កាហ្វេ​​​ពេញ​និយម​ខ្លាំង តើ​ដឹង​ថា​​មាន​ដើម​កំណើត​ពី​ណា​ឬអត់?

  • 2015-07-01 22:06:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


គេ​យក​កាហ្វេ​​​ទៅ​ធ្វើ​ជា​​ភេសជ្ជៈ ​ដែល​មនុស្ស​​​ជា​​ច្រើន​​ទូ​ទាំង​ពិភព​លោក​និយម​ចូល​ចិត្ត ដោយ​សារ​​ក្លិន​​ឈ្ងុយ ​និង​រសជាតិ​​​ឆ្ងាញ់​របស់​វា។ ​​​មនុស្ស​ទាំង​ចាស់​ទាំង​ក្មេង​ទទួល​ទាន​​កាហ្វេ​ដើម្បី​កំដរ​ការ​ជជែក​លេង​កម្សាន្ត​ ឬ​​បំបាត់​ភាព​ងងុយ​គេង​ និង​បង្កើន​ស្មារតី​​ផង​ដែរ។ ​យ៉ាង​ណា​មិញ​ ប្រិយ​មិត្ត​មួយ​ចំនួន​ប្រហែលមិន​ទាន់​ដឹង​ទេ​ថា​វា​មាន​ប្រភព​ពី​ណា និង​មាន​ប្រវត្តិ​បែប​ណា?

 

ដើម​កាហ្វេ

 

​កាហ្វេ​មាន​ប្រភព​មក​ពី​​ប្រទេស​អេត្យូពី តំបន់​អាហ្រ្វិក

 

​យោង​តាម​​ឯកសារ​ជា​ច្រើន​បាន​ឲ្យ​ដឹង​ថា​​​​កាហ្វេ​​​ត្រូវ​បាន​គេ​រក​ឃើញ​​​នៅ​ដើម​​​សតវត្ស​ទី​៩​​​ មាន​ប្រភព​ដើម​មក​ពី​តំបន់​ខ្ពង់​រាប​នៃ​​ប្រទេស​អេត្យូពី​ ដែល​ស្ថិត​ក្នុង​ទ្វីប​អាហ្វ្រិក​ភាគ​​ខាង​​កើត។ ​​​ដោយ​ឡែក​បើ​តាម​រឿង​ព្រេង​របស់​ជនជាតិ​អេត្យូពី​ គឺ​ដំណាល​​ពី ​បុរស​គង្វាល​ពពែ​ម្នាក់​ឈ្មោះ​ Kaldi ដែល​បាន​កត់​សម្គាល់​ឃើញ​ថា ពពែ​របស់​គាត់​​មាន​សភាព​ចម្លែក​ ដោយ​ពុំ​​​ព្រម​​ដេក​ និង​​​ងើប​ឈរ​​រេ​រាំ ​ក្រោយ​ពី​​ពពែ​ទាំង​នោះ​បាន​ស៊ី​គ្រាប់​រុក្ខជាតិ​ម្យ៉ាង។ បន្ទាប់​​មក ​Kaldi បាន​យក​រុក្ខជាតិ​ទាំង​នោះ ទៅ​ផ្ញើ​​អ្នក​​​​នៅ​​​វិហារ ​រួច​ពេល​នោះ​ទើប​គេ​ដឹង​ថា​គ្រាប់​រុក្ខជាតិ ​(កាហ្វេ)​ ដែល​អាច​ជួយ​​​ឲ្យ​ពួក​គេ​​មាន​កម្លាំង ​​ហើយ​អាច​នៅ​បួង​សួង​ក្នុង​វិហារ​បាន​យូរ​​​ ក្រោយ​ពី​បាន​ញ៉ាំ​វា​។

 

 

​​​​​​​​​​​​​​​​កាហ្វេ​មក​ដល់​​​ឧបទ្វីប​​អា​រ៉ាប់

 

​​មក​ដល់​សតវត្ស​ទី​១៥​​​​កាហ្វេ​ត្រូវ​បាន​នាំ​យក​ទៅ​​ដាំ​ និង​ជួញ​ដូរ​​នៅ​ក្នុង​ឧបទ្វីប​​អា​រ៉ាប់​ នៅ​ក្នុង​ប្រទេស​យេមែន​ និង​​ក្រោយ​មក​​ដល់​សតវត្ស​ទី​១៦ ​​ត្រូវ​បាន​នាំ​យក​មក​​ក្នុង​ចក្រ​ភព ​Persia ​ប្រទេស​អេហ្ស៊ីប​ សី​រ៉ី ​ទួរគី ​​និង​អាហ្វ្រិក​ភាគ​ខាង​ជើង។ ​នៅ​ក្នុង​​ឧបទ្វីប​អា​រ៉ាប់​​នេះ​ហើយ​ដែល​គ្រាប់​កាហ្វេ​ត្រូវ​បាន​គេ​យក​មក​ដុត ​និង​​ឆុង​​មក​ធ្វើ​ជា​ភេសជ្ជៈ​​​​។

 

កាហ្វេ​​​​​ទៅ​ដល់​ទ្វីប​អឺរ៉ុប

 

ត្រឹម​សតវត្ស​ទី​១៧​​ អ្នក​ដំណើរ​​ជន​ជាតិ​អឺរ៉ុប​នៅ​ប៉ែក​​ខាង​កើត ​​​បាន​នាំ​យក​​កាហ្វេ​មក​​កាន់​ទ្វីប​អឺរ៉ុប។​មាន​មនុស្ស​មួយ​ចំនួន​​​មិន​ពេញ​ចិត្ត​នឹង​​ភេសជ្ជៈ​ល្វីង​មួយ​នេះ។ តែ​ក្រោយ​មក​ភេសជ្ជៈ​​កាហ្វេ​​បាន​ពេញ​និយម​ទូទាំង​បណ្ដា​ប្រទេស​​អឺរ៉ុប ​​បន្ទាប់​ពី​សម្ដេច​​ប៉ាប​​ទី​ប្រាំបី​ (សម្ដេច​សង្ឃ​កាតូលិក​) ​បាន​​​ភ្លក់​និង​បញ្ជាក់​ថា​ភេសជ្ជៈ​នេះ​អាច​ទទួល​យក​បាន។ ក្រោយ​មក​​​កាហ្វេ​ត្រូវ​បាន​ប្រជាជន​អឺរ៉ុប​​​គាំ​ទ្រ​ និង​ពេញ​និយម​​នៅ​តាម​ទីក្រុង​ប្រទេស​មួយ​ចំនួន​ដូច​ជា​នៅ​​​អង់គ្លេស​ អូទ្រីស បារាំង អាល្លឺម៉ង់ និង​ហុល្លង់​​ជា​​​ដើម។ ​នៅ​ពាក់​កណ្ដាល​សតវត្ស​ទី​១៧​ តៀម​កាហ្វេ​៣០០​កន្លែង​បាន​រីក​ព្រោង​ព្រាត​ក្នុង​ទី​ក្រុង​ឡុងដុង។

 

 

កាហ្វេ​ទៅ​ដល់​ទ្វីប​អាមេរិក​​​​​​​​​​​​​​​​​​​

 

មក​ដល់​​ពាក់​កណ្ដាល​​ទសវត្ស​ឆ្នាំ​១៦០០ ​ចក្រភព​អង់គ្លេស​បាន​នាំ​យក​កាហ្វេ​មក​ដល់​ទ្វីប​​អាមេរិក។​ ​​ប៉ុន្តែ​រហូត​ដល់​​​​ឆ្នាំ​​​​១៧៧៣ ទើប​វា​ចាប់​ផ្ដើម​ពេញ​និយម​ខ្លាំង នៅ​ក្រោយ​ពី​​​ស្ដេច George នៃ​ចក្រភព​អង់គ្លេស​​ដែល​ដាក់​​​លើ​​​​អាមេរិក​ចាប់​ផ្ដើម​ដំឡើង​ពន្ធ​តែ ​ដែល​ធ្វើ​ឲ្យ​​​មាន​តម្លៃ​ខ្ពស់​ ​ដែល​ធ្វើ​ឲ្យ​មនុស្ស​ងាក​មក​ញ៉ាំ​កាហ្វេ​ជំនួស​តែ​។

 

ដំណាំ​កាហ្វេ​មាន​ពាស​ពេញ​ពិភព​លោក​​​​​

 

នៅ​​ពាក់​កណ្ដាល​សតវត្ស​ទី​១៧​ កាហ្វេ​​បាន​ពេញ​និយម​ខ្លាំង​​ឡើង​នៅ​តាម​បណ្ដា​ប្រទេស​ជា​ច្រើន។ ពេល​នោះ​​ប្រទេស​​មួយ​ចំនួន​ក្នុង​ទ្វីប​អឺរ៉ុប​​ដែល​បាន​​មក​គ្រប់​គ្រង​ប្រទេស​​ក្នុង​តំបន់​អាស៊ី​​តួ​យ៉ាង​ប្រទេស​ហុល្លង់​បាន​នាំ​យក​​​កាហ្វេ​មក​ដាំ​​លើ​កោះ​ជ្វា (​សព្វ​ថ្ងៃ​ប្រទេស​ឥណ្ឌូណេស៊ី) បាន​យ៉ាង​ជោគ​ជ័យ​​ និង​បន្ត​ដាំ​នៅ​កោះ​មួយ​ចំនួន​ទៀត​​ក្នុង​កោះ​សូម៉ាត្រា ​និង​​កោះ​Celebes ​ប្រទេស​ឥណ្ឌូណេស៊ី​សព្វ​ថ្ងៃ​។ រីឯ​ប្រទេស​មួយ​ចំនួន​ទៀត​បាន​ចាប់​ផ្ដើម​ដាំ​ដំណាំ​កាហ្វេ​ច្រើន​ឡើង​ៗ​។ រហូត​​មក​ដល់​ចុង​សតវត្ស​ទី​១៨​ កាហ្វេ​បាន​ក្លាយ​ជា​ដំណាំ​​នាំ​ចេញ​​ដែល​ទទួល​បាន​ចំណេញ​ច្រើន​ និង​ទទួល​បាន​ការ​ពេញ​និយម​ជា​ខ្លាំង​ដល់​ពេល​បច្ចុប្បន្ន៕

 

 

ចុច​អាន៖ ចង់​បើក​ហាង​កាហ្វេ គួរ​ដឹង​៦ជំហាន​នេះ

 

ចុច​អាន៖ ពេលវេលា​ល្អ​បំផុត​​ដែល​អ្នក​គួរ​​​ទទួល​ទាន​​កាហ្វេ

 

ប្រែ​សម្រួល៖ មាន រតនា ប្រភព៖ncausa, funtrivia, nationalgeographic