ធានារ៉ាប់រងសុខភាពជួយអ្នកឲ្យកាន់តែសុវត្ថិភាពពេលមានជំងឺ
- 2014-10-13 22:03:07
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ធានារ៉ាប់រងសុខភាពជួយអ្នកឲ្យកាន់តែសុវត្ថិភាពពេលមានជំងឺ
ចន្លោះមិនឃើញ
សេវាធានារ៉ាប់រងនៅកម្ពុជាហាក់ដូចជានៅក្មេងខ្ចីជាងគេ បើធៀបនឹងប្រទេសជឿនលឿនដទៃ។ ចំណូលប្រជាជនកម្ពុជានូវទាបនៅឡើយ ហើយពួកគេគិតរឿងជីវភាពរស់នៅប្រចាំថ្ងៃសិន មិនសូវខ្វល់ខ្វាយរឿងសេវាធានារ៉ាប់រងសុខភាពឡើយ ខណៈបញ្ហាសុខភាពជារឿងចាំបាច់ក៏ដោយ ។
ដូច្នេះ ការមានសេវាធានារ៉ាប់រងសុខភាពផ្ដល់នូវអត្ថប្រយោជន៍ដូចម្ដេចខ្លះ ?
លោក យ៉ុន សុខុម នាយករងគ្រប់គ្រងផ្នែកទីផ្សារនៃមន្ទីរពេទ្យរ៉ូយ៉ាល់ ភ្នំពេញ និយាយថា ៖ " ការមានធានារ៉ាប់រងផ្នែកសុខភាព ធ្វើឲ្យអ្នកជំងឺមិនបារម្ភរឿងលុយពេលត្រូវចូលមន្ទីរពេទ្យ។ នៅពេលដែលគាត់មានគ្រោះថ្នាក់លើបញ្ហាផ្នែកសុខភាព នោះគាត់មិនព្រួយរឿងត្រូវលក់សម្ភារៈ ឬបញ្ចាំផ្ទះដើម្បីយកប្រាក់ចូលពេទ្យ ។ ខាងក្រុមហ៊ុនធានារ៉ាប់រងជាអ្នកចេញលុយទាំងអស់ អ្នកជំងឺគ្រាន់តែចុះហត្ថលេខា ហើយចេញពីពេទ្យទៅផ្ទះ។ វាធ្វើឲ្យមានសុវត្ថិភាពខ្ពស់ក្នុងការព្យាបាលផងដែរ ព្រោះអ្នកជំងឺមិនចាំបាច់ខ្វល់ពីរឿងថា តើគួរជ្រើសរើសតម្លៃក្នុងការព្យាបាលមួយណាក្នុងមន្ទីរពេទ្យណានោះទេ" ។
សម្រាប់លោក យក់ ចំរើនឬទ្ធិ នាយកក្រុមហ៊ុនធានារ៉ាប់រង ហ្វតតេ (កម្ពុជា) ភីអិលស៊ី ( FORTE INSURANCE (Cambodia) Plc) មានប្រសាសន៍ថា ក្រុមហ៊ុនលោកបានចេញលក់នូវសេវាធានារ៉ាប់រង សុខភាពថ្មីមួយទៀតនៅកម្ពុជា បន្ថែមលើសេវាធានារ៉ាប់រងជាច្រើនរបស់ខ្លួនសម្រាប់ធានាអតិថិជន ដែលទិញកញ្ចប់នេះ ទៅព្យាបាលជំងឺនៅមន្ទីរពេទ្យណាមួយដែលពួកគេជ្រើសរើស ។
លោក យក់ចំរើនឬទ្ធិ នាយកក្រុមហ៊ុនធានារ៉ាប់រង ហ្វតតេ (កម្ពុជា) ភីអិលស៊ី
លោកបានបន្ថែមថា៖ “សម្រាប់សេវាធានារ៉ាប់រងសុខភាពនៅកម្ពុជា យើងដាក់លក់យូរហើយ មិនមែនទើបនឹងចាប់ផ្ដើមនោះទេ គឺយើងមាន៤ប្រភេទ រួមមានទី១ គេហៅ Micro Insurance ជាប្រភេទធានារ៉ាប់រងសុខភាពដែរ សម្រាប់កសិករក្រីក្រនៅជនបទដែលគាត់ត្រូវការប្រាក់ខ្លះ សម្រាប់បង់ថ្លៃមន្ទីរពេទ្យ នៅពេលគាត់ឈឺ។ ផលិតផលមួយទៀត គឺសម្រាប់អ្នកធ្វើការនៅតាមក្រុមហ៊ុន សហគ្រាស ឬអង្គការមួយចំនួន គឺពួកគាត់ទទួលបានការព្យាបាលក្នុងប្រទេស និងមួយទៀត គឺជាកញ្ចប់សេវាធានារ៉ាប់រង ដែលអាចឱ្យអតិថិជនទៅព្យាបាលក្រៅប្រទេសបាន ដែលយើងមានសំណងរហូតដល់១សែន ឬ ២,៥ សែនដុល្លារ ហើយផលិតផលនេះ ( Medi+ ) គឺយើងអាចទៅព្យាបាលទីណាក៏បានដោយមិនបាច់បង់ប្រាក់ទេ” ។
លោកបន្ថែមថា Medi+ នេះ សំដៅលើអ្នកមានចំណូលខ្ពស់ ដែលផ្ដល់សំណងរហូតដល់ ១,៥ លានដុល្លារ ហើយនៅពេលណាដែលអតិថិជនមានជំងឺ ឬឈឺធ្ងន់ ក្រុមហ៊ុនរបស់លោកនឹងធានានាំទៅព្យាបាលនៅមន្ទីរពេទ្យនៅក្រៅប្រទេសដែលចំគោលដៅតែម្ដង ។ លោកបន្ថែមថា នៅកម្ពុជាសេវានេះអាចប្រើប្រាស់បានទាំងជនបរទេសនិងប្រជាពលរដ្ឋក្នុងស្រុកដែលមានជីវភាពធូរធារល្មម ដោយសារតែពួកគាត់បានយល់ដឹងចំពោះសុខភាពនិងសេវាធានារ៉ាប់រងច្រើន ។
ចំពោះអ្នកស្រី ឃុន លី ម្ចាស់ក្រុមហ៊ុនលីអេង និយាយថា ពីមុនអ្នកស្រីមិនដែលជឿលើធានារ៉ាប់រងខាងណានោះទេ ព្រោះធ្លាប់លឺគេថា បោក ។ តែក្រោយមកអ្នកស្រីចាប់អារម្មណ៍លើការប្រើប្រាស់ធានារ៉ាប់រង។ ម៉្យាងទៀតដើម្បីការពារគ្រោះថ្នាក់ដែលកើតឡើងជាយថាហេតុ ព្រោះអ្នកស្រីតែងធ្វើដំណើរទៅក្រៅប្រទេសច្រើន ដូច្នេះការមានធានារ៉ាប់រងជាការល្អ។
អ្នកស្រី លី បន្ថែមថា៖ "ខ្ញុំបានប្រើប្រាស់សេវាធានារ៉ាប់រង Forte រយៈពេលបួនឆ្នាំមកហើយ តាមរយៈធនាគារ Maybankជាអ្នកទាក់ទងទាំងអស់ ដែលធានាលើផ្នែក ឃ្លាំង អគ្គីភ័យ ផ្ទះ" ។
សូមអាន៖ សហគមន៍អាណិកជនខ្មែរនៅប្រទេសល្បីៗជួយបង្ហាញវប្បធម៌ខ្មែរនៅបរទេស
អត្ថបទ៖ លឹម សុនា