ប្រវត្តិ​ស្នេហ៍​​ក្លែងក្លាយ​ជាង​២០ឆ្នាំ​របស់​ លី លានជា និង​ប្រពន្ធទី​១

  • 2015-06-18 13:05:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ឆ្នាំ​១៩៨៧ តារា​សម្ដែង​ចិន Jet Li (លីលានជា) បាន​រៀប​ការ​ជាមួយ​ប្រពន្ធ​ទី​មួយ​ គឺ​តារា​សម្ដែង Huang Qiuyan ដែល​ជា​មិត្ត​យល់​ចិត្ត​គ្នា​តាំង​ពី​វ័យ​កុមារ ប៉ុន្តែ​ចំណង​អាពាហ៍ពិពាហ៍​​មួយ​នេះ​ត្រូវ​បាន​បញ្ចប់​ក្នុង​រយៈ​ពេល​តែ​៣ឆ្នាំ។ ក្រោយ​មក តារា​រូប​នេះ​បាន​បញ្ជាក់​ថា ខ្លួន​មិន​ស្គាល់​ថា​ស្នេហា​ពិត​ជា​អ្វី​ឡើយ រហូត​ដល់​បាន​ជួប​ប្រពន្ធ​ទី​ពីរ គឺ Nina Li។​

 

 

ពីមិត្ត​​ក្លាយ​ជា​ស្នេហា

 

Qiuyan បាន​ជួប​ លីលានជា ក្នុង​ថ្នាក់​រៀន​ក្បាច់​គុន​តាំង​ពី​នាង​មាន​អាយុ ១១ឆ្នាំ។ បើ​ទោះ​ជា​ពេល​នោះ​នាង​មាន​អាយុ​ច្រើន​ជាង លីលានជា ២ឆ្នាំ ប៉ុន្តែ​ពួក​គេ​បាន​ក្លាយ​ជា​មិត្ត​ល្អ​នឹង​គ្នា​យ៉ាង​ឆាប់​រហ័ស។ ទំនាក់​ទំនង​របស់​ពួក​គេ​កាន់​តែ​រឹង​មាំ និង​វិវត្ត​ពី​មិត្ត​ភាព​ទៅ​ជា​ស្នេហា ហើយ​ក៏​បាន​ចាប់​ដៃ​គ្នា​រៀបការ​ ក្នុង​រយៈ​ពេល ២០ឆ្នាំ​ក្រោយ។

 

ពីរ​ឆ្នាំ​មុន​រៀបការ លីលានជា បាន​ជួប​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​មួយ​​ពេល​ថត​រឿង "Martial Arts of Shaolin” ដែល​ស្ទើរ​តែ​ធ្វើ​ឲ្យ​គេ​ពិការ​ជើង​ទាំង​សង​ខាង។ អំឡុង​ពេល​នោះ Qiuyan បាន​បោះបង់​ការងារ​ចោល​ទាំង​អស់​ដើម្បី​យក​ពេល​វេលា​មក​មើល​ថែ​ជំងឺ​សង្សារ​នៅ​មន្ទីរ​ពេទ្យ​ រយៈ​ពេល​ជា​ច្រើន​ខែ។ ដោយ​រំភើប​​នឹង​ទឹក​ចិត្ត​ស្មោះស្ម័គ្រ​របស់​មិត្ត​ស្រី Jet ​បាន​សុំ​នាង​រៀបការ​ ហើយ​អ្នក​ទាំង​ពីរ​ក៏​បាន​ចុះ​សំបុត្រ​អាពាហ៍ពិពាហ៍​ជាមួយ​គ្នា​នៅ​ឆ្នាំ១៩៨៧ ដោយ​គ្មាន​ពិធី​មង្គលការ និង​គ្មាន​វត្តមាន​ឪពុក​ម្ដាយ​ណា​មួយ​ឡើយ។

 

 

​​​មិន​ស្គាល់​អត្ថន័យ​ស្នេហ៍​ពិត រហូត​ដល់​ជួប Nina Li

 

ថ្វី​បើ Qiuyan និង Jet Li បាន​ស្គាល់​ចិត្ត​ថ្លើម​គ្នា​តាំង​ពី​ក្មេង និង​មាន​កូន​ស្រី​ពីរ​នាក់​ជាមួយ​គ្នា​ក៏​ដោយ ប៉ុន្តែ Jet មិន​មាន​អារម្មណ៍​ថា​មាន​សុភមង្គល​ឡើយ​ក្នុង​ជីវិត​អាពាហ៍ពិពាហ៍​មួយ​នេះ។ ក្រោយ​ពេល​បាន​ជួប​បវរកញ្ញា Nina Li តារា​សម្ដែង​រូប​នេះ​ក៏​បាន​សុំ​ភរិយា​ចែក​ផ្លូវ​គ្នា​តាម​ទូរសព្ទ ដោយ​ប្រាប់​មូលហេតុ​យ៉ាង​ខ្លី​ថា​ស្នេហា​​ពួក​គេ​មិន​មែន​ជា "ស្នេហ៍​ពិត" ឡើយ។

 

បើ​ទោះ​ជា​ខូច​ចិត្ត​យ៉ាង​ណា​ ប៉ុន្តែ​ទី​បំផុត Qiuyan ​បាន​យល់​ព្រម​លែងលះ។ Jet បាន​សម្រេច​ចិត្ត​ប្រគល់​ទ្រព្យ​សម្បត្តិ​មួយ​ផ្នែក​ធំ​ រួម​ទាំង​ប្រាក់​សន្សំ​របស់​ខ្លួន​ឲ្យ​ទៅ​ភរិយា។

 

Jet Li បាន​សារភាព​ដោយ​បើក​ចំហ​ថា ក្ដី​ស្រឡាញ់​របស់​គេ​ចំពោះ​ Qiuyan គឺ​ត្រឹម​តែ ២០ភាគ​រយ​ប៉ុណ្ណោះ។ "ក្រោយ​ពេល​ជួប Nina ខ្ញុំ​ទទួល​អារម្មណ៍​ថា​ក្ដី​ស្រឡាញ់​របស់​ខ្ញុំ​ចំពោះ​នាង​អាច​ឲ្យ​ខ្ញុំ​លះបង់​គ្រប់​យ៉ាង ទាំង​កេរ្តិ៍ឈ្មោះ ទ្រព្យ​សម្បត្តិ​ និង​ជីវិត​របស់​ខ្ញុំ។ ជាមួយ​ស្នេហា​ចាស់ ខ្ញុំ​មិន​ដែល​មាន​អារម្មណ៍​ដូច្នេះ​ឡើយ ហើយ​ក៏​មិន​ដែល​យល់​ថា​អ្វី​ជា​ស្នេហា​ពិត​នោះ​ដែរ"។ Jet និយាយ។

 

លីលានជា និង​ប្រពន្ធ​ទី​ពីរ

 

ពី​ស្នេហា​ក្លាយ​ជា​មិត្ត​ម្ដង​ទៀត

 

ក្រោយ​ពី​លែងលះ Jet និង Qiuyan នៅ​តែ​ជា​មិត្ត​នឹង​គ្នា​ដដែល។ ក្នុង​រយៈ​ពេល​ច្រើន​ឆ្នាំ​មក​នេះ Qiuyan ក៏​នៅ​តែ​រក្សា​ទំនាក់ទំនង​យ៉ាង​ល្អ​ដែរ​ជាមួយ​ម្ដាយ​របស់ Jet។ នៅ​ពេល Qiuyan រៀប​ការ​ស្វាមី​ទី​ពីរ​នៅ​ឆ្នាំ​២០០៥ Jet Li បាន​ចង​ដៃ​នាង​ចំនួន ៥ម៉ឺន​ដុល្លារ ៕​

 

ប្រពន្ធ​ដើម​លីលានជា បច្ចុប្បន្ន

 

ចុចអាន៖ការពិត​១០​យ៉ាង អ្នក​មិន​ដឹងពី​ លី លានជា

ចុចអាន៖តារា​ចិន​ល្បី​ៗ ៦​រូប ដែល​មាន​ប្រពន្ធ​ជា​កំពូល​អ្នក​មាន

ប្រែ​សម្រួល៖ វ៉ាន់ថន ប្រភព៖ jaynestars

អត្ថបទថ្មី