អ្នក​កំប្លែងអង់គ្លេស​​ ​បាច​​ដុល្លារ​​ក្លែងក្លាយ​ដាក់​​ប្រធាន FIFA

  • 2015-07-21 15:58:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាង​​កំប្លែង​​អង់គ្លេស​ម្នាក់​ឈ្មោះ Simon Brodkin ​ត្រូវ​បាន​ប៉ូលិស​ឃាត់​​ខ្លួន​ បន្ទាប់​ពី​​លោក​បាន​​​ឡើង​ទៅ​លើ​វេទិកា​​ រួច​បាច​លុយដុល្លារ​​ក្លែងក្លាយ​ដាក់​​ប្រធាន​ FIFA លោក Sepp Blatter ​អំឡុង​ពេល​​ធ្វើ​សន្និសីទកាសែត​នៅ​ប្រទេស​ស្វីស។

 

 

លោក Sepp Blatter ​បាន​រៀប​ចំ​ធ្វើ​សន្និសីទកាសែត​មួយ​នៅ​ប្រទេស​ស្វីស​ដោយ​បាន​អញ្ជើញ​អ្នក​កាសែត​ចូល​រួម​យ៉ាង​ច្រើន​កុះករ។ ខណៈ​ពេល​នោះ​គេ​ក៏​ឃើញ​មាន​វត្តមាន​របស់​តារា​កំប្លែង​ម្នាក់​ឈ្មោះ Simon Brodkin ​ចូល​រួម​ផង​ដែរ។ តារា​កំប្លែង​ដែល​មាន​រហស្សនាម​ថា​ Lee Nelson ​រូប​នេះ​ គ្រាន់​ទៅ​ដល់​ភ្លាម បាន​រត់​ឡើង​ទៅ​លើ​វេទិកា​ភ្លែត​ ដោយ​និយាយ​ថា រីករាយ​ណាស់​ដែល​បាន​មក​ចូល​រួម​ប្រជុំ​ជាមួយ​លោក Sepp Blatter ។ នេះ​ជា​ប្រាក់​មួយ​ចំនួន​ដើម្បី​បង្កើតព្រឹត្តិការណ៍ World Cup ​២០២៦ ​នៅ​ប្រទេស​កូរ៉េ​ខាង​ជើង។

 

 

គ្រាន់​តែ​និយាយ​ចប់​ប៉ុណ្ណឹង​ ក្រុម​សន្តិសុខ​ក៏​បាន​ឡើង​មក​ចាប់​រូប​គេ​ចេញ ​ហើយ​គ្រា​នោះ​  Simon ​ក៏​បាន​​បាច​លុយ​ក្លែងក្លាយ​ទៅ​កាន់​លោក  Sepp ​តែ​ម្ដង។ បន្ទាប់​ពី​រឿង​អាក្រក់​នេះ​កើត​ឡើង សន្និសីទកាសែត​ក៏​ត្រូវ​ផ្អាក​បន្តិច​សិន ដោយ​ឱ្យ​អ្នក​សំអាត​មក​បោស​លុយ​នោះ​ចេញ។ ក្រោយ​ផ្អាក​អស់​១០​នាទី ប្រធាន FIFA ​វ័យ​៧៩​ឆ្នាំ​រូប​នេះ​បាន​និយាយ​ថា​នេះ​ជា​រឿង​មិន​ល្អ​នោះ​ទេ ហើយ​វា​គ្រាន់​តែ​ជា​អំពើ​របស់​មនុស្ស​ខ្វះ​ចំណេះ​ដឹង​ប៉ុណ្ណឹង។

 

បច្ចុប្បន្ន​លោក Simon Brodkin ​ត្រូវ​បាន​ប៉ូលិស​ចាប់​ខ្លួន​ហើយ ប៉ុន្តែ​មិន​ទាន់​ដឹង​ថា​មាន​វិធានការ​អ្វី​ចំពោះ​ទង្វើ​របស់​តារា​កំប្លែង​អង់គ្លេស​រូបនេះ​នៅ​ឡើយ​ទេ៕

 

 

ចុចអាន៖ធ្លាយ​រឿង​ FIFA សូក​សហព័ន្ធ​បាល់ទាត់​អៀរឡង់​៥​លាន​ដុល្លារ​រឿង​បាល់​ប៉ះ​ដៃ Henry

 

ប្រែ​សម្រួល៖ មុន្នី រម្យ ប្រភព៖ mirror

អត្ថបទថ្មី