច្រើន រហូតដល់មួយខែក្រោយមក មុនទាំងនោះក៏រីករាលដាលពេញផ្ទៃមុខតែម្តង។ «ហួសចិត្តណាស់ដែលយើងទុកចិត្តថា គេគិតពីសុវត្ថិភាពយើងជាអតិថិជន ដឹងអី ឥឡូវសូម្បីតែឆ្លុះកញ្ចក់ មើលមុខខ្លួនឯងក៏ស្ទើរតែមិនហ៊ានដែរ!»
ដោយមិនបង្ហើបឈ្មោះហាង កញ្ញាសុភាពបានបន្តថា អ្នកផាត់មុខបានប្រើម្សៅទ្រនាប់ដែលត្រូវបានចាក់ចូលក្រឡមួយជាស្រេច មកលាបឱ្យនាងផ្ទាល់នឹងស្បែកតែម្តង មុនពេលប្រើម្សៅផ្សេងទៀតពីលើ។ «ហើយខ្ញុំក៏សួរថា ម្សៅទ្រនាប់អីខ្មៅម្ល៉េះ? គេថាមុខបងឯងសអ៊ីចឹង ដាក់អារៀងក្រមៅតិច ចាំផាត់ម្សៅហុយពីលើ!»
កញ្ញាមិនបានចាំថាម្សៅដែលគេលាបឱ្យនោះម៉ាកអ្វីនោះទេ ព្រោះគេឱ្យបិទភ្នែកជាប់រហូត តែពេលលាបរួច កញ្ញាក៏មានអារម្មណ៍ថា ចាប់ផ្ដើមស្កៀបមុខ និងរមាស់ខុសពីពេលដែលធ្លាប់លាបមុខរាល់ដង លុះស្អែកឡើង មុនក៏ចាប់ផ្ដើមកើតលើមុខពីរបីគ្រាប់ ទោះបីជាគាត់បានលាងជម្រះមុខពីរដងក៏ដោយ។ ឥឡូវមកដល់ពេលនេះ គឺរាលពាសពេញមុខតែម្ដង។
ទាក់ទងនឹងបញ្ហាខាងលើ បងស្រីរស្មីដែលជាអ្នកគ្រប់គ្រងទូទៅនៃហាងចនច័ន្ទសាឡន បានឱ្យដឹងថា ជួនកាលក៏អាស្រ័យលើស្បែកមុខអតិថិជនដែរ អ្នកខ្លះត្រូវជាមួយម្សៅដែលមានតម្លៃថ្លៃ តែអ្នកខ្លះប្រើម្សៅថ្លៃ តែបែរជាខូចប្រតិកម្មទៅវិញក៏មាន វាមិនអាស្រ័យលើហាងតូច ឬក៏ធំទេ។ ការទុកដាក់គ្រឿងសំអាងហួសកាលកំណត់ ក៏ជាហេតុផលដ៏សំខាន់មួយដែរ។
«ខ្ញុំយល់ថា យុវនារីផ្សេងទៀតគួរតែម៉ត់ចត់លើបញ្ហានេះ កុំឱ្យរងគ្រោះដូចខ្ញុំ!» កញ្ញាសុភាពផ្តាំ៕
អត្ថបទ៖ គង់ ច័ន្ទវ៉ាន់ណេង