រស់ សំអឿន ​និង​គូដណ្តឹង​ប្រាប់​ពី​ការ​សន្សំ​ប្រាក់​សម្រាប់​រៀប​មង្គល​ការ​

  • 2015-07-02 15:35:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ការពារ​របស់​បឹងកេត​អង្គរ រស់ សំអឿន និង​គូដណ្តឹង​បាន​នាំ​គ្នា​សន្សំ​ប្រាក់​ជា​ច្រើន​ខែ​​មក​ហើយ​សម្រាប់​​រៀប​​​អាពាហ៍ពិពាហ៍​​​ដែល​គ្រោង​រៀប​ចំ​នៅ​​ថ្ងៃ​ទី ៥ ខែ ធ្នូ ឆ្នាំ ២០១៥ ខាង​មុខ​នេះ ។

 

កីឡាករ រស់ សំអឿន (អាវ​ស)

 ​រស់ សំអឿន​ បាន​ឲ្យ​ដឹង​ថា គេ​​បាន​កំណត់​ការ​សន្សំ​ប្រាក់​​ចន្លោះ​ពី ៣៥០ ​ទៅ ៤០០ ដុល្លារ​អាមេរិក​​យ៉ាង​តិច​ក្នុង​មួយ​ខែ។  របៀប​នៃ​ការ​សន្សំ​ប្រាក់​របស់​​គេ​គឺ យក​ប្រាក់​ទៅ​ទុក​ក្នុង​ធនាគារ​ខ្លះ​ និង​សន្សំ​ទុក​​នៅ​ជាប់​ខ្លួន​ខ្លះ ។  ​​រូប​គេបាន​​ចាប់​ផ្ដើម​សន្សំ​ប្រាក់​សម្រាប់​​រៀប​​មង្គលការ​​​​​តាំង​ពី​ឆ្នាំ ២០១៣ មក​ម្ល៉េះ។ បើ​គិត​​មក​ដល់​ពេល​នេះ​គេ​មិន​បាន​ចាំ​​ចំនួន​​​ទឹក​ប្រាក់​របស់​គេ​ឡើយ។ ស្រប​ពេល​ប្រាក់​​ដែល​សន្សំ​ទុក​គណនី​របស់​គេ​​ជា​ប្រាក់​បាន​មក​ពី​ប្រាក់​ខែ​របស់​គេ​ទាំង​ស្រុង ។

 

សំអឿន ប្រាប់​ទៀត​ថា ៖«ការ​ចាយ​ ខ្ញុំ​​មិន​បាន​កំណត់​ទេ ​​តែ​​ចាយ​តាម​តម្រូវ​ការ​ប្រចាំ​ថ្ងៃ។ មង្គល​ការ​របស់​ខ្ញុំ រឿង​បណ្តាការ​គឺ​​ពុក​ម៉ែ​​​ជួយ​ចេញ តែ​​​ចំពោះ​ការ​រៀប​មង្គល​ការ​ ​​ខ្ញុំ​​​​ចំណាយ​ដោយ​ខ្លួន​ឯង​ទាំង​​​ស្រុង»។

 

​ជា​មូយ​គ្នា​នេះ​ដែរកញ្ញា​ យូ បូរមី ​គូ​ដណ្ដឹង​របស់​ រស់ សំអឿន បាន​ឲ្យ​ដឹង​​ថា​ នាង​ក៏​​បាន​​​សន្សំ​ប្រាក់​​ផ្ទាល់​ខ្លួន​​ខ្លះ​ដែរ​សម្រាប់​រៀប​មង្គល​ការ​នា​ពេល​ខាង​មុខ​នេះ។ កញ្ញា​​​សន្សំ​ប្រាក់​នៅ​​ធនាគារ​ដោយ​យ៉ាង​ហោច​​ណាស់​​ក៏​​ទុក​សន្សំ​ ៣០០ ដុល្លារ​អាមេរិក​ក្នុង​មួយ​ខែ​។ ចំពោះ​ការ​​ចំណាយ​វិញ នាង​មិន​ហ៊ាន​ចាយ​ផ្តេស​ផ្តាស​ទេ​ពោល​គឺ​ទាល់​តែ​ចាំ​បាច់​ទើប​​នាង​ចាយ។

 

អ្វី​ដែល​ពិសេស​នោះ​ កញ្ញា​បាន​សន្សំ​ប្រាប់​សម្រាប់​រៀប​ការ និង​ទិញ​ផ្ទះ​នៅ​ផ្ទាល់​ខ្លួន​ទៀត​ផង។ កញ្ញា​និយាយ​ថា ៖«ខ្ញុំ​បាន​ពិភាក្សា​ជា​មួយ​គូ​ដណ្តឹងហើយ​​ យើង​នាំ​គ្នា​សន្សំ​ប្រាក់​សម្រាប់​រៀប​ការ បន្ទាប់​មក​យើង​នឹង​សន្សំ​សម្រាប់​ផ្ទះ​នៅ​ផ្ទាល់​ខ្លួន តែ​អត់​ហ៊ាន​ថា ទិញ​ផ្ទះ​ឆ្នាំ​ណា​ទេ ពី​ព្រោះ​អត់​ចង់​បែក​ចេញ​ពី​ក្រុម​គ្រួសារ។ ពេល​ណា គាត់​(សំអឿន)​ចេញ​ទៅ​ណា​ឆ្ងាយ​ច្រើន​ថ្ងៃ ខ្ញុំ​អត់​​ចង់​នៅ​ផ្ទះ​ម្នាក់​​ឯង»។​

 

កីឡាករ ​រស់ សំអឿន និង​កញ្ញា យូ បូរមី​ បាន​ភ្ជាប់​ពាក្យ​​កាល​ពី​ខែ​កុម្ភៈ ឆ្នាំ​២០១៥​កន្លង​ទៅ​នេះ ហើយ​គ្រោង​នឹង​រៀប​អាពាហ៍ពិពាហ៍​​នៅ​​ថ្ងៃ​ទី ៥ ខែ ធ្នូ​ ឆ្នាំ ២០១៥ ។ កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន ពួក​គេ​ទើប​តែ​បាន​ថត Pre-wedding៕

 

 

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា

អត្ថបទថ្មី