រោង​ភាពយន្ត Platinum Cineplex បរិច្ចាគ​ថវិកា​ជួយ​ប្រជាជន​នេប៉ាល់

  • 2015-06-18 00:08:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នា​រសៀល​នេះ រោង​ភាពយន្ត Platinum Cineplex បាន​ប្រគល់​ថវិកា​ប្រមាណ​ជាង ១ ៧០០ ដុល្លារ​អាមេរិក ដល់​អង្គការ Action Aid ដើម្បី​ជួយ​ដល់​ប្រជាជន នេប៉ាល់ ដែល​ទទួល​រង​គ្រោះ​ដោយ​សារ រញ្ជួយ​ដី​ កាល​ពី​​ថ្ងៃ​ទី​ ២៥ ខែ​មេសា ២០១៥ កន្លង​ទៅ។

 

 

លោក សៅ សុខនី អ្នក​ចាត់ការ​ទូទៅ​រោងភាពយន្ត​ខាង​លើ​បាន​បញ្ជាក់​ថា ថវិកា​ទាំង​អស់​បាន​ពី​ការ​លក់​សំបុត្រ​កុន​ចាប់​ពី​ថ្ងៃ​ទី​ ១២ ដល់​ថ្ងៃ​ទី​ ១៧ ខែ ​ឧសភា ២០១៥ ដោយ​កាត់ ០.២៥ ដុល្លារ​ក្នុង​សំបុត្រ​១​សន្លឹក ដើម្បី​ដាក់​ចូល​ក្នុង​មូលនិធិ។ លោក​បន្ត​ថា ជន​រងគ្រោះ​រាប់​ពាន់​នាក់​កំពុង​ត្រូវ​ការ​ជំនួយ​ជា​ចាំ​បាច់ ដើម្បី​សង្គ្រោះ​ជីវិត ក្រោយ​ពេល​គ្រោះ​ថ្នាក់​រញ្ជួយ​ដី​២​លើក​ជាប់​គ្នា។

 

លោក​បញ្ជាក់​ថា៖ “កិច្ចការ​មនុស្ស​ធម៌​កន្លង​មក យើង​ធ្វើ​តែ​ក្នុង​ស្រុក។ ប៉ុន្តែ​ពេល​នេះ យើង​ធ្វើ​ឆ្លង​ប្រទេស​វិញ​ម្ដង ដោយ​គិត​ថា នៅ​ថ្ងៃ​ណា​មួយ​ប្រទេស​យើង​ជួប​បញ្ហា គេ​ជួយ​យើង​ម្ដង"។

 

អ្នក​ចាត់​ការ​ទូទៅ​រូប​នេះ​បន្ត​ថា លោក​ចង់​ចែក​រំលែក​ទុក្ខ​លំបាក និង​ក្ដី​អាណិតអាសូរ ដល់​ប្រជាជន​ នេប៉ាល់ ដែល​កំពុង​តែ​ត្រូវ​​ជំនួយ​សង្គ្រោះ​ជា​ចាំ​បាច់។ កន្លង​មក​រោង​ភាពយន្ត Platinum Cineplex បាន​ចូលរួម​នៅ​ក្នុង​សកម្មភាព​សប្បុរសធម៌ និង ​សង្គមជាច្រើន ចាប់​តាំង​ពី​ដំណើរ​ការ​ដំបូង​រហូត​មក​ដល់​ពេល​នេះ។

 

ប្រភព​ដដែល​អះអាង​ថា លោក​ចង់​ចូល​រួម​ទទួល​ខុសត្រូវ​សង្គម ពិសេស​ក្នុង​ការ​អភិវឌ្ឍន៍​​វិស័យ​អប់រំ និង​ វិស័យ​សុខាភិបាល។ ក្នុង​នោះ​បាន​នាំ​យក​នូវ​ថវិកា​ទទួល​បាន​ពី​ការ​លក់​សំបុត្រ​ ទៅ​បរិច្ចាគ​ដល់​មណ្ឌល​កុមារ​កំព្រា​ក្នុង​ខេត្ត​កំពង់​ស្ពឺ និង​ សង់​បណ្ណាល័យ​នៅ​ខេត្ត​កណ្ដាល និង​ ចូលរួម​សកម្មភាព​ជា​ច្រើន​ទៀត។ ដោយ​ឡែក​សម្រាប់​គម្រោង​ផ្ដល់​អាហារូបករណ៍​ដល់​និស្សិត ក៏​កំពុង​ធ្វើ​ការ​ពិចារណា៕

 

អាន​អត្ថបទ៖ សាឡាត់ ស្រីឡាង ថា​ចូល​សិល្បៈ​ព្រោះ​ស្មាន​តែ​ងាយស្រួល

អាន​អត្ថបទ៖ មាស សុខ​សោភា ជិះ​ឃើញ​ភ្លាម ចុះ​ចូល​ចែក​អំណោយ​ភ្លែត

 

 

 

អត្ថបទ៖ សំ ជំនាញ

អត្ថបទថ្មី