ការ​វះ​កាត់​ប្ដូរ​ក្បាល​ដំបូង​គេ​ក្នុង​លោក នឹង​ធ្វើ​ឡើង​លើ​បុរស​ស្ម័គ្រ​ចិត្ត​ម្នាក់

  • 2015-04-09 16:32:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ដាប់​ភ្លាម​ហាក់​ដូច​ជា​មិន​គួរ​ឲ្យ​ជឿ ចំពោះ​ការ​វះកាត់​ប្ដូរ​ក្បាល​ពី​ខ្លួន​មួយ​ទៅ​ខ្លួន​មួយ​ទៀត ប៉ុន្តែ​ពេល​នេះ​មនុស្ស​ដែល​នឹង​ឆ្លង​កាត់​ផ្លែ​កាំបិត​ដំបូង​គេ​លើ​លោក ត្រូវ​បាន​លាត​ត្រដាង​ហើយ។ គម្រោងការ​នេះ បាន​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​មាន​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ព្រោះ​គិត​ថា​ជា​រឿង​មិន​អាច​ទៅ​រួច។ ​​​

 

លោក Valery Spiridinov ដែល​ស្ម័គ្រ​ចិត្ត​ទទួល​ការ​វះកាត់​ប្តូរ​ក្បាល 

 

លោក Valery Spiridinov បាន​ស្ម័គ្រ​ចិត្ត​ធ្វើ​ជា​មនុស្ស​ទី​មួយ ដែល​នឹង​ឆ្លង​កាត់​ការ​វះ​កាត់​ប្ដូរ​ក្បាល នា​ពេល​​ពីរ​ឆ្នាំ​​ខាង​មុខ។ គម្រោងការ​ស្ទើរ​មិន​គួរ​ឲ្យ​ជឿ​នេះ បាន​លើក​ឡើង​ដោយ​វេជ្ជបណ្ឌិត​ជនជាតិ​អ៊ីតាលី ឈ្មោះ Sergio Canavero ដែល​មាន​សុទិដ្ឋិនិយម​យ៉ាង​ខ្លាំង​ថា​អាច​សម្រេច​ជោគជ័យ។ យ៉ាង​ណា​ក្ដី មនុស្ស​ជា​ច្រើន​បាន​បញ្ចេញ​មតិ​ថា ការវះកាត់​នេះ​​ជា​រឿង​គ្រោះ​ថ្នាក់ និង​មិន​គួរ​ឲ្យ​ជឿ។

 

​ទោះ​មាន​ការ​ប្រថុយ​ប្រថាន​ខ្ពស់ ប៉ុន្តែ​លោក Spiridonov ដែល​មាន​ជំងឺ​ហ្សែន​ដ៏​កម្រ​បង្អាក់​ការ​លូតលាស់​រាងកាយ បាន​និយាយ​ថា លោក​មាន​បំណង​ទទួល​ការ​វះកាត់ ដើម្បី​អាច​រស់នៅ​ក្នុង​ស្ថានភាព​ដូច​មនុស្ស​ដទៃ​ទៀត។ ​

 

“សួរ​ថា​ខ្ញុំ​ខ្លាច​ទេ? ត្រូវ​ហើយ ប្រាកដ​ជា​ខ្លាច... ប៉ុន្តែ​មិន​មែន​ត្រឹម​តែ​ខ្លាច​ទេ វា​ក៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​ដែរ"។ នេះ​ជា​សម្ដី​របស់​លោក Spiridonov ដែល​និយាយ​ប្រាប់​សារព័ត៌មាន Dailymail របស់​អង់គ្លេស ពី​គេហដ្ឋាន​នៅ​ក្រុង Vladimir ប្រទេស​រុស្ស៊ី។

 

បុរស​ពិការ​រាងកាយ​នេះ បាន​ប្រាប់​បន្ត​ទៀត​ថា "អ្នក​គួរ​តែ​យល់​ថា ខ្ញុំ​គ្មាន​ជម្រើស​ច្រើន​ទេ... បើ​ខ្ញុំ​មិន​សាក​នៅ​ឱកាស​នេះ ជោគវាសនា​របស់​ខ្ញុំ​ប្រាកដ​ជា​ជួប​ទុក្ខសោក ដោយសារ​ស្ថានភាព​ពី​មួយ​ឆ្នាំទៅមួយ​ឆ្នាំ​កាន់​តែ​យ៉ាប់​យឺន​ហើយ"។ ​​​

 

លោក Spiridinov បាន​ពិភាក្សា​ពី​ការ​វះកាត់​ប្ដូរ​ក្បាល​នេះ ជាមួយ​វេជ្ជបណ្ឌិត Canavaro តាម​រយៈ​ប្រព័ន្ធ Skype ប៉ុន្តែ​មិន​ទាន់​ជួប​មុខ​ផ្ទាល់​នៅ​ឡើយ​ទេ។ ជនជាតិ​រុស្ស៊ី​រូប​នេះ ត្រូវ​ជ្រើស​រើស​ចេញ​ពី​ក្នុង​ចំណោម​មនុស្ស​ជា​ច្រើន ដែល​ផ្ញើ​សារ​ទៅ​វេជ្ជបណ្ឌិត Canavaro ដើម្បី​ស្នើសុំ​ទទួល​ការ​វះកាត់។ ​

 

វេជ្ជបណ្ឌិត Canavaro បាន​លើក​ឡើង​ពី​គម្រោងការ​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​នៅ​ដើម​ឆ្នាំ២០១៥ ​នេះ ហើយ​បញ្ជាក់​ថា​អាច​ចាប់​ផ្ដើម​អនុវត្ត​ដំណើរការ​វះកាត់​នៅ​រយៈ​ពេល ២​ឆ្នាំ​ទៀត។ អ្នក​ជំនាញ​វេជ្ជសាស្ត្រ​ផ្សេង​ទៀត បាន​ចាត់​ទុក​ការ​វះកាត់​នេះ​ជា​រឿង​មិន​គួរ​ឲ្យ​ជឿ និង​កម្រ​បំផុត។ ​​​​​​

 

 

ដំណើរ​ការ​វះកាត់​នេះ ត្រូវ​ធ្វើ​ឡើង​ដោយ​ប្ដូរ​ក្បាល​មនុស្ស​ពី​ខ្លួន​ប្រាណ​ដែល​ពិការ​ដោយ​ជំងឺ​ផ្សេង​ៗ ទៅ​​ខ្លួន​ប្រាណ​មួយ​ទៀត ដែល​ខួរក្បាល​ឈប់​ដំណើរការ​ប៉ុន្តែ​រាងកាយ​នៅ​បំពេញ​តួនាទី។ នីតិ​វិធី​ដូច​គ្នា​នេះ បាន​ធ្វើ​ម្ដង​រួច​មក​ហើយ ទៅ​លើ​សត្វ​ស្វា​ក្នុង​ឆ្នាំ១៩៧០ ប៉ុន្តែ​ដោយសារ​គ្រូពេទ្យ​បរាជ័យ​ក្នុង​ការ​ប្ដូរ​ខួរ​ឆ្អឹង​ខ្នង ស្វា​នោះ​មិន​អាច​ផ្លាស់​ទី​បាន និង​ស្លាប់ ៩​ថ្ងៃ​ក្រោយ​វះកាត់៕ ​​​

 

វេជ្ជបណ្ឌិត Canavaro កំពុង​និយាយ​ពី​គម្រោង​វះកាត់​ប្តូរ​ក្បាល៖

 

ចុចអាន៖ ផលប្រយោជន៍​​​អាចម៍​​​មាន់​ អ្នក​មិន​ដឹង​ក្នុង​វិស័យថាមពល

 

ប្រែ​សម្រួល៖ គង់ វិសាល ប្រភព៖ independent

អត្ថបទពេញនិយម