ជាង១ម៉ឺននាក់អាចឆ្លងមេរោគអេដស៍ និងថ្លើមក្រោយចូលគ្លីនិកធ្មេញពីរនៅអូស្រ្តាលី
- 2015-07-03 16:06:58
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជាង១ម៉ឺននាក់អាចឆ្លងមេរោគអេដស៍ និងថ្លើមក្រោយចូលគ្លីនិកធ្មេញពីរនៅអូស្រ្តាលី
ចន្លោះមិនឃើញ
អ្នកនាំពាក្យមន្ទីរសុខាភិបាលរដ្ឋ New South Wales បានឲ្យដឹងថា អ្នកជំងឺមាត់ធ្មេញយ៉ាងតិច ១១០០០នាក់ ដែលធ្លាប់ចូលព្យាបាលក្នុងគ្លីនិកធ្មេញចំនួនពីរ អាចរងហានិភ័យឆ្លងមេរោគអេដស៍ និងរលាកថ្លើម ដោយសារកង្វះអនាម័យលើសម្ភារៈព្យាបាល។ នេះបើតាមការចុះផ្សាយលើសារព័ត៌មាន BBC របស់ប្រទេសអង់គ្លេសកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ។
គ្លីនិកដែលកំពុងមានរឿងអាស្រូវទាំងពីរ បានបើកប្រតិបត្តិការនៅទីតាំងបួនកន្លែងផ្សេងគ្នា។ គ្លីនិកទីមួយឈ្មោះ Gentle Dental ដែលមានទីតាំងនៅតំបន់ Campsie ជាយក្រុងស៊ីដនី រដ្ឋ New South Wales និងស្ថិតនៅសង្កាត់ពាណិជ្ជកម្មកណ្ដាល។ ចំណែកគ្លីនិកទីពីរ បើកប្រតិបត្តិការដោយវេជ្ជបណ្ឌិត Robert Starkenburg នៅតំបន់ Surry Hills និងតំបន់ Bondi Junction ជាយក្រុងស៊ីដនី រដ្ឋ New South Wales។
សារព័ត៌មានក្នុងស្រុកបានរាយការណ៍ថា ទន្តពេទ្យវ័យ ៧៥ឆ្នាំ Starkenburg ត្រូវគណៈកម្មការទន្តពេទ្យរបស់ប្រទេសអូស្ត្រាលីដកឈ្មោះចេញពីក្រុមកាលពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៤។ ទន្តពេទ្យវ័យចំណាស់រូបនេះបានទទួលស្គាល់ថា ការព្យាបាលរបស់លោកពិតជាខ្វះអនាម័យមែន។
ចំណែកទន្តពេទ្យឈ្មោះ Samson Chan និងទន្តពេទ្យ ៤រូបផ្សេងទៀត ដែលជាបុគ្គលិកនៅគ្លីនិក Gentle Dental ត្រូវព្យួរឈ្មោះបណ្ដោះអាសន្នកាលពីខែមិនាដើមឆ្នាំ២០១៥។ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យគណៈកម្មការទន្តពេទ្យប្រទេសអូស្ត្រាលី។
អ្នកនាំពាក្យមន្ទីរសុខាភិបាលរដ្ឋ New South Wales បាននិយាយថា អ្នកជំងឺដែលធ្លាប់ទៅព្យាបាលនៅគ្លីនិកទាំងពីរខាងលើ គូរប្រឹក្សាជាមួយវេជ្ជបណ្ឌិតដើម្បីធ្វើតេស្តឈាម។ យ៉ាងណាក្ដី អ្នកនាំពាក្យរូបនេះបានបញ្ជាក់ថា ហានិភ័យនៃការឆ្លងអាចមានតិចតួចប៉ុណ្ណោះ៕
ចុចអាន៖ គ្រូពេទ្យវះកាត់យកកូន ភ្លេចទូរសព្ទក្នុងពោះម្ដាយ
ប្រែសម្រួល៖ គង់ វិសាល ប្រភព៖ BBC