រក​ឃើញ​ករណី​ជំងឺ​ផ្លូវ​ដង្ហើម​ទី​ពីរ​ក្នុង​ប្រទេស​ហ្វីលីពីន

  • 2015-07-06 21:28:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ករណី​ទីពីរ​នៃ​ជំងឺ​ផ្លូវ​ដង្ហើម​មជ្ឈិម​បូព៌ា MERS ត្រូវ​បាន​រាយការណ៍​ថា​រក​ឃើញ​​ក្នុង​ប្រទេស​ហ្វីលីពីន​នៅ​ថ្ងៃ​ចន្ទ​នេះ បន្ទាប់​ពី​ជនបរទេស​វ័យ ៣៦​ឆ្នាំ​ម្នាក់ ធ្វើ​ដំណើរ​មក​ពី​ទីក្រុង​ឌូបៃ​ ប្រទេស​អារ៉ាប់រួម។

 

 

ជនបរទេស​ដែល​មាន​ជំងឺ​ជាប់​ខ្លួន បាន​ធ្វើ​ដំណើរ​មក​ពី​ទីក្រុង​ឌូបៃ ប្រទេស​អារ៉ាប់រួម ចូល​ដល់​រដ្ឋធានី​ម៉ានីល ប្រទេស​ហ្វីលីពីន កាល​ពី​ថ្ងៃ​ទី១៩ ខែ​ឧសភា​កន្លង​ទៅ។ ​រោគ​សញ្ញា​បាន​កើត​​ឡើង​លើ​ជន​រងគ្រោះ រហូត​ធ្វើតេស្ត​បង្ហាញ​លទ្ធផល​វិជ្ជមាន និង​បញ្ជាក់​ជា​ផ្លូវ​ការណ៍​នៅ​ថ្ងៃ​ចន្ទ​នេះ។

 

​​​​​អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល​របស់​ប្រទេស​ហ្វីលីពីន លោក Lyndon Lee-suy បាន​បញ្ជាក់​ថា ជន​បរទេស​ដែល​មាន​ជំងឺ MERS ជាប់​ខ្លួន ត្រូវ​បញ្ជូន​ចូល​មន្ទីរពេទ្យ​រដ្ឋ​កាល​ពី​ថ្ងៃ​ទី០៤ ខែ​កក្កដា និង​ដាក់​ឲ្យ​ស្ថិត​ក្រោម​ការ​ឃ្លាំ​មើល​យ៉ាង​ប្រុង​ប្រយ័ត្ន ដើម្បី​ទប់​ស្កាត់​ការ​រីក​រាលដាល។

 

អ្នក​នាំ​ពាក្យ​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា អ្នក​ជំងឺ​ធ្លាប់​ធ្វើ​ដំណើរ​ទៅ​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត ដែល​ជា​តំបន់​ធ្លាប់​រង​គ្រោះ​ខ្លាំង​ក្លា​ជាង​គេ។ ទោះ​យ៉ាង​ណា សុខភាព​របស់​អ្នក​ជំងឺ កំពុង​វិល​ទៅ​រក​ស្ថានភាព​ល្អ​ប្រសើរ​ឡើង​វិញ ប៉ុន្តែ​គេ​នៅ​មិន​ទាន់​ដឹង​ថា​មាន​អ្នក​ផ្សេង​ឆ្លង​បន្ត​ឬ​យ៉ាង​ណា​នោះ​ទេ។

 

ករណី​ឆ្លង​ជំងឺ MERS ដំបូង​បំផុត​ក្នុង​ប្រទេស​ហ្វីលីពីន បាន​កើត​ឡើង​លើ​គិលានុបដ្ឋាយិកា​ម្នាក់​ដែល​ធ្វើ​ការ​នៅ​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​កាល​ពី​ខែ​មករា ប៉ុន្តែ​បាន​ជា​សះ​ស្បើយ​ឡើង​វិញ។ ចំណែក​កូរ៉េខាងត្បូង ដែល​រង​ការ​វាយប្រហារ​ដោយ​ជំងឺ​ផ្លូវ​ដង្ហើម​ MERS ខ្លាំង​បំផុត​នៅ​អាស៊ី មាន​អ្នក​ស្លាប់ ៣៣​នាក់ និង​ឆ្លង ១៨៦​ករណី៕

 

 

ចុចអាន៖ អ្នក​ឆ្លង​ជំងឺ MERS ទី​មួយ​នៅ​ថៃ​បាន​ជា​សះ​ស្បើយ​​វិញ​​ហើយ

ចុចអាន៖ អាល្លឺម៉ង់​មាន​អ្នក​ស្លាប់​ទី​មួយ​ដោយ​សារ​ជំងឺ​ផ្លូវ​ដង្ហើម MERS

ចុចអាន​៖ វិ​ធី​​ការ​ពារ​​ជំ​ងឺ​​កំ​ណាច​​ថ្មី​​នៅ​​កូ​រ៉េ MERS ដែល​​ល្បី​​មិន​​ទាន់​​មាន​​ថ្នាំ​​ព្យា​បាល

 

​ប្រែ​សម្រួល៖ គង់ វិសាល ប្រភព៖ straitstimes

អត្ថបទថ្មី