ចង់​ក្លាយ​ជា​ Web Developer ត្រូវ​ដឹង​អ្វី​ខ្លះ?

  • 2015-06-15 18:58:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ការ​រីក​ចម្រើន​នៃ​អ៊ីនធឺណិត បាន​ធ្វើ​ឲ្យ​វត្តមាន​គេហទំព័រ​ទាំង Static និង Dynamic មាន​សន្ទុះ​កើន​ឡើង​យ៉ាង​ខ្លាំង​ក្នុង​ពិភព​អនឡាញ។ ដោយ​សារ​សន្ទុះ​កើន​ឡើង​​នៃ​គេហទំព័រ​​លើ​អ៊ីនធឺណិត បាន​ធ្វើ​ឲ្យ​មុខ​ដំណែង Web Developer ​ក្លាយ​ជា​គោល​ដៅ​​ការងារ​មួយ​សម្រាប់​និស្សិត​ IT ដែល​ស្រលាញ់​បច្ចេកវិទ្យា។ ដើម្បី​ដើរ​ឲ្យ​ដល់​គោល​ដៅ​មួយ​នេះ តើ​និស្សិត​ដែល​ស្រលាញ់​​​ផ្នែក​នេះ​ ត្រូវ​ដឹង​ពី​អ្វី​ខ្លះ​ពី Web Developer?

 

​លោក ហាំ សុខ​លី សាស្ត្រាចារ្យ Programming នៅ​សាកល​វិទ្យាល័យ​ពុទ្ធិ​សាស្រ្ដ បាន​ចែក​រំលែក​ថា ដើម្បី​ក្លាយ​ជា Web Developer​ មួយ​រូប ចាំ​បាច់​​ត្រូវ​ឆ្លង​កាត់​មូលដ្ឋាន​គ្រឹះ​នៃ​ Programming ជា​មុន​សិន ជា​ពិសេស​គឺ Console Application។ Console Application បង្ហាញ​ពី​ Structure នៃ Programming។ បន្ទាប់​ពី​នេះ​ ការ​ឈោង​ទៅ​រក​ការ​សិក្សា Window Application ​បន្ថែម​ទៀត​ដូច​ជា ​រៀន​យល់​ដឹង​ពី​ការ​បង្កើត​ប៊ូតុង Textbox និង Function មួយ​ចំនួន​ទៀត​ជា​ដើម។

 

លោក សាស្ត្រាចារ្យ​បាន​បន្ត​ថា រៀន Console និង Window Application គ្រាន់​បើ​ហើយ គេ​​ត្រូវ​ស្វែង​យល់​ឲ្យ​ច្បាស់​ពី Object Oriented Programming ព្រោះ​ថា​​បច្ចេកវិទ្យា OOP នេះ​ អាច​ជួយ​ Programmer ទាំង​អស់​​យក​ទៅ​ Apply បាន​ស្ទើរ​គ្រប់​ភាសា​កូដ។ ដំណាក់​កាល​បន្ទាប់​ គឺ​ជ្រើស​យក Web Programming មួយ​ណា​ដែល​អ្នក​សិក្សា​​ពេញ​ចិត្ត​ សម្រាប់​យក​ទៅ Develop គេហទំព័រ​ អាច​ជា Static ឬ​ក៏ Dynamic។

 

សំដៅ​លើ​គេហទំព័រ​ប្រភេទ Dynamic ជា​គេហទំព័រ​មាន​ប្រព័ន្ធ​គ្រប់​គ្រង​ទិន្នន័យ ( Database) លោក​សាស្ត្រាចារ្យ​រូប​នេះ​បាន​បន្ត​ថា បើ​ចង់​ធ្វើ Website Dynamic អ្នក​សិក្សា​ត្រូវ​ចេះ​ Database ផ្សារ​ភ្ជាប់​ជាមួយ ​នឹង​ការ​ស្វែង​យល់​ពី​ ADO.NET ( ផ្នែក​ខាង​ Microsoft )ឬ​ក៏​បច្ចេកទេស​ភ្ជាប់ Connection Database ខាង​ផ្នែក Open Source បន្ថែម​ទៀត​ ទើប​អាច​ទៅ​រួច។

 

ចំណុច​ចុង​ក្រោយ​គឺ​ចាប់​ផ្ដើម​រៀន Develop Dynamic Website មួយ​ដោយ​ខ្លួន​ឯង ដោយ​មិន​គិត​ថា Project នោះ​តូច​ឬ​ក៏​ធំ​នោះ​ទេ សំខាន់​ត្រូវ​ធ្វើ​បាន​លទ្ធផល​ក្លាយ​ជា​ Dynamic Website មួយ​សិន។ ​បើ​សិន​ជា​ចេះ​មូលដ្ឋាន​គ្រឹះ​ខាង​លើ​ហើយ ចង់​ធ្វើ Dynamic Website ខាង​ផ្នែក​ Open Source ឬ​ក៏​ខាង Microsoft ដូច​ជា​មិន​ពិបាក​ប៉ុន្មាន​នោះ​ទេ។

 

បន្ថែម​ពី​បច្ចេកទេស​ Programming ដែល​លោក​សាស្រ្ដាចារ្យ​ សុខលី បាន​ណែនាំ​ពី​ខាង​លើ លោក ទី រ៉ាឌី សាស្ត្រាចារ្យ​ផ្នែក​ Programming នៅ​សាកលវិទ្យាល័យ ន័រតុន និង​ជា​អ្នក​បង្កើត​គេហទំព័រ Khmer 24 ក៏​ចូលរួម​គំនិត​ដែរ​ថា Programming សាលា​ណា​ក៏​មាន​បង្រៀន​ដែរ ដូច្នេះ​និស្សិត​ត្រូវ​ខិតខំ​ស្វែង​យល់​បាន​ច្បាស់​ពី​ Programming ទាំង​នោះ​ជា​មុន​សិន។ បន្ទាប់​ពី​នេះ គឺ​ស្វែង​យល់​ពី User Experience សំដៅ​ទៅ​លើ​ទី​ផ្សារ​អ្នក​ប្រើប្រាស់​ ថា​តើ​​គេហទំព័រ​ដែល​បង្កើត​ឡើង គឺ​អាច​យក​ទៅ​ប្រើប្រាស់​បាន​ដែរ​ឬ​ក៏​អត់។ ជា​ពិសេស​ តើ​គេហទំព័រ​នោះ​​អាច​ជួយ និង​ផ្ដល់​ប្រយោជន៍​អ្វី​ខ្លះ​ដល់​អ្នក​ប្រើប្រាស់។

 

ស្ថាបនិក​គេហទំព័រ Khmer24 រូប​នេះ​បាន​បញ្ជាក់​បន្ថែម​ថា បន្ទាប់​ពី​ស្វែង​យល់​ពី​ទី​ផ្សារ​នៃ​អ្នក​ប្រើប្រាស់​រួច​មក ក្នុង​នាម​ជា​ Web Developer មួយ​រូប ក៏​​ត្រូវ​ស្វែង​យល់ និង​សិក្សា​​ឲ្យ​បាន​ច្រើន​ពី​បច្ចេកទេស​ថ្មីៗ ដែល​មាន​ក្នុង​ស្រុក និង​ក្រៅ​ស្រុក​បន្ថែម​ទៀត ដើម្បី​អភិវឌ្ឍន៍​ខ្លួន​ឲ្យ​តាម​ទាន់​បច្ចេកវិទ្យា។

 

តើ​ប្រិយមិត្ត​មាន​អ្វី​ចែក​រំលែក​ពាក់ព័ន្ធ​នឹង​ការ​តម្រង់​ទិស​ក្នុង​ការ​ក្លាយ​ជា Web Developer ដែរ​ឬ​ទេ? ប្រសិន​បើ​មាន​សូម​បញ្ចេញ​មតិ​តាម​ប្រអប់​ខាង​ក្រោម​នេះ៕

 

អត្ថបទ៖ តុង

អត្ថបទថ្មី