អត្ថប្រយោជន៍​ផ្កា​សាគូរ៉ា​នៅ​ជប៉ុន​ចំពោះ​សម្រស់

  • 2015-06-27 15:00:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផ្កា​ម្យ៉ាង​ដែល​ប្រជាជន​ជប៉ុន​ហៅ​ឈ្មោះ​ថា​សាគូរ៉ា(Sakura) និង​មាន​ពាក្យ​ជា​ភាសា​អង់គ្លេស Cherry Blossom ត្រូវ​ប្រជាជន​ជប៉ុន​ចាត់​ទុក​ជា​រុក្ខជាតិ​មាន​​គុណ​ប្រយោជន៍​រាប់​មិន​អស់។ មិន​ត្រឹម​តែ​លម្អ​ទេសភាព​ឲ្យ​កាន់​តែ​ស្រស់​ត្រកាល ផ្កា​សាគូរ៉ា​បាន​ក្លាយ​ជា​រុក្ខជាតិ​ថែ​រក្សា​សម្រស់​នារី​ជា​ច្រើន រហូត​ដល់​ក្រុមហ៊ុន​មួយ​ចំនួន​​ច្នៃ​ចេញ​ជា​​ផលិតផល ហើយ​ឃើញ​ពី​ប្រសិទ្ធភាព​ពិត​ៗ។

 

 

ផ្កា​សាគូរ៉ា សម្បូរ​ទៅ​ដោយ​សារជាតិ​ប្រឆាំង​អុកស៊ីតកម្ម ព្រម​ទាំង​ជំនួយ​ដល់​ស្បែក និង​សម្អាត​ជាតិ​កខ្វក់​ទាំង​ឡាយ​នៅ​លើ​ខ្លូន។ ជាង​នេះ​ទៅ​ទៀត ផ្កា​សាគូរ៉ា​មាន​ជាតិ​អាស៊ីដ​ដ៏​សំខាន់​ម្យ៉ាង​ដែល​អាច​ជួយ​ជួសជុល​កោសិកា​ខូច​ពី​ធម្មជាតិ និង​នាំ​ឲ្យ​ស្បែក​កាន់​តែ​ភ្លឺ​រលោង។

 

ផ្កា​សាគូរ៉ា រឹតតែ​ស័ក្ដិសម​សម្រាប់​មនុស្ស​វ័យ​ចំណាស់ ព្រោះ​រុក្ខជាតិ​មួយ​ប្រភេទ​នេះ​មាន​មុខងារ​ប្រឆាំង​នឹង​​ភាព​ជ្រីវជ្រួញ ព្រម​ទាំង​ធ្វើ​ឲ្យ​ស្បែក​ស។ ផ្កា​សាគូរ៉ា ក៏​មាន​សារជាតិ​ប្រឆាំង​នឹង​ការ​រលាក និង​ជួយ​ឲ្យ​ស្បែក​ដែល​ស្រអាប់​ដោយ​កម្ដៅ​ថ្ងៃ​មាន​ភាព​ស្រស់​ថ្លា​ឡើង​វិញ។ លើស​ពី​នេះ វា​អាច​ជួយ​សម្អាត​ជាតិ​ពុល​លើ​ស្បែក បន្សល់​ទុក​មក​វិញ​នូវ​​ស្បែក​ភ្លឺ​ស្អាត មាន​សុខភាព​ល្អ។

 

ផ្កា​សាគូរ៉ា ត្រូវ​គេ​ចាត់​ទុក​ជា​និមិត្តរូប​នៃ​សម្រស់​របស់​ជនជាតិ​ជប៉ុន ដូច​គ្នា​ទៅ​នឹង​ផ្កា​កុលាប​ដែល​ជា​តំណាង​នៃ​សម្រស់​នារី​លោក​ខាង​លិច​ដែរ។ ស្លឹក​ផ្កា​សាគូរ៉ា ត្រូវ​បាន​ប្រជាជន​ជប៉ុន​ប្រើ​ប្រាស់​ជា រុក្ខជាតិ​ត្រាំ​ខ្លួន​ពេល​ងូត​ទឹក ជា​តែ​សម្រាប់​ផឹក​បង្កើន​សុខភាព និង​ច្នៃ​ជា​ផលិត​ផល​កក់​សក់​ជម្រុះ​អង្គែ រួម​ទាំង​គុណប្រយោជន៍​ជា​ច្រើន​ទៀត។

 

 

ផ្កា​សាគូរ៉ា មាន​ដើម​កំណើត​ដំបូង​នៅ​ជួរ​ភ្នំ​ហិមាល័យ ហើយ​បច្ចុប្បន្ន​នេះ​វា​កំពុង​ដុះ​ដាល​នៅ​តាម​បណ្ដាល​ប្រទេស​ដែល​មាន​អាកាសធាតុ​អំណោយ​ផល មិន​ក្ដៅ​ពេក មិន​ត្រជាក់​ពេក។ ប្រទេស​ទាំង​នោះ​មាន​ទាំង​​នៅ​តំបន់​អឺរ៉ុប ស៊ីបេរី​ខាង​លិច ចិន ឧបទ្វីប​កូរ៉េ កាណាដា សហរដ្ឋអាមេរិក និង​ប្រទេស​ជប៉ុន​ដែល​ហៅ​ឈ្មោះ​ថា​ផ្កា​សាគូរ៉ា​នេះ​តែ​ម្ដង៕

 

 

ចុចអាន៖ ប៉ោម​មួយ​ផ្លែ​អាច​ជួយ​អ្វី​បាន​ខ្លះ​ដល់​សុខភាព​?

ចុចអាន៖ កុំ​មើលងាយ! ផ្លែ​ក្រខុប និង​​ស្លឹក​វា​​មាន​​អត្ថប្រយោជន៍​​ហួស​ស្មាន

 

ប្រែ​សម្រួល៖ គង់ វិសាល ប្រភព៖ formulabotanica, prevention​