សិស្សវិទ្យាល័យខេត្តសៀមរាបផលិតកង្ហារបម្លែងខ្យល់ទៅជាថាមពលអគ្គិសនី
- 2015-07-06 20:46:15
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សិស្សវិទ្យាល័យខេត្តសៀមរាបផលិតកង្ហារបម្លែងខ្យល់ទៅជាថាមពលអគ្គិសនី
ចន្លោះមិនឃើញ
ប៉ុន្មានខែមុននេះ "ក្រុមវិទ្យាសាស្ត្រ និងវិស្វកម្ម" ដែលគេឲ្យឈ្មោះថាជា "ក្រុមអ្នកវិទ្យាសាស្ត្រវ័យក្មេង" នោះ បានធ្វើឲ្យប្រទេសកម្ពុជាភ្ញាក់ផ្អើលម្ដងរួចទៅហើយ ដោយសារពួកគេជាសិស្សរៀនត្រឹមថ្នាក់ទី១០សោះ តែមានសមត្ថភាពអាចផលិតវិទ្យុ (ជាង៤០ប៉ុស្តិ៍) ទូរសព្ទប្រើខ្សែ មីក្រូទស្សន៍ កែវយឺតមើលតារា អំពូលភ្លើង ឧបករណ៍បំពងសំឡេង (Speakers) និងឧបករណ៍ជាច្រើនទៀត ដោយប្រើធនធានក្រខ្សត់របស់ខ្លួន។
អ្នកគ្រូ សុខ ហ៊ុច នាយិការងនៃវិទ្យាល័យហ៊ុន សែន វត្តស្វាយ បានថ្លែងប្រាប់ Sabay ថា បច្ចុប្បន្ន ក្រុមសិស្សថ្នាក់ទី១០មួយក្រុមនេះ បាននិងកំពុងបង្កើតសមិទ្ធផលថ្មីមួយទៀត គឺកង្ហារបម្លែងថាមពលខ្យល់ទៅជាថាមពលអគ្គិសនី ដោយអាចបំភ្លឺអំពូល U បាន៤គ្រាប់ក្នុងរយៈពេលជាងមួយម៉ោង។
"កង្ហារនេះស្ថិតក្នុងគម្រោងខ្នាតតូច និងប្រើពេល ២ ខែ ដើម្បីសម្រេចបាន"។ នេះបើតាមការឲ្យដឹងរបស់សិស្ស ស ហុកលី ប្រធានក្រុមវិទ្យាសាស្ត្រ និងវិស្វកម្ម។ កង្ហារខ្នាតតូចនេះ មានសមត្ថភាពអាចផលិតថាមពលអគ្គិសនីបាន ១៨ វ៉ុល (កង្ហារវិលពី ៣០០-៥០០ជុំ)។ ថាមពលអគ្គិសនីដែលទទួលបាន គឺត្រូវស្ដុកទុកក្នុងអាគុយ។
ប្រធានក្រុមពេញដោយឆន្ទៈរូបនេះ បានបន្តថា នេះជាដំណាក់កាលសាកល្បង។ ក្រុមទាំងមូលនឹងឈានដល់គម្រោងធំ គឺផលិតកង្ហារខ្នាតធំជាងនេះ ដើម្បីផលិតថាមពលអគ្គិសនីបានច្រើនជាងនេះ។
ស ហុកលី ប្រធានក្រុមវិទ្យាសាស្ត្រ និងវិស្វកម្ម កំពុងធ្វើតេស្ដលើទូរសព្ទប្រើខ្សែ
សមិទ្ធផលថ្មីមួយនេះកើតចេញពីឆន្ទៈ និងការព្យាយាមរបស់ក្រុមទាំងមូល ដោយមានការលើកទឹកចិត្តពីថ្នាក់ដឹកនាំវិទ្យាល័យហ៊ុន សែន វត្តស្វាយ ខណៈដែលសម្ភារៈសម្រាប់ផលិត បានមកពីធុងកុំព្យូទ័រចាស់ៗ និងបំពង់ឫស្សីជាដើម។ "ពួកយើងខ្វះខាតសម្ភារៈ ហើយក៏គ្មានពេលច្រើន ព្រោះត្រៀមឆមាស។ ម្យ៉ាងទៀត យើងគ្មានបន្ទប់ពិសោធន៍ត្រឹមត្រូវ និងតូចចង្អៀត"។ ហុកលី លើកឡើងយ៉ាងដូច្នេះ។
បច្ចុប្បន្ន ក្រុមនេះមិនទាន់មានបន្ទប់ពិសោធន៍ត្រឹមត្រូវនៅឡើយ ដោយខាងវិទ្យាល័យផ្ដល់បន្ទប់រៀនមួយថ្នាក់ ដល់ពួកគេអាចពិសោធន៍បានតែប៉ុណ្ណោះ ហើយបន្ទប់នោះទៀតសោត មានលក្ខណៈតូចចង្អៀត។
គិតចាប់តាំងខែមីនាមក ក្រុមវិទ្យាសាស្ត្រ និងវិស្វកម្ម ទទួលបានជំនួយតិតក់ៗពីសប្បុរសជននៅប្រទេសអូស្ត្រាលី អង្គការផ្សេងៗ អតីតសិស្សវិទ្យាល័យហ៊ុន សែន វត្តស្វាយ សប្បុរសជនក្នុងស្រុក។ ជំនួយទាំងនោះ ត្រូវចំណាយលើការរៀបចំសម្ភារៈសម្រាប់ពិសោធន៍ផ្សេងៗ។
ឆ្លើយតបនឹង Sabay ថាតើមានការជួយគាំទ្រ ឬជួយឧបត្ថម្ភពីខាងក្រសួងអប់រំ ឬយ៉ាងណា ប្រធានក្រុមរូបនេះបានប្រាប់ថា កាលពីខែមីនា ខាងមន្ទីរខេត្តធ្លាប់ចុះមកមើលម្ដងដែរ និងសរសើរ ហើយផ្ដល់ឱកាសឲ្យតាំងពិព័រណ៍បង្ហាញស្នាដៃអំឡុងពេលអង្គរសង្ក្រាន្ត២០១៥ ដែលទទួលការគាំទ្រយ៉ាងច្រើនពីមហាជន។ ប៉ុន្តែបន្ទាប់មក ខាងមន្ទីរស្ងប់ស្ងាត់ទៅវិញរហូតមកដល់ពេលនេះ៕
នាយិការង សុខ ហ៊ុច និងក្រុមវិទ្យាសាស្ត្រ និងវិស្វកម្ម (អាវស)
អត្ថបទ៖ សុផាត
រូបថត៖ ផ្ដល់ឲ្យ