ស្វែង សុជាតា ៖ ជីវិតខ្ញុំ៣៤ឆ្នាំហ្នឹងឆាចោល
- 2015-07-13 17:11:07
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្វែង សុជាតា ៖ ជីវិតខ្ញុំ៣៤ឆ្នាំហ្នឹងឆាចោល
ចន្លោះមិនឃើញ
"ជីវិតខ្ញុំរយៈពេល ៣៤ ឆ្នាំចុងក្រោយនេះគឺឆាចោលហើយអូន ដូចអូនបានឃើញហើយថារឿងរ៉ាវខ្ញុំមួយរយៈមុនជួបតែរឿងពិបាកចិត្តរឿងសោការកាំចិត្តជាច្រើន"។
តារាសម្ដែងម្ចាស់ពានអាណាចក្រតារារូបនេះ ថ្លែងដូច្នេះ បន្ទាប់ពីឆាកជីវិតរបស់នាង បានជួបរឿងមិនសមប្រកបជាច្រើន ធ្វើឲ្យជីវិតបាត់បង់អស់រស្មី ។ ជីវិតក្នុង៣៤ឆ្នាំកន្លងមកនេះស្វែង សុជាតា ធ្លាប់បានជួបរឿងលែងលះគ្នាជាមួយស្វាមីកាលពីឆ្នាំ២០១០។ កាលណោះ ក្រោយចែកផ្លូវគ្នា កូនប្រុសឈ្មោះ អេង វិបុល អាយុ៩ឆ្នាំត្រូវបានមកនាង ហើយកូន២នាក់ទៀតបានទៅស្វាមី។
បន្ទាប់ពីលែងលះ អ្នកនាងបានជួបឧបទ្ទវហេតុក្នុងហេតុការណ៍បាញ់បោះមួយនៅខេត្តសៀមរាប ហើយមានជំងឺដុះសាច់ក្នុងខួរក្បាលព្រមទាំងមានអ្នកព្យាយាមតាមធ្វើបាបឈ្នានីសគ្រប់ពេលវេលាទៀត។ រឿងដែលធ្វើឲ្យមានការភ្ញាក់ផ្អើលខ្លាំងនោះ គឺនាងបានជួបរឿងប្រេះឆាស្នេហ៍ជាមួយមន្ត្រីប៉ូលីសនៅក្រសួងមហាផ្ទៃ ដែលដំបូងឡើយ គឺជាគូស្នេហ៍ចាក់ទឹកមិនលិចនោះ។
ស្វែង សុជាតា អះអាងថា ប៉ុន្មានឆ្នាំចុងក្រោយនេះ គឺជាពេលវេលាមួយដែលនាងឈឺចាប់បំផុត ឈឺចាប់ទាំងផ្លូវកាយ និងផ្លូវចិត្តអស់ពីមួយចូលមួយមិនចេះចប់។ ដោយសារតែបែបនេះហើយ ទើបនាងបានបង្ខំចិត្តទៅធ្វើសមាធិនៅលើភ្នំគូលែនអស់មួយរយៈពេលធំ តាមការណែនាំមួយស្តែងចេញពីការយល់សប្តិរបស់នាង។
ត្រលប់ទៅជីវិតមុនពេលទៅសមាធិនោះ ស្វែង សុជាតា ដែលយល់ថាខ្លួនឯងស្ទើរលែងជាមនុស្ស បានថ្លែងថា ៖ "មុនទៅ ខ្ញុំបានចាញ់បោកគេសល់លុយត្រឹមតែ៧០០រៀលក្នុងខ្លួនប៉ុណ្ណោះដែលធ្វើឲ្យមានការពិបាកយ៉ាងខ្លាំង។ តែចាត់ថាសំណាងនៅមានខ្លះដែរ ពេលទៅដល់ភ្នំគូលេន មានពូម៉ូតូឌុបចិត្តល្អម្នាក់បានជួយយកអាសារខ្ញុំជូនទៅដល់កន្លែងសមាធិមួយ ដែលដូចក្នុងការយល់សប្តិរបស់ខ្ញុំតែម្ដង"។
សុជាតា បន្ត៖ "បើនិយាយទៅអ្វីដែលខ្ញុំយល់សប្តិឃើញគឺជាការពិត គេចង់បង្ហាញផ្លូវខ្ញុំឲ្យទៅរកទីកន្លែងមួយដែលអាចជួយខ្ញុំឲ្យក្លាយជាមនុស្សវិញខ្ញុំបានទៅដល់ទីនោះគឺនៅលើភ្នំគូលែន។ ក្នុងការទៅធ្វើសមាធិហ្នឹងពីដំបូងឡើយថាធ្វើតែ៣ខែទេប៉ុន្តែចិត្តខ្ញុំដូចជាមិនទាន់ដាច់ស្រលះក៏បន្តរហូតដល់៦ទៅ៧ខែទៀតទើបអាចធ្វើចិត្តបាន។ ព្រោះខ្ញុំមានបញ្ហាខាងផ្លូវចិត្តខ្លាំងណាស់"។
ជីវិតក្នុងកំឡុង៣៤ឆ្នាំ ក្នុងចុងឆ្នាំ២០១៤ហ្នឹង ពេលដែលបញ្ចប់ការធ្វើសមាធិហើយចុះពីភ្នំគូលែនបម្រុងនឹងទៅលេងអ្នកម្តាយប៉ុន្តែរូបនាងបានជួបប្រទះនូវរឿងរ៉ាវចង្រៃមួយ ដោយត្រូវចោរឆក់កាបូបលុយអស់ថែមទៀត។ ក្រោយហេតុការណ៍នោះ ស្វែង សុជាតា បានបង្ខំចិត្តវិលត្រលប់ទៅលើភ្នំវិញជាថ្មី ដើម្បីធ្វើការស្រោចទឹកជម្រះឲ្យអស់នូវចង្រៃទាំងពូង។ "បើស្តាប់ទៅអាចគ្មានអ្នកណាគេជឿខ្ញុំទេ ថាខ្ញុំទៅជាយ៉ាងដូច្នោះ ប៉ុន្តែអ្វីៗវាបានកើតឡើងលើរូបនាងខ្ញុំរួចហើយ" ។ សុជាតា ថ្លែង ៕
អត្ថបទ៖ ថា ម៉ាលីដា