គ្រូពេទ្យ​វះកាត់​យក​កូន ភ្លេច​ទូរសព្ទ​ក្នុង​ពោះ​ម្ដាយ

  • 2015-05-14 16:57:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អាច​ជា​រឿង​កម្រ​កើត​មាន ហើយ​ក៏​ជា​កំហុស​ដ៏​ធ្ងន់ធ្ងរ​មួយ​ក្នុង​វិជ្ជាជីវៈ​ពេទ្យ ខណៈ​វេជ្ជបណ្ឌិត​នៅ​ប្រទេស​ហ្សកដានី​ភ្លេច​ទូរសព្ទ​នៅ​ក្នុង​ពោះ​ស្ត្រី​ម្នាក់​ពេល​វះកាត់​បង្កើត​កូន។ រឿង​អាស្រូវ​មួយ​នេះ​កំពុង​ក្លាយ​ជា​ប្រធាន​បទ​ក្ដៅ​ក្នុង​ប្រទេស​ហ្សកដានី ហើយ​​សមាជិក​សភា​ម្នាក់​ថែម​ទាំង​ទាមទារ​ឲ្យ​រដ្ឋាភិបាល​​ប្រទេស​នេះ​ចុះ​ចេញ​​ពី​តំណែង​ផង​ដែរ។

 

 

ស្ត្រី​វ័យ ៣៦ឆ្នាំ​ឈ្មោះ Hanan Mahmoud Abdul Karim បាន​ទទួល​ការ​វះកាត់​នៅ​មន្ទីរពេទ្យ​ឯកជន​មួយ​ក្នុង​ក្រុង Amman កាល​ពី​ថ្ងៃ​ទី២៤ ខែ​មេសា​កន្លង​ទៅ។ អំឡុង​ពេល​ប្រតិបត្តិការ​វះកាត់​នោះ គ្រូពេទ្យ​បាន​ភ្លេច​ទូរសព្ទ​​នៅ​ក្នុង​ពោះ​នារី​រង​គ្រោះ។

 

​លោក​ស្រី Majeda Abdul Hamid ជា​ម្ដាយ​របស់​នារី​រងគ្រោះ បាន​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ថា បន្ទាប់​ពី​កូន​ស្រី​ខ្លួន​ផ្ដល់​កំណើត​ឲ្យ​ទារក​ទម្ងន់ ៤,៨​គីឡូក្រាម​រួច នាង​បាន​ចាក​ចេញ​ពី​មន្ទីរពេទ្យ​ទៅ​សម្រក​នៅ​ផ្ទះ។ យ៉ាង​ណា​មិញ ក្រោយ​មក​គ្រួសារ​នាង​ចាប់​ផ្ដើម​សម្គាល់​ឃើញ​ថា ពោះ​នារី​រងគ្រោះ​ចាប់​ផ្ដើម​ញ័រ។

 

“កូន​ស្រី​ខ្ញុំ​ឈឺ​ចាប់​ខ្លាំង​ណាស់ មិន​អាច​ទៅ​ណា​រួច​ទេ... ខ្ញុំ​នាំ​នាង​ទៅ​ពេទ្យ ដែល​ធ្លាប់​វះកាត់​នោះ​វិញ តែ​គេ​មិន​មើល​នាង​សោះ"។ ម្ដាយ​នារី​រង​គ្រោះ​និយាយ។ ក្រោយ​មក​នាង Hanan ត្រូវ​បញ្ជូន​បន្ត​ទៅ​មន្ទីរពេទ្យ​រដ្ឋ Al Bashir នៅ​ក្រុង Amman។ បន្ទាប់​ពី​ថត​កាំរស្មីអ៊ិច ទើប​គេ​រក​ឃើញ​ថា​មាន​វត្ថុ​ចម្លែក​នៅ​ក្នុង​ពោះ​របស់​នាង។ ក្រុម​គ្រូពេទ្យ​នៅ​មន្ទីរពេទ្យ​នោះ បាន​វះ​កាត់​ឲ្យ​នារី​រងគ្រោះ និង​យក​ទូរសព្ទ​ចេញ​ពី​ពោះ​វិញ​ដោយ​ជោគជ័យ។

 

ករណី​វះកាត់​ភ្លេច​ទូរសព្ទ​នៅ​ក្នុង​ពោះ​នេះ បាន​ក្លាយ​ជា​ប្រធាន​បទ​ក្ដៅ​ក្នុង​សភា​ហ្សកដានី ខណៈ​សមាជិក​សភា​ម្នាក់​ឈ្មោះ Salim Al Bataynah បាន​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ប្រទេស​មួយ​នេះ​លាលែង​ពី​តំណែង។

 

លោក Salim បាន​និយាយ​ថា "នៅ​ក្នុង​ប្រទេស​ជា​ច្រើន​ដែល​គោរព​ប្រជាជន ហើយ​មាន​រឿង​អាស្រូវ​បែប​នេះ រដ្ឋាភិបាល​របស់​គេ​តែង​លាលែង​ពី​តំណែង... រដ្ឋសភា​គួរ​បង្ហាញ​ពី​ទំនួល​ខុស​ត្រូវ និង​ចាត់​វិធានការ​ទៅ​លើ​ករណី​នេះ"។ ​ យ៉ាង​ណា​ក៏​ដោយ អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល លោក Hatem Al Azrae បាន​និយាយ​ថា ករណី​របស់​នារី​រង​គ្រោះ Hanan ពុំ​មាន​ភស្តុតាង​គ្រប់​គ្រាន់ និង​គ្រាន់​តែ​ជា​ការ​ប្រឌិត​ឡើង​ប៉ុណ្ណោះ ប៉ុន្តែ​លោក​ក៏​បញ្ជាក់​ដែរ​ថា​ក្រសួង​នឹង​តាម​ដាន​រឿង​នេះ​ដោយ​យក​ចិត្ត​ទុក​ដាក់៕ ​

 

ចុចអាន៖ ការ​វះ​កាត់​ប្ដូរ​ក្បាល​ដំបូង​គេ​ក្នុង​លោក នឹង​ធ្វើ​ឡើង​លើ​បុរស​ស្ម័គ្រ​ចិត្ត​ម្នាក់

 

ប្រែ​សម្រួល៖ គង់ វិសាល ប្រភព៖ gulfnews

អត្ថបទពេញនិយម